និក្ខមនំ 14:8-12
និក្ខមនំ 14:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាធ្វើឲ្យផារ៉ោនស្តេចស្រុកអេស៊ីព្ទមានព្រះហឫទ័យរឹងទទឹង ហើយស្តេចបានដេញតាមកូនចៅអ៊ីស្រាអែល តែកូនចៅអ៊ីស្រាអែលបានចេញទៅដោយមានជ័យជម្នះ។ សាសន៍អេស៊ីព្ទបានដេញតាម មានទាំងសេះ ទាំងរាជរថរបស់ផារ៉ោន ពួកពលសេះ និងពួកពលថ្មើរជើងរបស់ស្ដេច ក៏ទាន់ពួកគេនៅត្រង់ទីបោះជំរំ ក្បែរសមុទ្រដែលនៅជិតពីហាហ៊ីរ៉ុថ ទល់មុខនឹងបាល-សេផុន។ កាលផារ៉ោនចូលទៅជិត កូនចៅអ៊ីស្រាអែលក៏ងើបភ្នែកឡើង ឃើញសាសន៍អេស៊ីព្ទដេញតាមពីក្រោយ គេមានការភ័យខ្លាចជាខ្លាំង ហើយស្រែកអំពាវនាវរកព្រះយេហូវ៉ា។ គេពោលទៅកាន់លោកម៉ូសេថា៖ «តើដោយព្រោះតែគ្មានផ្នូរនៅស្រុកអេស៊ីព្ទឬ បានជាលោកនាំពួកយើងមកឲ្យស្លាប់នៅទីរហោស្ថានដូច្នេះ? តើលោកបានប្រព្រឹត្តចំពោះពួកយើង ដោយនាំពួកយើងចេញពីស្រុកអេស៊ីព្ទមកដូច្នេះឬ? កាលនៅស្រុកអេស៊ីព្ទនៅឡើយ តើពួកយើងមិនបាននិយាយសេចក្ដីនេះនឹងលោកថា "កុំឲ្យមករវីរវល់នឹងពួកយើង ទុកឲ្យពួកយើងនៅបម្រើសាសន៍អេស៊ីព្ទចុះ" ដ្បិតដែលពួកយើងនៅបម្រើសាសន៍អេស៊ីព្ទ នោះប្រសើរជាងមកស្លាប់នៅទីរហោស្ថានបែបនេះ»។
និក្ខមនំ 14:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោន ស្ដេចស្រុកអេស៊ីបមានព្រះហឫទ័យមានះ ហើយដេញតាមជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីប ដូចជាមានសេរីភាព។ កងទ័ពអេស៊ីប ទាំងទ័ពសេះ ទាំងរទេះរបស់ព្រះចៅផារ៉ោន ព្រមទាំងពលទ័ព និងរទេះទាំងប៉ុន្មាន នាំគ្នាដេញតាមជនជាតិអ៊ីស្រាអែល ហើយទាន់ពួកគេនៅត្រង់ពីហាហ៊ីរ៉ុត ទល់មុខនឹងបាលសេផុន គឺកន្លែងដែលពួកគេបោះជំរំនៅក្បែរសមុទ្រ។ កាលឃើញព្រះចៅផារ៉ោន និងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជនជាតិអ៊ីស្រាអែលភិតភ័យជាខ្លាំង ហើយស្រែកអង្វររកព្រះអម្ចាស់។ ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរទេឬ បានជាលោកនាំពួកយើងឲ្យមកស្លាប់នៅវាលរហោស្ថានដូច្នេះ? ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប។ កាលរស់នៅក្នុងស្រុកអេស៊ីបនៅឡើយ ពួកយើងបានប្រាប់លោកហើយថា: ទុកឲ្យពួកយើងនៅបម្រើជនជាតិអេស៊ីបចុះ ដ្បិតនៅបម្រើគេ នោះប្រសើរជាងស្លាប់នៅវាលរហោស្ថានបែបនេះ»។
និក្ខមនំ 14:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯព្រះយេហូវ៉ាទ្រង់ក៏បណ្តាលឲ្យផារ៉ោនជាស្តេចអេស៊ីព្ទមានព្រះទ័យរឹងទទឹងឡើង ហើយស្តេចក៏ដេញតាមពួកកូនចៅអ៊ីស្រាអែល តែពួកកូនចៅអ៊ីស្រាអែលគេបានចេញទៅដោយមានជ័យជំនះ ពួកសាសន៍អេស៊ីព្ទក៏ដេញតាមទៅ មានទាំងសេះទាំងរាជរថរបស់ផារ៉ោន ទាំងពួកពលសេះ ហើយនឹងពួកពលថ្មើរជើងរបស់ទ្រង់ទាំងអស់ បានទាន់គេនៅត្រង់ទីដំឡើងត្រសាល ក្បែរសមុទ្រដែលជិតនឹងពីហាហីរ៉ុថ ទល់មុខនឹងបាល-សេផុន។ កាលផារ៉ោនចូលទៅជិត នោះពួកកូនចៅអ៊ីស្រាអែល គេងើបភ្នែកឡើង ឃើញពួកសាសន៍អេស៊ីព្ទមកតាមដូច្នោះ ក៏មានសេចក្ដីតក់ស្លុតជាខ្លាំង ហើយស្រែកអំពាវនាវដល់ព្រះយេហូវ៉ា ព្រមទាំងស្តីបន្ទោសដល់ម៉ូសេថា តើដោយព្រោះតែគ្មានផ្នូរនៅស្រុកអេស៊ីព្ទឬអី បានជាអ្នកនាំយើងរាល់គ្នាមក ឲ្យត្រូវស្លាប់នៅទីរហោស្ថាននេះដូច្នេះ ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះយើងរាល់គ្នាយ៉ាងនេះ គឺដែលនាំពួកយើងរាល់គ្នា ចេញពីស្រុកអេស៊ីព្ទមកដូច្នេះ កាលនៅស្រុកអេស៊ីព្ទនៅឡើយ តើយើងរាល់គ្នាមិនបាននិយាយសេចក្ដីនេះឯងនឹងអ្នកទេឬអី ថា កុំឲ្យមកវីវរនឹងយើងរាល់គ្នាឡើយ ចូរទុកឲ្យយើងនៅបំរើសាសន៍អេស៊ីព្ទចុះ ដ្បិតដែលយើងរាល់គ្នាបាននៅបំរើសាសន៍អេស៊ីព្ទ នោះវិសេសជាជាងស្លាប់នៅទីរហោស្ថាននេះ