និក្ខមនំ 14:5-16
និក្ខមនំ 14:5-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលមានគេទូលស្តេចស្រុកអេស៊ីព្ទថា ពួកអ៊ីស្រាអែលបានរត់បាត់អស់ហើយ នោះផារ៉ោន និងពួកនាម៉ឺនមន្ត្រីរបស់ស្ដេចក៏ប្រែគំនិតចំពោះពួកអ៊ីស្រាអែល ហើយពោលថា៖ «តើយើងបានធ្វើអ្វីដូច្នេះ ដោយបណ្ដោយឲ្យពួកអ៊ីស្រាអែលចេញរួចពីការបម្រើយើងបែបនេះ?» ដូច្នេះ ផារ៉ោនក៏ឲ្យគេទឹមរាជរថ ហើយនាំកងទ័ពទៅជាមួយ។ ស្ដេចរើសយករទេះចម្បាំងបានប្រាំមួយរយ ហើយក៏យកអស់ទាំងរទេះចម្បាំងនៅស្រុកអេស៊ីព្ទ គ្រប់រទេះទាំងនោះសុទ្ធតែមានមេទ័ពគ្រប់គ្រង។ ព្រះយេហូវ៉ាធ្វើឲ្យផារ៉ោនស្តេចស្រុកអេស៊ីព្ទមានព្រះហឫទ័យរឹងទទឹង ហើយស្តេចបានដេញតាមកូនចៅអ៊ីស្រាអែល តែកូនចៅអ៊ីស្រាអែលបានចេញទៅដោយមានជ័យជម្នះ។ សាសន៍អេស៊ីព្ទបានដេញតាម មានទាំងសេះ ទាំងរាជរថរបស់ផារ៉ោន ពួកពលសេះ និងពួកពលថ្មើរជើងរបស់ស្ដេច ក៏ទាន់ពួកគេនៅត្រង់ទីបោះជំរំ ក្បែរសមុទ្រដែលនៅជិតពីហាហ៊ីរ៉ុថ ទល់មុខនឹងបាល-សេផុន។ កាលផារ៉ោនចូលទៅជិត កូនចៅអ៊ីស្រាអែលក៏ងើបភ្នែកឡើង ឃើញសាសន៍អេស៊ីព្ទដេញតាមពីក្រោយ គេមានការភ័យខ្លាចជាខ្លាំង ហើយស្រែកអំពាវនាវរកព្រះយេហូវ៉ា។ គេពោលទៅកាន់លោកម៉ូសេថា៖ «តើដោយព្រោះតែគ្មានផ្នូរនៅស្រុកអេស៊ីព្ទឬ បានជាលោកនាំពួកយើងមកឲ្យស្លាប់នៅទីរហោស្ថានដូច្នេះ? តើលោកបានប្រព្រឹត្តចំពោះពួកយើង ដោយនាំពួកយើងចេញពីស្រុកអេស៊ីព្ទមកដូច្នេះឬ? កាលនៅស្រុកអេស៊ីព្ទនៅឡើយ តើពួកយើងមិនបាននិយាយសេចក្ដីនេះនឹងលោកថា "កុំឲ្យមករវីរវល់នឹងពួកយើង ទុកឲ្យពួកយើងនៅបម្រើសាសន៍អេស៊ីព្ទចុះ" ដ្បិតដែលពួកយើងនៅបម្រើសាសន៍អេស៊ីព្ទ នោះប្រសើរជាងមកស្លាប់នៅទីរហោស្ថានបែបនេះ»។ ប៉ុន្ដែ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំខ្លាចអី តាំងចិត្តឲ្យមាំឡើង ចាំមើលការសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលព្រះអង្គនឹងប្រោសអ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិតសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញតទៅទៀតហើយ។ ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នកស្រែករកយើងធ្វើអី? ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យដើរទៅមុខទៅ។ ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃទៅលើសមុទ្រ ញែកទឹកចេញពីគ្នាទៅ ដើម្បីឲ្យកូនចៅអ៊ីស្រាអែលបានដើរតាមដីគោកនៅកណ្ដាលសមុទ្រ។
និក្ខមនំ 14:5-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានគេទូលស្ដេចស្រុកអេស៊ីបថា ប្រជាជនអ៊ីស្រាអែលនាំគ្នារត់បាត់អស់ហើយ។ ពេលនោះ ស្ដេច និងនាម៉ឺនមន្ត្រី ដូរគំនិតចំពោះប្រជាជនអ៊ីស្រាអែល ហើយនិយាយគ្នាថា៖ «ហេតុអ្វីបានជាពួកយើងបណ្ដោយឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅដូច្នេះ? តើបាននរណានៅបម្រើពួកយើង?»។ ព្រះចៅផារ៉ោនក៏ឲ្យគេទឹមរទេះ ហើយនាំកងទ័ពចេញដំណើរទៅជាមួយ។ ស្ដេចបានយករទេះចម្បាំងទាំងអស់នៅស្រុកអេស៊ីបចេញទៅជាមួយ ក្នុងនោះមានរទេះដ៏មាំៗចំនួនប្រាំមួយរយគ្រឿង ដែលមាននាយទាហានជិះផង។ ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោន ស្ដេចស្រុកអេស៊ីបមានព្រះហឫទ័យមានះ ហើយដេញតាមជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីប ដូចជាមានសេរីភាព។ កងទ័ពអេស៊ីប ទាំងទ័ពសេះ ទាំងរទេះរបស់ព្រះចៅផារ៉ោន ព្រមទាំងពលទ័ព និងរទេះទាំងប៉ុន្មាន នាំគ្នាដេញតាមជនជាតិអ៊ីស្រាអែល ហើយទាន់ពួកគេនៅត្រង់ពីហាហ៊ីរ៉ុត ទល់មុខនឹងបាលសេផុន គឺកន្លែងដែលពួកគេបោះជំរំនៅក្បែរសមុទ្រ។ កាលឃើញព្រះចៅផារ៉ោន និងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជនជាតិអ៊ីស្រាអែលភិតភ័យជាខ្លាំង ហើយស្រែកអង្វររកព្រះអម្ចាស់។ ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរទេឬ បានជាលោកនាំពួកយើងឲ្យមកស្លាប់នៅវាលរហោស្ថានដូច្នេះ? ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប។ កាលរស់នៅក្នុងស្រុកអេស៊ីបនៅឡើយ ពួកយើងបានប្រាប់លោកហើយថា: ទុកឲ្យពួកយើងនៅបម្រើជនជាតិអេស៊ីបចុះ ដ្បិតនៅបម្រើគេ នោះប្រសើរជាងស្លាប់នៅវាលរហោស្ថានបែបនេះ»។ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញព្រះអម្ចាស់សង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។ ចូរនាំគ្នានៅស្ងៀមចុះ ដ្បិតព្រះអម្ចាស់នឹងច្បាំងជំនួសអ្នករាល់គ្នា»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ហេតុអ្វីបានជាស្រែកអង្វរយើងដូច្នេះ? ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យចេញដំណើរទៅ។ ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃតម្រង់ទៅសមុទ្រ រួចវាយទឹកសមុទ្រឲ្យញែកចេញពីគ្នា ដើម្បីឲ្យកូនចៅអ៊ីស្រាអែលដើរតាមបាតសមុទ្រ។
និក្ខមនំ 14:5-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានគេទូលដល់ស្តេចស្រុកអេស៊ីព្ទថា ពួកអ៊ីស្រាអែលបានរត់រួចទៅហើយ នោះផារ៉ោននឹងពួកមហាតលិកទ្រង់ក៏ប្រែគំនិតពីដំណើរគេឡើងវិញ ហើយពោលថា តើយើងបានធ្វើអ្វី នឹងឲ្យពួកអ៊ីស្រាអែលចេញទៅរួចពីការបំរើយើងដូច្នេះ នោះស្រាប់តែទ្រង់ទឹមរាជរថ ព្រមទាំងនាំពួកពលទៅជាមួយផង ទ្រង់រើសយករទេះចំបាំងបាន៦០០ ហើយក៏យកអស់ទាំងរទេះចំបាំងនៅស្រុកអេស៊ីព្ទផង គ្រប់ទាំងរទេះទាំងនោះសុទ្ធតែមានមេទ័ពត្រួតត្រាការ ឯព្រះយេហូវ៉ាទ្រង់ក៏បណ្តាលឲ្យផារ៉ោនជាស្តេចអេស៊ីព្ទមានព្រះទ័យរឹងទទឹងឡើង ហើយស្តេចក៏ដេញតាមពួកកូនចៅអ៊ីស្រាអែល តែពួកកូនចៅអ៊ីស្រាអែលគេបានចេញទៅដោយមានជ័យជំនះ ពួកសាសន៍អេស៊ីព្ទក៏ដេញតាមទៅ មានទាំងសេះទាំងរាជរថរបស់ផារ៉ោន ទាំងពួកពលសេះ ហើយនឹងពួកពលថ្មើរជើងរបស់ទ្រង់ទាំងអស់ បានទាន់គេនៅត្រង់ទីដំឡើងត្រសាល ក្បែរសមុទ្រដែលជិតនឹងពីហាហីរ៉ុថ ទល់មុខនឹងបាល-សេផុន។ កាលផារ៉ោនចូលទៅជិត នោះពួកកូនចៅអ៊ីស្រាអែល គេងើបភ្នែកឡើង ឃើញពួកសាសន៍អេស៊ីព្ទមកតាមដូច្នោះ ក៏មានសេចក្ដីតក់ស្លុតជាខ្លាំង ហើយស្រែកអំពាវនាវដល់ព្រះយេហូវ៉ា ព្រមទាំងស្តីបន្ទោសដល់ម៉ូសេថា តើដោយព្រោះតែគ្មានផ្នូរនៅស្រុកអេស៊ីព្ទឬអី បានជាអ្នកនាំយើងរាល់គ្នាមក ឲ្យត្រូវស្លាប់នៅទីរហោស្ថាននេះដូច្នេះ ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះយើងរាល់គ្នាយ៉ាងនេះ គឺដែលនាំពួកយើងរាល់គ្នា ចេញពីស្រុកអេស៊ីព្ទមកដូច្នេះ កាលនៅស្រុកអេស៊ីព្ទនៅឡើយ តើយើងរាល់គ្នាមិនបាននិយាយសេចក្ដីនេះឯងនឹងអ្នកទេឬអី ថា កុំឲ្យមកវីវរនឹងយើងរាល់គ្នាឡើយ ចូរទុកឲ្យយើងនៅបំរើសាសន៍អេស៊ីព្ទចុះ ដ្បិតដែលយើងរាល់គ្នាបាននៅបំរើសាសន៍អេស៊ីព្ទ នោះវិសេសជាជាងស្លាប់នៅទីរហោស្ថាននេះ តែម៉ូសេតបឆ្លើយថា កុំខ្លាចអី ឈប់សិន ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលទ្រង់នឹងប្រោសដល់អ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតពួកសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ នោះនឹងលែងឃើញទៀតជាដរាបទៅ ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា ឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ។ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ឯងអំពាវនាវរកអញធ្វើអី ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឲ្យដើរទៅមុខទៅ ឯឯង ត្រូវលើកដំបងលូកដៃទៅលើសមុទ្រញែកទឹកចេញពីគ្នា ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានដើរតាមដីគោកនៅកណ្តាលសមុទ្រ