និក្ខមនំ 14:5-13
និក្ខមនំ 14:5-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលមានគេទូលស្តេចស្រុកអេស៊ីព្ទថា ពួកអ៊ីស្រាអែលបានរត់បាត់អស់ហើយ នោះផារ៉ោន និងពួកនាម៉ឺនមន្ត្រីរបស់ស្ដេចក៏ប្រែគំនិតចំពោះពួកអ៊ីស្រាអែល ហើយពោលថា៖ «តើយើងបានធ្វើអ្វីដូច្នេះ ដោយបណ្ដោយឲ្យពួកអ៊ីស្រាអែលចេញរួចពីការបម្រើយើងបែបនេះ?» ដូច្នេះ ផារ៉ោនក៏ឲ្យគេទឹមរាជរថ ហើយនាំកងទ័ពទៅជាមួយ។ ស្ដេចរើសយករទេះចម្បាំងបានប្រាំមួយរយ ហើយក៏យកអស់ទាំងរទេះចម្បាំងនៅស្រុកអេស៊ីព្ទ គ្រប់រទេះទាំងនោះសុទ្ធតែមានមេទ័ពគ្រប់គ្រង។ ព្រះយេហូវ៉ាធ្វើឲ្យផារ៉ោនស្តេចស្រុកអេស៊ីព្ទមានព្រះហឫទ័យរឹងទទឹង ហើយស្តេចបានដេញតាមកូនចៅអ៊ីស្រាអែល តែកូនចៅអ៊ីស្រាអែលបានចេញទៅដោយមានជ័យជម្នះ។ សាសន៍អេស៊ីព្ទបានដេញតាម មានទាំងសេះ ទាំងរាជរថរបស់ផារ៉ោន ពួកពលសេះ និងពួកពលថ្មើរជើងរបស់ស្ដេច ក៏ទាន់ពួកគេនៅត្រង់ទីបោះជំរំ ក្បែរសមុទ្រដែលនៅជិតពីហាហ៊ីរ៉ុថ ទល់មុខនឹងបាល-សេផុន។ កាលផារ៉ោនចូលទៅជិត កូនចៅអ៊ីស្រាអែលក៏ងើបភ្នែកឡើង ឃើញសាសន៍អេស៊ីព្ទដេញតាមពីក្រោយ គេមានការភ័យខ្លាចជាខ្លាំង ហើយស្រែកអំពាវនាវរកព្រះយេហូវ៉ា។ គេពោលទៅកាន់លោកម៉ូសេថា៖ «តើដោយព្រោះតែគ្មានផ្នូរនៅស្រុកអេស៊ីព្ទឬ បានជាលោកនាំពួកយើងមកឲ្យស្លាប់នៅទីរហោស្ថានដូច្នេះ? តើលោកបានប្រព្រឹត្តចំពោះពួកយើង ដោយនាំពួកយើងចេញពីស្រុកអេស៊ីព្ទមកដូច្នេះឬ? កាលនៅស្រុកអេស៊ីព្ទនៅឡើយ តើពួកយើងមិនបាននិយាយសេចក្ដីនេះនឹងលោកថា "កុំឲ្យមករវីរវល់នឹងពួកយើង ទុកឲ្យពួកយើងនៅបម្រើសាសន៍អេស៊ីព្ទចុះ" ដ្បិតដែលពួកយើងនៅបម្រើសាសន៍អេស៊ីព្ទ នោះប្រសើរជាងមកស្លាប់នៅទីរហោស្ថានបែបនេះ»។ ប៉ុន្ដែ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំខ្លាចអី តាំងចិត្តឲ្យមាំឡើង ចាំមើលការសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលព្រះអង្គនឹងប្រោសអ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិតសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញតទៅទៀតហើយ។
និក្ខមនំ 14:5-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានគេទូលស្ដេចស្រុកអេស៊ីបថា ប្រជាជនអ៊ីស្រាអែលនាំគ្នារត់បាត់អស់ហើយ។ ពេលនោះ ស្ដេច និងនាម៉ឺនមន្ត្រី ដូរគំនិតចំពោះប្រជាជនអ៊ីស្រាអែល ហើយនិយាយគ្នាថា៖ «ហេតុអ្វីបានជាពួកយើងបណ្ដោយឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅដូច្នេះ? តើបាននរណានៅបម្រើពួកយើង?»។ ព្រះចៅផារ៉ោនក៏ឲ្យគេទឹមរទេះ ហើយនាំកងទ័ពចេញដំណើរទៅជាមួយ។ ស្ដេចបានយករទេះចម្បាំងទាំងអស់នៅស្រុកអេស៊ីបចេញទៅជាមួយ ក្នុងនោះមានរទេះដ៏មាំៗចំនួនប្រាំមួយរយគ្រឿង ដែលមាននាយទាហានជិះផង។ ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោន ស្ដេចស្រុកអេស៊ីបមានព្រះហឫទ័យមានះ ហើយដេញតាមជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីប ដូចជាមានសេរីភាព។ កងទ័ពអេស៊ីប ទាំងទ័ពសេះ ទាំងរទេះរបស់ព្រះចៅផារ៉ោន ព្រមទាំងពលទ័ព និងរទេះទាំងប៉ុន្មាន នាំគ្នាដេញតាមជនជាតិអ៊ីស្រាអែល ហើយទាន់ពួកគេនៅត្រង់ពីហាហ៊ីរ៉ុត ទល់មុខនឹងបាលសេផុន គឺកន្លែងដែលពួកគេបោះជំរំនៅក្បែរសមុទ្រ។ កាលឃើញព្រះចៅផារ៉ោន និងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជនជាតិអ៊ីស្រាអែលភិតភ័យជាខ្លាំង ហើយស្រែកអង្វររកព្រះអម្ចាស់។ ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរទេឬ បានជាលោកនាំពួកយើងឲ្យមកស្លាប់នៅវាលរហោស្ថានដូច្នេះ? ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប។ កាលរស់នៅក្នុងស្រុកអេស៊ីបនៅឡើយ ពួកយើងបានប្រាប់លោកហើយថា: ទុកឲ្យពួកយើងនៅបម្រើជនជាតិអេស៊ីបចុះ ដ្បិតនៅបម្រើគេ នោះប្រសើរជាងស្លាប់នៅវាលរហោស្ថានបែបនេះ»។ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញព្រះអម្ចាស់សង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។
និក្ខមនំ 14:5-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានគេទូលដល់ស្តេចស្រុកអេស៊ីព្ទថា ពួកអ៊ីស្រាអែលបានរត់រួចទៅហើយ នោះផារ៉ោននឹងពួកមហាតលិកទ្រង់ក៏ប្រែគំនិតពីដំណើរគេឡើងវិញ ហើយពោលថា តើយើងបានធ្វើអ្វី នឹងឲ្យពួកអ៊ីស្រាអែលចេញទៅរួចពីការបំរើយើងដូច្នេះ នោះស្រាប់តែទ្រង់ទឹមរាជរថ ព្រមទាំងនាំពួកពលទៅជាមួយផង ទ្រង់រើសយករទេះចំបាំងបាន៦០០ ហើយក៏យកអស់ទាំងរទេះចំបាំងនៅស្រុកអេស៊ីព្ទផង គ្រប់ទាំងរទេះទាំងនោះសុទ្ធតែមានមេទ័ពត្រួតត្រាការ ឯព្រះយេហូវ៉ាទ្រង់ក៏បណ្តាលឲ្យផារ៉ោនជាស្តេចអេស៊ីព្ទមានព្រះទ័យរឹងទទឹងឡើង ហើយស្តេចក៏ដេញតាមពួកកូនចៅអ៊ីស្រាអែល តែពួកកូនចៅអ៊ីស្រាអែលគេបានចេញទៅដោយមានជ័យជំនះ ពួកសាសន៍អេស៊ីព្ទក៏ដេញតាមទៅ មានទាំងសេះទាំងរាជរថរបស់ផារ៉ោន ទាំងពួកពលសេះ ហើយនឹងពួកពលថ្មើរជើងរបស់ទ្រង់ទាំងអស់ បានទាន់គេនៅត្រង់ទីដំឡើងត្រសាល ក្បែរសមុទ្រដែលជិតនឹងពីហាហីរ៉ុថ ទល់មុខនឹងបាល-សេផុន។ កាលផារ៉ោនចូលទៅជិត នោះពួកកូនចៅអ៊ីស្រាអែល គេងើបភ្នែកឡើង ឃើញពួកសាសន៍អេស៊ីព្ទមកតាមដូច្នោះ ក៏មានសេចក្ដីតក់ស្លុតជាខ្លាំង ហើយស្រែកអំពាវនាវដល់ព្រះយេហូវ៉ា ព្រមទាំងស្តីបន្ទោសដល់ម៉ូសេថា តើដោយព្រោះតែគ្មានផ្នូរនៅស្រុកអេស៊ីព្ទឬអី បានជាអ្នកនាំយើងរាល់គ្នាមក ឲ្យត្រូវស្លាប់នៅទីរហោស្ថាននេះដូច្នេះ ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះយើងរាល់គ្នាយ៉ាងនេះ គឺដែលនាំពួកយើងរាល់គ្នា ចេញពីស្រុកអេស៊ីព្ទមកដូច្នេះ កាលនៅស្រុកអេស៊ីព្ទនៅឡើយ តើយើងរាល់គ្នាមិនបាននិយាយសេចក្ដីនេះឯងនឹងអ្នកទេឬអី ថា កុំឲ្យមកវីវរនឹងយើងរាល់គ្នាឡើយ ចូរទុកឲ្យយើងនៅបំរើសាសន៍អេស៊ីព្ទចុះ ដ្បិតដែលយើងរាល់គ្នាបាននៅបំរើសាសន៍អេស៊ីព្ទ នោះវិសេសជាជាងស្លាប់នៅទីរហោស្ថាននេះ តែម៉ូសេតបឆ្លើយថា កុំខ្លាចអី ឈប់សិន ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលទ្រង់នឹងប្រោសដល់អ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតពួកសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ នោះនឹងលែងឃើញទៀតជាដរាបទៅ