និក្ខមនំ 14:24-30

និក្ខមនំ 14:24-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​វេលា​យាម​ព្រឹក​នោះ ព្រះ‌យេហូវ៉ា​ដែល​គង់​ក្នុង​បង្គោល​ភ្លើង និង​បង្គោល​ពពក ព្រះ‌អង្គ​ទត​ទៅ​លើ​កង​‌ទ័ព​អេស៊ីព្ទ ធ្វើ​ឲ្យ​កង​ទ័ព​អេស៊ីព្ទ​ភ័យ​ស្លន់​ស្លោ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​កង់​រទេះ​របស់​គេ​របូត​ចេញ ឲ្យ​គេ​បរ​ដោយ​ពិបាក។ ពួក​អេស៊ីព្ទ​ស្រែក​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ច្បាំង​នឹង​យើង​ជា​សាសន៍​អេស៊ីព្ទ ជំនួស​ពួក‌គេ​ហើយ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​សមុទ្រ ដើម្បី​ឲ្យ​ទឹក​បាន​វិល​មក​គ្រប​លើ​សាសន៍​អេស៊ីព្ទ ព្រម​ទាំង​រទេះ និង​ពួក​ពល​សេះ​របស់​ពួក‌គេ»។ នោះ​លោក​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​នៅ​ពេល​ព្រឹក ទឹក​ក៏​ហូរ​ប្រសព្វ ចូល​ទៅ​នៅ​កន្លែង​ធម្មតា​វិញ។ ពេល​សាសន៍​អេស៊ីព្ទ​នាំ​គ្នា​រត់​ចេញ​ពី​ទឹក ព្រះ‌យេហូវ៉ា​ក៏​ពន្លិច​គេ​នៅ​កណ្ដាល​សមុទ្រ​អស់​ទៅ។ ទឹក​ក៏​ត្រឡប់​មក​គ្រប​លើ​អស់​ទាំង​រទេះ និង​ពួក​ពល​សេះ ហើយកង​‌ទ័ព​របស់​ផារ៉ោន​ទាំង​អស់ ដែល​បាន​ចូល​ទៅ​ក្នុង​សមុទ្រ​ពី​ក្រោយ​កូន​ចៅ​អ៊ីស្រា‌អែល គ្មាន​រួច​អ្នក​ណា​ម្នាក់​ឡើយ។ ប៉ុន្ដែ កូន​ចៅ​អ៊ីស្រា‌អែល​វិញ គេ​ដើរ​នៅ​កណ្ដាល​សមុទ្រ​តាម​ដី​គោក ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ពី​ខាង​ស្តាំ និង​ខាង​ឆ្វេង​ពួក‌គេ។ ដូច្នេះ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​សាសន៍​អេស៊ីព្ទ ហើយ​ពួក​អ៊ីស្រា‌អែល​បាន​ឃើញ​ខ្មោច​សាសន៍​អេស៊ីព្ទ​រាយ​នៅ​តាម​ឆ្នេរ​សមុទ្រ។

ចែក​រំលែក
អាន និក្ខមនំ 14

និក្ខមនំ 14:24-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ពេល​ទៀប​ភ្លឺ ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ក្នុង​ដុំ​ភ្លើង និង​ដុំ​ពពក ទត​ទៅ​កង‌ទ័ព​អេស៊ីប ធ្វើ​ឲ្យ​កង‌ទ័ព​នោះ​ជ្រួល‌ច្របល់។ ព្រះអង្គ​ធ្វើ​ឲ្យ​រទេះ​ចម្បាំង​របូត​កង់ ហើយ​កឿង​ទៅ​មុខ​មិន​រួច។ ជន‌ជាតិ​អេស៊ីប​ស្រែក​ឡើង​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ឲ្យ​ឆ្ងាយ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ ដ្បិត​ព្រះ‌អម្ចាស់​រួម​ជា​មួយ​ពួក​គេ ច្បាំង​តទល់​នឹង​ពួក​យើង​ហើយ!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ឲ្យ​ទឹក​សមុទ្រ​វិល​មក​គ្រប​លើ​ជន‌ជាតិ​អេស៊ីប រទេះ​ចម្បាំង និង​ទ័ព​សេះ​របស់​ពួក​គេ»។ លោក​ម៉ូសេ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ។ នៅ​ពេល​ថ្ងៃ​រះ ទឹក​សមុទ្រ​ក៏​ហូរ​ត្រឡប់​មក​កន្លែង​ដើម​វិញ។ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​រត់​គេច​មិន​ទាន់ ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​លិច​លង់​នៅ​កណ្ដាល​សមុទ្រ។ ទឹក​ហូរ​ត្រឡប់​មក​វិញ គ្រប​លើ​រទេះ​ចម្បាំង ទ័ព​សេះ និង​កង‌ទ័ព​ទាំង​មូល​របស់​ព្រះចៅ​ផារ៉ោន ដែល​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រា‌អែល គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។ ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គេ​បាន​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​អម​សង​ខាង​ពួក​គេ។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​សាក‌សព​ជន‌ជាតិ​អេស៊ីប​នៅ​តាម​ឆ្នេរ​សមុទ្រ។

ចែក​រំលែក
អាន និក្ខមនំ 14

និក្ខមនំ 14:24-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​វេលា​យាម​ព្រឹក​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទត​ពី​បង្គោល​ភ្លើង ហើយ​នឹង​ពពក​ទៅ​ឃើញ​ពួក​ពល‌ទ័ព​សាសន៍​អេស៊ីព្ទ រួច​ទ្រង់​បណ្តាល​ឲ្យ​ពួក​ពល‌ទ័ព​សាសន៍​អេស៊ីព្ទ​កោលា‌ហល​ឡើង ក៏​ធ្វើ​ឲ្យ​របូត​កង់​ពី​រទេះ​គេ​ចេញ ឲ្យ​គេ​បរ​ដោយ​ពិបាក បាន​ជា​ពួក​សាសន៍​អេស៊ីព្ទ​និយាយ​ថា ចូរ​យើង​រាល់​គ្នា​រត់​ពី​សាសន៍​អ៊ីស្រាអែល​នេះ​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ច្បាំង​នឹង​យើង​ជំនួស​គេ​ហើយ។ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង​លើក​ដៃ​ទៅ​លើ​សមុទ្រ​ទៅ ដើម្បី​ឲ្យ​ទឹក​បាន​ហូរ​ត្រឡប់​គ្រប​ទៅ​លើ​ពួក​សាសន៍​អេស៊ីព្ទ ព្រម​ទាំង​រទេះ នឹង​ពួក​ទ័ព​សេះ​គេ​ផង នោះ​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​ដល់​ព្រឹក​ឡើង ទឹក​ក៏​ហូរ​ប្រសព្វ​ចូល​ទៅ នៅ​កន្លែង​ធម្មតា​វិញ ពួក​សាសន៍​អេស៊ីព្ទ​ក៏​នាំ​គ្នា​រត់​ចេញ​ពី​ទឹក ប៉ុន្តែ ព្រះ‌យេហូវ៉ា​ទ្រង់​ផ្តួល​គេ​នៅ​កណ្តាល​សមុទ្រ​ទៅ ហើយ​ទឹក​ក៏​ត្រឡប់​មក​គ្រប​លើ​អស់​ទាំង​រទេះ នឹង​ពួក​ពល​សេះ ហើយ​នឹង​ពល‌ទ័ព​ផារ៉ោន​ទាំង​អស់ ដែល​បាន​ចូល​ទៅ​ក្នុង​សមុទ្រ​តាម​ពួក​កូន​ចៅ​អ៊ីស្រាអែល គ្មាន​រួច​អ្នក​ណា​មួយ​សោះ​ឡើយ តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដើរ​នៅ​កណ្តាល​សមុទ្រ​តាម​ដី​គោក​វិញ ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ពី​ខាង​ស្តាំ​នឹង​ខាង​ឆ្វេង។ ដូច្នេះ​នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ពួក​អ៊ីស្រាអែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​ពួក​អ៊ីស្រាអែល បាន​ឃើញ​ខ្មោច​ពួក​សាសន៍​អេស៊ីព្ទ​រាយ​នៅ​តាម​ឆ្នេរ​សមុទ្រ

ចែក​រំលែក
អាន និក្ខមនំ 14