និក្ខមនំ 14:13-22
និក្ខមនំ 14:13-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំខ្លាចអី តាំងចិត្តឲ្យមាំឡើង ចាំមើលការសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលព្រះអង្គនឹងប្រោសអ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិតសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញតទៅទៀតហើយ។ ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នកស្រែករកយើងធ្វើអី? ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យដើរទៅមុខទៅ។ ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃទៅលើសមុទ្រ ញែកទឹកចេញពីគ្នាទៅ ដើម្បីឲ្យកូនចៅអ៊ីស្រាអែលបានដើរតាមដីគោកនៅកណ្ដាលសមុទ្រ។ យើងនឹងធ្វើឲ្យសាសន៍អេស៊ីព្ទមានចិត្តរឹងទទឹង ឲ្យគេចូលតាមក្រោយអ្នករាល់គ្នា ដូច្នេះ យើងនឹងបានកិត្តិសព្ទដោយបំបាក់ផារ៉ោន កងទ័ពរបស់ស្ដេចទាំងអស់ រទេះចម្បាំង និងពួកពលសេះរបស់ស្ដេចផង។ ពេលនោះ សាសន៍អេស៊ីព្ទនឹងដឹងថា យើងជាព្រះយេហូវ៉ា នៅពេលយើងបានកិត្តិសព្ទដោយបំបាក់ផារ៉ោន រទេះចម្បាំង និងពួកពលសេះរបស់ស្ដេច»។ ពេលនោះ ទេវតារបស់ព្រះដែលនាំមុខពួកអ៊ីស្រាអែល ក៏ត្រឡប់ទៅនៅខាងក្រោយពួកគេវិញ ហើយបង្គោលពពកក៏ចេញពីមុខពួកគេ ទៅនៅខាងក្រោយដែរ។ ពពកនោះស្ថិតនៅចន្លោះកងទ័ពអេស៊ីព្ទ និងកងទ័ពអ៊ីស្រាអែល ធ្វើឲ្យម្ខាងងងឹត ហើយម្ខាងទៀតភ្លឺនៅពេលយប់ ធ្វើឲ្យកងទ័ពទាំងពីរមិនបានមកជិតគ្នាឡើយ នៅពេញមួយយប់។ លោកម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាច្រានផាត់សមុទ្រចេញ ដោយកម្លាំងខ្យល់ពីទិសខាងកើត ដែលបក់យ៉ាងខ្លាំងពេញមួយយប់ ធ្វើឲ្យសមុទ្រទៅជាដីគោក ហើយទឹកក៏ញែកចេញពីគ្នា។ កូនចៅអ៊ីស្រាអែលនាំគ្នាចូលទៅកណ្ដាលសមុទ្រ តាមដីគោក ដោយមានទឹកជាកំផែងនៅខាងស្តាំ និងខាងឆ្វេងពួកគេ។
និក្ខមនំ 14:13-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញព្រះអម្ចាស់សង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។ ចូរនាំគ្នានៅស្ងៀមចុះ ដ្បិតព្រះអម្ចាស់នឹងច្បាំងជំនួសអ្នករាល់គ្នា»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ហេតុអ្វីបានជាស្រែកអង្វរយើងដូច្នេះ? ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យចេញដំណើរទៅ។ ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃតម្រង់ទៅសមុទ្រ រួចវាយទឹកសមុទ្រឲ្យញែកចេញពីគ្នា ដើម្បីឲ្យកូនចៅអ៊ីស្រាអែលដើរតាមបាតសមុទ្រ។ រីឯយើងវិញ យើងធ្វើឲ្យជនជាតិអេស៊ីបមានចិត្តរឹងចចេស ដេញតាមក្រោយអ្នករាល់គ្នា។ យើងនឹងសម្តែងសិរីរុងរឿងរបស់យើង ដោយប្រហារស្ដេចផារ៉ោន និងពលទ័ពទាំងមូល ព្រមទាំងកម្ទេចរទេះចម្បាំង និងទ័ពសេះរបស់ស្ដេច។ នៅពេលយើងសម្តែងសិរីរុងរឿង ដោយប្រហារស្ដេចផារ៉ោន ព្រមទាំងកម្ទេចរទេះចម្បាំង និងទ័ពសេះរបស់ស្ដេច នោះជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។ ទេវតា*របស់ព្រះជាម្ចាស់ ដែលពីមុននៅខាងមុខជនជាតិអ៊ីស្រាអែល បានទៅនៅខាងក្រោយពួកគេ រីឯដុំពពក*ដែលនៅខាងមុខ ក៏ទៅនៅខាងក្រោយពួកគេដែរ។ ដុំពពកនោះស្ថិតនៅចន្លោះកងទ័ពអេស៊ីប និងកងទ័ពអ៊ីស្រាអែល។ ដុំពពកនោះធ្វើឲ្យងងឹតម្ខាង និងធ្វើឲ្យម្ខាងទៀតភ្លឺនៅពេលយប់។ ហេតុនេះហើយបានជាពេញមួយយប់ កងទ័ពទាំងពីរមិនបានចូលទៅជិតគ្នាឡើយ។ លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា ហើយជនជាតិអ៊ីស្រាអែលនាំគ្នាដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។
និក្ខមនំ 14:13-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែម៉ូសេតបឆ្លើយថា កុំខ្លាចអី ឈប់សិន ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលទ្រង់នឹងប្រោសដល់អ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតពួកសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ នោះនឹងលែងឃើញទៀតជាដរាបទៅ ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា ឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ។ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ឯងអំពាវនាវរកអញធ្វើអី ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឲ្យដើរទៅមុខទៅ ឯឯង ត្រូវលើកដំបងលូកដៃទៅលើសមុទ្រញែកទឹកចេញពីគ្នា ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានដើរតាមដីគោកនៅកណ្តាលសមុទ្រ ឯអញៗនឹងបណ្តាល ឲ្យពួកសាសន៍អេស៊ីព្ទមានចិត្តរឹងទទឹង ចូលទៅតាមឯងរាល់គ្នា នោះអញនឹងបានកិត្តិសព្ទដោយឈ្នះផារ៉ោន នឹងពួកទ័ពទ្រង់ ហើយនឹងអស់ទាំងរទេះចំបាំង ព្រមទាំងពួកពលសេះទ្រង់ផង នោះទើបសាសន៍អេស៊ីព្ទគេនឹងដឹងថា អញជាព្រះយេហូវ៉ាពិត គឺក្នុងកាលដែលអញបានកិត្តិសព្ទដោយឈ្នះផារ៉ោន នឹងអស់ទាំងរទេះចំបាំង ហើយនឹងពួកពលសេះទ្រង់ដូច្នោះ។ នោះទេវតានៃព្រះដែលបាននាំមុខពួកអ៊ីស្រាអែល ទ្រង់ក៏ត្រឡប់ទៅនៅខាងក្រោយវិញ ហើយបង្គោលពពកក៏ចេញពីមុខទៅនៅខាងក្រោយដែរ ពពកនោះស្ថិតនៅជាកណ្តាលពួកសាសន៍អេស៊ីព្ទ នឹងពួកអ៊ីស្រាអែលក៏ងងឹតខាងម្ខាង ហើយភ្លឺខាងម្ខាង នៅវេលាយប់ បានជាពួកទាំង២នោះមិនបានមកជិតគ្នា នៅវេលាយប់នោះឡើយ នោះម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាទ្រង់ច្រានផាត់សមុទ្រចេញ ដោយកំឡាំងខ្យល់ពីខាងកើត ដែលបក់យ៉ាងខ្លាំងពេញ១យប់នោះ ទ្រង់ធ្វើឲ្យទឹកបានញែកចេញពីគ្នា ឲ្យសមុទ្រទៅជាគោកវិញ រួចពួកកូនចៅអ៊ីស្រាអែល គេក៏ចូលទៅនាកណ្តាលសមុទ្រ តាមដីគោក ហើយមានទឹកជាកំផែងនៅខាងស្តាំ នឹងខាងឆ្វេងគេ