និក្ខមនំ 14:13-16
និក្ខមនំ 14:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំខ្លាចអី តាំងចិត្តឲ្យមាំឡើង ចាំមើលការសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលព្រះអង្គនឹងប្រោសអ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិតសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញតទៅទៀតហើយ។ ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នកស្រែករកយើងធ្វើអី? ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យដើរទៅមុខទៅ។ ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃទៅលើសមុទ្រ ញែកទឹកចេញពីគ្នាទៅ ដើម្បីឲ្យកូនចៅអ៊ីស្រាអែលបានដើរតាមដីគោកនៅកណ្ដាលសមុទ្រ។
និក្ខមនំ 14:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញព្រះអម្ចាស់សង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។ ចូរនាំគ្នានៅស្ងៀមចុះ ដ្បិតព្រះអម្ចាស់នឹងច្បាំងជំនួសអ្នករាល់គ្នា»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ហេតុអ្វីបានជាស្រែកអង្វរយើងដូច្នេះ? ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យចេញដំណើរទៅ។ ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃតម្រង់ទៅសមុទ្រ រួចវាយទឹកសមុទ្រឲ្យញែកចេញពីគ្នា ដើម្បីឲ្យកូនចៅអ៊ីស្រាអែលដើរតាមបាតសមុទ្រ។
និក្ខមនំ 14:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែម៉ូសេតបឆ្លើយថា កុំខ្លាចអី ឈប់សិន ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលទ្រង់នឹងប្រោសដល់អ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតពួកសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ នោះនឹងលែងឃើញទៀតជាដរាបទៅ ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា ឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ។ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ឯងអំពាវនាវរកអញធ្វើអី ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឲ្យដើរទៅមុខទៅ ឯឯង ត្រូវលើកដំបងលូកដៃទៅលើសមុទ្រញែកទឹកចេញពីគ្នា ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានដើរតាមដីគោកនៅកណ្តាលសមុទ្រ