និក្ខមនំ 14:1-31

និក្ខមនំ 14:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​វិល​ទៅ​បោះ​ជំរំ​នៅ​មុខ​ពី​ហា‌ហ៊ីរ៉ុថ នៅ​ចន្លោះ​ស្រុក​មីកដុល និង​សមុទ្រ ទល់​មុខ​បាស-សេផុន​វិញ ត្រូវ​បោះ​ជំរំ​ទល់​មុខ​ទី​នោះ នៅ​ជិត​មាត់​សមុទ្រ។ ផារ៉ោន​នឹង​និយាយ​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ថា "គេ​វង្វេង​ក្នុង​ស្រុក​នោះ​ហើយ ទី​រហោ‌ស្ថាន​បាន​បិទ​គេ​ជិត​ជុំ‌វិញ"។ យើង​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង ហើយ​ដេញ​តាម​‌គេ តែ​យើង​នឹង​បាន​កិត្តិ‌សព្ទ​ដោយ‌សារ​បំបាក់​ផារ៉ោន និង​កង​ទ័ព​ទាំង​ប៉ុន្មាន​របស់​ស្ដេច នោះ​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា»។ គេ​ក៏​ធ្វើ​ដូច្នោះ។ កាលមាន​គេ​ទូល​ស្តេច​ស្រុក​អេស៊ីព្ទ​ថា ពួក​អ៊ីស្រា‌អែល​បាន​រត់​បាត់​អស់​ហើយ នោះ​ផារ៉ោន និង​ពួក​នាម៉ឺន​មន្ត្រី​របស់​ស្ដេច​ក៏​ប្រែ​គំនិត​ចំពោះ​ពួក​អ៊ីស្រា‌អែល ហើយ​ពោល​ថា៖ «តើ​យើង​បាន​ធ្វើ​អ្វី​ដូច្នេះ ដោយ​បណ្ដោយ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​រួច​ពី​ការ​បម្រើ​យើង​បែប​នេះ?» ដូច្នេះ ផារ៉ោន​ក៏​ឲ្យ​គេ​ទឹម​រាជ‌រថ ហើយ​នាំ​កង​ទ័ព​ទៅ​ជា‌មួយ។ ស្ដេច​រើស​យក​រទេះ​ចម្បាំង​បាន​ប្រាំមួយ​រយ ហើយ​ក៏​យក​អស់​ទាំង​រទេះ​ចម្បាំង​នៅ​ស្រុក​អេស៊ីព្ទ គ្រប់​រទេះ​ទាំង​នោះ​សុទ្ធ​តែ​មាន​មេ‌ទ័ព​គ្រប់​គ្រង។ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ផារ៉ោន​ស្តេច​ស្រុក​អេស៊ីព្ទ​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង ហើយ​ស្តេច​បាន​ដេញ​តាម​កូន​ចៅ​អ៊ីស្រា‌អែល តែ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ទៅ​ដោយ​មាន​ជ័យ‌ជម្នះ។ សាសន៍​អេស៊ីព្ទ​បាន​ដេញ​តាម មាន​ទាំង​សេះ ទាំង​រាជ‌រថ​របស់​ផារ៉ោន ពួក​ពល​សេះ និង​ពួក​ពល​ថ្មើរ​ជើង​របស់​ស្ដេច ក៏​ទាន់​ពួក‌គេ​នៅ​ត្រង់​ទី​បោះ​ជំរំ ក្បែរ​សមុទ្រ​ដែល​នៅ​ជិត​ពីហា‌ហ៊ីរ៉ុថ ទល់​មុខ​នឹង​បាល-សេផុន។ កាល​ផារ៉ោន​ចូល​ទៅ​ជិត កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ងើប​ភ្នែក​ឡើង ឃើញ​សាសន៍​អេស៊ីព្ទ​ដេញ​តាម​ពី​ក្រោយ គេ​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា។ គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ដោយ​ព្រោះ​តែ​គ្មាន​ផ្នូរ​នៅ​ស្រុក​អេស៊ីព្ទ​ឬ បាន​ជា​លោក​នាំ​ពួក​យើង​មក​ឲ្យ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​ដូច្នេះ? តើ​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​យើង ដោយ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ​ឬ? កាល​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ តើ​ពួក​យើង​មិន​បាន​និយាយ​សេចក្ដី​នេះ​នឹង​លោក​ថា "កុំ​ឲ្យ​មក​រវី‌រវល់​នឹង​ពួក​យើង ទុក​ឲ្យ​ពួក​យើង​នៅ​បម្រើ​សាសន៍​អេស៊ីព្ទ​ចុះ" ដ្បិត​ដែល​ពួក​យើង​នៅ​បម្រើ​សាសន៍​អេស៊ីព្ទ នោះ​ប្រសើរ​ជាង​មក​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​បែប​នេះ»។ ប៉ុន្ដែ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ខ្លាច​អី តាំង​ចិត្ត​ឲ្យ​មាំ​ឡើង ចាំ​មើល​ការ​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​នឹង​ប្រោស​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។ ដ្បិត​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ត​ទៅ​ទៀត​ហើយ។ ព្រះ‌យេហូវ៉ា​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ស្ងៀម​ប៉ុណ្ណោះ»។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​ស្រែក​រក​យើង​ធ្វើ​អី? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ដើរ​ទៅ​មុខ​ទៅ។ ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​ទៅ​លើ​សមុទ្រ ញែក​ទឹក​ចេញ​ពី​គ្នា​ទៅ ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​តាម​ដី​គោក​នៅ​កណ្ដាល​សមុទ្រ។ យើង​នឹងធ្វើ​ឲ្យ​សាសន៍​អេស៊ីព្ទ​មាន​ចិត្ត​រឹង​ទទឹង ឲ្យ​គេ​ចូល​តាម​ក្រោយ​អ្នក​រាល់​គ្នា ដូច្នេះ យើង​នឹង​បាន​កិត្តិ‌សព្ទ​ដោយ​បំបាក់​ផារ៉ោន កង​ទ័ព​របស់​ស្ដេច​ទាំង​អស់ រទេះ​ចម្បាំង និង​ពួក​ពល​សេះ​របស់​ស្ដេច​ផង។ ពេល​នោះ សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា នៅ​ពេល​យើង​បាន​កិត្តិ‌សព្ទ​ដោយ​បំបាក់​ផារ៉ោន រទេះ​ចម្បាំង និង​ពួក​ពល​សេះ​របស់​ស្ដេច»។ ពេល​នោះ ទេវតា​របស់​ព្រះ​ដែល​នាំ​មុខ​ពួក​អ៊ីស្រា‌អែល ក៏​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​ពួក‌គេ​វិញ ហើយ​បង្គោល​ពពក​ក៏​ចេញ​ពី​មុខ​ពួកគេ ទៅ​នៅ​ខាង​ក្រោយ​ដែរ។ ពពក​នោះ​ស្ថិត​នៅ​ចន្លោះ​កង​ទ័ព​អេស៊ីព្ទ និង​កង​ទ័ព​អ៊ីស្រា‌អែល ធ្វើ​ឲ្យ​ម្ខាង​ងងឹត ហើយ​ម្ខាង​ទៀត​ភ្លឺ​នៅ​ពេល​យប់ ធ្វើ​ឲ្យ​កងទ័ព​ទាំង​ពីរ​មិន​បាន​មក​ជិត​គ្នា​ឡើយ នៅ​ពេញ​មួយ​យប់។ លោក​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​ព្រះ‌យេហូវ៉ា​ច្រាន​ផាត់​សមុទ្រ​ចេញ ដោយ​កម្លាំង​ខ្យល់​ពី​ទិស​ខាង​កើត ដែល​បក់​យ៉ាង​ខ្លាំង​ពេញ​មួយ​យប់ ធ្វើ​ឲ្យ​សមុទ្រ​ទៅជា​ដី​គោក ហើយទឹក​ក៏​ញែក​ចេញ​ពី​គ្នា។ កូន​ចៅ​អ៊ីស្រា‌អែលនាំ​គ្នា​ចូល​ទៅ​កណ្ដាល​សមុទ្រ តាម​ដី​គោក ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​ពួក‌គេ។ ពួក​អេស៊ីព្ទ​ដេញ​តាម​ពីក្រោយ ហើយ​ចូល​ទៅ​កណ្ដាល​សមុទ្រ មាន​ទាំង​សេះ​របស់​ផារ៉ោន រទេះ​ចម្បាំង និង​ពល​សេះ​របស់​ស្ដេច​ទាំង​អស់។ នៅ​វេលា​យាម​ព្រឹក​នោះ ព្រះ‌យេហូវ៉ា​ដែល​គង់​ក្នុង​បង្គោល​ភ្លើង និង​បង្គោល​ពពក ព្រះ‌អង្គ​ទត​ទៅ​លើ​កង​‌ទ័ព​អេស៊ីព្ទ ធ្វើ​ឲ្យ​កង​ទ័ព​អេស៊ីព្ទ​ភ័យ​ស្លន់​ស្លោ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​កង់​រទេះ​របស់​គេ​របូត​ចេញ ឲ្យ​គេ​បរ​ដោយ​ពិបាក។ ពួក​អេស៊ីព្ទ​ស្រែក​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ច្បាំង​នឹង​យើង​ជា​សាសន៍​អេស៊ីព្ទ ជំនួស​ពួក‌គេ​ហើយ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​សមុទ្រ ដើម្បី​ឲ្យ​ទឹក​បាន​វិល​មក​គ្រប​លើ​សាសន៍​អេស៊ីព្ទ ព្រម​ទាំង​រទេះ និង​ពួក​ពល​សេះ​របស់​ពួក‌គេ»។ នោះ​លោក​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​នៅ​ពេល​ព្រឹក ទឹក​ក៏​ហូរ​ប្រសព្វ ចូល​ទៅ​នៅ​កន្លែង​ធម្មតា​វិញ។ ពេល​សាសន៍​អេស៊ីព្ទ​នាំ​គ្នា​រត់​ចេញ​ពី​ទឹក ព្រះ‌យេហូវ៉ា​ក៏​ពន្លិច​គេ​នៅ​កណ្ដាល​សមុទ្រ​អស់​ទៅ។ ទឹក​ក៏​ត្រឡប់​មក​គ្រប​លើ​អស់​ទាំង​រទេះ និង​ពួក​ពល​សេះ ហើយកង​‌ទ័ព​របស់​ផារ៉ោន​ទាំង​អស់ ដែល​បាន​ចូល​ទៅ​ក្នុង​សមុទ្រ​ពី​ក្រោយ​កូន​ចៅ​អ៊ីស្រា‌អែល គ្មាន​រួច​អ្នក​ណា​ម្នាក់​ឡើយ។ ប៉ុន្ដែ កូន​ចៅ​អ៊ីស្រា‌អែល​វិញ គេ​ដើរ​នៅ​កណ្ដាល​សមុទ្រ​តាម​ដី​គោក ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ពី​ខាង​ស្តាំ និង​ខាង​ឆ្វេង​ពួក‌គេ។ ដូច្នេះ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​សាសន៍​អេស៊ីព្ទ ហើយ​ពួក​អ៊ីស្រា‌អែល​បាន​ឃើញ​ខ្មោច​សាសន៍​អេស៊ីព្ទ​រាយ​នៅ​តាម​ឆ្នេរ​សមុទ្រ។ ពួក​អ៊ីស្រា‌អែល​បាន​ឃើញ​ការ​យ៉ាង​ធំ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ទាស់​នឹង​សាសន៍​អេស៊ីព្ទ ហើយ​បណ្ដា‌ជន​ក៏​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ពួក‌គេ​ជឿ​ដល់​ព្រះ‌យេហូវ៉ា និង​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន និក្ខមនំ 14

និក្ខមនំ 14:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​វិល​មក​បោះ​ជំរំ នៅ​ក្បែរ​ពីហា‌ហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ចន្លោះ​មីគដូល និង​សមុទ្រ។ អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំរំ​ទល់​មុខ​បាលសេ‌ផុន គឺ​នៅ​តាម​ឆ្នេរ​សមុទ្រ។ ស្ដេច​ផារ៉ោន​នឹង​គិត​ថា អ្នក​រាល់​គ្នា​វង្វេង​វិល‌វល់​ក្នុង​តំបន់​នេះ មិន​អាច​ចេញ​ផុត​ពី​វាល​រហោ‌ស្ថាន​ឡើយ។ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា។ ប៉ុន្តែ ពេល​នោះ យើង​នឹង​ទទួល​សិរី‌រុងរឿង ដោយ​វាយ​កម្ទេច​ស្ដេច​ផារ៉ោន និង​កង‌ទ័ព​ទាំង​មូល​របស់​គេ។ ដូច្នេះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ មាន​គេ​ទូល​ស្ដេច​ស្រុក​អេស៊ីប​ថា ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​បាត់​អស់​ហើយ។ ពេល​នោះ ស្ដេច និង​នាម៉ឺន​មន្ត្រី ដូរ​គំនិត​ចំពោះ​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​យើង​បណ្ដោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ​ដូច្នេះ? តើ​បាន​នរណា​នៅ​បម្រើ​ពួក​យើង?»។ ព្រះចៅ​ផារ៉ោន​ក៏​ឲ្យ​គេ​ទឹម​រទេះ ហើយ​នាំ​កង‌ទ័ព​ចេញ​ដំណើរ​ទៅ​ជា​មួយ។ ស្ដេច​បាន​យក​រទេះ​ចម្បាំង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​ចេញ​ទៅ​ជា​មួយ ក្នុង​នោះ​មាន​រទេះ​ដ៏​មាំៗ​ចំនួន​ប្រាំ​មួយ​រយ​គ្រឿង ដែល​មាន​នាយ​ទាហាន​ជិះ​ផង។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ព្រះចៅ​ផារ៉ោន ស្ដេច​ស្រុក​អេស៊ីប​មាន​ព្រះ‌ហឫទ័យ​មានះ ហើយ​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រា‌អែល។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដូច​ជា​មាន​សេរី‌ភាព។ កង‌ទ័ព​អេស៊ីប ទាំង​ទ័ព​សេះ ទាំង​រទេះ​របស់​ព្រះចៅ​ផារ៉ោន ព្រម​ទាំង​ពល​ទ័ព និង​រទេះ​ទាំង​ប៉ុន្មាន នាំ​គ្នា​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ទាន់​ពួក​គេ​នៅ​ត្រង់​ពីហា‌ហ៊ីរ៉ុត ទល់​មុខ​នឹង​បាលសេ‌ផុន គឺ​កន្លែង​ដែល​ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ។ កាល​ឃើញ​ព្រះចៅ​ផារ៉ោន និង​កង‌ទ័ព​អេស៊ីប​ដេញ​តាម​ប្រកិត​ពី​ក្រោយ​ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​ភិត‌ភ័យ​ជា​ខ្លាំង ហើយ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់។ ពួក​គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​នៅ​ស្រុក​អេស៊ីប​គ្មាន​ផ្នូរ​ទេ​ឬ បាន​ជា​លោក​នាំ​ពួក​យើង​ឲ្យ​មក​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប។ កាល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​នៅ​ឡើយ ពួក​យើង​បាន​ប្រាប់​លោក​ហើយ​ថា: ទុក​ឲ្យ​ពួក​យើង​នៅ​បម្រើ​ជន‌ជាតិ​អេស៊ីប​ចុះ ដ្បិត​នៅ​បម្រើ​គេ នោះ​ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​បែប​នេះ»។ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ចូរ​តាំង​ស្មារតី​ឡើង នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អម្ចាស់​សង្គ្រោះ​អ្នក​រាល់​គ្នា។ ជន‌ជាតិ​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​គេ​ទៀត​រហូត​ត​ទៅ។ ចូរ​នាំ​គ្នា​នៅ​ស្ងៀម​ចុះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្រែក​អង្វរ​យើង​ដូច្នេះ? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ដំណើរ​ទៅ។ ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ រួច​វាយ​ទឹក​សមុទ្រ​ឲ្យ​ញែក​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ដើរ​តាម​បាត​សមុទ្រ។ រីឯ​យើង​វិញ យើង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​មាន​ចិត្ត​រឹង​ចចេស ដេញ​តាម​ក្រោយ​អ្នក​រាល់​គ្នា។ យើង​នឹង​សម្តែង​សិរី‌រុងរឿង​របស់​យើង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន និង​ពល​ទ័ព​ទាំង​មូល ព្រម​ទាំង​កម្ទេច​រទេះ​ចម្បាំង និង​ទ័ព​សេះ​របស់​ស្ដេច។ នៅ​ពេល​យើង​សម្តែង​សិរី‌រុងរឿង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន ព្រម​ទាំង​កម្ទេច​រទេះ​ចម្បាំង និង​ទ័ព​សេះ​របស់​ស្ដេច នោះ​ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។ ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ដែល​ពី​មុន​នៅ​ខាង​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ រីឯ​ដុំ​ពពក*​ដែល​នៅ​ខាង​មុខ ក៏​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ​ដែរ។ ដុំ​ពពក​នោះ​ស្ថិត​នៅ​ចន្លោះ​កង‌ទ័ព​អេស៊ីប និង​កង‌ទ័ព​អ៊ីស្រា‌អែល។ ដុំ​ពពក​នោះ​ធ្វើ​ឲ្យ​ងងឹត​ម្ខាង និង​ធ្វើ​ឲ្យ​ម្ខាង​ទៀត​ភ្លឺ​នៅ​ពេល​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ពេញ​មួយ​យប់ កង‌ទ័ព​ទាំង​ពីរ​មិន​បាន​ចូល​ទៅ​ជិត​គ្នា​ឡើយ។ លោក​ម៉ូសេ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ពេញ​មួយ​យប់​នោះ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត​យ៉ាង​ខ្លាំង រុញ​ច្រាន​ទឹក​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​រីង​ស្ងួត។ ផ្ទៃ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។ កង‌ទ័ព​អេស៊ីប ទាំង​សេះ​របស់​ព្រះចៅ​ផារ៉ោន ទាំង​រទេះ​ចម្បាំង និង​ទ័ព​សេះ​ទាំង​ប៉ុន្មាន ដែល​ដេញ​តាម​ពី​ក្រោយ ក៏​ចូល​ទៅ​កណ្ដាល​សមុទ្រ​ដែរ។ លុះ​ពេល​ទៀប​ភ្លឺ ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ក្នុង​ដុំ​ភ្លើង និង​ដុំ​ពពក ទត​ទៅ​កង‌ទ័ព​អេស៊ីប ធ្វើ​ឲ្យ​កង‌ទ័ព​នោះ​ជ្រួល‌ច្របល់។ ព្រះអង្គ​ធ្វើ​ឲ្យ​រទេះ​ចម្បាំង​របូត​កង់ ហើយ​កឿង​ទៅ​មុខ​មិន​រួច។ ជន‌ជាតិ​អេស៊ីប​ស្រែក​ឡើង​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ឲ្យ​ឆ្ងាយ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ ដ្បិត​ព្រះ‌អម្ចាស់​រួម​ជា​មួយ​ពួក​គេ ច្បាំង​តទល់​នឹង​ពួក​យើង​ហើយ!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ឲ្យ​ទឹក​សមុទ្រ​វិល​មក​គ្រប​លើ​ជន‌ជាតិ​អេស៊ីប រទេះ​ចម្បាំង និង​ទ័ព​សេះ​របស់​ពួក​គេ»។ លោក​ម៉ូសេ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ។ នៅ​ពេល​ថ្ងៃ​រះ ទឹក​សមុទ្រ​ក៏​ហូរ​ត្រឡប់​មក​កន្លែង​ដើម​វិញ។ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​រត់​គេច​មិន​ទាន់ ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​លិច​លង់​នៅ​កណ្ដាល​សមុទ្រ។ ទឹក​ហូរ​ត្រឡប់​មក​វិញ គ្រប​លើ​រទេះ​ចម្បាំង ទ័ព​សេះ និង​កង‌ទ័ព​ទាំង​មូល​របស់​ព្រះចៅ​ផារ៉ោន ដែល​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រា‌អែល គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។ ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គេ​បាន​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​អម​សង​ខាង​ពួក​គេ។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​សាក‌សព​ជន‌ជាតិ​អេស៊ីប​នៅ​តាម​ឆ្នេរ​សមុទ្រ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អម្ចាស់ ដែល​បាន​ប្រហារ​ជន‌ជាតិ​អេស៊ីប។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​កោតខ្លាច​ព្រះ‌អម្ចាស់។ ពួក​គេ​ជឿ​លើ​ព្រះ‌អម្ចាស់ និង​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។

ចែក​រំលែក
អាន និក្ខមនំ 14

និក្ខមនំ 14:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​បែរ​ទៅ​ដំឡើង​ត្រសាល​នៅ​ឯ​មុខ ពីហា‌ហីរ៉ុថ ត្រង់​កណ្តាល​ស្រុក​មីកដុល ហើយ​នឹង​សមុទ្រ ទល់​មុខ​នឹង​បាស-សេផុន​វិញ ត្រូវ​ឲ្យ​ដំឡើង​ត្រសាល ប្រឈម​នឹង​ទី​នោះ ដែល​នៅ​ជិត​មាត់​សមុទ្រ ផារ៉ោន​នឹង​និយាយ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា គេ​បាន​វង្វេង​ជាប់​នៅ​ស្រុក​នោះ​ហើយ ទី​រហោ‌ស្ថាន​បាន​បិទ​គេ​ជិត​ជុំវិញ នោះ​អញ​នឹង​បណ្តាល​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង​ឡើង ហើយ​ទ្រង់​នឹង​ដេញ​តាម តែ​អញ​នឹង​បាន​កិត្តិសព្ទ ដោយ‌សារ​ផារ៉ោន នឹង​ពួក​ទ័ព​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត គេ​ក៏​ធ្វើ​សំរេច​ដូច្នោះ។ មាន​គេ​ទូល​ដល់​ស្តេច​ស្រុក​អេស៊ីព្ទ​ថា ពួក​អ៊ីស្រាអែល​បាន​រត់​រួច​ទៅ​ហើយ នោះ​ផារ៉ោន​នឹង​ពួក​មហា‌តលិក​ទ្រង់​ក៏​ប្រែ​គំនិត​ពី​ដំណើរ​គេ​ឡើង​វិញ ហើយ​ពោល​ថា តើ​យើង​បាន​ធ្វើ​អ្វី នឹង​ឲ្យ​ពួក​អ៊ីស្រាអែល​ចេញ​ទៅ​រួច​ពី​ការ​បំរើ​យើង​ដូច្នេះ នោះ​ស្រាប់​តែ​ទ្រង់​ទឹម​រាជ‌រថ ព្រម​ទាំង​នាំ​ពួក​ពល​ទៅ​ជា​មួយ​ផង ទ្រង់​រើស​យក​រទេះ​ចំបាំង​បាន​៦០០ ហើយ​ក៏​យក​អស់​ទាំង​រទេះ​ចំបាំង​នៅ​ស្រុក​អេស៊ីព្ទ​ផង គ្រប់​ទាំង​រទេះ​ទាំង​នោះ​សុទ្ធ​តែ​មាន​មេ‌ទ័ព​ត្រួត‌ត្រា​ការ ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បណ្តាល​ឲ្យ​ផារ៉ោន​ជា​ស្តេច​អេស៊ីព្ទ​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង​ឡើង ហើយ​ស្តេច​ក៏​ដេញ​តាម​ពួក​កូន​ចៅ​អ៊ីស្រាអែល តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​បាន​ចេញ​ទៅ​ដោយ​មាន​ជ័យ‌ជំនះ ពួក​សាសន៍​អេស៊ីព្ទ​ក៏​ដេញ​តាម​ទៅ មាន​ទាំង​សេះ​ទាំង​រាជ‌រថ​របស់​ផារ៉ោន ទាំង​ពួក​ពល​សេះ ហើយ​នឹង​ពួក​ពល​ថ្មើរ​ជើង​របស់​ទ្រង់​ទាំង​អស់ បាន​ទាន់​គេ​នៅ​ត្រង់​ទី​ដំឡើង​ត្រសាល ក្បែរ​សមុទ្រ​ដែល​ជិត​នឹង​ពីហា‌ហីរ៉ុថ ទល់​មុខ​នឹង​បាល-សេផុន។ កាល​ផារ៉ោន​ចូល​ទៅ​ជិត នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ងើប​ភ្នែក​ឡើង ឃើញ​ពួក​សាសន៍​អេស៊ីព្ទ​មក​តាម​ដូច្នោះ ក៏​មាន​សេចក្ដី​តក់‌ស្លុត​ជា​ខ្លាំង ហើយ​ស្រែក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ស្តី​បន្ទោស​ដល់​ម៉ូសេ​ថា តើ​ដោយ​ព្រោះ​តែ​គ្មាន​ផ្នូរ​នៅ​ស្រុក​អេស៊ីព្ទ​ឬ​អី បាន​ជា​អ្នក​នាំ​យើង​រាល់​គ្នា​មក ឲ្យ​ត្រូវ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​នេះ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​ចំពោះ​យើង​រាល់​គ្នា​យ៉ាង​នេះ គឺ​ដែល​នាំ​ពួក​យើង​រាល់​គ្នា ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ កាល​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ តើ​យើង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​នេះ​ឯង​នឹង​អ្នក​ទេ​ឬ​អី ថា កុំ​ឲ្យ​មក​វីវរ​នឹង​យើង​រាល់​គ្នា​ឡើយ ចូរ​ទុក​ឲ្យ​យើង​នៅ​បំរើ​សាសន៍​អេស៊ីព្ទ​ចុះ ដ្បិត​ដែល​យើង​រាល់​គ្នា​បាន​នៅ​បំរើ​សាសន៍​អេស៊ីព្ទ នោះ​វិសេស​ជា​ជាង​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​នេះ តែ​ម៉ូសេ​តប​ឆ្លើយ​ថា កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ នោះ​នឹង​លែង​ឃើញ​ទៀត​ជា​ដរាប​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ។ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ឯង​អំពាវ‌នាវ​រក​អញ​ធ្វើ​អី ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ឲ្យ​ដើរ​ទៅ​មុខ​ទៅ ឯ​ឯង ត្រូវ​លើក​ដំបង​លូក​ដៃ​ទៅ​លើ​សមុទ្រ​ញែក​ទឹក​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដើរ​តាម​ដី​គោក​នៅ​កណ្តាល​សមុទ្រ ឯ​អញៗ​នឹង​បណ្តាល ឲ្យ​ពួក​សាសន៍​អេស៊ីព្ទ​មាន​ចិត្ត​រឹង‌ទទឹង ចូល​ទៅ​តាម​ឯង​រាល់​គ្នា នោះ​អញ​នឹង​បាន​កិត្តិសព្ទ​ដោយ​ឈ្នះ​ផារ៉ោន នឹង​ពួក​ទ័ព​ទ្រង់ ហើយ​នឹង​អស់​ទាំង​រទេះ​ចំបាំង ព្រម​ទាំង​ពួក​ពល​សេះ​ទ្រង់​ផង នោះ​ទើប​សាសន៍​អេស៊ីព្ទ​គេ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត គឺ​ក្នុង​កាល​ដែល​អញ​បាន​កិត្តិសព្ទ​ដោយ​ឈ្នះ​ផារ៉ោន នឹង​អស់​ទាំង​រទេះ​ចំបាំង ហើយ​នឹង​ពួក​ពល​សេះ​ទ្រង់​ដូច្នោះ។ នោះ​ទេវតា​នៃ​ព្រះ​ដែល​បាន​នាំ​មុខ​ពួក​អ៊ីស្រាអែល ទ្រង់​ក៏​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ ហើយ​បង្គោល​ពពក​ក៏​ចេញ​ពី​មុខ​ទៅ​នៅ​ខាង​ក្រោយ​ដែរ ពពក​នោះ​ស្ថិត​នៅ​ជា​កណ្តាល​ពួក​សាសន៍​អេស៊ីព្ទ នឹង​ពួក​អ៊ីស្រាអែល​ក៏​ងងឹត​ខាង​ម្ខាង ហើយ​ភ្លឺ​ខាង​ម្ខាង នៅ​វេលា​យប់ បាន​ជា​ពួក​ទាំង​២​នោះ​មិន​បាន​មក​ជិត​គ្នា នៅ​វេលា​យប់​នោះ​ឡើយ នោះ​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ច្រាន​ផាត់​សមុទ្រ​ចេញ ដោយ​កំឡាំង​ខ្យល់​ពី​ខាង​កើត ដែល​បក់​យ៉ាង​ខ្លាំង​ពេញ​១​យប់​នោះ ទ្រង់​ធ្វើ​ឲ្យ​ទឹក​បាន​ញែក​ចេញ​ពី​គ្នា ឲ្យ​សមុទ្រ​ទៅ​ជា​គោក​វិញ រួច​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ក៏​ចូល​ទៅ​នា​កណ្តាល​សមុទ្រ តាម​ដី​គោក ហើយ​មាន​ទឹក​ជា​កំផែង​នៅ​ខាង​ស្តាំ នឹង​ខាង​ឆ្វេង​គេ ពួក​សាសន៍​អេស៊ីព្ទ​ក៏​ប្រឹង​ដេញ​ចូល​ទៅ ត្រង់​កណ្តាល​សមុទ្រ​តាម​គេ ព្រម​ទាំង​សេះ​ផារ៉ោន នឹង​រទេះ​ចំបាំង ហើយ​ទាំង​ពល​សេះ​ទ្រង់​ផង នៅ​វេលា​យាម​ព្រឹក​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទត​ពី​បង្គោល​ភ្លើង ហើយ​នឹង​ពពក​ទៅ​ឃើញ​ពួក​ពល‌ទ័ព​សាសន៍​អេស៊ីព្ទ រួច​ទ្រង់​បណ្តាល​ឲ្យ​ពួក​ពល‌ទ័ព​សាសន៍​អេស៊ីព្ទ​កោលា‌ហល​ឡើង ក៏​ធ្វើ​ឲ្យ​របូត​កង់​ពី​រទេះ​គេ​ចេញ ឲ្យ​គេ​បរ​ដោយ​ពិបាក បាន​ជា​ពួក​សាសន៍​អេស៊ីព្ទ​និយាយ​ថា ចូរ​យើង​រាល់​គ្នា​រត់​ពី​សាសន៍​អ៊ីស្រាអែល​នេះ​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ច្បាំង​នឹង​យើង​ជំនួស​គេ​ហើយ។ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង​លើក​ដៃ​ទៅ​លើ​សមុទ្រ​ទៅ ដើម្បី​ឲ្យ​ទឹក​បាន​ហូរ​ត្រឡប់​គ្រប​ទៅ​លើ​ពួក​សាសន៍​អេស៊ីព្ទ ព្រម​ទាំង​រទេះ នឹង​ពួក​ទ័ព​សេះ​គេ​ផង នោះ​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​ដល់​ព្រឹក​ឡើង ទឹក​ក៏​ហូរ​ប្រសព្វ​ចូល​ទៅ នៅ​កន្លែង​ធម្មតា​វិញ ពួក​សាសន៍​អេស៊ីព្ទ​ក៏​នាំ​គ្នា​រត់​ចេញ​ពី​ទឹក ប៉ុន្តែ ព្រះ‌យេហូវ៉ា​ទ្រង់​ផ្តួល​គេ​នៅ​កណ្តាល​សមុទ្រ​ទៅ ហើយ​ទឹក​ក៏​ត្រឡប់​មក​គ្រប​លើ​អស់​ទាំង​រទេះ នឹង​ពួក​ពល​សេះ ហើយ​នឹង​ពល‌ទ័ព​ផារ៉ោន​ទាំង​អស់ ដែល​បាន​ចូល​ទៅ​ក្នុង​សមុទ្រ​តាម​ពួក​កូន​ចៅ​អ៊ីស្រាអែល គ្មាន​រួច​អ្នក​ណា​មួយ​សោះ​ឡើយ តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដើរ​នៅ​កណ្តាល​សមុទ្រ​តាម​ដី​គោក​វិញ ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ពី​ខាង​ស្តាំ​នឹង​ខាង​ឆ្វេង។ ដូច្នេះ​នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ពួក​អ៊ីស្រាអែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​ពួក​អ៊ីស្រាអែល បាន​ឃើញ​ខ្មោច​ពួក​សាសន៍​អេស៊ីព្ទ​រាយ​នៅ​តាម​ឆ្នេរ​សមុទ្រ ក៏​បាន​ឃើញ​ការ​យ៉ាង​ធំ​ដែល​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​សាសន៍​អេស៊ីព្ទ នោះ​គេ​ក៏​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ក៏​ជឿ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដល់​ម៉ូសេ​ជា​អ្នក​បំរើ​ទ្រង់​ផង។

ចែក​រំលែក
អាន និក្ខមនំ 14