និក្ខមនំ 13:3-5
និក្ខមនំ 13:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរនឹកចាំពីថ្ងៃនេះ ជាថ្ងៃដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ព្រោះព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តដ៏ខ្លាំងពូកែ។ ដូច្នេះ មិនត្រូវបរិភោគនំបុ័ងមានដំបែទេ។ គឺនៅថ្ងៃនេះ ក្នុងខែអាប៊ីប ដែលអ្នករាល់គ្នាចេញដំណើរ។ កាលណាព្រះយេហូវ៉ានាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ហេវី និងសាសន៍យេប៊ូស ដែលព្រះអង្គបានស្បថនឹងបុព្វបុរសអ្នករាល់គ្នាថា នឹងប្រទានឲ្យអ្នករាល់គ្នា ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ នោះអ្នករាល់គ្នាត្រូវធ្វើបុណ្យនេះ នៅក្នុងខែនេះឯង។
និក្ខមនំ 13:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នានឹកចាំពីថ្ងៃនេះ គឺថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។ ព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ នាំអ្នករាល់គ្នាចេញពីស្រុកនោះមក។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបរិភោគនំប៉័ងមានមេទេ។ ថ្ងៃនេះ នៅក្នុងខែចេត្រ អ្នករាល់គ្នាចេញដំណើរ។ ពេលព្រះអម្ចាស់នាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិហេវី និងជនជាតិយេប៊ូស ជាទឹកដីដ៏សម្បូណ៌សប្បាយ ដែលព្រះអង្គសន្យាជាមួយពួកបុព្វបុរសថា នឹងប្រទានឲ្យអ្នករាល់គ្នា នោះត្រូវនាំគ្នាគោរពបម្រើព្រះអម្ចាស់ ដោយធ្វើពិធីបុណ្យចម្លងក្នុងខែនេះ។
និក្ខមនំ 13:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម៉ូសេក៏ប្រាប់ដល់បណ្តាជនរាល់គ្នាថា ចូរនឹកចាំពីថ្ងៃនេះ គឺពីថ្ងៃដែលអ្នករាល់គ្នាបានចេញពីផ្ទះបាវបំរើនៅស្រុកអេស៊ីព្ទមក ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តខ្លាំងពូកែហើយ ដូច្នេះមិនត្រូវឲ្យអ្នកណាបរិភោគនំបុ័ងមានដំបែទេ គឺនៅថ្ងៃនេះឯងក្នុងខែចេត្រដែលអ្នករាល់គ្នាបានចេញមក ដូច្នេះកាលណាព្រះយេហូវ៉ា ទ្រង់បាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ហេវី ហើយនឹងសាសន៍យេប៊ូស ដែលទ្រង់បានស្បថនឹងពួកឰយុកោអ្នករាល់គ្នាថា នឹងប្រទានមកអ្នករាល់គ្នា គឺជាស្រុកដែលមានទឹកដោះហើយទឹកឃ្មុំហូរហៀរ នោះអ្នករាល់គ្នាត្រូវធ្វើបុណ្យនេះនៅក្នុងខែនេះឯង