និក្ខមនំ 13:17-22
និក្ខមនំ 13:17-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលផារ៉ោនបើកឲ្យប្រជាជនអ៊ីស្រាអែលចេញទៅ នោះព្រះទ្រង់មិនបាននាំគេតាមផ្លូវកាត់ស្រុករបស់សាសន៍ភីលីស្ទីនទេ ទោះបើផ្លូវនោះជិតក៏ដោយ ដ្បិតព្រះទ្រង់នឹកគិតថា៖ «ប្រសិនបើគេប្រទះនឹងចម្បាំង នោះគេអាចដូរគំនិត ហើយត្រឡប់ទៅស្រុកអេស៊ីព្ទវិញ»។ ដូច្នេះ ព្រះបាននាំគេតាមផ្លូវវាង ឆ្លងកាត់ទីរហោស្ថាន ឆ្ពោះទៅសមុទ្រក្រហម ។ កូនចៅអ៊ីស្រាអែលក៏ឡើងចេញពីស្រុកអេស៊ីព្ទទៅ ទាំងកាន់គ្រឿងសស្ត្រាវុធ។ លោកម៉ូសេបានយកឆ្អឹងរបស់លោកយ៉ូសែបទៅជាមួយដែរ ដ្បិតលោកយ៉ូសែបបានចាប់ឲ្យកូនចៅអ៊ីស្រាអែលស្បថ ដោយប្រាប់ថា «ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយពេលនោះ ត្រូវយកឆ្អឹងខ្ញុំចេញពីទីនេះទៅជាមួយផង» ។ គេក៏ចេញពីក្រុងស៊ូកូថ ទៅបោះជំរំនៅត្រង់អេថាម នៅជាយទីរហោស្ថាន។ នៅពេលថ្ងៃ ព្រះយេហូវ៉ាតែងយាងនៅមុខគេក្នុងបង្គោលពពក ហើយនៅពេលយប់ ព្រះអង្គយាងក្នុងបង្គោលភ្លើង ដើម្បីបំភ្លឺគេ ដើម្បីឲ្យគេអាចធ្វើដំណើរបានទាំងថ្ងៃទាំងយប់។ ឯបង្គោលពពកនៅពេលថ្ងៃ និងបង្គោលភ្លើងនៅពេលយប់ នោះមិនដែលចាកចេញពីពួកគេឡើយ។
និក្ខមនំ 13:17-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះចៅផារ៉ោនបើកឲ្យប្រជាជនអ៊ីស្រាអែលចាកចេញទៅនោះ ព្រះជាម្ចាស់ពុំបាននាំពួកគេតាមផ្លូវទៅស្រុកភីលីស្ទីនទេ ទោះបីផ្លូវនោះជាផ្លូវជិតក៏ដោយ ដ្បិតព្រះអង្គនឹកគិតថា ប្រសិនបើប្រជាជនជួបប្រទះនឹងសង្គ្រាម ពួកគេអាចដូរគំនិត ហើយចង់ត្រឡប់ទៅស្រុកអេស៊ីបវិញ។ ហេតុនេះ ព្រះអង្គនាំពួកគេទៅតាមផ្លូវវាង ឆ្លងកាត់វាលរហោស្ថានឆ្ពោះទៅសមុទ្រកក់។ ជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ទាំងនាំរបស់របរគ្រប់យ៉ាងទៅជាមួយផង។ លោកម៉ូសេបានយកធាតុរបស់លោកយ៉ូសែបទៅជាមួយលោកដែរ ដ្បិតលោកយ៉ូសែបបានប្រាប់កូនចៅអ៊ីស្រាអែលថា «ព្រះជាម្ចាស់ប្រាកដជាមកជួយអ្នករាល់គ្នាមិនខាន ដូច្នេះ សុំស្បថនឹងខ្ញុំថា ពេលណាអ្នករាល់គ្នាចាកចេញពីទីនេះទៅ សុំយកធាតុរបស់ខ្ញុំចេញទៅជាមួយផង»។ ជនជាតិអ៊ីស្រាអែលចេញដំណើរពីក្រុងសិកូត ទៅបោះជំរំត្រង់អេថាម ដែលស្ថិតនៅជាយវាលរហោស្ថាន។ នៅពេលថ្ងៃ ព្រះអម្ចាស់នាំមុខពួកគេដោយដុំពពក* នៅពេលយប់ ព្រះអង្គនាំមុខពួកគេដោយដុំភ្លើង ដែលបំភ្លឺផ្លូវពួកគេ។ ដូច្នេះ ពួកគេអាចធ្វើដំណើរទាំងថ្ងៃ ទាំងយប់។ នៅពេលថ្ងៃ ដុំពពកមិនដែលឃ្លាតពីមុខប្រជាជនឡើយ ហើយនៅពេលយប់ ដុំភ្លើងស្ថិតនៅមុខពួកគេជានិច្ច។
និក្ខមនំ 13:17-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលផារ៉ោនបានឲ្យគេទៅហើយ នោះព្រះទ្រង់មិនបាននាំគេ តាមផ្លូវកាត់ស្រុករបស់សាសន៍ភីលីស្ទីនទេ ទោះបើផ្លូវនោះជិតក៏ដោយ ដ្បិតព្រះទ្រង់មានបន្ទូលថា ខ្លាចក្រែងគេឃើញចំបាំង ហើយរសាយចិត្ត រួចត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ គឺទ្រង់បាននាំគេដើរពង្វាងតាមផ្លូវទីរហោស្ថាន ក្បែរសមុទ្រក្រហមវិញ ពួកកូនចៅអ៊ីស្រាអែលក៏ឡើងចេញពីស្រុកអេស៊ីព្ទទៅទាំងកាន់គ្រឿងសស្ត្រាវុធ ម៉ូសេក៏យកឆ្អឹងខ្មោចយ៉ូសែបទៅជាមួយដែរ ដ្បិតយ៉ូសែបបានចាប់ពួកកូនចៅអ៊ីស្រាអែលឲ្យស្បថដោយថា ព្រះទ្រង់នឹងប្រោសឯងរាល់គ្នាជាមិនខាន នោះត្រូវឲ្យយកឆ្អឹងអញពីទីនេះឡើងទៅជាមួយផង។ គេក៏ចេញពីសិកូតទៅដំឡើងត្រសាលនៅឯស្រុកអេថាម ត្រង់ក្បែរទីរហោស្ថាន នៅវេលាថ្ងៃ ព្រះយេហូវ៉ាទ្រង់តែងយាងនៅមុខគេក្នុងបង្គោលពពក ដើម្បីនឹងនាំផ្លូវ ហើយនៅវេលាយប់ ទ្រង់យាងក្នុងបង្គោលភ្លើង ដើម្បីនឹងបំភ្លឺគេ ប្រយោជន៍ឲ្យគេដើរបានទាំងយប់ទាំងថ្ងៃ ហើយបង្គោលពពកដែលសំរាប់ពេលថ្ងៃ នឹងបង្គោលភ្លើងដែលសំរាប់ពេលយប់ នោះមិនបានថយចេញពីគេឡើយ។