និក្ខមនំ 13:1-22

និក្ខមនំ 13:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់​សម្រាប់​យើង គឺ​កូន​ដំបូង​ទាំង​អស់​ដែល​កើត​ពី​ពោះ​ម្តាយ ទោះ​មនុស្ស ឬសត្វ​ក្ដី នោះ​ជា​របស់​យើង»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ ដូច្នេះ មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ​ទេ។ គឺ​នៅ​ថ្ងៃ​នេះ ក្នុង​ខែ​អាប៊ីប ដែល​អ្នក​រាល់​គ្នា​ចេញ​ដំណើរ។ កាល​ណា​ព្រះ‌យេហូវ៉ា​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ថា នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​នេះ នៅ​ក្នុង​ខែ​នេះ​ឯង។ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ហើយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ឲ្យ​មាន​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា។ ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ​ទាំង​នោះ ត្រូវ​បរិ‌ភោគ​តែ​នំបុ័ង​ឥត​ដំបែ​ប៉ុណ្ណោះ មិន​ត្រូវ​ឲ្យ​ឃើញ​នំបុ័ង​មាន​ដំបែ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ឃើញ​មាន​ដំបែ​ណា​នៅ​ក្នុង​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ដែរ។ នៅ​ថ្ងៃ​នោះ ត្រូវ​ប្រាប់​កូន​របស់​អ្នក​រាល់​គ្នា​ថា "ពួក​យើង​ធ្វើ​បុណ្យ​នេះ ដោយ​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ពួក​យើង នៅ​ពេល​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ"។ ពិធី​នេះ​នឹង​បាន​ជា​ទី​សម្គាល់​មួយ​នៅ​ដៃ​អ្នក​រាល់​គ្នា និង​ជា​សេចក្ដី​រំឭក​នៅ​កណ្ដាល​ថ្ងាស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​បាន​នៅ​ក្នុង​មាត់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ ដូច្នេះ រៀង​រាល់​តែ​ឆ្នាំ ពេល​ដល់​ថ្ងៃ​កំណត់ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ច្បាប់​នេះ។ កាល​ណា​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​សាសន៍​កាណាន ដូច​ព្រះ‌អង្គ​បាន​ស្បថ​នឹង​អ្នក​រាល់​គ្នា និង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ប្រទាន​ស្រុក​នោះ​ឲ្យ​អ្នក​រាល់​គ្នា នោះ​ត្រូវ​ញែក​អស់​ទាំង​កូន​ដំបូង​ដែល​កើត​ពីពោះ ថ្វាយ​ព្រះ‌យេហូវ៉ា។ កូន​ដំបូង​ទាំង​អស់​ដែល​កើត​ពី​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា បើ​ជា​ឈ្មោល នោះ​នឹង​បាន​ជា​របស់​ព្រះ‌យេហូវ៉ា។ ប៉ុន្តែ គ្រប់​ទាំង​កូន​ដំបូង​របស់​សត្វ​លា ត្រូវ​ថ្វាយ​កូន​ចៀម​ជំនួស​វិញ។ ប្រសិន‌បើអ្នក​រាល់​គ្នា​មិន​លោះ​វា​ទេ ត្រូវ​បំបាក់​ក​វា​ទៅ ហើយ​អស់​ទាំង​កូន​ប្រុស​ច្បង ក្នុង​ចំណោម​កូន​របស់​អ្នក​រាល់​គ្នា នោះ​ក៏​ត្រូវ​លោះ​ដែរ។ រួច​នៅ​ពេល​ខាង​មុខ បើ​កូន​អ្នក​រាល់​គ្នា​សួរ​ថា "តើ​នេះ​មាន​ន័យ​ដូច​ម្ដេច?" ត្រូវ​ឆ្លើយ​ថា "ព្រះ‌យេហូវ៉ា​បាន​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ ដ្បិត​កាល​ផារ៉ោន​បាន​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​ពួក​យើង​ចេញ នោះ​ព្រះ‌យេហូវ៉ា​បាន​សម្លាប់​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ ចាប់​តាំង​ពី​កូន​ច្បង​របស់​មនុស្ស រហូត​ដល់​កូន​ដំបូង​របស់​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​ថ្វាយ​អស់​ទាំង​កូន​ឈ្មោល ដែល​កើត​មក​ដំបូង ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា តែ​អស់​ទាំង​កូន​ប្រុស​ច្បង​របស់​ពួក​យើង នោះ​ពួក​យើង​លោះ​វិញ"។ នេះ​នឹង​បាន​ជា​ទី​សម្គាល់​នៅ​លើ​ដៃ និង​ជា​ស្លាក​នៅ​កណ្ដាល​ថ្ងាស​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ»។ កាល​ផារ៉ោន​បើក​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ទៅ នោះ​ព្រះ‌ទ្រង់​មិន​បាន​នាំ​គេ​តាម​ផ្លូវ​កាត់​ស្រុក​របស់​សាសន៍​ភីលី‌ស្ទីន​ទេ ទោះ​បើ​ផ្លូវ​នោះ​ជិត​ក៏​ដោយ ដ្បិត​ព្រះ‌ទ្រង់​នឹក​គិត​ថា៖ «ប្រសិន‌បើ​គេ​ប្រទះ​នឹង​ចម្បាំង នោះ​គេ​អាច​ដូរ​គំនិត ហើយ​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ»។ ដូច្នេះ ព្រះ​បាន​នាំ​គេ​តាម​ផ្លូវ​វាង ឆ្លង​កាត់​ទី​រហោ‌ស្ថាន ឆ្ពោះ​ទៅ​សមុទ្រ​ក្រហម ។ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ទាំង​កាន់​គ្រឿង​សស្ត្រា‌វុធ។ លោក​ម៉ូសេ​បាន​យក​ឆ្អឹង​របស់​លោក​យ៉ូសែប​ទៅ​ជា‌មួយ​ដែរ ដ្បិត​លោក​យ៉ូសែប​បាន​ចាប់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ស្បថ ដោយ​ប្រាប់​ថា «ព្រះ‌ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន ហើយ​ពេល​នោះ ត្រូវ​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​ទី​នេះ​ទៅ​ជា‌មួយ​ផង» ។ គេ​ក៏​ចេញ​ពី​ក្រុង​ស៊ូកូថ ទៅ​បោះ​ជំរំ​នៅ​ត្រង់​អេថាម នៅ​ជាយ​ទី​រហោ‌ស្ថាន។ នៅ​ពេល​ថ្ងៃ ព្រះ‌យេហូវ៉ា​តែង​យាង​នៅ​មុខ​គេ​ក្នុង​បង្គោល​ពពក ហើយ​នៅ​ពេល​យប់ ព្រះ‌អង្គ​យាង​ក្នុង​បង្គោល​ភ្លើង ដើម្បី​បំភ្លឺ​គេ ដើម្បី​ឲ្យ​‌គេ​អាច​ធ្វើ​ដំណើរ​បានទាំង​ថ្ងៃ​ទាំង​យប់។ ឯ​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ និង​បង្គោល​ភ្លើង​នៅ​ពេល​យប់ នោះ​មិន​ដែល​ចាក​ចេញ​ពី​ពួក‌គេ​ឡើយ។

ចែក​រំលែក
អាន និក្ខមនំ 13

និក្ខមនំ 13:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់ ទោះ​បី​មនុស្ស ឬ​សត្វ​ក្ដី ទុក​ជា​សក្ការៈ​សម្រាប់​យើង។ កូន​ដំបូង​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​កម្មសិទ្ធិ​របស់​យើង»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។ ព្រះ‌អម្ចាស់​បាន​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​មក។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​នំប៉័ង​មាន​មេ​ទេ។ ថ្ងៃ​នេះ នៅ​ក្នុង​ខែ​ចេត្រ អ្នក​រាល់​គ្នា​ចេញ​ដំណើរ។ ពេលព្រះ‌អម្ចាស់​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ជា​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ដែល​ព្រះអង្គ​សន្យា​ជា​មួយ​ពួក​បុព្វបុរស​ថា នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា នោះ​ត្រូវ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ធ្វើ​ពិធី​បុណ្យ​ចម្លង​ក្នុង​ខែ​នេះ។ ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ចូរ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់។ ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ​នោះ ត្រូវ​បរិភោគ​តែ​នំប៉័ង​ឥត​មេ មិន​ត្រូវ​ឲ្យ​មាន​នំប៉័ង​មាន​មេ​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​ក៏​មិន​ត្រូវ​មាន​មេ​នំប៉័ង​នៅ​លើ​ទឹក​ដី​របស់​អ្នក​ដែរ។ នៅ​ថ្ងៃ​បុណ្យ​នោះ អ្នក​រាល់​គ្នា​ត្រូវ​រៀប​រាប់​ប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ថា: “ពួក​យើង​ធ្វើ​បុណ្យ​នេះ ដ្បិត​ព្រះ‌អម្ចាស់​បាន​ជួយ​ពួក​យើង​ឲ្យ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប”។ ពិធី​បុណ្យ​នេះ​ជា​សេចក្ដី​រំឭក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចង​ចាំ ហើយ​ប្រកាស​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​បាន​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ ដូច្នេះ រៀង​រាល់​ឆ្នាំ ពេល​ដល់​ថ្ងៃ​កំណត់ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ច្បាប់​នេះ។ ពេល​ព្រះ‌អម្ចាស់​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ជា​ទឹក​ដី​ដែល​ព្រះអង្គ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​នោះ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​កូន​ប្រុស​ច្បង និង​កូន​ឈ្មោល​ដំបូង​របស់​ហ្វូង​សត្វ​ទៅ​ព្រះ‌អម្ចាស់ ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់។ ចំណែក​ឯ​កូន​ដំបូង​របស់​សត្វ​លា នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​មក​ថ្វាយ​ជំនួស​វិញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​លោះ​វា​ទេ ត្រូវ​វាយ​បំបាក់​ក​កូន​លា​នោះ។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​លោះ​កូន​ប្រុស​ច្បង​របស់​អ្នក​រាល់​គ្នា​ដែរ។ នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: ព្រះ‌អម្ចាស់​បាន​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។ ពេល​នោះ ស្ដេច​ផារ៉ោន​មិន​ព្រម​អនុញ្ញាត​ឲ្យ​ពួក​យើង​ចេញ​មក​ទេ។ ដូច្នេះ ព្រះ‌អម្ចាស់​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប គឺ​ទាំង​កូន​ច្បង​របស់​មនុស្ស ទាំង​កូន​ដំបូង​របស់​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​យក​កូន​ឈ្មោល​ដំបូង​ទាំង​អស់​របស់​សត្វ​បូជា​ថ្វាយ​ព្រះ‌អម្ចាស់ តែ​ពួក​យើង​លោះ​កូន​ប្រុស​ច្បង​របស់​ពួក​យើង​វិញ។ យញ្ញ‌បូជា​នេះ​ជា​សេចក្ដី​រំឭក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។ ពេល​ព្រះចៅ​ផារ៉ោន​បើក​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ​នោះ ព្រះ‌ជាម្ចាស់​ពុំ​បាន​នាំ​ពួក​គេ​តាម​ផ្លូវ​ទៅ​ស្រុក​ភីលីស្ទីន​ទេ ទោះ​បី​ផ្លូវ​នោះ​ជា​ផ្លូវ​ជិត​ក៏​ដោយ ដ្បិត​ព្រះអង្គ​នឹក​គិត​ថា ប្រសិន​បើ​ប្រជា‌ជន​ជួប​ប្រទះ​នឹង​សង្គ្រាម ពួក​គេ​អាច​ដូរ​គំនិត ហើយ​ចង់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ ហេតុ​នេះ ព្រះអង្គ​នាំ​ពួក​គេ​ទៅ​តាម​ផ្លូវ​វាង ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​សមុទ្រ​កក់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​របស់​របរ​គ្រប់​យ៉ាង​ទៅ​ជា​មួយ​ផង។ លោក​ម៉ូសេ​បាន​យក​ធាតុ​របស់​លោក​យ៉ូសែប​ទៅ​ជា​មួយ​លោក​ដែរ ដ្បិត​លោក​យ៉ូសែប​បាន​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា «ព្រះ‌ជាម្ចាស់​ប្រាកដ​ជា​មក​ជួយ​អ្នក​រាល់​គ្នា​មិន​ខាន ដូច្នេះ សុំ​ស្បថ​នឹង​ខ្ញុំ​ថា ពេល​ណា​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ សុំ​យក​ធាតុ​របស់​ខ្ញុំ​ចេញ​ទៅ​ជា​មួយ​ផង»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​ក្រុង​សិកូត ទៅ​បោះ​ជំរំ​ត្រង់​អេថាម ដែល​ស្ថិត​នៅ​ជាយ​វាល​រហោ‌ស្ថាន។ នៅ​ពេល​ថ្ងៃ ព្រះ‌អម្ចាស់​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ពពក* នៅ​ពេល​យប់ ព្រះអង្គ​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ភ្លើង ដែល​បំភ្លឺ​ផ្លូវ​ពួក​គេ។ ដូច្នេះ ពួក​គេ​អាច​ធ្វើ​ដំណើរ​ទាំង​ថ្ងៃ ទាំង​យប់។ នៅ​ពេល​ថ្ងៃ ដុំ​ពពក​មិន​ដែល​ឃ្លាត​ពី​មុខ​ប្រជា‌ជន​ឡើយ ហើយ​នៅ​ពេល​យប់ ដុំ​ភ្លើង​ស្ថិត​នៅ​មុខ​ពួក​គេ​ជានិច្ច។

ចែក​រំលែក
អាន និក្ខមនំ 13

និក្ខមនំ 13:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល ត្រូវ​ញែក​អស់​ទាំង​កូន​ច្បង​ចេញ​ទុក​សំរាប់​អញ គឺ​ជា​កូន​ណា​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​បង្អស់ ទោះ​មនុស្ស​ឬ​សត្វ​ក្តី នោះ​ជា​របស់​ផង​អញ។ ម៉ូសេ​ក៏​ប្រាប់​ដល់​បណ្តាជន​រាល់​គ្នា​ថា ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ផ្ទះ​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ហើយ ដូច្នេះ​មិន​ត្រូវ​ឲ្យ​អ្នក​ណា​បរិភោគ​នំបុ័ង​មាន​ដំបែ​ទេ គឺ​នៅ​ថ្ងៃ​នេះ​ឯង​ក្នុង​ខែ​ចេត្រ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​មក ដូច្នេះ​កាល​ណា​ព្រះ‌យេហូវ៉ា ទ្រង់​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ហេវី ហើយ​នឹង​សាសន៍​យេប៊ូស ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​ថា នឹង​ប្រទាន​មក​អ្នក​រាល់​គ្នា គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ​ហើយ​ទឹក​ឃ្មុំ​ហូរ‌ហៀរ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ក្នុង​ខែ​នេះ​ឯង អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​ដំបែ​ក្នុង​រវាង​៧​ថ្ងៃ​នោះ ហើយ​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឲ្យ​មាន​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​៧​ថ្ងៃ​ទាំង​នោះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​តែ​នំបុ័ង​ឥត​ដំបែ​ប៉ុណ្ណោះ មិន​ត្រូវ​ឲ្យ​ឃើញ​នំបុ័ង​មាន​ដំបែ​នៅ​នឹង​អ្នក​រាល់​គ្នា​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ឃើញ​មាន​ដំបែ​ណា​នៅ​គ្រប់​ក្នុង​ព្រំ​ស្រុក​របស់​អ្នក​រាល់​គ្នា​ផង ហើយ​នៅ​ក្នុង​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​ដល់​កូន​ចៅ​ថា យើង​ធ្វើ​បុណ្យ​នេះ ដោយ​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​យើង ក្នុង​កាល​ដែល​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​នឹង​បាន​សំរាប់​ជា​ទី​សំគាល់​នៅ​ដៃ​អ្នក​រាល់​គ្នា ហើយ​ក៏​ជា​សេចក្ដី​រំឭក​នៅ​កណ្តាល​ថ្ងាស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ក្រិត្យ‌វិន័យ​ព្រះ‌យេហូវ៉ា​បាន​នៅ​ក្នុង​មាត់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​យ៉ាង​ខ្លាំង​ពូកែ​ហើយ ដូច្នេះ​រាល់​តែ​ឆ្នាំ ដល់​កំណត់​ហើយ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម​របៀប​នេះ។ កាល​ណា​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន ដូច​ទ្រង់​បាន​ស្បថ​នឹង​អ្នក​រាល់​គ្នា នូវ​ពួក​ឰយុកោ ព្រម​ទាំង​ប្រទាន​ស្រុក​នោះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ នោះ​ត្រូវ​ឲ្យ​ញែក​អស់​ទាំង​កូន​ដែល​កើត​មុន​បង្អស់ ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឯ​កូន​ច្បង​ដែល​កើត​ពី​សត្វ​របស់​អ្នក​រាល់​គ្នា បើ​ជា​ឈ្មោល នោះ​សុទ្ធ​តែ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ទាំង​អស់ ឯ​អស់​ទាំង​កូន​ច្បង​របស់​សត្វ​លា នោះ​ត្រូវ​ថ្វាយ​កូន​ចៀម ដើម្បី​ស្នង​នឹង​លោះ​វា តែ​បើ​មិន​ចង់​លោះ​ទេ នោះ​ត្រូវ​បំបាក់​ក​វា​ទៅ ហើយ​អស់​ទាំង​កូន​ច្បង​របស់​មនុស្ស ក្នុង​ពួក​កូន​ចៅ​នៃ​អ្នក​រាល់​គ្នា នោះ​ក៏​ត្រូវ​លោះ​ដែរ រួច​ដល់​ថ្ងៃ​ក្រោយ បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ការ​នេះ​ជា​អ្វី នោះ​ត្រូវ​ប្រាប់​ថា នេះ​គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ផ្ទះ​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ ដ្បិត​កាល​ផារ៉ោន​បាន​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង​មិន​ព្រម​ឲ្យ​យើង​រាល់​គ្នា​ទៅ នោះ​ព្រះ‌យេហូវ៉ា​ក៏​សំឡាប់​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ​ចោល ចាប់​តាំង​ពី​កូន​ច្បង​របស់​មនុស្ស រហូត​ដល់​កូន​ច្បង​នៃ​ពួក​សត្វ ដោយ​ហេតុ​នោះ​បាន​ជា​អញ​ថ្វាយ​អស់​ទាំង​កូន​ឈ្មោល ដែល​កើត​មុន​បង្អស់ ទៅ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា តែ​អស់​ទាំង​កូន​ច្បង​បង្កើត​របស់​អញ នោះ​អញ​លោះ​វិញ នេះ​នឹង​បាន​ជា​ទី​សំគាល់​នៅ​លើ​ដៃ នឹង​ជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ។ កាល​ផារ៉ោន​បាន​ឲ្យ​គេ​ទៅ​ហើយ នោះ​ព្រះ​ទ្រង់​មិន​បាន​នាំ​គេ តាម​ផ្លូវ​កាត់​ស្រុក​របស់​សាសន៍​ភីលីស្ទីន​ទេ ទោះ​បើ​ផ្លូវ​នោះ​ជិត​ក៏​ដោយ ដ្បិត​ព្រះ​ទ្រង់​មាន​បន្ទូល​ថា ខ្លាច​ក្រែង​គេ​ឃើញ​ចំបាំង ហើយ​រសាយ​ចិត្ត រួច​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ គឺ​ទ្រង់​បាន​នាំ​គេ​ដើរ​ពង្វាង​តាម​ផ្លូវ​ទី​រហោ‌ស្ថាន ក្បែរ​សមុទ្រ​ក្រហម​វិញ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ​ទាំង​កាន់​គ្រឿង​សស្ត្រា‌វុធ ម៉ូសេ​ក៏​យក​ឆ្អឹង​ខ្មោច​យ៉ូសែប​ទៅ​ជា​មួយ​ដែរ ដ្បិត​យ៉ូសែប​បាន​ចាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឲ្យ​ស្បថ​ដោយ​ថា ព្រះ‌ទ្រង់​នឹង​ប្រោស​ឯង​រាល់​គ្នា​ជា​មិន​ខាន នោះ​ត្រូវ​ឲ្យ​យក​ឆ្អឹង​អញ​ពី​ទី​នេះ​ឡើង​ទៅ​ជា​មួយ​ផង។ គេ​ក៏​ចេញ​ពី​សិកូត​ទៅ​ដំឡើង​ត្រសាល​នៅ​ឯ​ស្រុក​អេថាម ត្រង់​ក្បែរ​ទី​រហោ‌ស្ថាន នៅ​វេលា​ថ្ងៃ ព្រះ‌យេហូវ៉ា​ទ្រង់​តែង​យាង​នៅ​មុខ​គេ​ក្នុង​បង្គោល​ពពក ដើម្បី​នឹង​នាំ​ផ្លូវ ហើយ​នៅ​វេលា​យប់ ទ្រង់​យាង​ក្នុង​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​គេ ប្រយោជន៍​ឲ្យ​គេ​ដើរ​បាន​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​បង្គោល​ពពក​ដែល​សំរាប់​ពេល​ថ្ងៃ នឹង​បង្គោល​ភ្លើង​ដែល​សំរាប់​ពេល​យប់ នោះ​មិន​បាន​ថយ​ចេញ​ពី​គេ​ឡើយ។

ចែក​រំលែក
អាន និក្ខមនំ 13