និក្ខមនំ 13:1-10
និក្ខមនំ 13:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ក្នុងចំណោមកូនចៅអ៊ីស្រាអែល ត្រូវញែកកូនច្បងទាំងអស់សម្រាប់យើង គឺកូនដំបូងទាំងអស់ដែលកើតពីពោះម្តាយ ទោះមនុស្ស ឬសត្វក្ដី នោះជារបស់យើង»។ លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរនឹកចាំពីថ្ងៃនេះ ជាថ្ងៃដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ព្រោះព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តដ៏ខ្លាំងពូកែ។ ដូច្នេះ មិនត្រូវបរិភោគនំបុ័ងមានដំបែទេ។ គឺនៅថ្ងៃនេះ ក្នុងខែអាប៊ីប ដែលអ្នករាល់គ្នាចេញដំណើរ។ កាលណាព្រះយេហូវ៉ានាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ហេវី និងសាសន៍យេប៊ូស ដែលព្រះអង្គបានស្បថនឹងបុព្វបុរសអ្នករាល់គ្នាថា នឹងប្រទានឲ្យអ្នករាល់គ្នា ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ នោះអ្នករាល់គ្នាត្រូវធ្វើបុណ្យនេះ នៅក្នុងខែនេះឯង។ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយដល់ថ្ងៃទីប្រាំពីរ ត្រូវឲ្យមានពិធីបុណ្យថ្វាយព្រះយេហូវ៉ា។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃទាំងនោះ ត្រូវបរិភោគតែនំបុ័ងឥតដំបែប៉ុណ្ណោះ មិនត្រូវឲ្យឃើញនំបុ័ងមានដំបែនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ ក៏មិនត្រូវឲ្យឃើញមានដំបែណានៅក្នុងទឹកដីរបស់អ្នករាល់គ្នាដែរ។ នៅថ្ងៃនោះ ត្រូវប្រាប់កូនរបស់អ្នករាល់គ្នាថា "ពួកយើងធ្វើបុណ្យនេះ ដោយព្រោះការដែលព្រះយេហូវ៉ាបានប្រោសពួកយើង នៅពេលពួកយើងចេញពីស្រុកអេស៊ីព្ទ"។ ពិធីនេះនឹងបានជាទីសម្គាល់មួយនៅដៃអ្នករាល់គ្នា និងជាសេចក្ដីរំឭកនៅកណ្ដាលថ្ងាសអ្នករាល់គ្នា ដើម្បីឲ្យក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ។ ដូច្នេះ រៀងរាល់តែឆ្នាំ ពេលដល់ថ្ងៃកំណត់ អ្នករាល់គ្នាត្រូវកាន់តាមច្បាប់នេះ។
និក្ខមនំ 13:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ត្រូវញែកកូនច្បងទាំងអស់ ទោះបីមនុស្ស ឬសត្វក្ដី ទុកជាសក្ការៈសម្រាប់យើង។ កូនដំបូងទាំងអស់នៃជនជាតិអ៊ីស្រាអែលជាកម្មសិទ្ធិរបស់យើង»។ លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នានឹកចាំពីថ្ងៃនេះ គឺថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។ ព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ នាំអ្នករាល់គ្នាចេញពីស្រុកនោះមក។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបរិភោគនំប៉័ងមានមេទេ។ ថ្ងៃនេះ នៅក្នុងខែចេត្រ អ្នករាល់គ្នាចេញដំណើរ។ ពេលព្រះអម្ចាស់នាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិហេវី និងជនជាតិយេប៊ូស ជាទឹកដីដ៏សម្បូណ៌សប្បាយ ដែលព្រះអង្គសន្យាជាមួយពួកបុព្វបុរសថា នឹងប្រទានឲ្យអ្នករាល់គ្នា នោះត្រូវនាំគ្នាគោរពបម្រើព្រះអម្ចាស់ ដោយធ្វើពិធីបុណ្យចម្លងក្នុងខែនេះ។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ ហើយនៅថ្ងៃទីប្រាំពីរ ចូរធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ ត្រូវបរិភោគតែនំប៉័ងឥតមេ មិនត្រូវឲ្យមាននំប៉័ងមានមេស្ថិតនៅក្នុងផ្ទះរបស់អ្នក ហើយក៏មិនត្រូវមានមេនំប៉័ងនៅលើទឹកដីរបស់អ្នកដែរ។ នៅថ្ងៃបុណ្យនោះ អ្នករាល់គ្នាត្រូវរៀបរាប់ប្រាប់កូនចៅរបស់អ្នករាល់គ្នាថា: “ពួកយើងធ្វើបុណ្យនេះ ដ្បិតព្រះអម្ចាស់បានជួយពួកយើងឲ្យចាកចេញពីស្រុកអេស៊ីប”។ ពិធីបុណ្យនេះជាសេចក្ដីរំឭកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដើម្បីឲ្យអ្នករាល់គ្នាចងចាំ ហើយប្រកាសក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គបានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែ នាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ ដូច្នេះ រៀងរាល់ឆ្នាំ ពេលដល់ថ្ងៃកំណត់ អ្នករាល់គ្នាត្រូវធ្វើតាមច្បាប់នេះ។
និក្ខមនំ 13:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា នៅក្នុងពួកកូនចៅអ៊ីស្រាអែល ត្រូវញែកអស់ទាំងកូនច្បងចេញទុកសំរាប់អញ គឺជាកូនណាដែលកើតពីពោះម្តាយមកមុនបង្អស់ ទោះមនុស្សឬសត្វក្តី នោះជារបស់ផងអញ។ ម៉ូសេក៏ប្រាប់ដល់បណ្តាជនរាល់គ្នាថា ចូរនឹកចាំពីថ្ងៃនេះ គឺពីថ្ងៃដែលអ្នករាល់គ្នាបានចេញពីផ្ទះបាវបំរើនៅស្រុកអេស៊ីព្ទមក ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តខ្លាំងពូកែហើយ ដូច្នេះមិនត្រូវឲ្យអ្នកណាបរិភោគនំបុ័ងមានដំបែទេ គឺនៅថ្ងៃនេះឯងក្នុងខែចេត្រដែលអ្នករាល់គ្នាបានចេញមក ដូច្នេះកាលណាព្រះយេហូវ៉ា ទ្រង់បាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ហេវី ហើយនឹងសាសន៍យេប៊ូស ដែលទ្រង់បានស្បថនឹងពួកឰយុកោអ្នករាល់គ្នាថា នឹងប្រទានមកអ្នករាល់គ្នា គឺជាស្រុកដែលមានទឹកដោះហើយទឹកឃ្មុំហូរហៀរ នោះអ្នករាល់គ្នាត្រូវធ្វើបុណ្យនេះនៅក្នុងខែនេះឯង អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែក្នុងរវាង៧ថ្ងៃនោះ ហើយដល់ថ្ងៃទី៧ ត្រូវឲ្យមានបុណ្យថ្វាយព្រះយេហូវ៉ា នៅ៧ថ្ងៃទាំងនោះ ត្រូវឲ្យអ្នករាល់គ្នាបរិភោគតែនំបុ័ងឥតដំបែប៉ុណ្ណោះ មិនត្រូវឲ្យឃើញនំបុ័ងមានដំបែនៅនឹងអ្នករាល់គ្នាឡើយ ក៏មិនត្រូវឲ្យឃើញមានដំបែណានៅគ្រប់ក្នុងព្រំស្រុករបស់អ្នករាល់គ្នាផង ហើយនៅក្នុងថ្ងៃនោះ អ្នករាល់គ្នាត្រូវប្រាប់ដល់កូនចៅថា យើងធ្វើបុណ្យនេះ ដោយព្រោះការដែលព្រះយេហូវ៉ាបានប្រោសដល់យើង ក្នុងកាលដែលយើងចេញពីស្រុកអេស៊ីព្ទមក នោះនឹងបានសំរាប់ជាទីសំគាល់នៅដៃអ្នករាល់គ្នា ហើយក៏ជាសេចក្ដីរំឭកនៅកណ្តាលថ្ងាសអ្នករាល់គ្នា ដើម្បីឲ្យក្រិត្យវិន័យព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តយ៉ាងខ្លាំងពូកែហើយ ដូច្នេះរាល់តែឆ្នាំ ដល់កំណត់ហើយ ត្រូវឲ្យអ្នករាល់គ្នាកាន់តាមរបៀបនេះ។