និក្ខមនំ 12:7-22
និក្ខមនំ 12:7-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ត្រូវយកឈាមរបស់វាប្រឡាក់នៅក្របទ្វារផ្ទះទាំងសងខាង និងលើធ្នឹមទ្វាររបស់ផ្ទះដែលគេបរិភោគសាច់។ គេត្រូវអាំងសាច់បរិភោគជាមួយនំបុ័ងឥតដំបែ និងបន្លែល្វីងនៅយប់នោះ។ មិនត្រូវបរិភោគឆៅ ឬស្ងោរឡើយ គឺត្រូវអាំងឲ្យនៅជាប់ទាំងក្បាលទាំងជើង និងគ្រឿងក្នុងផង។ កុំឲ្យមានសល់ដល់ព្រឹកស្អែក បើមានសល់អ្វីដល់ព្រឹកនោះ ត្រូវដុតចោល។ ត្រូវបរិភោគបែបយ៉ាងនេះ គឺដោយក្រវាត់ចង្កេះ ពាក់ស្បែកជើង ទាំងកាន់ដំបងនៅដៃ ហើយត្រូវបរិភោគឲ្យរហ័សបំផុត នេះជាពិធីបុណ្យរំលងរបស់ព្រះយេហូវ៉ា។ នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីព្ទ ហើយវាយអស់ទាំងកូនច្បងក្នុងស្រុកអេស៊ីព្ទ ទាំងមនុស្សទាំងសត្វ យើងនឹងដាក់ទោសព្រះទាំងអស់របស់ស្រុកអេស៊ីព្ទ គឺយើងនេះជាព្រះយេហូវ៉ា។ ឈាមនោះជាទីសម្គាល់សម្រាប់អ្នករាល់គ្នាដែលស្នាក់នៅក្នុងផ្ទះ ពេលយើងឃើញផ្ទះណាមានឈាម យើងនឹងរំលងផុតពីអ្នករាល់គ្នាទៅ ហើយគ្មានគ្រោះកាចណាបំផ្លាញអ្នករាល់គ្នា ក្នុងពេលដែលយើងវាយស្រុកអេស៊ីព្ទនោះឡើយ។ ថ្ងៃនេះនឹងបានជាសេចក្ដីរំឭកដល់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវប្រារព្ធថ្ងៃនេះទុកជាពិធីបុណ្យថ្វាយព្រះយេហូវ៉ា គឺត្រូវកាន់ថ្ងៃនេះគ្រប់តំណមនុស្ស ទុកជាច្បាប់រហូតតទៅ។ ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកដំបែចេញពីផ្ទះ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់ពីថ្ងៃទីមួយរហូតដល់ថ្ងៃទីប្រាំពីរ អ្នកនោះនឹងត្រូវកាត់ចេញពីសាសន៍អ៊ីស្រាអែល។ នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវប្រជុំយ៉ាងឱឡារិកម្តង ហើយដល់ថ្ងៃទីប្រាំពីរ ត្រូវប្រជុំយ៉ាងឱឡារិកម្តងទៀត។ នៅថ្ងៃទាំងពីរនោះ មិនត្រូវធ្វើការអ្វីឡើយ ធ្វើបានតែម្ហូបអាហារដែលត្រូវបរិភោគប៉ុណ្ណោះ។ អ្នករាល់គ្នាត្រូវកាន់បុណ្យនំបុ័ងឥតដំបែនេះ ដ្បិតគឺនៅថ្ងៃនោះឯងដែលយើងបាននាំពួកពលរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ។ ដូច្នេះហើយបានជាអ្នករាល់គ្នាត្រូវកាន់ថ្ងៃនេះគ្រប់តំណមនុស្ស ទុកជាច្បាប់រហូតតទៅ។ នៅខែទីមួយ ចាប់ពីល្ងាចថ្ងៃទីដប់បួន រហូតដល់ល្ងាចថ្ងៃទីម្ភៃមួយក្នុងខែនោះ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែ។ ក្នុងរយៈពេលប្រាំពីរថ្ងៃ មិនត្រូវឲ្យមានដំបែនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ បើអ្នកណាបរិភោគអ្វីមានដំបែ អ្នកនោះនឹងត្រូវកាត់ចេញពីក្រុមជំនុំសាសន៍អ៊ីស្រាអែល ទោះបើជាអ្នកប្រទេសក្រៅ ឬជាអ្នកស្រុកក្តី។ មិនត្រូវបរិភោគអ្វីដែលមានដំបែ នៅក្នុងទីលំនៅទាំងប៉ុន្មានរបស់អ្នករាល់គ្នាឡើយ ត្រូវបរិភោគតែនំបុ័ងឥតដំបែម៉្យាងប៉ុណ្ណោះ»។ លោកម៉ូសេបានហៅពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំងអស់មក ហើយប្រាប់ថា៖ «ចូរទៅរើសយកកូនចៀម សម្រាប់គ្រួសាររបស់អ្នករាល់គ្នា ហើយសម្លាប់វាធ្វើបុណ្យរំលងទៅ។ ចូរយកមែកហ៊ីសុបមួយកញ្ចុំ ជ្រលក់ក្នុងឈាមដែលនៅក្នុងផើង យកទៅលាបធ្នឹម និងក្របទ្វារទាំងសងខាង។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យអ្នកណាម្នាក់ចេញទៅក្រៅទ្វារផ្ទះរបស់ខ្លួនឡើយ រហូតដល់ព្រឹក។
និក្ខមនំ 12:7-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ត្រូវយកឈាមសត្វដែលគេបានសម្លាប់នោះ ទៅលាបនៅលើក្របទ្វារទាំងសងខាង និងនៅខាងលើទ្វារផ្ទះដែលគេបរិភោគសាច់។ នៅយប់នោះ ត្រូវយកសាច់ទៅអាំង រួចបរិភោគជាមួយនំប៉័ងឥតមេ និងបន្លែល្វីង។ មិនត្រូវបរិភោគសាច់ឆៅ ឬស្ងោរទេ គឺត្រូវបរិភោគសាច់អាំងទាំងមូលតែម្ដង ដោយមានក្បាល ជើង និងគ្រឿងក្នុងផង។ មិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ថ្ងៃស្អែកឡើយ បើមានអ្វីដែលនៅសេសសល់ នោះត្រូវប្រមូលដុតឲ្យអស់។ នៅពេលបរិភោគ ត្រូវក្រវាត់ចង្កេះ ពាក់ស្បែកជើង កាន់ដំបង ដូចរៀបចំខ្លួនចេញដំណើរ ហើយត្រូវបរិភោគឲ្យរហ័ស។ នេះជាពិធីបុណ្យចម្លង*ថ្វាយព្រះអម្ចាស់”។ នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាព្រះអម្ចាស់ យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។ ឈាមដែលអ្នករាល់គ្នាលាបនៅលើក្របទ្វារផ្ទះនឹងធ្វើជាសញ្ញាសម្គាល់ថា អ្នករាល់គ្នាស្នាក់នៅក្នុងផ្ទះនោះ។ ពេលឃើញឈាម យើងនឹងរំលងផ្ទះអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងមិនរងគ្រោះកាច នៅពេលដែលយើងប្រហារស្រុកអេស៊ីបឡើយ។ អ្នករាល់គ្នាត្រូវយកថ្ងៃនេះធ្វើជាថ្ងៃបុណ្យរំឭកអំពីព្រឹត្តិការណ៍ដែលកើតមាន ដើម្បីលើកតម្កើងព្រះអម្ចាស់ នេះជាច្បាប់ដែលត្រូវអនុវត្តជារៀងរហូតតទៅ ឥតប្រែប្រួលឡើយ។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកមេនំប៉័ងចេញឲ្យអស់ពីផ្ទះរបស់អ្នករាល់គ្នា។ អ្នកណាបរិភោគនំប៉័ងមានមេ ចាប់ពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំពីរនឹងត្រូវបណ្ដេញចេញពីចំណោមជនជាតិអ៊ីស្រាអែល។ នៅថ្ងៃទីមួយ និងថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវតែប្រមូលផ្ដុំគ្នាជាអង្គប្រជុំដ៏វិសុទ្ធ*។ ក្នុងអំឡុងពេលពីរថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺអាចធ្វើបានតែម្ហូបអាហារ សម្រាប់បរិភោគប៉ុណ្ណោះ។ អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យនំប៉័ងឥតមេ ដ្បិតនៅថ្ងៃនេះហើយ ដែលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ អ្នករាល់គ្នាត្រូវតែគោរពថ្ងៃនេះទុកជាច្បាប់ដែលត្រូវអនុវត្ត ជារៀងរហូតតទៅ ឥតប្រែប្រួលឡើយ។ នៅខែទីមួយ ចាប់ពីល្ងាចថ្ងៃទីដប់បួនរហូតដល់ល្ងាចថ្ងៃទីម្ភៃមួយ អ្នករាល់គ្នាត្រូវតែបរិភោគនំប៉័ងឥតមេ។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ មិនត្រូវឲ្យមានមេនំប៉័ងនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ។ អ្នកដែលបរិភោគនំប៉័ងមានមេ នឹងត្រូវបណ្ដេញចេញពីសហគមន៍អ៊ីស្រាអែល ទោះបីអ្នកនោះជាសាសន៍ដទៃ ឬជាម្ចាស់ស្រុកក្ដី។ ទោះបីអ្នករាល់គ្នារស់នៅកន្លែងណាក៏ដោយ មិនត្រូវបរិភោគនំប៉័ងមានមេឡើយ គឺបរិភោគបានតែនំប៉័ងឥតមេប៉ុណ្ណោះ»។ លោកម៉ូសេបានហៅព្រឹទ្ធាចារ្យ*ទាំងអស់នៃជនជាតិអ៊ីស្រាអែលមក ហើយប្រាប់ថា៖ «សូមអស់លោកយកកូនចៀម ហើយសម្លាប់វាធ្វើបុណ្យចម្លងសម្រាប់ក្រុមគ្រួសាររបស់អស់លោក។ ចូរយកមែកហ៊ីសុប*ចងជាកញ្ចុំ រួចជ្រលក់ក្នុងផើងដែលដាក់ឈាម ហើយយកឈាមនោះទៅលាបក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ចេញពីផ្ទះរបស់ខ្លួន រហូតដល់ព្រឹក។
និក្ខមនំ 12:7-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចត្រូវយកឈាមវាប្រឡាក់នៅក្របទ្វារទាំងសងខាង ហើយលើធ្នឹមទ្វាររបស់ផ្ទះដែលគេបរិភោគផង ត្រូវឲ្យគេអាំងសាច់ យកទៅបរិភោគជាមួយនឹងនំបុ័ងឥតដំបែ ហើយនឹងបន្លែល្វីងនៅយប់នោះឯង មិនត្រូវបរិភោគឆៅឬស្ងោរទេ គឺត្រូវអាំងវិញ ឲ្យមានជាប់ទាំងក្បាលទាំងជើង ហើយនឹងអាការៈខាងក្នុងផង កុំទុកឲ្យអ្វីនៅសល់ដល់ព្រឹកឲ្យសោះ បើមានសល់អ្វីដល់ព្រឹក នោះត្រូវដុតចោលវិញ ហើយត្រូវបរិភោគបែបយ៉ាងនេះ គឺដោយក្រវាត់ចង្កេះ ពាក់ស្បែកជើងទាំងកាន់ដំបងនៅដៃ ហើយត្រូវបរិភោគឲ្យរហ័សផង នេះជាដំណើររំលងនៃព្រះយេហូវ៉ា ដ្បិតនៅយប់នោះអញនឹងដើរកាត់ស្រុកអេស៊ីព្ទ ហើយនឹងវាយអស់ទាំងកូនច្បងនៅក្នុងស្រុក ចាប់តាំងពីមនុស្សដល់សត្វ ព្រមទាំងធ្វើទោសដល់អស់ទាំងព្រះនៃស្រុកអេស៊ីព្ទផង គឺអញនេះជាព្រះយេហូវ៉ា ឈាមនោះនឹងបានជាទីសំគាល់សំរាប់ឯងរាល់គ្នានៅផ្ទះណាដែលឯងរាល់គ្នាអាស្រ័យនៅ កាលផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ ហើយនឹងគ្មានសេចក្ដីវេទនាណាបំផ្លាញឯងរាល់គ្នា ក្នុងវេលាដែលអញវាយស្រុកអេស៊ីព្ទនោះឡើយ ថ្ងៃនេះនឹងបានជាសេចក្ដីរំឭកដល់ឯងរាល់គ្នា ត្រូវឲ្យឯងរាល់គ្នាកាន់ថ្ងៃនេះជាបុណ្យថ្វាយព្រះយេហូវ៉ា គឺត្រូវកាន់ថ្ងៃនេះទុកជាច្បាប់ជាដរាបនៅអស់ទាំងដំណរៀងរាបតទៅ។ ក្នុងរវាង៧ថ្ងៃ ឯងរាល់គ្នាត្រូវតែបរិភោគនំបុ័ងឥតដំបែ ចាប់តាំងពីថ្ងៃដំបូង នោះត្រូវយកដំបែពីផ្ទះចេញ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់តាំងពីថ្ងៃជាដំបូងរហូតដល់ថ្ងៃទី៧ អ្នកនោះនឹងត្រូវកាត់ពីសាសន៍អ៊ីស្រាអែលចេញ នៅថ្ងៃដំបូង ឯងរាល់គ្នាត្រូវប្រជុំជំនុំបរិសុទ្ធ ហើយដល់ថ្ងៃទី៧ នោះក៏ត្រូវប្រជុំជំនុំបរិសុទ្ធទៀត នៅថ្ងៃទាំងនោះ មិនត្រូវឲ្យធ្វើការអ្វីសោះឡើយ ធ្វើបានតែម្ហូបដែលត្រូវបរិភោគប៉ុណ្ណោះ ត្រូវឲ្យឯងរាល់គ្នាកាន់បុណ្យនំបុ័ងឥតដំបែនេះ ដ្បិតគឺនៅថ្ងៃនេះឯងដែលអញបាននាំពួកកងរបស់ឯងរាល់គ្នា ចេញពីស្រុកអេស៊ីព្ទមក បានជាត្រូវកាន់ថ្ងៃនេះទុកជាច្បាប់ជាដរាបនៅអស់ទាំងដំណរៀងរាបតទៅ នៅថ្ងៃ១៤ខែដំបូង នោះពីល្ងាច ត្រូវឲ្យឯងរាល់គ្នាបរិភោគនំបុ័ងឥតដំបែ ដរាបដល់ល្ងាចថ្ងៃ២១ខែនោះ ក្នុងរវាង៧ថ្ងៃ មិនត្រូវឲ្យមានដំបែនៅក្នុងផ្ទះឯងរាល់គ្នាទេ ដ្បិតអ្នកណាដែលបរិភោគអ្វីមានដំបែ អ្នកនោះនឹងត្រូវកាត់ពីពួកជំនុំសាសន៍អ៊ីស្រាអែលចេញ ទោះបើជាអ្នកប្រទេសក្រៅឬជាអ្នកស្រុកក្តី មិនត្រូវឲ្យបរិភោគអ្វីដែលមានដំបែឲ្យសោះ នៅក្នុងទីលំនៅរបស់ឯងរាល់គ្នាទាំងប៉ុន្មាន នោះត្រូវបរិភោគតែនំបុ័ងឥតដំបែម្យ៉ាងប៉ុណ្ណោះ។ នោះម៉ូសេក៏ហៅពួកចាស់ទុំសាសន៍អ៊ីស្រាអែលមកប្រាប់ថា ចូរទៅយកកូនចៀម តាមគ្រួនៃអ្នករាល់គ្នា ហើយសំឡាប់ធ្វើបុណ្យរំលងទៅ រួចយកមែកហ៊ីសុប១កញ្ចុំជ្រលក់ចុះក្នុងឈាមនៅក្នុងផើង ប្រឡាក់នឹងធ្នឹម ហើយនឹងក្របទ្វារទាំងសងខាង ដោយឈាមដែលនៅក្នុងផើងនោះ ក្នុងពួកអ្នករាល់គ្នាមិនត្រូវឲ្យអ្នកណាមួយចេញទៅក្រៅទ្វារផ្ទះខ្លួនឲ្យសោះ រហូតដល់ព្រឹកឡើង