និក្ខមនំ 12:5-13

និក្ខមនំ 12:5-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ត្រូវ​យក​កូន​ចៀម ឬ​កូន​ពពែ​ឈ្មោល​ល្អ​ឥត​ខ្ចោះ មាន​អាយុ​មួយ​ខួប។ អ្នក​រាល់​គ្នា​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​ទី​ដប់​បួន​ក្នុង​ខែ​នេះ ទើប​ឲ្យ​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​សម្លាប់​វា​នៅ​ពេល​ថ្ងៃ​លិច។ ត្រូវ​យក​ឈាម​របស់​វា​ប្រឡាក់​នៅ​ក្រប​ទ្វារ​ផ្ទះ​ទាំង​សង​ខាង និង​លើ​ធ្នឹម​ទ្វារ​របស់​ផ្ទះ​ដែល​គេ​បរិ‌ភោគ​សាច់។ គេ​ត្រូវ​អាំង​សាច់​បរិ‌ភោគ​ជា‌មួយ​នំបុ័ង​ឥត​ដំបែ និង​បន្លែ​ល្វីង​នៅ​យប់​នោះ។ មិន​ត្រូវ​បរិ‌ភោគ​ឆៅ ឬ​ស្ងោរ​ឡើយ គឺ​ត្រូវ​អាំង​ឲ្យ​នៅ​ជាប់​ទាំង​ក្បាល​ទាំង​ជើង និង​គ្រឿង​ក្នុង​ផង។ កុំ​ឲ្យ​មាន​សល់​ដល់​ព្រឹក​ស្អែក បើ​មាន​សល់​អ្វី​ដល់​ព្រឹក​នោះ ត្រូវ​ដុត​ចោល។ ត្រូវ​បរិ‌ភោគ​បែប​យ៉ាង​នេះ គឺ​ដោយ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង ទាំង​កាន់​ដំបង​នៅ​ដៃ ហើយ​ត្រូវ​បរិ‌ភោគ​ឲ្យ​រហ័ស​បំផុត នេះ​ជា​ពិធី​បុណ្យ​រំលង​របស់​ព្រះ‌យេហូវ៉ា។ នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីព្ទ ហើយ​វាយ​អស់​ទាំង​កូន​ច្បង​ក្នុង​ស្រុក​អេស៊ីព្ទ ទាំង​មនុស្ស​ទាំង​សត្វ យើង​នឹង​ដាក់​ទោស​ព្រះ​ទាំង​អស់​របស់​ស្រុក​អេស៊ីព្ទ គឺ​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។ ឈាម​នោះ​ជា​ទី​សម្គាល់​សម្រាប់​អ្នក​រាល់​គ្នា​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ ពេល​យើង​ឃើញ​ផ្ទះ​ណា​មាន​ឈាម យើង​នឹង​រំលង​ផុត​ពី​អ្នក​រាល់​គ្នា​ទៅ ហើយ​គ្មាន​គ្រោះ​កាច​ណា​បំផ្លាញ​អ្នក​រាល់​គ្នា ក្នុង​ពេល​ដែល​យើង​វាយ​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ។

ចែក​រំលែក
អាន និក្ខមនំ 12

និក្ខមនំ 12:5-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ត្រូវ​ឲ្យ​គេ​រើស​យក​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​ឈ្មោល មាន​អាយុ​មួយ​ខួប និង​ល្អ​ឥត​ខ្ចោះ។ អ្នក​រាល់​គ្នា​ត្រូវ​រក្សា​សត្វ​នោះ​ទុក​រហូត​ដល់​ថ្ងៃ​ទី​ដប់‌បួន​ក្នុង​ខែ​នេះ ទើប​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​អារ-ក​សត្វ​នោះ​ក្រោយ​ថ្ងៃ​លិច។ ត្រូវ​យក​ឈាម​សត្វ​ដែល​គេ​បាន​សម្លាប់​នោះ ទៅ​លាប​នៅ​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​នៅ​ខាង​លើ​ទ្វារ​ផ្ទះ​ដែល​គេ​បរិភោគ​សាច់។ នៅ​យប់​នោះ ត្រូវ​យក​សាច់​ទៅ​អាំង រួច​បរិភោគ​ជា​មួយ​នំប៉័ង​ឥត​មេ និង​បន្លែ​ល្វីង។ មិន​ត្រូវ​បរិភោគ​សាច់​ឆៅ ឬ​ស្ងោរ​ទេ គឺ​ត្រូវ​បរិភោគ​សាច់​អាំង​ទាំង​មូល​តែ​ម្ដង ដោយ​មាន​ក្បាល ជើង និង​គ្រឿង​ក្នុង​ផង។ មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ បើ​មាន​អ្វី​ដែល​នៅ​សេស‌សល់ នោះ​ត្រូវ​ប្រមូល​ដុត​ឲ្យ​អស់។ នៅ​ពេល​បរិភោគ ត្រូវ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង កាន់​ដំបង ដូច​រៀបចំ​ខ្លួន​ចេញ​ដំណើរ ហើយ​ត្រូវ​បរិភោគ​ឲ្យ​រហ័ស។ នេះ​ជា​ពិធី​បុណ្យ​ចម្លង*​ថ្វាយ​ព្រះ‌អម្ចាស់”។ នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប ហើយ​ប្រហារ​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ទាំង​មនុស្ស ទាំង​សត្វ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែងក្លាយ​ទាំង​អស់​របស់​ជន‌ជាតិ​អេស៊ីប។ ឈាម​ដែល​អ្នក​រាល់​គ្នា​លាប​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​នឹង​ធ្វើ​ជា​សញ្ញា​សម្គាល់​ថា អ្នក​រាល់​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។ ពេល​ឃើញ​ឈាម យើង​នឹង​រំលង​ផ្ទះ​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​រង​គ្រោះ​កាច នៅ​ពេល​ដែល​យើង​ប្រហារ​ស្រុក​អេស៊ីប​ឡើយ។

ចែក​រំលែក
អាន និក្ខមនំ 12

និក្ខមនំ 12:5-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ត្រូវ​តែ​យក​កូន​ចៀម​ឈ្មោល​ឥត​ខ្ចោះ​មាន​អាយុ​១​ខួប ទោះ​ពី​ក្នុង​ហ្វូង​ចៀម​ឬ​ហ្វូង​ពពែ​ក៏​បាន រួច​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​១៤​ខែ​នេះ​ឯង នោះ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ត្រូវ​សំឡាប់​វា​នៅ​វេលា​ថ្ងៃ​លិច រួច​ត្រូវ​យក​ឈាម​វា​ប្រឡាក់​នៅ​ក្រប​ទ្វារ​ទាំង​សង​ខាង ហើយ​លើ​ធ្នឹម​ទ្វារ​របស់​ផ្ទះ​ដែល​គេ​បរិភោគ​ផង ត្រូវ​ឲ្យ​គេ​អាំង​សាច់ យក​ទៅ​បរិភោគ​ជា​មួយ​នឹង​នំបុ័ង​ឥត​ដំបែ ហើយ​នឹង​បន្លែ​ល្វីង​នៅ​យប់​នោះ​ឯង មិន​ត្រូវ​បរិភោគ​ឆៅ​ឬ​ស្ងោរ​ទេ គឺ​ត្រូវ​អាំង​វិញ ឲ្យ​មាន​ជាប់​ទាំង​ក្បាល​ទាំង​ជើង ហើយ​នឹង​អាការៈ​ខាង​ក្នុង​ផង កុំ​ទុក​ឲ្យ​អ្វី​នៅ​សល់​ដល់​ព្រឹក​ឲ្យ​សោះ បើ​មាន​សល់​អ្វី​ដល់​ព្រឹក នោះ​ត្រូវ​ដុត​ចោល​វិញ ហើយ​ត្រូវ​បរិភោគ​បែប​យ៉ាង​នេះ គឺ​ដោយ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង​ទាំង​កាន់​ដំបង​នៅ​ដៃ ហើយ​ត្រូវ​បរិភោគ​ឲ្យ​រហ័ស​ផង នេះ​ជា​ដំណើរ​រំលង​នៃ​ព្រះ‌យេហូវ៉ា ដ្បិត​នៅ​យប់​នោះ​អញ​នឹង​ដើរ​កាត់​ស្រុក​អេស៊ីព្ទ ហើយ​នឹង​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ក្នុង​ស្រុក ចាប់​តាំង​ពី​មនុស្ស​ដល់​សត្វ ព្រម​ទាំង​ធ្វើ​ទោស​ដល់​អស់​ទាំង​ព្រះ​នៃ​ស្រុក​អេស៊ីព្ទ​ផង គឺ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ឈាម​នោះ​នឹង​បាន​ជា​ទី​សំគាល់​សំរាប់​ឯង​រាល់​គ្នា​នៅ​ផ្ទះ​ណា​ដែល​ឯង​រាល់​គ្នា​អាស្រ័យ​នៅ កាល​ផ្ទះ​ណា​អញ​ឃើញ​ឈាម នោះ​អញ​នឹង​រំលង​ផុត​ពី​ឯង​រាល់​គ្នា​ទៅ ហើយ​នឹង​គ្មាន​សេចក្ដី​វេទនា​ណា​បំផ្លាញ​ឯង​រាល់​គ្នា ក្នុង​វេលា​ដែល​អញ​វាយ​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ

ចែក​រំលែក
អាន និក្ខមនំ 12