និក្ខមនំ 12:21-27
និក្ខមនំ 12:21-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេបានហៅពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំងអស់មក ហើយប្រាប់ថា៖ «ចូរទៅរើសយកកូនចៀម សម្រាប់គ្រួសាររបស់អ្នករាល់គ្នា ហើយសម្លាប់វាធ្វើបុណ្យរំលងទៅ។ ចូរយកមែកហ៊ីសុបមួយកញ្ចុំ ជ្រលក់ក្នុងឈាមដែលនៅក្នុងផើង យកទៅលាបធ្នឹម និងក្របទ្វារទាំងសងខាង។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យអ្នកណាម្នាក់ចេញទៅក្រៅទ្វារផ្ទះរបស់ខ្លួនឡើយ រហូតដល់ព្រឹក។ ដ្បិតព្រះយេហូវ៉ានឹងយាងកាត់ស្រុក ដើម្បីវាយសាសន៍អេស៊ីព្ទ កាលណាព្រះអង្គទតឃើញឈាមប្រឡាក់នៅធ្នឹម និងក្របទ្វារទាំងសងខាង ព្រះអង្គនឹងរំលងហួសទ្វារនោះទៅ មិនឲ្យមេបំផ្លាញចូលទៅវាយអ្នករាល់គ្នានៅក្នុងផ្ទះឡើយ។ អ្នករាល់គ្នាត្រូវកាន់តាមច្បាប់នេះ ទុកសម្រាប់ខ្លួនអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នារហូតតទៅ។ កាលណាអ្នករាល់គ្នាបានចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ានឹងប្រទានឲ្យអ្នករាល់គ្នា ដូចដែលព្រះអង្គបានសន្យា អ្នករាល់គ្នាត្រូវប្រារព្ធពិធីនេះកុំខាន។ បើកាលណាកូនចៅអ្នករាល់គ្នាសួរថា "តើពិធីបុណ្យនេះមានន័យដូចម្តេច?" អ្នករាល់គ្នាត្រូវឆ្លើយថា "នេះគឺជាយញ្ញបូជានៃពិធីបុណ្យរំលងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គបានយាងរំលងផ្ទះនៃកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ កាលពីព្រះអង្គបានវាយសាសន៍អេស៊ីព្ទ តែបានប្រោសឲ្យពួកផ្ទះរបស់យើងរាល់គ្នារួចជីវិត"»។ នោះបណ្ដាជនក៏ឱនក្បាលចុះថ្វាយបង្គំ។
និក្ខមនំ 12:21-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេបានហៅព្រឹទ្ធាចារ្យ*ទាំងអស់នៃជនជាតិអ៊ីស្រាអែលមក ហើយប្រាប់ថា៖ «សូមអស់លោកយកកូនចៀម ហើយសម្លាប់វាធ្វើបុណ្យចម្លងសម្រាប់ក្រុមគ្រួសាររបស់អស់លោក។ ចូរយកមែកហ៊ីសុប*ចងជាកញ្ចុំ រួចជ្រលក់ក្នុងផើងដែលដាក់ឈាម ហើយយកឈាមនោះទៅលាបក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ចេញពីផ្ទះរបស់ខ្លួន រហូតដល់ព្រឹក។ ពេលព្រះអម្ចាស់យាងកាត់ស្រុកអេស៊ីប ដើម្បីប្រហារជនជាតិអេស៊ីប ហើយទតឃើញឈាមលើក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើនោះ ព្រះអង្គនឹងយាងរំលងផ្ទះរបស់អ្នករាល់គ្នា មិនឲ្យមេបំផ្លាញចូលទៅប្រហារអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាត្រូវគោរពតាមច្បាប់នេះ រហូតតទៅ។ នៅពេលអ្នករាល់គ្នាចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នា ស្របតាមព្រះបន្ទូលសន្យា អ្នករាល់គ្នាត្រូវតែធ្វើពិធីបុណ្យនេះ។ បើកូនចៅរបស់អ្នករាល់គ្នាសួរថា ពិធីបុណ្យនេះមានអត្ថន័យដូចម្ដេច ចូរប្រាប់ពួកគេថា: នេះជាយញ្ញបូជានៃពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់។ កាលពួកយើងនៅស្រុកអេស៊ីប ព្រះអង្គប្រហារជនជាតិអេស៊ីប តែព្រះអង្គបានរំលងផ្ទះរបស់ពួកយើង ហើយទុកជីវិតឲ្យពួកយើង»។ ប្រជាជនក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់។
និក្ខមនំ 12:21-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះម៉ូសេក៏ហៅពួកចាស់ទុំសាសន៍អ៊ីស្រាអែលមកប្រាប់ថា ចូរទៅយកកូនចៀម តាមគ្រួនៃអ្នករាល់គ្នា ហើយសំឡាប់ធ្វើបុណ្យរំលងទៅ រួចយកមែកហ៊ីសុប១កញ្ចុំជ្រលក់ចុះក្នុងឈាមនៅក្នុងផើង ប្រឡាក់នឹងធ្នឹម ហើយនឹងក្របទ្វារទាំងសងខាង ដោយឈាមដែលនៅក្នុងផើងនោះ ក្នុងពួកអ្នករាល់គ្នាមិនត្រូវឲ្យអ្នកណាមួយចេញទៅក្រៅទ្វារផ្ទះខ្លួនឲ្យសោះ រហូតដល់ព្រឹកឡើង ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងយាងកាត់ស្រុក ដើម្បីវាយពួកសាសន៍អេស៊ីព្ទ កាលណាទ្រង់ទតឃើញឈាមប្រឡាក់នៅធ្នឹម ហើយនឹងក្របទ្វារទាំងសងខាង នោះទ្រង់នឹងរំលងហួសទ្វារនោះទៅ មិនឲ្យមេបំផ្លាញចូលវាយក្នុងផ្ទះអ្នករាល់គ្នាទេ ដូច្នេះ ត្រូវឲ្យអ្នករាល់គ្នាកាន់របៀបនេះ ទុកជាច្បាប់សំរាប់ខ្លួនអ្នករាល់គ្នា នឹងកូនចៅតរៀងទៅ កាលណាអ្នករាល់គ្នាបានចូល ទៅក្នុងស្រុកដែលព្រះយេហូវ៉ានឹងប្រទានមកតាមសេចក្ដីសន្យាទ្រង់ នោះត្រូវកាន់តាមរបៀបនេះកុំខាន បើកាលណាកូនចៅអ្នករាល់គ្នាសួរថា តើរបៀបនេះមានន័យដូចម្តេច នោះត្រូវឆ្លើយថា នេះគឺជាយញ្ញបូជានៃបុណ្យរំលងថ្វាយដល់ព្រះយេហូវ៉ា ដែលទ្រង់បានយាងរំលងផ្ទះពួកកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលទ្រង់បានវាយពួកសាសន៍អេស៊ីព្ទ ហើយបានប្រោសឲ្យពួកផ្ទះយើងរាល់គ្នារួច នោះពួកជនជាតិអ៊ីស្រាអែលគេឱនក្បាលចុះថ្វាយបង្គំ