និក្ខមនំ 12:14-28
និក្ខមនំ 12:14-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ថ្ងៃនេះនឹងបានជាសេចក្ដីរំឭកដល់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវប្រារព្ធថ្ងៃនេះទុកជាពិធីបុណ្យថ្វាយព្រះយេហូវ៉ា គឺត្រូវកាន់ថ្ងៃនេះគ្រប់តំណមនុស្ស ទុកជាច្បាប់រហូតតទៅ។ ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកដំបែចេញពីផ្ទះ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់ពីថ្ងៃទីមួយរហូតដល់ថ្ងៃទីប្រាំពីរ អ្នកនោះនឹងត្រូវកាត់ចេញពីសាសន៍អ៊ីស្រាអែល។ នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវប្រជុំយ៉ាងឱឡារិកម្តង ហើយដល់ថ្ងៃទីប្រាំពីរ ត្រូវប្រជុំយ៉ាងឱឡារិកម្តងទៀត។ នៅថ្ងៃទាំងពីរនោះ មិនត្រូវធ្វើការអ្វីឡើយ ធ្វើបានតែម្ហូបអាហារដែលត្រូវបរិភោគប៉ុណ្ណោះ។ អ្នករាល់គ្នាត្រូវកាន់បុណ្យនំបុ័ងឥតដំបែនេះ ដ្បិតគឺនៅថ្ងៃនោះឯងដែលយើងបាននាំពួកពលរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ។ ដូច្នេះហើយបានជាអ្នករាល់គ្នាត្រូវកាន់ថ្ងៃនេះគ្រប់តំណមនុស្ស ទុកជាច្បាប់រហូតតទៅ។ នៅខែទីមួយ ចាប់ពីល្ងាចថ្ងៃទីដប់បួន រហូតដល់ល្ងាចថ្ងៃទីម្ភៃមួយក្នុងខែនោះ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែ។ ក្នុងរយៈពេលប្រាំពីរថ្ងៃ មិនត្រូវឲ្យមានដំបែនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ បើអ្នកណាបរិភោគអ្វីមានដំបែ អ្នកនោះនឹងត្រូវកាត់ចេញពីក្រុមជំនុំសាសន៍អ៊ីស្រាអែល ទោះបើជាអ្នកប្រទេសក្រៅ ឬជាអ្នកស្រុកក្តី។ មិនត្រូវបរិភោគអ្វីដែលមានដំបែ នៅក្នុងទីលំនៅទាំងប៉ុន្មានរបស់អ្នករាល់គ្នាឡើយ ត្រូវបរិភោគតែនំបុ័ងឥតដំបែម៉្យាងប៉ុណ្ណោះ»។ លោកម៉ូសេបានហៅពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំងអស់មក ហើយប្រាប់ថា៖ «ចូរទៅរើសយកកូនចៀម សម្រាប់គ្រួសាររបស់អ្នករាល់គ្នា ហើយសម្លាប់វាធ្វើបុណ្យរំលងទៅ។ ចូរយកមែកហ៊ីសុបមួយកញ្ចុំ ជ្រលក់ក្នុងឈាមដែលនៅក្នុងផើង យកទៅលាបធ្នឹម និងក្របទ្វារទាំងសងខាង។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យអ្នកណាម្នាក់ចេញទៅក្រៅទ្វារផ្ទះរបស់ខ្លួនឡើយ រហូតដល់ព្រឹក។ ដ្បិតព្រះយេហូវ៉ានឹងយាងកាត់ស្រុក ដើម្បីវាយសាសន៍អេស៊ីព្ទ កាលណាព្រះអង្គទតឃើញឈាមប្រឡាក់នៅធ្នឹម និងក្របទ្វារទាំងសងខាង ព្រះអង្គនឹងរំលងហួសទ្វារនោះទៅ មិនឲ្យមេបំផ្លាញចូលទៅវាយអ្នករាល់គ្នានៅក្នុងផ្ទះឡើយ។ អ្នករាល់គ្នាត្រូវកាន់តាមច្បាប់នេះ ទុកសម្រាប់ខ្លួនអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នារហូតតទៅ។ កាលណាអ្នករាល់គ្នាបានចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ានឹងប្រទានឲ្យអ្នករាល់គ្នា ដូចដែលព្រះអង្គបានសន្យា អ្នករាល់គ្នាត្រូវប្រារព្ធពិធីនេះកុំខាន។ បើកាលណាកូនចៅអ្នករាល់គ្នាសួរថា "តើពិធីបុណ្យនេះមានន័យដូចម្តេច?" អ្នករាល់គ្នាត្រូវឆ្លើយថា "នេះគឺជាយញ្ញបូជានៃពិធីបុណ្យរំលងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គបានយាងរំលងផ្ទះនៃកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ កាលពីព្រះអង្គបានវាយសាសន៍អេស៊ីព្ទ តែបានប្រោសឲ្យពួកផ្ទះរបស់យើងរាល់គ្នារួចជីវិត"»។ នោះបណ្ដាជនក៏ឱនក្បាលចុះថ្វាយបង្គំ។ បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏នាំគ្នាចេញទៅ ហើយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។
និក្ខមនំ 12:14-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នករាល់គ្នាត្រូវយកថ្ងៃនេះធ្វើជាថ្ងៃបុណ្យរំឭកអំពីព្រឹត្តិការណ៍ដែលកើតមាន ដើម្បីលើកតម្កើងព្រះអម្ចាស់ នេះជាច្បាប់ដែលត្រូវអនុវត្តជារៀងរហូតតទៅ ឥតប្រែប្រួលឡើយ។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកមេនំប៉័ងចេញឲ្យអស់ពីផ្ទះរបស់អ្នករាល់គ្នា។ អ្នកណាបរិភោគនំប៉័ងមានមេ ចាប់ពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំពីរនឹងត្រូវបណ្ដេញចេញពីចំណោមជនជាតិអ៊ីស្រាអែល។ នៅថ្ងៃទីមួយ និងថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវតែប្រមូលផ្ដុំគ្នាជាអង្គប្រជុំដ៏វិសុទ្ធ*។ ក្នុងអំឡុងពេលពីរថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺអាចធ្វើបានតែម្ហូបអាហារ សម្រាប់បរិភោគប៉ុណ្ណោះ។ អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យនំប៉័ងឥតមេ ដ្បិតនៅថ្ងៃនេះហើយ ដែលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ អ្នករាល់គ្នាត្រូវតែគោរពថ្ងៃនេះទុកជាច្បាប់ដែលត្រូវអនុវត្ត ជារៀងរហូតតទៅ ឥតប្រែប្រួលឡើយ។ នៅខែទីមួយ ចាប់ពីល្ងាចថ្ងៃទីដប់បួនរហូតដល់ល្ងាចថ្ងៃទីម្ភៃមួយ អ្នករាល់គ្នាត្រូវតែបរិភោគនំប៉័ងឥតមេ។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ មិនត្រូវឲ្យមានមេនំប៉័ងនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ។ អ្នកដែលបរិភោគនំប៉័ងមានមេ នឹងត្រូវបណ្ដេញចេញពីសហគមន៍អ៊ីស្រាអែល ទោះបីអ្នកនោះជាសាសន៍ដទៃ ឬជាម្ចាស់ស្រុកក្ដី។ ទោះបីអ្នករាល់គ្នារស់នៅកន្លែងណាក៏ដោយ មិនត្រូវបរិភោគនំប៉័ងមានមេឡើយ គឺបរិភោគបានតែនំប៉័ងឥតមេប៉ុណ្ណោះ»។ លោកម៉ូសេបានហៅព្រឹទ្ធាចារ្យ*ទាំងអស់នៃជនជាតិអ៊ីស្រាអែលមក ហើយប្រាប់ថា៖ «សូមអស់លោកយកកូនចៀម ហើយសម្លាប់វាធ្វើបុណ្យចម្លងសម្រាប់ក្រុមគ្រួសាររបស់អស់លោក។ ចូរយកមែកហ៊ីសុប*ចងជាកញ្ចុំ រួចជ្រលក់ក្នុងផើងដែលដាក់ឈាម ហើយយកឈាមនោះទៅលាបក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ចេញពីផ្ទះរបស់ខ្លួន រហូតដល់ព្រឹក។ ពេលព្រះអម្ចាស់យាងកាត់ស្រុកអេស៊ីប ដើម្បីប្រហារជនជាតិអេស៊ីប ហើយទតឃើញឈាមលើក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើនោះ ព្រះអង្គនឹងយាងរំលងផ្ទះរបស់អ្នករាល់គ្នា មិនឲ្យមេបំផ្លាញចូលទៅប្រហារអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាត្រូវគោរពតាមច្បាប់នេះ រហូតតទៅ។ នៅពេលអ្នករាល់គ្នាចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នា ស្របតាមព្រះបន្ទូលសន្យា អ្នករាល់គ្នាត្រូវតែធ្វើពិធីបុណ្យនេះ។ បើកូនចៅរបស់អ្នករាល់គ្នាសួរថា ពិធីបុណ្យនេះមានអត្ថន័យដូចម្ដេច ចូរប្រាប់ពួកគេថា: នេះជាយញ្ញបូជានៃពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់។ កាលពួកយើងនៅស្រុកអេស៊ីប ព្រះអង្គប្រហារជនជាតិអេស៊ីប តែព្រះអង្គបានរំលងផ្ទះរបស់ពួកយើង ហើយទុកជីវិតឲ្យពួកយើង»។ ប្រជាជនក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់។ ជនជាតិអ៊ីស្រាអែលចាកចេញទៅ ហើយធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។
និក្ខមនំ 12:14-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ថ្ងៃនេះនឹងបានជាសេចក្ដីរំឭកដល់ឯងរាល់គ្នា ត្រូវឲ្យឯងរាល់គ្នាកាន់ថ្ងៃនេះជាបុណ្យថ្វាយព្រះយេហូវ៉ា គឺត្រូវកាន់ថ្ងៃនេះទុកជាច្បាប់ជាដរាបនៅអស់ទាំងដំណរៀងរាបតទៅ។ ក្នុងរវាង៧ថ្ងៃ ឯងរាល់គ្នាត្រូវតែបរិភោគនំបុ័ងឥតដំបែ ចាប់តាំងពីថ្ងៃដំបូង នោះត្រូវយកដំបែពីផ្ទះចេញ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់តាំងពីថ្ងៃជាដំបូងរហូតដល់ថ្ងៃទី៧ អ្នកនោះនឹងត្រូវកាត់ពីសាសន៍អ៊ីស្រាអែលចេញ នៅថ្ងៃដំបូង ឯងរាល់គ្នាត្រូវប្រជុំជំនុំបរិសុទ្ធ ហើយដល់ថ្ងៃទី៧ នោះក៏ត្រូវប្រជុំជំនុំបរិសុទ្ធទៀត នៅថ្ងៃទាំងនោះ មិនត្រូវឲ្យធ្វើការអ្វីសោះឡើយ ធ្វើបានតែម្ហូបដែលត្រូវបរិភោគប៉ុណ្ណោះ ត្រូវឲ្យឯងរាល់គ្នាកាន់បុណ្យនំបុ័ងឥតដំបែនេះ ដ្បិតគឺនៅថ្ងៃនេះឯងដែលអញបាននាំពួកកងរបស់ឯងរាល់គ្នា ចេញពីស្រុកអេស៊ីព្ទមក បានជាត្រូវកាន់ថ្ងៃនេះទុកជាច្បាប់ជាដរាបនៅអស់ទាំងដំណរៀងរាបតទៅ នៅថ្ងៃ១៤ខែដំបូង នោះពីល្ងាច ត្រូវឲ្យឯងរាល់គ្នាបរិភោគនំបុ័ងឥតដំបែ ដរាបដល់ល្ងាចថ្ងៃ២១ខែនោះ ក្នុងរវាង៧ថ្ងៃ មិនត្រូវឲ្យមានដំបែនៅក្នុងផ្ទះឯងរាល់គ្នាទេ ដ្បិតអ្នកណាដែលបរិភោគអ្វីមានដំបែ អ្នកនោះនឹងត្រូវកាត់ពីពួកជំនុំសាសន៍អ៊ីស្រាអែលចេញ ទោះបើជាអ្នកប្រទេសក្រៅឬជាអ្នកស្រុកក្តី មិនត្រូវឲ្យបរិភោគអ្វីដែលមានដំបែឲ្យសោះ នៅក្នុងទីលំនៅរបស់ឯងរាល់គ្នាទាំងប៉ុន្មាន នោះត្រូវបរិភោគតែនំបុ័ងឥតដំបែម្យ៉ាងប៉ុណ្ណោះ។ នោះម៉ូសេក៏ហៅពួកចាស់ទុំសាសន៍អ៊ីស្រាអែលមកប្រាប់ថា ចូរទៅយកកូនចៀម តាមគ្រួនៃអ្នករាល់គ្នា ហើយសំឡាប់ធ្វើបុណ្យរំលងទៅ រួចយកមែកហ៊ីសុប១កញ្ចុំជ្រលក់ចុះក្នុងឈាមនៅក្នុងផើង ប្រឡាក់នឹងធ្នឹម ហើយនឹងក្របទ្វារទាំងសងខាង ដោយឈាមដែលនៅក្នុងផើងនោះ ក្នុងពួកអ្នករាល់គ្នាមិនត្រូវឲ្យអ្នកណាមួយចេញទៅក្រៅទ្វារផ្ទះខ្លួនឲ្យសោះ រហូតដល់ព្រឹកឡើង ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងយាងកាត់ស្រុក ដើម្បីវាយពួកសាសន៍អេស៊ីព្ទ កាលណាទ្រង់ទតឃើញឈាមប្រឡាក់នៅធ្នឹម ហើយនឹងក្របទ្វារទាំងសងខាង នោះទ្រង់នឹងរំលងហួសទ្វារនោះទៅ មិនឲ្យមេបំផ្លាញចូលវាយក្នុងផ្ទះអ្នករាល់គ្នាទេ ដូច្នេះ ត្រូវឲ្យអ្នករាល់គ្នាកាន់របៀបនេះ ទុកជាច្បាប់សំរាប់ខ្លួនអ្នករាល់គ្នា នឹងកូនចៅតរៀងទៅ កាលណាអ្នករាល់គ្នាបានចូល ទៅក្នុងស្រុកដែលព្រះយេហូវ៉ានឹងប្រទានមកតាមសេចក្ដីសន្យាទ្រង់ នោះត្រូវកាន់តាមរបៀបនេះកុំខាន បើកាលណាកូនចៅអ្នករាល់គ្នាសួរថា តើរបៀបនេះមានន័យដូចម្តេច នោះត្រូវឆ្លើយថា នេះគឺជាយញ្ញបូជានៃបុណ្យរំលងថ្វាយដល់ព្រះយេហូវ៉ា ដែលទ្រង់បានយាងរំលងផ្ទះពួកកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលទ្រង់បានវាយពួកសាសន៍អេស៊ីព្ទ ហើយបានប្រោសឲ្យពួកផ្ទះយើងរាល់គ្នារួច នោះពួកជនជាតិអ៊ីស្រាអែលគេឱនក្បាលចុះថ្វាយបង្គំ ហើយនាំគ្នាទៅធ្វើតាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ នឹងអើរ៉ុន គេក៏ធ្វើសំរេចការនោះ។