និក្ខមនំ 12:1-51

និក្ខមនំ 12:1-51 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​នៅ​ស្រុក​អេស៊ីព្ទ​ថា៖ «ខែ​នេះ ជា​ខែ​ដំបូង គឺ​ជា​ខែ​ដើម​ឆ្នាំ​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ប្រកាស​ប្រាប់​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា នៅ​ថ្ងៃ​ទី​ដប់ ខែ​នេះ គ្រប់​គ្នា​ត្រូវ​យក​កូន​ចៀម​មួយ តាម​គ្រួសារ​របស់​ឪពុក​រៀងៗ​ខ្លួន គឺ​កូន​ចៀម​មួយ​សម្រាប់​គ្រួសារ​មួយ។ បើ​ផ្ទះ​ណា​មាន​គ្នា​តិច​ពេក មិន​អាច​បរិ‌ភោគ​កូន​ចៀម​មួយ​អស់ នោះ​ត្រូវ​ចូល​ជា‌មួយ​អ្នក​ជិត​ខាង​តាម​ចំនួន​មនុស្ស ត្រូវ​រាប់​ចំនួន​មនុស្ស​តាម​ដែល​គេ​បរិ‌ភោគ​កូន​ចៀម​មួយ​អស់។ ត្រូវ​យក​កូន​ចៀម ឬ​កូន​ពពែ​ឈ្មោល​ល្អ​ឥត​ខ្ចោះ មាន​អាយុ​មួយ​ខួប។ អ្នក​រាល់​គ្នា​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​ទី​ដប់​បួន​ក្នុង​ខែ​នេះ ទើប​ឲ្យ​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​សម្លាប់​វា​នៅ​ពេល​ថ្ងៃ​លិច។ ត្រូវ​យក​ឈាម​របស់​វា​ប្រឡាក់​នៅ​ក្រប​ទ្វារ​ផ្ទះ​ទាំង​សង​ខាង និង​លើ​ធ្នឹម​ទ្វារ​របស់​ផ្ទះ​ដែល​គេ​បរិ‌ភោគ​សាច់។ គេ​ត្រូវ​អាំង​សាច់​បរិ‌ភោគ​ជា‌មួយ​នំបុ័ង​ឥត​ដំបែ និង​បន្លែ​ល្វីង​នៅ​យប់​នោះ។ មិន​ត្រូវ​បរិ‌ភោគ​ឆៅ ឬ​ស្ងោរ​ឡើយ គឺ​ត្រូវ​អាំង​ឲ្យ​នៅ​ជាប់​ទាំង​ក្បាល​ទាំង​ជើង និង​គ្រឿង​ក្នុង​ផង។ កុំ​ឲ្យ​មាន​សល់​ដល់​ព្រឹក​ស្អែក បើ​មាន​សល់​អ្វី​ដល់​ព្រឹក​នោះ ត្រូវ​ដុត​ចោល។ ត្រូវ​បរិ‌ភោគ​បែប​យ៉ាង​នេះ គឺ​ដោយ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង ទាំង​កាន់​ដំបង​នៅ​ដៃ ហើយ​ត្រូវ​បរិ‌ភោគ​ឲ្យ​រហ័ស​បំផុត នេះ​ជា​ពិធី​បុណ្យ​រំលង​របស់​ព្រះ‌យេហូវ៉ា។ នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីព្ទ ហើយ​វាយ​អស់​ទាំង​កូន​ច្បង​ក្នុង​ស្រុក​អេស៊ីព្ទ ទាំង​មនុស្ស​ទាំង​សត្វ យើង​នឹង​ដាក់​ទោស​ព្រះ​ទាំង​អស់​របស់​ស្រុក​អេស៊ីព្ទ គឺ​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។ ឈាម​នោះ​ជា​ទី​សម្គាល់​សម្រាប់​អ្នក​រាល់​គ្នា​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ ពេល​យើង​ឃើញ​ផ្ទះ​ណា​មាន​ឈាម យើង​នឹង​រំលង​ផុត​ពី​អ្នក​រាល់​គ្នា​ទៅ ហើយ​គ្មាន​គ្រោះ​កាច​ណា​បំផ្លាញ​អ្នក​រាល់​គ្នា ក្នុង​ពេល​ដែល​យើង​វាយ​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ។ ថ្ងៃ​នេះ​នឹង​បាន​ជា​សេចក្ដី​រំឭក​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ថ្ងៃ​នេះ​ទុក​ជា​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​កាន់​ថ្ងៃ​នេះ​គ្រប់​តំណ​មនុស្ស ទុក​ជា​ច្បាប់​រហូត​តទៅ។ ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ។ ចាប់​ពី​ថ្ងៃ​ទីមួយ​ទៅ អ្នក​រាល់​គ្នា​ត្រូវ​យក​ដំបែ​ចេញ​ពី​ផ្ទះ ដ្បិត​អ្នក​ណា​ដែល​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ ចាប់​ពី​ថ្ងៃ​ទីមួយ​រហូត​ដល់​ថ្ងៃ​ទីប្រាំ​ពីរ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល។ នៅ​ថ្ងៃ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​ប្រជុំ​យ៉ាង​ឱឡារិក​ម្តង ហើយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ប្រជុំ​យ៉ាង​ឱឡារិក​ម្តង​ទៀត។ នៅ​ថ្ងៃ​ទាំង​ពីរ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ធ្វើ​បាន​តែ​ម្ហូប​អាហារ​ដែល​ត្រូវ​បរិ‌ភោគ​ប៉ុណ្ណោះ។ អ្នក​រាល់​គ្នា​ត្រូវ​កាន់​បុណ្យ​នំបុ័ង​ឥត​ដំបែ​នេះ ដ្បិត​គឺ​នៅ​ថ្ងៃ​នោះ​ឯង​ដែល​យើង​បាន​នាំ​ពួក​ពល​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​កាន់​ថ្ងៃ​នេះគ្រប់​តំណ​មនុស្ស ទុក​ជា​ច្បាប់​រហូត​តទៅ។ នៅ​ខែ​ទីមួយ ចាប់​ពី​ល្ងាច​ថ្ងៃ​ទី​ដប់​បួន រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​ម្ភៃ​មួយ​ក្នុង​ខែ​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ។ ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ មិន​ត្រូវ​ឲ្យ​មាន​ដំបែ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ បើ​អ្នក​ណា​បរិ‌ភោគ​អ្វី​មាន​ដំបែ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ ឬ​ជា​អ្នក​ស្រុក​ក្តី។ មិន​ត្រូវ​បរិ‌ភោគ​អ្វី​ដែល​មាន​ដំបែ នៅ​ក្នុង​ទី​លំនៅ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​បរិ‌ភោគ​តែ​នំបុ័ង​ឥត​ដំបែ​ម៉្យាង​ប៉ុណ្ណោះ»។ លោក​ម៉ូសេ​បាន​ហៅ​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​មក ហើយ​ប្រាប់​ថា៖ «ចូរ​ទៅ​រើស​យក​កូន​ចៀម សម្រាប់​គ្រួ​សារ​របស់អ្នក​រាល់​គ្នា ហើយ​សម្លាប់​វា​ធ្វើ​បុណ្យ​រំលង​ទៅ។ ចូរ​យក​មែក​ហ៊ីសុប​មួយ​កញ្ចុំ ជ្រលក់​ក្នុង​ឈាម​ដែល​នៅ​ក្នុង​ផើង យក​ទៅ​លាប​ធ្នឹម និង​ក្រប​ទ្វារ​ទាំង​សង​ខាង។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​របស់​ខ្លួន​ឡើយ រហូត​ដល់​ព្រឹក។ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​យាង​កាត់​ស្រុក ដើម្បី​វាយ​សាសន៍​អេស៊ីព្ទ កាល​ណា​ព្រះ‌អង្គ​ទត​ឃើញ​ឈាម​ប្រឡាក់​នៅ​ធ្នឹម និង​ក្រប​ទ្វារ​ទាំង​សង​ខាង ព្រះ‌អង្គ​នឹង​រំលង​ហួស​ទ្វារ​នោះ​ទៅ មិន​ឲ្យ​មេ​បំផ្លាញ​ចូល​ទៅ​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទះ​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ច្បាប់​នេះ ទុក​សម្រាប់​ខ្លួន​អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ។ កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ដូច​ដែល​ព្រះ​អង្គ​បាន​សន្យា អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​នេះ​កុំ​ខាន។ បើ​កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា "តើ​ពិធី​បុណ្យ​នេះ​មាន​ន័យ​ដូច​ម្តេច?" អ្នក​រាល់​គ្នា​ត្រូវ​ឆ្លើយ​ថា "នេះ​គឺ​ជា​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​យាង​រំលង​ផ្ទះ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីព្ទ កាល​ពី​ព្រះ‌អង្គ​បាន​វាយ​សាសន៍​អេស៊ីព្ទ តែ​បាន​ប្រោស​ឲ្យ​ពួក​ផ្ទះ​របស់​យើង​រាល់​គ្នា​រួច​ជីវិត"»។ នោះ​បណ្ដា​ជន​ក៏​ឱន​ក្បាល​ចុះ​ថ្វាយ​បង្គំ។ បន្ទាប់​មក កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ធ្វើ​តាម​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ នៅ​កណ្ដាល​អធ្រាត្រ​ក្នុង​យប់​នោះ ព្រះ‌យេហូវ៉ា​បាន​វាយ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីព្ទ ចាប់​ពី​បុត្រ​ច្បង​របស់​ផារ៉ោន​ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ទោស​ដែល​នៅ​ក្នុង​គុក ព្រម​ទាំង​កូន​ច្បង​របស់​សត្វ​ទាំង​អស់​ដែរ។ ផារ៉ោន​ក៏​តើន​ឡើង​ទាំង​យប់ ព្រម​ទាំង​ពួ​ក​នាម៉ឺន​មន្ត្រី​ទាំង​អស់ និង​សាសន៍​អេស៊ីព្ទ​ទាំង​អស់ ហើយ​មាន​សម្រែក​ទ្រហោ‌យំ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គ្មាន​ផ្ទះ​ណា​មួយ​ដែល​មិន​មាន​ម្នាក់​ស្លាប់​នោះ​ទេ។ ពេល​នោះ ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក​ទាំង​យប់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​កណ្ដាល​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង ចូរ​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា ដូច​អ្នក​រាល់​គ្នា​បាន​សុំ​នោះ​ទៅ! ចូរ​នាំ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ ដូច​ដែល​អ្នក​បាន​និយាយ ហើយ​ចេញ​ទៅ រួច​ឲ្យ​ពរ​យើង​ផង!»។ សាសន៍​អេស៊ីព្ទ​ក៏​បង្ខំ​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ពី​ស្រុក​ជា​ប្រញាប់ ដ្បិត​គេ​ពោល​ថា៖ «យើង​មុខ​ជា​ស្លាប់​ទាំង​អស់​គ្នា»។ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យក​ម្សៅ​ដែល​មិន​ទាន់​ដាក់​ដំបែ និង​ផើង​សម្រាប់​លាយ​ម្សៅ រុំ​ក្នុង​អាវ ហើយ​លី​ចេញ​ទៅ។ កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ គឺ​គេ​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់ និង​ខោ​អាវ​ពី​សាសន៍​អេស៊ីព្ទ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រកប​ដោយ​គុណ​នៅ​ចំពោះ​សាសន៍​អេស៊ីព្ទ គឺ​បាន​ប្រគល់​អ្វីៗ​ឲ្យ​តាម​ដែល​គេ​សុំ ហើយ​គេ​បាន​បង្ហិន​បង្ហោច​សាសន៍​អេស៊ីព្ទ​បែប​ដូច្នេះ​ឯង។ កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ដំណើរ​ពី​ក្រុង​រ៉ាមសេស​ដើរ​ដោយ​ជើង ទៅ​ដល់​ក្រុង​ស៊ូកូថ មាន​ចំនួន​ប្រុសៗ​ប្រមាណ​ជា​ប្រាំមួយ​សែន​នាក់ ឥត​រាប់​ស្ត្រី និង​កូន​ក្មេង​ឡើយ។ មាន​បណ្ដា‌ជន​ដទៃ​ទៀត​ជា​ច្រើន​បាន​ឡើង​ទៅ​ជា‌មួយ​ពួក‌គេ​ដែរ ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ គឺ​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​សន្ធាប់។ គេ​នាំ​គ្នា​យក​ម្សៅ​ដែល​យក​ពី​ស្រុក​អេស៊ីព្ទ​មក ទៅ​ដុត​ធ្វើ​ជា​នំ​ឥត​ដំបែ ដ្បិត​មិន​ទាន់​បាន​ដាក់​ដំបែ​នៅ​ឡើយ ព្រោះ​ពេល​ដែល​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​មិន​អាច​បង្អែ‌បង្អង់​បាន​ទេ ក៏​មិន​បាន​រៀប​ចំ​ម្ហូប‌ម្ហា​សម្រាប់​តាម​ផ្លូវ​ឡើយ។ កូន​ចៅ​អ៊ីស្រា‌អែល​បាន​រស់​នៅ​ស្រុក​អេស៊ីព្ទ អស់​រយៈ​ពេល​បួន​រយ​សាម​សិប​ឆ្នាំ។ លុះ​ផុត​រយៈ​ពេល​បួន​រយ​សាម​សិប​ឆ្នាំ​នោះ​ទៅ នៅ​ថ្ងៃ​ផុត​កំណត់​នោះ​ឯង ពួក​ពល​របស់​ព្រះ‌យេហូវ៉ា​ក៏​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ នោះ​ជា​យប់​មួយ​ដែល​ត្រូវ​ចាំ​យាម​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​បាន​នាំ​ពួក‌គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ យប់​នោះ​ហើយ​ជា​យប់​ចាំ​យាម​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ត្រូវ​គោរព​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គ្រប់​តំណ​តរៀង​ទៅ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «នេះ​ជា​ច្បាប់​សម្រាប់​បុណ្យ​រំលង គឺ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ណា​បរិ‌ភោគ​អាហារ​បុណ្យ​រំលង​ឡើយ តែ​បាវ​បម្រើ​ដែល​អ្នក​រាល់​គ្នា​បាន​ទិញ​មក នោះ​គេ​អាច​បរិ‌ភោគ​បាន ក្រោយ​ពី​បាន​ទទួល​ពិធី​កាត់​ស្បែក​ហើយ ឯ​អ្នក​ប្រទេស​ក្រៅ ឬ​ជើង​ឈ្នួល នោះ​មិន​អាច​បរិ‌ភោគ​បាន​ឡើយ។ ត្រូវ​បរិ‌ភោគ​នៅ​ក្នុង​ផ្ទះតែ​មួយ មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ ហើយ​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ។ ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ។ ប្រសិន‌បើ​អ្នក​ប្រទេស​ក្រៅ​ដែល​រស់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ហើយ​ចង់​ចូល​រួម​ពិធី​បុណ្យ​រំលង​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ប្រុសៗ​របស់​គេ​ត្រូវ​ទទួល​ពិធី​កាត់​ស្បែក​សិន ទើប​ចូល​មក​ប្រារព្ធ​ពិធី​បុណ្យ​នេះ​បាន ហើយ​អ្នក​នោះ​នឹង​ត្រូវ​បាន​ចាត់​ទុក​ដូច​ជា​អ្នក​ស្រុក​ដែរ តែ​អ្នក​ណា​ដែល​មិន​កាត់​ស្បែក មិន​អាច​បរិ‌ភោគ​អាហារ​បុណ្យ​រំលង​បាន​ឡើយ។ គឺ​មាន​ច្បាប់​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​អ្នក​ស្រុក និង​ពួក​អ្ន​ក​ស្រុក​ក្រៅ​ដែល​រស់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា»។ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ នៅ​ថ្ងៃ​កំណត់​នោះ​ឯង ព្រះ‌យេហូវ៉ា​បាន​នាំ​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​អេស៊ីព្ទ ទាំង​កងៗ។

ចែក​រំលែក
អាន និក្ខមនំ 12

និក្ខមនំ 12:1-51 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន នៅ​ស្រុក​អេស៊ីប​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​រាប់​ខែ​នេះ ជា​ខែ​ដំបូង គឺ​ខែ​ដើម​ឆ្នាំ​របស់​អ្នក​រាល់​គ្នា។ ចូរ​ប្រាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា: “នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​នេះ ត្រូវ​យក​កូន​ចៀម​មួយ សម្រាប់​គ្រួសារ​នីមួយៗ ឬ​ផ្ទះ​នីមួយៗ បើ​គ្រួសារ​ណា​មាន​គ្នា​តិច​ពេក មិន​អាច​បរិភោគ​កូន​ចៀម​ទាំង​មូល​អស់ ត្រូវ​ឲ្យ​គេ​ចូល​រួម​ជា​មួយ​គ្រួសារ​ជិត​ខាង តាម​ចំនួន​មនុស្ស​ដែល​គេ​មាន រួច​ទើប​ជ្រើស‌រើស​សត្វ​មួយ​ដែល​អាច​បរិភោគ​អស់។ ត្រូវ​ឲ្យ​គេ​រើស​យក​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​ឈ្មោល មាន​អាយុ​មួយ​ខួប និង​ល្អ​ឥត​ខ្ចោះ។ អ្នក​រាល់​គ្នា​ត្រូវ​រក្សា​សត្វ​នោះ​ទុក​រហូត​ដល់​ថ្ងៃ​ទី​ដប់‌បួន​ក្នុង​ខែ​នេះ ទើប​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​អារ-ក​សត្វ​នោះ​ក្រោយ​ថ្ងៃ​លិច។ ត្រូវ​យក​ឈាម​សត្វ​ដែល​គេ​បាន​សម្លាប់​នោះ ទៅ​លាប​នៅ​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​នៅ​ខាង​លើ​ទ្វារ​ផ្ទះ​ដែល​គេ​បរិភោគ​សាច់។ នៅ​យប់​នោះ ត្រូវ​យក​សាច់​ទៅ​អាំង រួច​បរិភោគ​ជា​មួយ​នំប៉័ង​ឥត​មេ និង​បន្លែ​ល្វីង។ មិន​ត្រូវ​បរិភោគ​សាច់​ឆៅ ឬ​ស្ងោរ​ទេ គឺ​ត្រូវ​បរិភោគ​សាច់​អាំង​ទាំង​មូល​តែ​ម្ដង ដោយ​មាន​ក្បាល ជើង និង​គ្រឿង​ក្នុង​ផង។ មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ បើ​មាន​អ្វី​ដែល​នៅ​សេស‌សល់ នោះ​ត្រូវ​ប្រមូល​ដុត​ឲ្យ​អស់។ នៅ​ពេល​បរិភោគ ត្រូវ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង កាន់​ដំបង ដូច​រៀបចំ​ខ្លួន​ចេញ​ដំណើរ ហើយ​ត្រូវ​បរិភោគ​ឲ្យ​រហ័ស។ នេះ​ជា​ពិធី​បុណ្យ​ចម្លង*​ថ្វាយ​ព្រះ‌អម្ចាស់”។ នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប ហើយ​ប្រហារ​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ទាំង​មនុស្ស ទាំង​សត្វ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែងក្លាយ​ទាំង​អស់​របស់​ជន‌ជាតិ​អេស៊ីប។ ឈាម​ដែល​អ្នក​រាល់​គ្នា​លាប​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​នឹង​ធ្វើ​ជា​សញ្ញា​សម្គាល់​ថា អ្នក​រាល់​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។ ពេល​ឃើញ​ឈាម យើង​នឹង​រំលង​ផ្ទះ​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​រង​គ្រោះ​កាច នៅ​ពេល​ដែល​យើង​ប្រហារ​ស្រុក​អេស៊ីប​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​យក​ថ្ងៃ​នេះ​ធ្វើ​ជា​ថ្ងៃ​បុណ្យ​រំឭក​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​ជា​រៀង​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។ ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ។ ចាប់​ពី​ថ្ងៃ​ទី​មួយ​ទៅ អ្នក​រាល់​គ្នា​ត្រូវ​យក​មេ​នំប៉័ង​ចេញ​ឲ្យ​អស់​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា។ អ្នក​ណា​បរិភោគ​នំប៉័ង​មាន​មេ ចាប់​ពី​ថ្ងៃ​ទី​មួយ​ដល់​ថ្ងៃ​ទី​ប្រាំ‌ពីរ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។ នៅ​ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ប្រាំ‌ពីរ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រមូល​ផ្ដុំ​គ្នា​ជា​អង្គ​ប្រជុំ​ដ៏វិសុទ្ធ*។ ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ គឺ​អាច​ធ្វើ​បាន​តែ​ម្ហូប​អាហារ សម្រាប់​បរិភោគ​ប៉ុណ្ណោះ។ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ ដ្បិត​នៅ​ថ្ងៃ​នេះ​ហើយ ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ អ្នក​រាល់​គ្នា​ត្រូវ​តែ​គោរព​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត ជា​រៀង​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។ នៅ​ខែ​ទី​មួយ ចាប់​ពី​ល្ងាច​ថ្ងៃ​ទី​ដប់‌បួន​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​ម្ភៃ​មួយ អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំប៉័ង​ឥត​មេ។ ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ​នោះ មិន​ត្រូវ​ឲ្យ​មាន​មេ​នំប៉័ង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ដែល​បរិភោគ​នំប៉័ង​មាន​មេ នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​សហគមន៍​អ៊ីស្រា‌អែល ទោះ​បី​អ្នក​នោះ​ជា​សាសន៍​ដទៃ ឬ​ជា​ម្ចាស់​ស្រុក​ក្ដី។ ទោះ​បី​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ មិន​ត្រូវ​បរិភោគ​នំប៉័ង​មាន​មេ​ឡើយ គឺ​បរិភោគ​បាន​តែ​នំប៉័ង​ឥត​មេ​ប៉ុណ្ណោះ»។ លោក​ម៉ូសេ​បាន​ហៅ​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មក ហើយ​ប្រាប់​ថា៖ «សូម​អស់​លោក​យក​កូន​ចៀម ហើយ​សម្លាប់​វា​ធ្វើ​បុណ្យ​ចម្លង​សម្រាប់​ក្រុម​គ្រួសារ​របស់​អស់​លោក។ ចូរ​យក​មែក​ហ៊ីសុប*​ចង​ជា​កញ្ចុំ រួច​ជ្រលក់​ក្នុង​ផើង​ដែល​ដាក់​ឈាម ហើយ​យក​ឈាម​នោះ​ទៅ​លាប​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ចេញ​ពី​ផ្ទះ​របស់​ខ្លួន រហូត​ដល់​ព្រឹក។ ពេល​ព្រះ‌អម្ចាស់​យាង​កាត់​ស្រុក​អេស៊ីប ដើម្បី​ប្រហារ​ជន‌ជាតិ​អេស៊ីប ហើយ​ទត​ឃើញ​ឈាម​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ​នោះ ព្រះអង្គ​នឹង​យាង​រំលង​ផ្ទះ​របស់​អ្នក​រាល់​គ្នា មិន​ឲ្យ​មេ​បំផ្លាញ​ចូល​ទៅ​ប្រហារ​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ត្រូវ​គោរព​តាម​ច្បាប់​នេះ រហូត​ត​ទៅ។ នៅ​ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះ‌បន្ទូល​សន្យា អ្នក​រាល់​គ្នា​ត្រូវ​តែ​ធ្វើ​ពិធី​បុណ្យ​នេះ។ បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ពិធី​បុណ្យ​នេះ​មាន​អត្ថ‌ន័យ​ដូច​ម្ដេច ចូរ​ប្រាប់​ពួក​គេ​ថា: នេះ​ជា​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់។ កាល​ពួក​យើង​នៅ​ស្រុក​អេស៊ីប ព្រះអង្គ​ប្រហារ​ជន‌ជាតិ​អេស៊ីប តែ​ព្រះអង្គ​បាន​រំលង​ផ្ទះ​របស់​ពួក​យើង ហើយ​ទុក​ជីវិត​ឲ្យ​ពួក​យើង»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ នៅ​កណ្ដាល​អធ្រាត្រ ព្រះ‌អម្ចាស់​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ព្រះចៅ​ផារ៉ោន​ដែល​គ្រង​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ជាប់​គុក ព្រម​ទាំង​កូន​ដំបូង​ទាំង​ប៉ុន្មាន​របស់​ហ្វូង​សត្វ​ដែរ។ នៅ​យប់​នោះ ព្រះចៅ​ផារ៉ោន នាម៉ឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់ និង​ជន‌ជាតិ​អេស៊ីប​ទាំង​អស់ ក្រោក​ឡើង​គ្រប់ៗ​គ្នា ហើយ​មាន​ឮ​សម្រែក​ទ្រហោ​យំ​យ៉ាង​ខ្លាំង ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល ដ្បិត​គ្មាន​ផ្ទះ​ណា​មួយ​ដែល​គ្មាន​មនុស្ស​ស្លាប់​ទេ។ ព្រះចៅ​ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក​ទាំង​យប់ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ចូរ​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​យើង​ជា​ប្រញាប់​ទៅ! ចូរ​នាំ​គ្នា​ទៅ​បម្រើ​ព្រះ‌អម្ចាស់ ដូច​អ្នក​រាល់​គ្នា​បាន​សុំ​នោះ​ទៅ! ចូរ​នាំ​ហ្វូង​ចៀម និង​ហ្វូង​គោ​ទៅ​ជា​មួយ តាម​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ចុះ! បន្ទាប់​មក ចូរ​ឲ្យ​ពរ​យើង​ផង!»។ ដោយ​ជន‌ជាតិ​អេស៊ីប​ស្មាន​ថា គេ​មុខ​ជា​ស្លាប់​ទាំង​អស់ គេ​ក៏​បង្ខំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​ខ្លួន​ជា​បន្ទាន់។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ម្សៅ​ដែល​មិន​ទាន់​ដោរ និង​យក​ផើង​សម្រាប់​លាយ​ម្សៅ​រុំ​នឹង​អាវ​ធំ ហើយ​លី​ចេញ​ទៅ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ គឺ​ពួក​គេ​សុំ​របស់​របរ​ដែល​ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​សុំ​សម្លៀក‌បំពាក់ ពី​ជន‌ជាតិ​អេស៊ីប។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​អនុ‌គ្រោះ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល ដោយ​ប្រគល់​នូវ​អ្វីៗ​ដែល​ពួក​គេ​សុំ។ ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ជន‌ជាតិ​អេស៊ីប។ ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​ពី​ក្រុង​រ៉ាម‌សេស​ទៅ​ក្រុង​សិកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។ មាន​ប្រជា‌ជន​ដទៃ​ទៀត​ជា​ច្រើន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ដែរ ព្រម​ទាំង​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ផង។ ពួក​គេ​ប្រើ​ម្សៅ​មិន​ទាន់​ដោរ ដែល​គេ​បាន​យក​ពី​ស្រុក​អេស៊ីប​មក​នោះ ដុត​ជា​នំប៉័ង​ឥត​មេ ដ្បិត​ជន‌ជាតិ​អេស៊ីប​បាន​ដេញ​ពួក​គេ​ចេញ​មក​យ៉ាង​តក់‌ក្រហល់ គ្មាន​ពេល​នឹង​រៀបចំ​ស្បៀង សម្រាប់​បរិភោគ​តាម​ផ្លូវ​ឡើយ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ស្នាក់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ។ លុះ​ផុត​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ​ហើយ នៅ​ពេល​កំណត់​នេះ ប្រជា‌ជន​ទាំង​មូល​របស់​ព្រះ‌អម្ចាស់​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ នៅ​យប់​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​គ្រប់​ដំណ​ត​រៀង​ទៅ ត្រូវ​តែ​ចាំ​យាម ដើម្បី​នឹក​គុណ​ព្រះ‌អម្ចាស់​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ក្បួន​តម្រា​សម្រាប់​ពិធី​បុណ្យ​ចម្លង*​មាន​ដូច​ត​ទៅ: ជន​បរទេស​គ្មាន​សិទ្ធិ​ចូល​រួម​បរិភោគ​អាហារ​នៃ​ពិធី​បុណ្យ​ចម្លង​ទេ។ ទាសករ​ដែល​អ្នក​រាល់​គ្នា​ទិញ​មក អាច​បរិភោគ​អាហារ​នៃ​បុណ្យ​នេះ​បាន លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ​ជា​មុន​សិន។ សាសន៍​ដទៃ​ដែល​មក​រស់​នៅ​ជា​បណ្ដោះ‌អាសន្ន​ជា​មួយ​អ្នក​រាល់​គ្នា និង​ជន​បរទេស​ដែល​ស៊ី​ឈ្នួល​អ្នក​រាល់​គ្នា ក៏​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​នៃ​ពិធី​បុណ្យ​នេះ​ដែរ។ ត្រូវ​បរិភោគ​នៅ​ក្នុង​ផ្ទះ គឺ​មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ជា​ដាច់​ខាត ហើយ​មិន​ត្រូវ​បំបាក់​ឆ្អឹង​សត្វ​ឡើយ។ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ។ ប្រសិន​បើ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចង់​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់​ដែរ នោះ​ត្រូវ​ឲ្យ​ប្រុសៗ​របស់​ពួក​គេ​ទទួល​ពិធី​កាត់​ស្បែក​ជា​មុន​សិន ទើប​គេ​អាច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ដូច​ម្ចាស់​ស្រុក​ដែរ។ ជន​មិន​កាត់​ស្បែក​ពុំ​អាច​ចូល​រួម​បរិភោគ​អាហារ​នៃ​បុណ្យ​ចម្លង​ជា​ដាច់​ខាត។ មាន​ក្រឹត្យ‌វិន័យ​តែ​មួយ​សម្រាប់​ម្ចាស់​ស្រុក និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ នៅ​ថ្ងៃ​កំណត់​នោះ ព្រះ‌អម្ចាស់​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព។

ចែក​រំលែក
អាន និក្ខមនំ 12

និក្ខមនំ 12:1-51 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​នៅ​ស្រុក​អេស៊ីព្ទ​ថា ខែ​នេះ​ជា​ខែ​ដំបូង គឺ​ជា​ខែ​ដើម​ឆ្នាំ​សំរាប់​ឯង​រាល់​គ្នា ចូរ​ប្រកាស​ប្រាប់​ដល់​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា នៅ​ថ្ងៃ​១០​ខែ​នេះ ត្រូវ​ឲ្យ​គ្រប់​គ្នា​យក​កូន​ចៀម​១ តាម​ពួក​គ្រួ​ឪពុក​ខ្លួន គឺ​កូន​ចៀម​១​សំរាប់​គ្រួ​១ បើ​ផ្ទះ​ណា​មាន​គ្នា​តិច​ពេក មិន​ល្មម​ឲ្យ​អស់​កូន​ចៀម​១​បាន នោះ​ត្រូវ​ចូល​ជា​មួយ​នឹង​អ្នក​ជិត​ខាង​តាម​ចំនួន​មនុស្ស ត្រូវ​ឲ្យ​រាប់​ចំនួន​មនុស្ស​តាម​ដែល​គេ​បរិភោគ​កូន​ចៀម​១​បាន ត្រូវ​តែ​យក​កូន​ចៀម​ឈ្មោល​ឥត​ខ្ចោះ​មាន​អាយុ​១​ខួប ទោះ​ពី​ក្នុង​ហ្វូង​ចៀម​ឬ​ហ្វូង​ពពែ​ក៏​បាន រួច​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​១៤​ខែ​នេះ​ឯង នោះ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ត្រូវ​សំឡាប់​វា​នៅ​វេលា​ថ្ងៃ​លិច រួច​ត្រូវ​យក​ឈាម​វា​ប្រឡាក់​នៅ​ក្រប​ទ្វារ​ទាំង​សង​ខាង ហើយ​លើ​ធ្នឹម​ទ្វារ​របស់​ផ្ទះ​ដែល​គេ​បរិភោគ​ផង ត្រូវ​ឲ្យ​គេ​អាំង​សាច់ យក​ទៅ​បរិភោគ​ជា​មួយ​នឹង​នំបុ័ង​ឥត​ដំបែ ហើយ​នឹង​បន្លែ​ល្វីង​នៅ​យប់​នោះ​ឯង មិន​ត្រូវ​បរិភោគ​ឆៅ​ឬ​ស្ងោរ​ទេ គឺ​ត្រូវ​អាំង​វិញ ឲ្យ​មាន​ជាប់​ទាំង​ក្បាល​ទាំង​ជើង ហើយ​នឹង​អាការៈ​ខាង​ក្នុង​ផង កុំ​ទុក​ឲ្យ​អ្វី​នៅ​សល់​ដល់​ព្រឹក​ឲ្យ​សោះ បើ​មាន​សល់​អ្វី​ដល់​ព្រឹក នោះ​ត្រូវ​ដុត​ចោល​វិញ ហើយ​ត្រូវ​បរិភោគ​បែប​យ៉ាង​នេះ គឺ​ដោយ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង​ទាំង​កាន់​ដំបង​នៅ​ដៃ ហើយ​ត្រូវ​បរិភោគ​ឲ្យ​រហ័ស​ផង នេះ​ជា​ដំណើរ​រំលង​នៃ​ព្រះ‌យេហូវ៉ា ដ្បិត​នៅ​យប់​នោះ​អញ​នឹង​ដើរ​កាត់​ស្រុក​អេស៊ីព្ទ ហើយ​នឹង​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ក្នុង​ស្រុក ចាប់​តាំង​ពី​មនុស្ស​ដល់​សត្វ ព្រម​ទាំង​ធ្វើ​ទោស​ដល់​អស់​ទាំង​ព្រះ​នៃ​ស្រុក​អេស៊ីព្ទ​ផង គឺ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ឈាម​នោះ​នឹង​បាន​ជា​ទី​សំគាល់​សំរាប់​ឯង​រាល់​គ្នា​នៅ​ផ្ទះ​ណា​ដែល​ឯង​រាល់​គ្នា​អាស្រ័យ​នៅ កាល​ផ្ទះ​ណា​អញ​ឃើញ​ឈាម នោះ​អញ​នឹង​រំលង​ផុត​ពី​ឯង​រាល់​គ្នា​ទៅ ហើយ​នឹង​គ្មាន​សេចក្ដី​វេទនា​ណា​បំផ្លាញ​ឯង​រាល់​គ្នា ក្នុង​វេលា​ដែល​អញ​វាយ​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ ថ្ងៃ​នេះ​នឹង​បាន​ជា​សេចក្ដី​រំឭក​ដល់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​ថ្ងៃ​នេះ​ជា​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​ដំណ​រៀង‌រាប​ត​ទៅ។ ក្នុង​រវាង​៧​ថ្ងៃ ឯង​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំបុ័ង​ឥត​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង នោះ​ត្រូវ​យក​ដំបែ​ពី​ផ្ទះ​ចេញ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​មាន​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ជា​ដំបូង​រហូត​ដល់​ថ្ងៃ​ទី​៧ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​សាសន៍​អ៊ីស្រាអែល​ចេញ នៅ​ថ្ងៃ​ដំបូង ឯង​រាល់​គ្នា​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ ហើយ​ដល់​ថ្ងៃ​ទី​៧ នោះ​ក៏​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ទៀត នៅ​ថ្ងៃ​ទាំង​នោះ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​សោះ​ឡើយ ធ្វើ​បាន​តែ​ម្ហូប​ដែល​ត្រូវ​បរិភោគ​ប៉ុណ្ណោះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​បុណ្យ​នំបុ័ង​ឥត​ដំបែ​នេះ ដ្បិត​គឺ​នៅ​ថ្ងៃ​នេះ​ឯង​ដែល​អញ​បាន​នាំ​ពួក​កង​របស់​ឯង​រាល់​គ្នា ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ជា​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​ដំណ​រៀង‌រាប​ត​ទៅ នៅ​ថ្ងៃ​១៤​ខែ​ដំបូង នោះ​ពី​ល្ងាច ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នំបុ័ង​ឥត​ដំបែ ដរាប​ដល់​ល្ងាច​ថ្ងៃ​២១​ខែ​នោះ ក្នុង​រវាង​៧​ថ្ងៃ មិន​ត្រូវ​ឲ្យ​មាន​ដំបែ​នៅ​ក្នុង​ផ្ទះ​ឯង​រាល់​គ្នា​ទេ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​អ្វី​មាន​ដំបែ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ចេញ ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ​ឬ​ជា​អ្នក​ស្រុក​ក្តី មិន​ត្រូវ​ឲ្យ​បរិភោគ​អ្វី​ដែល​មាន​ដំបែ​ឲ្យ​សោះ នៅ​ក្នុង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន នោះ​ត្រូវ​បរិភោគ​តែ​នំបុ័ង​ឥត​ដំបែ​ម្យ៉ាង​ប៉ុណ្ណោះ។ នោះ​ម៉ូសេ​ក៏​ហៅ​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល​មក​ប្រាប់​ថា ចូរ​ទៅ​យក​កូន​ចៀម តាម​គ្រួ​នៃ​អ្នក​រាល់​គ្នា ហើយ​សំឡាប់​ធ្វើ​បុណ្យ​រំលង​ទៅ រួច​យក​មែក​ហ៊ីសុប​១​កញ្ចុំ​ជ្រលក់​ចុះ​ក្នុង​ឈាម​នៅ​ក្នុង​ផើង ប្រឡាក់​នឹង​ធ្នឹម ហើយ​នឹង​ក្រប​ទ្វារ​ទាំង​សង​ខាង ដោយ​ឈាម​ដែល​នៅ​ក្នុង​ផើង​នោះ ក្នុង​ពួក​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​អ្នក​ណា​មួយ​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​ខ្លួន​ឲ្យ​សោះ រហូត​ដល់​ព្រឹក​ឡើង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​កាត់​ស្រុក ដើម្បី​វាយ​ពួក​សាសន៍​អេស៊ីព្ទ កាល​ណា​ទ្រង់​ទត​ឃើញ​ឈាម​ប្រឡាក់​នៅ​ធ្នឹម ហើយ​នឹង​ក្រប​ទ្វារ​ទាំង​សង​ខាង នោះ​ទ្រង់​នឹង​រំលង​ហួស​ទ្វារ​នោះ​ទៅ មិន​ឲ្យ​មេ​បំផ្លាញ​ចូល​វាយ​ក្នុង​ផ្ទះ​អ្នក​រាល់​គ្នា​ទេ ដូច្នេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​របៀប​នេះ ទុក​ជា​ច្បាប់​សំរាប់​ខ្លួន​អ្នក​រាល់​គ្នា នឹង​កូន​ចៅ​ត​រៀង​ទៅ កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូល ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​មក​តាម​សេចក្ដី​សន្យា​ទ្រង់ នោះ​ត្រូវ​កាន់​តាម​របៀប​នេះ​កុំ​ខាន បើ​កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា តើ​របៀប​នេះ​មាន​ន័យ​ដូច​ម្តេច នោះ​ត្រូវ​ឆ្លើយ​ថា នេះ​គឺ​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​យាង​រំលង​ផ្ទះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ទ្រង់​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​បាន​ប្រោស​ឲ្យ​ពួក​ផ្ទះ​យើង​រាល់​គ្នា​រួច នោះ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល​គេ​ឱន​ក្បាល​ចុះ​ថ្វាយ‌បង្គំ ហើយ​នាំ​គ្នា​ទៅ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ នឹង​អើរ៉ុន គេ​ក៏​ធ្វើ​សំរេច​ការ​នោះ។ រីឯ​នៅ​កណ្តាល​អធ្រាត្រ​ក្នុង​យប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ផារ៉ោន ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ទោស​នៅ​ក្នុង​គុក ព្រម​ទាំង​កូន​ច្បង​នៃ​អស់​ទាំង​សត្វ​ផង ផារ៉ោន​ទ្រង់​ក៏​តើន​ឡើង​ទាំង​យប់ ព្រម​ទាំង​ពួក​មហា‌តលិក​ទ្រង់ នឹង​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា នោះ​ក៏​ឮ​សំរែក​ទ្រហោ‌យំ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គ្មាន​ផ្ទះ​ឯ​ណា​មួយ​ដែល​មិន​មាន​ម្នាក់​ស្លាប់​នោះ​ទេ ផារ៉ោន​ទ្រង់​មាន​បន្ទូល​ហៅ​ម៉ូសេ នឹង​អើរ៉ុន​មក​ទាំង​យប់​ប្រាប់​ថា ចូរ​ឯង​រាល់​គ្នា​ក្រោក​ឡើង​នាំ​គ្នា​ចេញ​ពី​កណ្តាល​រាស្ត្រ​អញ​នេះ​ទៅ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ផង ចូរ​ទៅ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​ឯង​រាល់​គ្នា​បាន​សូម​នោះ​ចុះ ចូរ​នាំ​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​ទៅ​ផង ដូច​ជា​បាន​សូម​ហើយ ទៅ​ចុះ ហើយ​សូម​ឲ្យ​ពរ​ដល់​អញ​ផង ពួក​សាសន៍​អេស៊ីព្ទ​ក៏​បង្ខំ​ពួក​អ៊ីស្រាអែល​ឲ្យ​ចេញ​ពី​ស្រុក​ទៅ​ជា​ប្រញាប់ ដោយ​ពាក្យ​ថា យើង​ស្លាប់​ទាំង​អស់​គ្នា​ហើយ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​យក​ម្សៅ​ដែល​មិន​ទាន់​ដាក់​ដំបែ នឹង​ស្នាច​សំរាប់​លាយ​ម្សៅ​រុំ​ក្នុង​អាវ​គេ​លី​ទៅ ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ គឺ​គេ​សូម​គ្រឿង​មាស គ្រឿង​ប្រាក់ នឹង​ខោ​អាវ​ពី​សាសន៍​អេស៊ីព្ទ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រកប​ដោយ​គុណ​នៃ​សាសន៍​អេស៊ីព្ទ ដល់​ម៉្លេះ​បាន​ជា​គេ​ចែក​ឲ្យ​តាម​ដែល​សូម យ៉ាង​នោះ​គេ​ក៏​បង្ហិន‌បង្ហោច​ដល់​ពួក​សាសន៍​អេស៊ីព្ទ។ ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ចេញ​ពី​ស្រុក​រ៉ាមសេស​ដើរ​ដោយ​ជើង​ទៅ​ដល់​សិកូត មាន​មនុស្ស​ប្រុសៗ​ចំនួន​៦​សែន​នាក់​ឥត​រាប់​កូន​ក្មេង​ឡើយ ក៏​មាន​មនុស្ស​សន្ធឹក​គ្រប់​បែប​ឡើង​ទៅ​ជា​មួយ​ដែរ ព្រម​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​គេ ជា​ហ្វូង​សត្វ​មាន​ប្រមាណ​សន្ធឹក​ណាស់ គេ​នាំ​គ្នា​យក​ម្សៅ ដែល​យក​ពី​ស្រុក​អេស៊ីព្ទ​មក ទៅ​ដុត​ធ្វើ​ជា​នំ​ឥត​ដំបែ ដ្បិត​មិន​ទាន់​បាន​ដាក់​ដំបែ​នៅ​ឡើយ​ទេ ពី​ព្រោះ​ពេល​ដែល​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឥត​មាន​ឲ្យ​បង្អែ‌បង្អង់​បាន​ទេ បាន​ជា​គេ​មិន​បាន​ធ្វើ​ម្ហូប‌ម្ហា​សំរាប់​តាម​ផ្លូវ​ឡើយ។ រីឯ​វេលា ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីព្ទ នោះ​បាន​៤៣០​ឆ្នាំ រួច​ដល់​ផុត​ពី​៤៣០​ឆ្នាំ​នោះ​ទៅ នៅ​ថ្ងៃ​ដដែល​នោះ​ឯង ពួក​កក‌កុញ​របស់​ព្រះ‌យេហូវ៉ា​គេ​ក៏​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ គឺ​ជា​យប់​១​ដែល​ត្រូវ​កាន់​យ៉ាង​សំខាន់​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យប់​នោះ​ឯង​ជា​យប់​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ត្រូវ​កាន់​យ៉ាង​សំខាន់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​ដំណ​គេ​ត​រៀង​ទៅ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា នេះ​ជា​ច្បាប់​សំរាប់​បុណ្យ​រំលង គឺ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ណា​បរិភោគ​បុណ្យ​នេះ​ឡើយ តែ​អស់​ទាំង​បាវ​បំរើ​ដែល​ឯង​រាល់​គ្នា​ទិញ​នឹង​ប្រាក់​មក បើ​កាល​ណា​បាន​កាត់​ស្បែក​ឲ្យ​ហើយ នោះ​ឲ្យ​គេ​បរិភោគ​ទៅ​បាន ឯ​អ្នក​ប្រទេស​ក្រៅ​ឬ​ជើង​ឈ្នួល នោះ​មិន​ត្រូវ​បរិភោគ​ទេ ត្រូវ​ឲ្យ​បរិភោគ​នៅ​ក្នុង​ផ្ទះ​តែ​១ មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ផង ត្រូវ​ឲ្យ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ធ្វើ​បុណ្យ​នេះ បើ​មាន​អ្នក​ប្រទេស​ក្រៅ​ណា​មួយ​មក​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ហើយ​ចង់​ធ្វើ​បុណ្យ​រំលង​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ត្រូវ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ទទួល​កាត់​ស្បែក​សិន ទើប​នឹង​ចូល​មក​ធ្វើ​បាន យ៉ាង​នេះ​គេ​នឹង​បាន​ដូច​ជា​អ្នក​ស្រុក​ដែរ តែ​អ្នក​ឯ​ណា​ដែល​មិន​បាន​កាត់​ស្បែក​សោះ នោះ​នឹង​បរិភោគ​បុណ្យ​នេះ​មិន​បាន​ឡើយ មាន​ច្បាប់​តែ​១​ប៉ុណ្ណោះ សំរាប់​ពួក​អ្នក​ស្រុក ហើយ​នឹង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ដែរ។ ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ក៏​ធ្វើ​ដូច្នោះ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ​នឹង​អើរ៉ុន គេ​បាន​ធ្វើ​សំរេច​ការ​ទាំង​នោះ ហើយ​នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា ទ្រង់​ក៏​នាំ​កូន​ចៅ​អ៊ីស្រាអែល ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដោយ​ពួក​កង​របស់​គេ។

ចែក​រំលែក
អាន និក្ខមនំ 12