និក្ខមនំ 12:1-10

និក្ខមនំ 12:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​នៅ​ស្រុក​អេស៊ីព្ទ​ថា៖ «ខែ​នេះ ជា​ខែ​ដំបូង គឺ​ជា​ខែ​ដើម​ឆ្នាំ​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ប្រកាស​ប្រាប់​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា នៅ​ថ្ងៃ​ទី​ដប់ ខែ​នេះ គ្រប់​គ្នា​ត្រូវ​យក​កូន​ចៀម​មួយ តាម​គ្រួសារ​របស់​ឪពុក​រៀងៗ​ខ្លួន គឺ​កូន​ចៀម​មួយ​សម្រាប់​គ្រួសារ​មួយ។ បើ​ផ្ទះ​ណា​មាន​គ្នា​តិច​ពេក មិន​អាច​បរិ‌ភោគ​កូន​ចៀម​មួយ​អស់ នោះ​ត្រូវ​ចូល​ជា‌មួយ​អ្នក​ជិត​ខាង​តាម​ចំនួន​មនុស្ស ត្រូវ​រាប់​ចំនួន​មនុស្ស​តាម​ដែល​គេ​បរិ‌ភោគ​កូន​ចៀម​មួយ​អស់។ ត្រូវ​យក​កូន​ចៀម ឬ​កូន​ពពែ​ឈ្មោល​ល្អ​ឥត​ខ្ចោះ មាន​អាយុ​មួយ​ខួប។ អ្នក​រាល់​គ្នា​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​ទី​ដប់​បួន​ក្នុង​ខែ​នេះ ទើប​ឲ្យ​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​សម្លាប់​វា​នៅ​ពេល​ថ្ងៃ​លិច។ ត្រូវ​យក​ឈាម​របស់​វា​ប្រឡាក់​នៅ​ក្រប​ទ្វារ​ផ្ទះ​ទាំង​សង​ខាង និង​លើ​ធ្នឹម​ទ្វារ​របស់​ផ្ទះ​ដែល​គេ​បរិ‌ភោគ​សាច់។ គេ​ត្រូវ​អាំង​សាច់​បរិ‌ភោគ​ជា‌មួយ​នំបុ័ង​ឥត​ដំបែ និង​បន្លែ​ល្វីង​នៅ​យប់​នោះ។ មិន​ត្រូវ​បរិ‌ភោគ​ឆៅ ឬ​ស្ងោរ​ឡើយ គឺ​ត្រូវ​អាំង​ឲ្យ​នៅ​ជាប់​ទាំង​ក្បាល​ទាំង​ជើង និង​គ្រឿង​ក្នុង​ផង។ កុំ​ឲ្យ​មាន​សល់​ដល់​ព្រឹក​ស្អែក បើ​មាន​សល់​អ្វី​ដល់​ព្រឹក​នោះ ត្រូវ​ដុត​ចោល។

ចែក​រំលែក
អាន និក្ខមនំ 12

និក្ខមនំ 12:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន នៅ​ស្រុក​អេស៊ីប​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​រាប់​ខែ​នេះ ជា​ខែ​ដំបូង គឺ​ខែ​ដើម​ឆ្នាំ​របស់​អ្នក​រាល់​គ្នា។ ចូរ​ប្រាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា: “នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​នេះ ត្រូវ​យក​កូន​ចៀម​មួយ សម្រាប់​គ្រួសារ​នីមួយៗ ឬ​ផ្ទះ​នីមួយៗ បើ​គ្រួសារ​ណា​មាន​គ្នា​តិច​ពេក មិន​អាច​បរិភោគ​កូន​ចៀម​ទាំង​មូល​អស់ ត្រូវ​ឲ្យ​គេ​ចូល​រួម​ជា​មួយ​គ្រួសារ​ជិត​ខាង តាម​ចំនួន​មនុស្ស​ដែល​គេ​មាន រួច​ទើប​ជ្រើស‌រើស​សត្វ​មួយ​ដែល​អាច​បរិភោគ​អស់។ ត្រូវ​ឲ្យ​គេ​រើស​យក​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​ឈ្មោល មាន​អាយុ​មួយ​ខួប និង​ល្អ​ឥត​ខ្ចោះ។ អ្នក​រាល់​គ្នា​ត្រូវ​រក្សា​សត្វ​នោះ​ទុក​រហូត​ដល់​ថ្ងៃ​ទី​ដប់‌បួន​ក្នុង​ខែ​នេះ ទើប​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​អារ-ក​សត្វ​នោះ​ក្រោយ​ថ្ងៃ​លិច។ ត្រូវ​យក​ឈាម​សត្វ​ដែល​គេ​បាន​សម្លាប់​នោះ ទៅ​លាប​នៅ​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​នៅ​ខាង​លើ​ទ្វារ​ផ្ទះ​ដែល​គេ​បរិភោគ​សាច់។ នៅ​យប់​នោះ ត្រូវ​យក​សាច់​ទៅ​អាំង រួច​បរិភោគ​ជា​មួយ​នំប៉័ង​ឥត​មេ និង​បន្លែ​ល្វីង។ មិន​ត្រូវ​បរិភោគ​សាច់​ឆៅ ឬ​ស្ងោរ​ទេ គឺ​ត្រូវ​បរិភោគ​សាច់​អាំង​ទាំង​មូល​តែ​ម្ដង ដោយ​មាន​ក្បាល ជើង និង​គ្រឿង​ក្នុង​ផង។ មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ បើ​មាន​អ្វី​ដែល​នៅ​សេស‌សល់ នោះ​ត្រូវ​ប្រមូល​ដុត​ឲ្យ​អស់។

ចែក​រំលែក
អាន និក្ខមនំ 12

និក្ខមនំ 12:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​នៅ​ស្រុក​អេស៊ីព្ទ​ថា ខែ​នេះ​ជា​ខែ​ដំបូង គឺ​ជា​ខែ​ដើម​ឆ្នាំ​សំរាប់​ឯង​រាល់​គ្នា ចូរ​ប្រកាស​ប្រាប់​ដល់​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា នៅ​ថ្ងៃ​១០​ខែ​នេះ ត្រូវ​ឲ្យ​គ្រប់​គ្នា​យក​កូន​ចៀម​១ តាម​ពួក​គ្រួ​ឪពុក​ខ្លួន គឺ​កូន​ចៀម​១​សំរាប់​គ្រួ​១ បើ​ផ្ទះ​ណា​មាន​គ្នា​តិច​ពេក មិន​ល្មម​ឲ្យ​អស់​កូន​ចៀម​១​បាន នោះ​ត្រូវ​ចូល​ជា​មួយ​នឹង​អ្នក​ជិត​ខាង​តាម​ចំនួន​មនុស្ស ត្រូវ​ឲ្យ​រាប់​ចំនួន​មនុស្ស​តាម​ដែល​គេ​បរិភោគ​កូន​ចៀម​១​បាន ត្រូវ​តែ​យក​កូន​ចៀម​ឈ្មោល​ឥត​ខ្ចោះ​មាន​អាយុ​១​ខួប ទោះ​ពី​ក្នុង​ហ្វូង​ចៀម​ឬ​ហ្វូង​ពពែ​ក៏​បាន រួច​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​១៤​ខែ​នេះ​ឯង នោះ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ត្រូវ​សំឡាប់​វា​នៅ​វេលា​ថ្ងៃ​លិច រួច​ត្រូវ​យក​ឈាម​វា​ប្រឡាក់​នៅ​ក្រប​ទ្វារ​ទាំង​សង​ខាង ហើយ​លើ​ធ្នឹម​ទ្វារ​របស់​ផ្ទះ​ដែល​គេ​បរិភោគ​ផង ត្រូវ​ឲ្យ​គេ​អាំង​សាច់ យក​ទៅ​បរិភោគ​ជា​មួយ​នឹង​នំបុ័ង​ឥត​ដំបែ ហើយ​នឹង​បន្លែ​ល្វីង​នៅ​យប់​នោះ​ឯង មិន​ត្រូវ​បរិភោគ​ឆៅ​ឬ​ស្ងោរ​ទេ គឺ​ត្រូវ​អាំង​វិញ ឲ្យ​មាន​ជាប់​ទាំង​ក្បាល​ទាំង​ជើង ហើយ​នឹង​អាការៈ​ខាង​ក្នុង​ផង កុំ​ទុក​ឲ្យ​អ្វី​នៅ​សល់​ដល់​ព្រឹក​ឲ្យ​សោះ បើ​មាន​សល់​អ្វី​ដល់​ព្រឹក នោះ​ត្រូវ​ដុត​ចោល​វិញ

ចែក​រំលែក
អាន និក្ខមនំ 12