និក្ខមនំ 11:1-7
និក្ខមនំ 11:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងនាំគ្រោះកាចមួយទៀតមកលើផារ៉ោន និងស្រុកអេស៊ីព្ទ ក្រោយនោះមក ស្តេចនឹងបើកឲ្យអ្នករាល់គ្នាចេញពីទីនេះទៅ។ កាលណាស្ដេចបើកឲ្យអ្នករាល់គ្នាចេញទៅ ស្ដេចនឹងដេញអ្នករាល់គ្នាឲ្យចេញទៅទាំងអស់។ ឥឡូវនេះ ចូរប្រាប់បណ្ដាជនទាំងប្រុសទាំងស្រីថា ម្នាក់ៗត្រូវសុំគ្រឿងមាស គ្រឿងប្រាក់ពីអ្នកជិតខាងរៀងៗខ្លួន»។ ព្រះយេហូវ៉ាក៏ធ្វើឲ្យបណ្ដាជនបានប្រកបដោយគុណនៅចំពោះសាសន៍អេស៊ីព្ទ ម្យ៉ាងទៀត លោកម៉ូសេជាមនុស្សដ៏សំខាន់នៅចំពោះពួកនាម៉ឺនមន្ត្រីរបស់ផារ៉ោន និងនៅចំពោះប្រជាជននៅក្នុងស្រុកអេស៊ីព្ទ។ លោកម៉ូសេទូលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ នៅកណ្ដាលអធ្រាត្រ យើងនឹងចេញទៅកណ្ដាលស្រុកអេស៊ីព្ទ។ កូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទនឹងត្រូវស្លាប់ ចាប់តាំងពីកូនច្បងរបស់ផារ៉ោន ដែលអង្គុយលើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់ស្រីបម្រើដែលនៅខាងក្រោយត្បាល់កិន និងអស់ទាំងកូនច្បងក្នុងហ្វូងសត្វទៀតផង។ គេនឹងស្រែកទ្រហោយំនៅពាសពេញស្រុកអេស៊ីព្ទទាំងមូល ដែលតាំងពីដើមមក ហេតុការណ៍បែបនេះមិនដែលធ្លាប់មានឡើយ ហើយទៅមុខទៀតក៏គ្មានដែរ។ ប៉ុន្តែ នៅក្នុងចំណោមកូនចៅអ៊ីស្រាអែល ចាប់តាំងពីមនុស្សដល់សត្វ នោះសូម្បីតែឆ្កែមួយក្បាល ក៏មិនកម្រើកអណ្ដាតទាស់នឹងគេឡើយ នេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា ព្រះយេហូវ៉ារាប់សាសន៍អេស៊ីព្ទ និងសាសន៍អ៊ីស្រាអែលផ្សេងពីគ្នា។
និក្ខមនំ 11:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងនាំគ្រោះកាចមួយទៀត ជាគ្រោះកាចចុងក្រោយ មកប្រហារស្ដេចផារ៉ោន និងស្រុកអេស៊ីប។ លើកនេះ ស្ដេចពិតជាបើកឲ្យអ្នករាល់គ្នាចេញទៅពុំខាន។ ស្ដេចមិនត្រឹមតែបើកឲ្យអ្នករាល់គ្នាទៅតែប៉ុណ្ណោះទេ គឺថែមទាំងដេញអ្នករាល់គ្នាឲ្យទៅរហូត។ ចូរប្រាប់កូនចៅអ៊ីស្រាអែលទាំងប្រុសទាំងស្រី ឲ្យសុំរបស់របរជាមាសជាប្រាក់ពីអ្នកជិតខាង»។ ព្រះអម្ចាស់ធ្វើឲ្យជនជាតិអេស៊ីបស្រឡាញ់រាប់អានជនជាតិអ៊ីស្រាអែល។ ម្យ៉ាងទៀត ពួកនាម៉ឺនមន្ត្រីរបស់ស្ដេចផារ៉ោន និងប្រជាជននៅស្រុកអេស៊ីប នាំគ្នាគោរពលោកម៉ូសេយ៉ាងខ្លាំង។ លោកម៉ូសេទូលព្រះចៅផារ៉ោនថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “នៅកណ្ដាលអធ្រាត្រ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប។ កូនច្បងទាំងអស់នៃស្រុកអេស៊ីបនឹងត្រូវស្លាប់ គឺចាប់ពីបុត្រច្បងរបស់ស្ដេចផារ៉ោន ដែលត្រូវឡើងសោយរាជ្យ រហូតដល់កូនប្រុសច្បងរបស់ទាសី ដែលជាអ្នកកិនស្រូវ ព្រមទាំងកូនដំបូងនៃហ្វូងសត្វទៀតផង។ ពេលនោះ ក្នុងស្រុកអេស៊ីបទាំងមូល គេនឹងឮសូរសម្រែកទ្រហោយំ។ តាំងពីដើមរៀងមកមិនធ្លាប់មានដូច្នេះទេ ហើយទៅមុខទៀតក៏គ្មានដែរ។ ប៉ុន្តែ ក្នុងចំណោមជនជាតិអ៊ីស្រាអែលវិញ គេមិនឮសំឡេងអ្វីឡើយ សូម្បីឆ្កែក៏មិនឮព្រុសដាក់មនុស្ស ឬសត្វណាមួយផង។ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា ព្រះអម្ចាស់មិនធ្វើទោសជនជាតិអ៊ីស្រាអែល ដូចព្រះអង្គធ្វើទោសជនជាតិអេស៊ីបឡើយ”។
និក្ខមនំ 11:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា អញនឹងនាំសេចក្ដីវេទនា១ទៀតមកលើផារ៉ោន ហើយនឹងស្រុកអេស៊ីព្ទ រួចអំពីនោះស្តេចនឹងបើកឲ្យឯងរាល់គ្នាចេញពីនេះទៅ ហើយកាលណាឲ្យទៅ នោះនឹងបង្ខំឲ្យចេញផុតពីនេះទៅទាំងអស់គ្នាផង ចូរនិយាយដាក់ត្រចៀកបណ្តាជនទាំងឡាយឥឡូវចុះ ប្រយោជន៍ឲ្យគេទាំងប្រុសទាំងស្រីបានសូមគ្រឿងមាស គ្រឿងប្រាក់ពីអ្នកជិតខាងរៀងខ្លួន ព្រះយេហូវ៉ាទ្រង់ក៏ធ្វើឲ្យពួកជនបានប្រកបដោយគុណនៃពួកសាសន៍អេស៊ីព្ទ ១ទៀតម៉ូសេក៏ជាអ្នកធំនៅភ្នែកនៃពួកមហាតលិកផារ៉ោន ហើយនឹងបណ្តាជនទាំងឡាយនៅស្រុកអេស៊ីព្ទផង។ ម៉ូសេក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដល់កណ្តាលអធ្រាត្រអញនឹងចេញទៅនាកណ្តាលស្រុកអេស៊ីព្ទ នោះអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទនឹងស្លាប់ ចាប់តាំងពីកូនច្បងរបស់ផារ៉ោនដែលគង់លើបល្ល័ង្ករាជ្យ ចុះមកដល់កូនច្បងរបស់បាវស្រីដែលនៅខាងក្រោយត្បាល់កិន ហើយគ្រប់ទាំងកូនច្បងក្នុងហ្វូងសត្វដែរ នោះគេនឹងស្រែកទ្រហោយំនៅពេញក្នុងស្រុកអេស៊ីព្ទ ដល់ម៉្លេះបានជាពីដើមមក មិនដែលមានដូច្នេះឡើយ ហើយទៅមុខទៀតក៏មិនដែលមានដែរ ប៉ុន្តែនៅក្នុងពួកកូនចៅអ៊ីស្រាអែល ចាប់តាំងពីមនុស្សដល់សត្វ នោះសូម្បីតែឆ្កែ១ក៏នឹងមិនកំរើកអណ្តាតទាស់នឹងគេឡើយ នេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា ព្រះយេហូវ៉ាទ្រង់រាប់សាសន៍អេស៊ីព្ទ នឹងសាសន៍អ៊ីស្រាអែលផ្សេងអំពីគ្នា