និក្ខមនំ 10:21-29

និក្ខមនំ 10:21-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ ដើម្បី​ឲ្យ​មាន​ងងឹត​គ្រប​ដណ្ដប់​លើ​ស្រុក​អេស៊ីព្ទ គឺ​ជា​ងងឹត​ដែល​មើល​អ្វី​មិន​ឃើញ​ឡើយ»។ លោក​ក៏​លើក​ដៃ​ទៅ​លើ​មេឃ នោះ​ក៏​មាន​ងងឹត​យ៉ាង​ក្រាស់​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល អស់​រយៈ​ពេល​បី​ថ្ងៃ។ គេ​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​សោះ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នោះ គ្មាន​អ្នក​ណា​អាច​ក្រោក​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ឡើយ តែ​កន្លែង​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​មាន​ពន្លឺ​វិញ។ ពេល​នោះ ផារ៉ោន​ហៅ​លោក​ម៉ូសេ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ទៅ​ចុះ ចូរ​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​ចុះ ទុក​តែ​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ កូនៗ​របស់​អ្នក​រាល់​គ្នា​អាច​ទៅ​ជា‌មួយ​បាន»។ ប៉ុន្ដែ លោក​ម៉ូសេ​ប្រកែក​ថា៖ «ព្រះ‌ករុណា​ត្រូវ​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​មាន​សត្វ​សម្រាប់​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ។ យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទៅ​ជា‌មួយ មិន​ឲ្យ​មាន​សល់​ក្រចក​ណា​មួយ​ឡើយ ព្រោះ​យើង​ខ្ញុំ​ត្រូវ​យក​ហ្វូង​សត្វ​នោះ​ទៅ​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ថា ត្រូវ​យក​អ្វី​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​ដែរ ទាល់​តែ​បាន​ទៅ​ដល់​ទី​នោះ»។ ប៉ុន្ដែ ព្រះ‌យេហូវ៉ាធ្វើ​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង​ទៀត ហើយ​ស្តេច​មិន​ព្រម​បើក​ឲ្យ​គេ​ទៅ​ទេ។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ចូរ​ចេញ​ពី​យើង​ទៅ ត្រូវ​ប្រយ័ត្ន កុំ​មក​ជួប​មុខ​យើង​ទៀត​ឲ្យ​សោះ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​អ្នក​មក​ជួប​មុខ​យើង នោះ​អ្នក​ត្រូវ​ស្លាប់​ជា​មិន​ខាន»។ លោក​ម៉ូសេ​តប​ថា៖ «ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ត្រូវ​ហើយ! ទូល‌បង្គំ​នឹង​លែង​មក​ជួប​ព្រះភក្ត្រ​ព្រះ‌ករុណា​ទៀត​ហើយ»។

ចែក​រំលែក
អាន និក្ខមនំ 10

និក្ខមនំ 10:21-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ នោះ​នឹង​មាន​ភាព​ងងឹត​អន្ធការ​គ្រប​ដណ្ដប់​លើ​ស្រុក​អេស៊ីប គឺ​ភាព​ងងឹត​សូន្យ‌សុង មើល​អ្វី​មិន​ឃើញ​ឡើយ»។ លោក​ម៉ូសេ​លើក​ដៃ​ទៅ​លើ​មេឃ ពេល​នោះ ភាព​ងងឹត​សូន្យ‌សុង​ក៏​គ្រប​ដណ្ដប់​លើ​ស្រុក​អេស៊ីប​ទាំង​មូល​អស់​រយៈ​ពេល​បី​ថ្ងៃ។ ក្នុង​អំឡុង​បី​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ដែរ។ រីឯ​តំបន់​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​មាន​ពន្លឺ។ ព្រះចៅ​ផារ៉ោន​ក៏​ឲ្យ​គេ​ហៅ​លោក​ម៉ូសេ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ចុះ តែ​ត្រូវ​ទុក​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​ទី​នេះ។ អ្នក​រាល់​គ្នា​អាច​យក​ក្មេងៗ​ទៅ​ជា​មួយ​បាន»។ លោក​ម៉ូសេ​ទូល​ស្ដេច​វិញ​ថា៖ «សូម​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​នាំ​សត្វ​ទាំង​នោះ​ទៅ​ជា​មួយ ដើម្បី​ថ្វាយ​ជា​យញ្ញ‌បូជា និង​ជា​តង្វាយ​ដុត​ទាំង​មូល*​ដល់​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។ យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទាំង​អស់​ទៅ​ជា​មួយ ដោយ​ឥត​ទុក​សត្វ​ណា​មួយ​ឲ្យ​នៅ​ទី​នេះ​ទេ។ យើង​ខ្ញុំ​ត្រូវ​ថ្វាយ​ពួក​វា​មួយ​ចំនួន​ដល់​ព្រះ‌អម្ចាស់ ប៉ុន្តែ មុន​នឹង​ទៅ​ដល់​ទី‌ដៅ យើង​ខ្ញុំ​ក៏​ពុំ​បាន​ដឹង​ថា តើ​ត្រូវ​ថ្វាយ​សត្វ​ណា​នៅ​ឡើយ»។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ គឺ​មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចេញ​ពី​ទី​នេះ​ទៅ! កុំ​ត្រឡប់​មក​ឲ្យ​យើង​ឃើញ​មុខ​ទៀត​ឲ្យ​សោះ នៅ​ថ្ងៃ​ដែល​អ្នក​វិល​មក​ជួប​យើង​ទៀត នោះ​អ្នក​មុខ​ជា​ស្លាប់​ពុំ‌ខាន!»។ លោក​ម៉ូសេ​តប​ថា៖ «ក្រាប​ទូល! ទូលបង្គំ​នឹង​លែង​ជួប​ព្រះ‌ភ័ក្ត្រ​ព្រះ‌ករុណា ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មែន!»។

ចែក​រំលែក
អាន និក្ខមនំ 10

និក្ខមនំ 10:21-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​លើ​ដៃ​ទៅ​លើ​មេឃ ឲ្យ​មាន​ងងឹត​នៅ​លើ​ស្រុក​អេស៊ីព្ទ គឺ​ជា​ងងឹត​ដែល​នាំ​ឲ្យ​ស្ទាប​រាវ លោក​ក៏​លើក​ដៃ​ទៅ​លើ​មេឃ នោះ​មាន​ងងឹត​យ៉ាង​ក្រាស់​ណាស់​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​អស់​ចំនួន​៣​ថ្ងៃ គេ​មើល​គ្នា​មិន​ឃើញ​សោះ ក្នុង​វេលា​៣​ថ្ងៃ​នោះ​ឥត​មាន​អ្នក​ក្រោក​ពី​កន្លែង​ខ្លួន​ឡើយ តែ​នៅ​ក្នុង​ផ្ទះ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​មាន​ពន្លឺ​វិញ។ ឯ​ផារ៉ោន ទ្រង់​មាន​បន្ទូល​ហៅ​ម៉ូសេ​មក ប្រាប់​ថា ទៅ​ចុះ ចូរ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ចុះ ឲ្យ​ទុក​តែ​ហ្វូង​ចៀម ហើយ​នឹង​ហ្វូង​គោ​ឯង​រាល់​គ្នា​ប៉ុណ្ណោះ ចូរ​យក​ទាំង​កូន​តូចៗ​ទៅ​ជា​មួយ​ផង តែ​ម៉ូសេ​ប្រកែក​ថា ទេ ត្រូវ​ឲ្យ​ទ្រង់​ប្រទាន​សត្វ​សំរាប់​ជា​យញ្ញ‌បូជា នឹង​ដង្វាយ​ដុត​មក​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​បាន​រៀប​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទៅ​ជា​មួយ មិន​ត្រូវ​នៅ​សល់ សូម្បី​តែ​ក្រចក​សត្វ​ណា​មួយ​ផង ព្រោះ​យើង​ខ្ញុំ​ត្រូវ​យក​ពី​ហ្វូង​សត្វ​នោះ នឹង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ជា​ត្រូវ​យក​អ្វី ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ដែរ ទាល់​តែ​បាន​ដល់​ទៅ​ទី​នោះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង​ទៀត ហើយ​ស្តេច​មិន​ព្រម​បើក​ឲ្យ​គេ​ទៅ​ទេ ផារ៉ោន​ក៏​មាន​បន្ទូល​ទៅ​លោក​ថា ថយ​ចេញ​ពី​អញ​ទៅ ចូរ​ប្រយ័ត កុំ​ឲ្យ​មក​នៅ​មុខ​អញ​ទៀត​ឡើយ ដ្បិត​បើ​ថ្ងៃ​ណា​ដែល​ឯង​មក​នៅ​មុខ​អញ នោះ​ឯង​នឹង​ត្រូវ​ស្លាប់ ម៉ូសេ​ក៏​ទូល​ឆ្លើយ​ថា បន្ទូល​នោះ​ត្រូវ​ណាស់ ទូលបង្គំ​លែង​មក​គាល់​ទ្រង់​ទៀត​ហើយ។

ចែក​រំលែក
អាន និក្ខមនំ 10