និក្ខមនំ 10:1-7
និក្ខមនំ 10:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបផារ៉ោន ដ្បិតយើងបានធ្វើឲ្យស្តេច និងពួកនាម៉ឺនមន្ត្រីរបស់ស្ដេចមានចិត្តរឹងទទឹង ដើម្បីឲ្យយើងបានសម្តែងអស់ទាំងទីសម្គាល់របស់យើង នៅក្នុងចំណោមពួកគេ ហើយអ្នកអាចនិទានប្រាប់កូន និងចៅរបស់អ្នករាល់គ្នាពីការដែលយើងបានធ្វើនៅស្រុកអេស៊ីព្ទ និងពីទីសម្គាល់ទាំងប៉ុន្មានដែលយើងបានសម្តែងនៅក្នុងចំណោមពួកគេ យ៉ាងនោះ អ្នកនឹងបានដឹងថា យើងជាព្រះយេហូវ៉ា»។ លោកម៉ូសេ និងលោកអើរ៉ុនចូលទៅគាល់ផារ៉ោន ហើយទូលថា៖ «ព្រះយេហូវ៉ាជាព្រះរបស់សាសន៍ហេព្រើរមានព្រះបន្ទូលដូច្នេះ "តើអ្នកនៅតែមិនព្រមបន្ទាបខ្លួននៅមុខយើងដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង។ ប្រសិនបើអ្នកមិនព្រមឲ្យប្រជារាស្ត្ររបស់យើងចេញទៅទេ នៅថ្ងៃស្អែក យើងនឹងនាំហ្វូងកណ្តូបមកក្នុងស្រុករបស់អ្នក វានឹងមកពេញដី ទាល់តែមើល៍ដីមិនឃើញ ហើយនឹងស៊ីរបស់ទាំងអស់ដែលនៅសល់ពីព្រឹល វានឹងស៊ីអស់ទាំងដើមឈើដែលដុះនៅចម្ការរបស់អ្នករាល់គ្នា។ វានឹងចូលពេញក្នុងផ្ទះរបស់អ្នក ផ្ទះរបស់ពួកនាម៉ឺនមន្ត្រីរបស់អ្នក និងផ្ទះរបស់សាសន៍អេស៊ីព្ទទាំងអស់ដែរ ជាហេតុការណ៍ដែលឪពុក និងដូនតារបស់អ្នករាល់គ្នាមិនដែលឃើញបែបនេះឡើយ រហូតដល់សព្វថ្ងៃ"»។ បន្ទាប់មក លោកក៏ចេញពីផារ៉ោនទៅ។ ពួកនាម៉ឺនមន្ត្រីរបស់ផារ៉ោនទូលថា៖ «តើទុកអ្នកនេះឲ្យធ្វើជាអន្ទាក់ដល់យើងដល់កាលណាទៀត? សូមឲ្យគេចេញទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់គេទៅ តើព្រះករុណាមិនទាន់ជ្រាបថា ស្រុកអេស៊ីព្ទខូចអស់ហើយទេឬ?»។
និក្ខមនំ 10:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ដ្បិតយើងបានធ្វើឲ្យស្ដេច និងនាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសម្តែងទីសម្គាល់ដ៏អស្ចារ្យនៅក្នុងចំណោមពួកគេ។ ដូច្នេះ អ្នកអាចតំណាលប្រាប់កូន និងចៅ នៅជំនាន់ក្រោយថា យើងបានប្រព្រឹត្តចំពោះជនជាតិអេស៊ីបរបៀបណា ហើយយើងបានសម្តែងទីសម្គាល់ដ៏អស្ចារ្យអ្វីខ្លះ នៅក្នុងចំណោមពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។ លោកម៉ូសេ និងលោកអើរ៉ុនទៅគាល់ព្រះចៅផារ៉ោន ហើយទូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់ជនជាតិហេប្រឺ មានព្រះបន្ទូលដូចតទៅ: “តើអ្នកមិនព្រមដាក់ខ្លួននៅចំពោះមុខយើងដូច្នេះ ដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។ បើអ្នកមិនព្រមបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅទេ ថ្ងៃស្អែក យើងនឹងប្រើហ្វូងកណ្ដូបឲ្យចូលមករាតត្បាតដែនដីរបស់អ្នក។ វានឹងមកទំពាសពេញក្នុងស្រុក រហូតដល់មើលដីលែងឃើញទៀត។ វានឹងស៊ីផលដំណាំដែលនៅសេសសល់ពីព្រឹល វានឹងស៊ីបង្ហិនដើមឈើទាំងប៉ុន្មានរបស់អ្នករាល់គ្នា ដែលដុះនៅតាមទីវាល។ វានឹងចូលពេញក្នុងវាំងរបស់អ្នក ព្រមទាំងក្នុងផ្ទះរបស់ពួកនាម៉ឺនមន្ត្រីទាំងអស់ និងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់ទៀតផង។ តាំងពីដូនតារបស់អ្នករហូតមកទល់សព្វថ្ងៃ មិនដែលមាននរណាជួបប្រទះហេតុការណ៍បែបនេះឡើយ”»។ បន្ទាប់មក លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន។ ពួកនាម៉ឺនមន្ត្រីទាំងប៉ុន្មានទូលស្ដេចថា៖ «តើជននេះធ្វើឲ្យយើងរងទុក្ខលំបាកដល់កាលណាទៀត? សូមព្រះករុណាបើកឲ្យពួកគេចេញទៅគោរពបម្រើព្រះអម្ចាស់ជាព្រះរបស់ពួកគេទៅ តើព្រះករុណាមិនទាន់ជ្រាបថា ស្រុកអេស៊ីបកំពុងតែវិនាសទេឬ?»។
និក្ខមនំ 10:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរទៅគាល់ផារ៉ោន ដ្បិតអញបានបណ្តាលឲ្យចិត្តទ្រង់នឹងចិត្តនៃពួកមហាតលិកទ្រង់រឹងទទឹង ដើម្បីឲ្យអញបានសំដែងអស់ទាំងទីសំគាល់របស់អញ នៅក្នុងចំណោមពួកគេ ហើយឲ្យឯងបាននិទានប្រាប់ដល់កូនចៅឯងពីការដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ នឹងពីទីសំគាល់ទាំងប៉ុន្មានដែលអញបានសំដែងនៅក្នុងពួកគេ យ៉ាងនោះ ឯងនឹងបានដឹងថា អញនេះជាព្រះយេហូវ៉ាពិត នោះម៉ូសេ នឹងអើរ៉ុនក៏ចូលទៅគាល់ផារ៉ោនទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានបន្ទូលដូច្នេះ តើឯងនៅតែមិនព្រមបន្ទាបខ្លួននៅមុខអញ ដើម្បីនឹងឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញដល់កាលណាទៀត បើឯងមិនព្រមឲ្យរាស្ត្រអញចេញទៅទេ នោះមើល ដល់ថ្ងៃស្អែក អញនឹងនាំហ្វូងកណ្តូបមកក្នុងស្រុក វានឹងមកគ្របពេញដី ទាល់តែមើលដីមិនឃើញទៀត ហើយនឹងស៊ីអស់ទាំងរបស់ដែលសល់នៅអំពីព្រឹល វានឹងស៊ីអស់ទាំងដើមឈើដែលដុះនៅចំការរបស់ឯងរាល់គ្នាផង វានឹងចូលពេញក្នុងផ្ទះឯង នឹងផ្ទះរបស់ពួកបំរើឯង ហើយនឹងផ្ទះនៃពួកសាសន៍អេស៊ីព្ទទាំងអស់ដែរ ដល់ម៉្លេះបានជាឪពុក នឹងពួកឰយុកោឯងរាល់គ្នាមិនដែលឃើញដូច្នោះឡើយ តាំងពីគេកើតឡើងរហូតដល់ឥឡូវនេះ នោះលោកក៏ថយចេញពីផារ៉ោនទៅ ឯពួកមហាតលិករបស់ផារ៉ោន គេទូលថា តើទុកឲ្យមនុស្សនោះធ្វើជាអន្ទាក់ដល់យើងរាល់គ្នាដល់កាលណាទៀត សូមឲ្យគេចេញទៅថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃគេទៅចុះ តើទ្រង់មិនទាន់ជ្រាបថាស្រុកអេស៊ីព្ទខូចអស់ហើយទេឬអី។