និក្ខមនំ 10:1-11
និក្ខមនំ 10:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបផារ៉ោន ដ្បិតយើងបានធ្វើឲ្យស្តេច និងពួកនាម៉ឺនមន្ត្រីរបស់ស្ដេចមានចិត្តរឹងទទឹង ដើម្បីឲ្យយើងបានសម្តែងអស់ទាំងទីសម្គាល់របស់យើង នៅក្នុងចំណោមពួកគេ ហើយអ្នកអាចនិទានប្រាប់កូន និងចៅរបស់អ្នករាល់គ្នាពីការដែលយើងបានធ្វើនៅស្រុកអេស៊ីព្ទ និងពីទីសម្គាល់ទាំងប៉ុន្មានដែលយើងបានសម្តែងនៅក្នុងចំណោមពួកគេ យ៉ាងនោះ អ្នកនឹងបានដឹងថា យើងជាព្រះយេហូវ៉ា»។ លោកម៉ូសេ និងលោកអើរ៉ុនចូលទៅគាល់ផារ៉ោន ហើយទូលថា៖ «ព្រះយេហូវ៉ាជាព្រះរបស់សាសន៍ហេព្រើរមានព្រះបន្ទូលដូច្នេះ "តើអ្នកនៅតែមិនព្រមបន្ទាបខ្លួននៅមុខយើងដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង។ ប្រសិនបើអ្នកមិនព្រមឲ្យប្រជារាស្ត្ររបស់យើងចេញទៅទេ នៅថ្ងៃស្អែក យើងនឹងនាំហ្វូងកណ្តូបមកក្នុងស្រុករបស់អ្នក វានឹងមកពេញដី ទាល់តែមើល៍ដីមិនឃើញ ហើយនឹងស៊ីរបស់ទាំងអស់ដែលនៅសល់ពីព្រឹល វានឹងស៊ីអស់ទាំងដើមឈើដែលដុះនៅចម្ការរបស់អ្នករាល់គ្នា។ វានឹងចូលពេញក្នុងផ្ទះរបស់អ្នក ផ្ទះរបស់ពួកនាម៉ឺនមន្ត្រីរបស់អ្នក និងផ្ទះរបស់សាសន៍អេស៊ីព្ទទាំងអស់ដែរ ជាហេតុការណ៍ដែលឪពុក និងដូនតារបស់អ្នករាល់គ្នាមិនដែលឃើញបែបនេះឡើយ រហូតដល់សព្វថ្ងៃ"»។ បន្ទាប់មក លោកក៏ចេញពីផារ៉ោនទៅ។ ពួកនាម៉ឺនមន្ត្រីរបស់ផារ៉ោនទូលថា៖ «តើទុកអ្នកនេះឲ្យធ្វើជាអន្ទាក់ដល់យើងដល់កាលណាទៀត? សូមឲ្យគេចេញទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់គេទៅ តើព្រះករុណាមិនទាន់ជ្រាបថា ស្រុកអេស៊ីព្ទខូចអស់ហើយទេឬ?»។ ដូច្នេះ គេនាំលោកម៉ូសេ និងលោកអើរ៉ុនមកគាល់ផារ៉ោន ហើយស្ដេចមានរាជឱង្ការថា៖ «ទៅចុះ ចូរទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ! ប៉ុន្តែ តើមានអ្នកណាខ្លះដែលត្រូវទៅ?» លោកម៉ូសេទូលឆ្លើយថា៖ «យើងខ្ញុំនឹងទៅទាំងចាស់ទាំងក្មេង ទាំងកូនប្រុសកូនស្រី ហ្វូងចៀម ហ្វូងគោរបស់យើងខ្ញុំទាំងអស់គ្នា ដ្បិតយើងខ្ញុំត្រូវប្រារព្ធពិធីបុណ្យថ្វាយព្រះយេហូវ៉ា»។ ស្តេចមានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ាគង់ជាមួយអ្នករាល់គ្នាចុះ ប្រសិនបើយើងបើកឲ្យអ្នករាល់គ្នា និងកូនតូចៗរបស់អ្នករាល់គ្នាទៅមែន! តែច្បាស់ហើយ អ្នករាល់គ្នាមានគំនិតអាក្រក់។ ទេ មិនកើតទេ ចូរអ្នករាល់គ្នាចេញទៅថ្វាយបង្គំព្រះយេហូវ៉ាតែប្រុសៗបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏បណ្តេញលោកទាំងពីរចេញពីមុខផារ៉ោនទៅ។
និក្ខមនំ 10:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ដ្បិតយើងបានធ្វើឲ្យស្ដេច និងនាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសម្តែងទីសម្គាល់ដ៏អស្ចារ្យនៅក្នុងចំណោមពួកគេ។ ដូច្នេះ អ្នកអាចតំណាលប្រាប់កូន និងចៅ នៅជំនាន់ក្រោយថា យើងបានប្រព្រឹត្តចំពោះជនជាតិអេស៊ីបរបៀបណា ហើយយើងបានសម្តែងទីសម្គាល់ដ៏អស្ចារ្យអ្វីខ្លះ នៅក្នុងចំណោមពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។ លោកម៉ូសេ និងលោកអើរ៉ុនទៅគាល់ព្រះចៅផារ៉ោន ហើយទូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់ជនជាតិហេប្រឺ មានព្រះបន្ទូលដូចតទៅ: “តើអ្នកមិនព្រមដាក់ខ្លួននៅចំពោះមុខយើងដូច្នេះ ដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។ បើអ្នកមិនព្រមបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅទេ ថ្ងៃស្អែក យើងនឹងប្រើហ្វូងកណ្ដូបឲ្យចូលមករាតត្បាតដែនដីរបស់អ្នក។ វានឹងមកទំពាសពេញក្នុងស្រុក រហូតដល់មើលដីលែងឃើញទៀត។ វានឹងស៊ីផលដំណាំដែលនៅសេសសល់ពីព្រឹល វានឹងស៊ីបង្ហិនដើមឈើទាំងប៉ុន្មានរបស់អ្នករាល់គ្នា ដែលដុះនៅតាមទីវាល។ វានឹងចូលពេញក្នុងវាំងរបស់អ្នក ព្រមទាំងក្នុងផ្ទះរបស់ពួកនាម៉ឺនមន្ត្រីទាំងអស់ និងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់ទៀតផង។ តាំងពីដូនតារបស់អ្នករហូតមកទល់សព្វថ្ងៃ មិនដែលមាននរណាជួបប្រទះហេតុការណ៍បែបនេះឡើយ”»។ បន្ទាប់មក លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន។ ពួកនាម៉ឺនមន្ត្រីទាំងប៉ុន្មានទូលស្ដេចថា៖ «តើជននេះធ្វើឲ្យយើងរងទុក្ខលំបាកដល់កាលណាទៀត? សូមព្រះករុណាបើកឲ្យពួកគេចេញទៅគោរពបម្រើព្រះអម្ចាស់ជាព្រះរបស់ពួកគេទៅ តើព្រះករុណាមិនទាន់ជ្រាបថា ស្រុកអេស៊ីបកំពុងតែវិនាសទេឬ?»។ គេនាំលោកម៉ូសេ និងលោកអើរ៉ុន មកគាល់ព្រះចៅផារ៉ោន ហើយស្ដេចក៏មានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាចុះ! ប៉ុន្តែ តើអ្នកណាខ្លះត្រូវចេញទៅ?»។ លោកម៉ូសេទូលថា៖ «យើងខ្ញុំនឹងទៅ ទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស និងកូនស្រី ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំនឹងចេញទៅធ្វើបុណ្យថ្វាយព្រះអម្ចាស់»។ ស្ដេចមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ថា យើងមិនបើកឲ្យអ្នករាល់គ្នានាំគ្រួសារចេញទៅជាមួយឡើយ ព្រោះយើងដឹងថា អ្នករាល់គ្នាមានគំនិតអាក្រក់។ ទេ មិនកើតទេ! ទុកឲ្យតែប្រុសៗចេញទៅគោរពបម្រើព្រះអម្ចាស់ប៉ុណ្ណោះបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏ដេញលោកទាំងពីរចេញពីព្រះចៅផារ៉ោន។
និក្ខមនំ 10:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរទៅគាល់ផារ៉ោន ដ្បិតអញបានបណ្តាលឲ្យចិត្តទ្រង់នឹងចិត្តនៃពួកមហាតលិកទ្រង់រឹងទទឹង ដើម្បីឲ្យអញបានសំដែងអស់ទាំងទីសំគាល់របស់អញ នៅក្នុងចំណោមពួកគេ ហើយឲ្យឯងបាននិទានប្រាប់ដល់កូនចៅឯងពីការដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ នឹងពីទីសំគាល់ទាំងប៉ុន្មានដែលអញបានសំដែងនៅក្នុងពួកគេ យ៉ាងនោះ ឯងនឹងបានដឹងថា អញនេះជាព្រះយេហូវ៉ាពិត នោះម៉ូសេ នឹងអើរ៉ុនក៏ចូលទៅគាល់ផារ៉ោនទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានបន្ទូលដូច្នេះ តើឯងនៅតែមិនព្រមបន្ទាបខ្លួននៅមុខអញ ដើម្បីនឹងឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញដល់កាលណាទៀត បើឯងមិនព្រមឲ្យរាស្ត្រអញចេញទៅទេ នោះមើល ដល់ថ្ងៃស្អែក អញនឹងនាំហ្វូងកណ្តូបមកក្នុងស្រុក វានឹងមកគ្របពេញដី ទាល់តែមើលដីមិនឃើញទៀត ហើយនឹងស៊ីអស់ទាំងរបស់ដែលសល់នៅអំពីព្រឹល វានឹងស៊ីអស់ទាំងដើមឈើដែលដុះនៅចំការរបស់ឯងរាល់គ្នាផង វានឹងចូលពេញក្នុងផ្ទះឯង នឹងផ្ទះរបស់ពួកបំរើឯង ហើយនឹងផ្ទះនៃពួកសាសន៍អេស៊ីព្ទទាំងអស់ដែរ ដល់ម៉្លេះបានជាឪពុក នឹងពួកឰយុកោឯងរាល់គ្នាមិនដែលឃើញដូច្នោះឡើយ តាំងពីគេកើតឡើងរហូតដល់ឥឡូវនេះ នោះលោកក៏ថយចេញពីផារ៉ោនទៅ ឯពួកមហាតលិករបស់ផារ៉ោន គេទូលថា តើទុកឲ្យមនុស្សនោះធ្វើជាអន្ទាក់ដល់យើងរាល់គ្នាដល់កាលណាទៀត សូមឲ្យគេចេញទៅថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃគេទៅចុះ តើទ្រង់មិនទាន់ជ្រាបថាស្រុកអេស៊ីព្ទខូចអស់ហើយទេឬអី។ មានគេនាំម៉ូសេនឹងអើរ៉ុនមកឯផារ៉ោនវិញ នោះទ្រង់មានបន្ទូលថា ទៅចុះ ទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាចុះ តើមានអ្នកណាខ្លះដែលទៅ ម៉ូសេទូលឆ្លើយថា យើងខ្ញុំនឹងទៅទាំងចាស់ទាំងក្មេង ទាំងកូនប្រុសកូនស្រី ហើយនឹងហ្វូងចៀមហ្វូងគោរបស់យើងខ្ញុំទាំងអស់គ្នា ដ្បិតនេះគឺជាបុណ្យព្រះយេហូវ៉ាសំរាប់យើងខ្ញុំរាល់គ្នា នោះទ្រង់មានបន្ទូលថា សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯងរាល់គ្នា ដូចជាអញបានប្រុងឲ្យឯងរាល់គ្នានឹងកូនចៅឯងទៅដែរ តែចូរប្រយ័ត ដ្បិតមានគ្រោះនៅខាងមុខឯងរាល់គ្នា ឈប់សិន ចូរឯងរាល់គ្នាចេញទៅតែពួកប្រុសៗប៉ុណ្ណោះ ដើម្បីនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាចុះ ដ្បិតឯងរាល់គ្នាបានសូមដូច្នេះហើយ រួចគេក៏បណ្តេញលោកទាំង២ចេញពីមុខផារ៉ោនទៅ។