និក្ខមនំ 1:8-14
និក្ខមនំ 1:8-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ មានស្តេចថ្មីមួយអង្គឡើងសោយរាជ្យនៅស្រុកអេស៊ីព្ទ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។ ស្ដេចមានរាជឱង្ការទៅប្រជារាស្ត្ររបស់ខ្លួនថា៖ «មើល៍! ប្រជាជនអ៊ីស្រាអែលមានគ្នាកាន់តែច្រើនឡើង ហើយក៏កាន់តែមានកម្លាំងជាងពួកយើងដែរ។ ឥឡូវនេះ យើង ត្រូវប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចម្រើនគ្នាច្រើនឡើង ហើយប្រសិនបើមានសង្គ្រាមកើតឡើង ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវដើម្បីច្បាំងនឹងយើង រួចនាំគ្នារត់ចេញពីស្រុក»។ ដូច្នេះ គេក៏ដាក់ឲ្យមានពួកតម្រួតត្រួតត្រា ដើម្បីធ្វើទុក្ខពួកអ៊ីស្រាអែល ដោយបង្ខំឲ្យធ្វើការជាទម្ងន់។ ពួកអ៊ីស្រាអែលបានសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ជាឃ្លាំងថ្វាយផារ៉ោន។ ប៉ុន្តែ ដែលធ្វើទុក្ខគេប៉ុណ្ណា នោះគេក៏ចម្រើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ ហើយសាសន៍អេស៊ីព្ទមានការភ័យខ្លាច ដោយព្រោះប្រជាជនអ៊ីស្រាអែល។ ដូច្នេះ ពួកអេស៊ីព្ទបានបង្ខំឲ្យប្រជាជនអ៊ីស្រាអែលធ្វើការយ៉ាងធ្ងន់ធ្ងរ ហើយធ្វើឲ្យជីវិតគេជូរល្វីងដោយការនឿយលំបាក គឺប្រើឲ្យធ្វើបាយអ និងធ្វើដុំឥដ្ឋ ព្រមទាំងធ្វើការនៅស្រែចម្ការគ្រប់មុខ។ ការងារដែលគេបង្ខំឲ្យធ្វើទាំងប៉ុន្មាន សុទ្ធតែជាការងារយ៉ាងតឹងរ៉ឹងទាំងអស់។
និក្ខមនំ 1:8-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានស្ដេចថ្មីមួយអង្គឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។ ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជនអេស៊ីបថា៖ «ឥឡូវនេះ ជនជាតិអ៊ីស្រាអែលមានគ្នាច្រើន និងមានកម្លាំងជាងពួកយើង។ ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំឲ្យកើនចំនួនច្រើនឡើងទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។ ជនជាតិអេស៊ីបបានតែងតាំងមេត្រួតត្រាលើជនជាតិអ៊ីស្រាអែល ដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រាអែលសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ដាក់ភោគទ្រព្យរបស់ព្រះចៅផារ៉ោន។ ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនជនជាតិអ៊ីស្រាអែលរឹតតែខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រាអែលកើនចំនួនរឹតតែច្រើនឡើង ហើយរស់នៅពាសពេញស្រុកយ៉ាងនោះដែរ ជាហេតុបណ្ដាលឲ្យជនជាតិអេស៊ីបភ័យខ្លាច។ ពេលនោះ ជនជាតិអេស៊ីបចាត់ទុកជនជាតិអ៊ីស្រាអែលជាទាសករ ហើយបង្ខិតបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ។ គេធ្វើឲ្យជនជាតិអ៊ីស្រាអែលវេទនាខ្លោចផ្សា គឺប្រើឲ្យជាន់ដីឥដ្ឋ ធ្វើដុំឥដ្ឋ និងធ្វើការគ្រប់មុខនៅតាមស្រែចម្ការ ពោលគឺប្រើឲ្យធ្វើការងារដ៏ធ្ងន់ធ្ងរគ្រប់យ៉ាង។
និក្ខមនំ 1:8-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ មានស្តេចថ្មី១អង្គសោយរាជ្យឡើងនៅស្រុកអេស៊ីព្ទ ស្តេចនោះមិនបានស្គាល់យ៉ូសែបទេ ទ្រង់មានបន្ទូលទៅបណ្តារាស្ត្ររបស់ទ្រង់ថា មើល ពួកជនជាតិអ៊ីស្រាអែលគេមានគ្នាច្រើន ក៏ស្តុកស្តម្ភជាងពួកយើងហើយ ចូរយើងប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចំរើនជាច្រើនឡើង ហើយបើកាលណាកើតមានចំបាំង នោះគេនឹងចូលទៅខាងពួកខ្មាំងសត្រូវ ដើម្បីច្បាំងនឹងយើងវិញ រួចចេញពីស្រុកបាត់ទៅ ដូច្នេះគេក៏ដាក់ឲ្យមាននាយដំរួត សំរាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែលដោយការនឿយលំបាកជាច្រើន ពួកអ៊ីស្រាអែលបានកសាងក្រុងពីថំ នឹងរ៉ាមសេស សំរាប់ជាឃ្លាំងថ្វាយផារ៉ោន ប៉ុន្តែដែលធ្វើទុក្ខគេប៉ុណ្ណា នោះគេក៏ចំរើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ ហើយសាសន៍អេស៊ីព្ទមានសេចក្ដីធុញទ្រាន់ ដោយព្រោះជនជាតិអ៊ីស្រាអែល ក៏ចាប់ប្រើគេឲ្យធ្វើការយ៉ាងតឹងរ៉ឹង ព្រមទាំងធ្វើឲ្យជីវិតគេ មានសេចក្ដីជូរល្វីង ដោយការលំបាកវេទនា គឺប្រើឲ្យធ្វើបាយអនឹងឥដ្ឋ ព្រមទាំងការនៅចំការគ្រប់មុខផង ឯការដែលគេចាប់ប្រើឲ្យធ្វើទាំងប៉ុន្មាននោះសុទ្ធតែការយ៉ាងតឹងរ៉ឹងទាំងអស់។