និក្ខមនំ 1:6-11
និក្ខមនំ 1:6-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយមក លោកយ៉ូសែប និងបងប្អូនរបស់លោក ព្រមទាំងមនុស្សជំនាន់នោះទាំងអស់បានស្លាប់អស់ទៅ។ ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលបានបង្កើតកូនចៅដុះដាល កើនចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកនោះ។ នៅគ្រានោះ មានស្តេចថ្មីមួយអង្គឡើងសោយរាជ្យនៅស្រុកអេស៊ីព្ទ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។ ស្ដេចមានរាជឱង្ការទៅប្រជារាស្ត្ររបស់ខ្លួនថា៖ «មើល៍! ប្រជាជនអ៊ីស្រាអែលមានគ្នាកាន់តែច្រើនឡើង ហើយក៏កាន់តែមានកម្លាំងជាងពួកយើងដែរ។ ឥឡូវនេះ យើង ត្រូវប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចម្រើនគ្នាច្រើនឡើង ហើយប្រសិនបើមានសង្គ្រាមកើតឡើង ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវដើម្បីច្បាំងនឹងយើង រួចនាំគ្នារត់ចេញពីស្រុក»។ ដូច្នេះ គេក៏ដាក់ឲ្យមានពួកតម្រួតត្រួតត្រា ដើម្បីធ្វើទុក្ខពួកអ៊ីស្រាអែល ដោយបង្ខំឲ្យធ្វើការជាទម្ងន់។ ពួកអ៊ីស្រាអែលបានសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ជាឃ្លាំងថ្វាយផារ៉ោន។
និក្ខមនំ 1:6-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយមក លោកយ៉ូសែប និងបងប្អូនរបស់លោក ព្រមទាំងកូនចៅរបស់លោកយ៉ាកុបមួយជំនាន់នោះបានស្លាប់អស់ទៅ។ ជនជាតិអ៊ីស្រាអែលបង្កើតកូនចៅបន្តពូជពង្សកើនចំនួនច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកអេស៊ីប។ មានស្ដេចថ្មីមួយអង្គឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។ ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជនអេស៊ីបថា៖ «ឥឡូវនេះ ជនជាតិអ៊ីស្រាអែលមានគ្នាច្រើន និងមានកម្លាំងជាងពួកយើង។ ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំឲ្យកើនចំនួនច្រើនឡើងទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។ ជនជាតិអេស៊ីបបានតែងតាំងមេត្រួតត្រាលើជនជាតិអ៊ីស្រាអែល ដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រាអែលសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ដាក់ភោគទ្រព្យរបស់ព្រះចៅផារ៉ោន។
និក្ខមនំ 1:6-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ូសែបក៏ស្លាប់ទៅ ព្រមទាំងបងប្អូនលោកទាំងអស់ នឹងអស់មនុស្សដំណនោះទាំងអស់ដែរ តែជនជាតិអ៊ីស្រាអែលគេបង្កើតកូនដុះដាលចំរើនជាច្រើនឡើង ក៏បានទៅជាស្តុកស្តម្ភឡើងសន្ធឹក ទាំងនៅកុះករពេញក្នុងស្រុកនោះ។ នៅគ្រានោះ មានស្តេចថ្មី១អង្គសោយរាជ្យឡើងនៅស្រុកអេស៊ីព្ទ ស្តេចនោះមិនបានស្គាល់យ៉ូសែបទេ ទ្រង់មានបន្ទូលទៅបណ្តារាស្ត្ររបស់ទ្រង់ថា មើល ពួកជនជាតិអ៊ីស្រាអែលគេមានគ្នាច្រើន ក៏ស្តុកស្តម្ភជាងពួកយើងហើយ ចូរយើងប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចំរើនជាច្រើនឡើង ហើយបើកាលណាកើតមានចំបាំង នោះគេនឹងចូលទៅខាងពួកខ្មាំងសត្រូវ ដើម្បីច្បាំងនឹងយើងវិញ រួចចេញពីស្រុកបាត់ទៅ ដូច្នេះគេក៏ដាក់ឲ្យមាននាយដំរួត សំរាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែលដោយការនឿយលំបាកជាច្រើន ពួកអ៊ីស្រាអែលបានកសាងក្រុងពីថំ នឹងរ៉ាមសេស សំរាប់ជាឃ្លាំងថ្វាយផារ៉ោន