នាងអេសធើរ 9:24-32
នាងអេសធើរ 9:24-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ដែលជាខ្មាំងសត្រូវរបស់ពួកសាសន៍យូដា បានបង្កើតឧបាយទាស់នឹងពួកសាសន៍យូដា ដើម្បីបំផ្លាញគេ ក៏បានវាយលេខតាមរបៀនពោរ គឺចាប់ឆ្នោត ដើម្បីកម្ទេច ហើយបំផ្លាញពួកគេ។ ប៉ុន្ដែ កាលព្រះនាងអេសធើរបានចូលទៅគាល់ស្តេច ស្ដេចបានក៏ចេញបញ្ជាដោយលាយលក្ខណ៍អក្សរ ដើម្បីឲ្យគម្រោងការដ៏អាក្រក់ ដែលហាម៉ានបានបង្កើតទាស់នឹងពួកសាសន៍យូដា វិលជះទៅលើក្បាលរបស់ខ្លួនវិញ ហើយឲ្យព្យួរវា និងកូនប្រុសៗរបស់វាទាំងអស់ នៅលើបង្គោល។ ហេតុនេះហើយបានជាគេហៅថ្ងៃទាំងពីរនោះថា «បុណ្យពួរីម» តាមពាក្យ «ពោរ» នោះឯង ហើយដោយព្រោះសេចក្ដីទាំងប៉ុន្មានដែលចែងក្នុងសំបុត្រនោះ និងដោយហេតុការណ៍ដែលគេប្រឈមមុខក្នុងរឿងនោះ ព្រមទាំងហេតុការណ៍ដែលបានកើតដល់ពួកគេ ពួកសាសន៍យូដាក៏ទទួលយកព្រឹត្តិការណ៍នោះ ទុកជាទំនៀមទម្លាប់សម្រាប់ខ្លួនគេ ហើយក៏ទទួលថា ខ្លួនគេ កូនចៅរបស់គេ និងអស់អ្នកណាដែលចូលសាសន៍របស់គេ នឹងកាន់ថ្ងៃទាំងពីរនោះ តាមសេចក្ដីដែលបានចែងទុក ហើយតាមវេលាកំណត់នោះរៀងរាល់ឆ្នាំ ឥតខកខានឡើយ ហើយថា គេនឹងនឹកចាំ ហើយកាន់ថ្ងៃទាំងពីរនោះ នៅគ្រប់ជំនាន់ គ្រប់ពូជអំបូរ នៅតាមខេត្ត និងតាមទីក្រុងរហូតតទៅ មិនឲ្យបាត់ពីពួកសាសន៍យូដាឡើយ ក៏មិនឲ្យកូនចៅរបស់គេឈប់នឹកនាពីថ្ងៃទាំងនោះដែរ។ គ្រានោះ ព្រះនាងអេសធើរ ជាអគ្គមហេសី ជាបុត្រីអ័ប៊ីហែល ព្រមទាំងម៉ាដេកាយ ជាសាសន៍យូដា បានសរសេរសំបុត្រមួយទៀត តាមអំណាចដែលលោកមាន ដើម្បីបញ្ជាក់ពីលើសំបុត្រទីពីរ អំពីបុណ្យពួរីម។ លោកក៏ផ្ញើសំបុត្រទៅពួកសាសន៍យូដាទាំងអស់ ដែលនៅក្នុងអាណាខេត្តទាំងមួយរយម្ភៃប្រាំពីរ ក្នុងនគររបស់ព្រះបាទអ័ហាស៊ូរុស ដោយពាក្យជូនពរឲ្យបានប្រកបដោយសេចក្ដីសុខសាន្ត និងស្រគត់ស្រគំ ហើយឲ្យប្រារព្ធថ្ងៃបុណ្យពួរីម តាមវេលាកំណត់ ដូចម៉ាដេកាយជាសាសន៍យូដា និងព្រះនាងអេសធើរជាអគ្គមហេសីបានតម្រូវដល់គេ ដូចជាគេបានតម្រូវសម្រាប់ខ្លួនគេ និងកូនចៅរបស់គេ ខាងឯដំណើរតមអាហារ និងការកាន់ទុក្ខរបស់គេដែរ។ រាជបញ្ជារបស់ព្រះនាងអេសធើរ បានបញ្ជាក់អំពីពិធីប្រារព្ធបុណ្យពួរីម ហើយរាជបញ្ជានោះត្រូវបានកត់ត្រាទុកក្នុងសៀវភៅ។
នាងអេសធើរ 9:24-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដើម្បីរំឭកពីគ្រាដែលបច្ចាមិត្តរបស់ជនជាតិយូដា គឺលោកហាម៉ានជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់ បានរៀបចំគម្រោងការប្រល័យពូជសាសន៍យូដា។ លោកហាម៉ានបានបោះពួរីម ដើម្បីផ្សងរកមើលថ្ងៃល្អ សម្រាប់ធ្វើទុក្ខទោស និងប្រល័យពូជសាសន៍យូដា។ ប៉ុន្តែ នៅពេលព្រះនាងអេសធើរចូលគាល់ព្រះរាជា នោះស្ដេចបានចេញបញ្ជា ដោយលាយលក្ខណ៍អក្សរ ឲ្យគេព្យួរ-កលោកហាម៉ាន និងកូនៗរបស់គាត់ គឺទុក្ខទោសដែលគាត់គ្រោងទុកសម្រាប់ជនជាតិយូដា បានធ្លាក់មកលើគាត់វិញ។ ហេតុនេះហើយបានជាគេហៅថ្ងៃនោះថា ថ្ងៃបុណ្យពួរីម តាមឈ្មោះប្រដាប់ផ្សងពួរីម។ ជនជាតិយូដាប្រារព្ធបុណ្យនោះ ដើម្បីរំឭកពីព្រឹត្តិការណ៍ដែលកើតឡើង ដូចមានចែងទុកក្នុងលិខិតរបស់លោកម៉ាដេកាយ ហើយពួកគេក៏បានឃើញ ព្រមទាំងជួបព្រឹត្តិការណ៍ទាំងនោះដែរ។ ជនជាតិយូដាយកព្រឹត្តិការណ៍នោះធ្វើជាបុណ្យប្រពៃណី ដែលពួកគេ ព្រមទាំងកូនចៅ និងអស់អ្នកដែលចូលសាសន៍យូដា ត្រូវតែនាំគ្នាប្រារព្ធឥតប្រែប្រួលបានឡើយ គឺរៀងរាល់ឆ្នាំ គេប្រារព្ធពិធីបុណ្យទាំងពីរថ្ងៃនោះ តាមពេលកំណត់ និងតាមរបៀបដែលលោកម៉ាដេកាយបានបង្គាប់។ ពួកគេនាំគ្នារំឭក និងប្រារព្ធថ្ងៃបុណ្យនេះ ពីជំនាន់មួយទៅជំនាន់មួយ តាមក្រុមគ្រួសារ តាមស្រុក និងតាមក្រុងនានា។ ជនជាតិយូដាធ្វើពិធីបុណ្យពួរីមនេះ ដោយខានមិនបាន ដើម្បីឲ្យកូនចៅរបស់គេនៅជំនាន់ក្រោយ ចងចាំពីព្រឹត្តិការណ៍នោះជានិច្ច។ ព្រះមហាក្សត្រិយានីអេសធើរ ជាកូនរបស់លោកអប៊ីសាយ និងលោកម៉ាដេកាយ ដែលជាជនជាតិយូដាបានចងក្រងលិខិតមួយទៀត តាមអំណាចដែលលោកមាន ដើម្បីបញ្ជាក់ពីលើលិខិតមុន ស្ដីអំពីបុណ្យពួរីម។ គេបានផ្ញើលិខិតនេះទៅជនជាតិយូដាទាំងអស់ ដែលរស់នៅតាមអាណាខេត្តទាំងមួយរយម្ភៃប្រាំពីររបស់ព្រះចៅអហាស៊ូរុស ព្រមទាំងពាក្យជូនពរឲ្យបានប្រកបដោយសេចក្ដីសុខក្សេមក្សាន្តផង។ ជនជាតិយូដា និងពូជពង្សរបស់គេ ត្រូវប្រារព្ធពិធីបុណ្យពួរីម ស្របតាមសេចក្ដីដែលលោកម៉ាដេកាយ ជាជនជាតិយូដា និងព្រះមហាក្សត្រិយានីអេសធើរបានបង្គាប់ តាមថ្ងៃកំណត់ ដូចប្រារព្ធពិធីតមអាហារ និងបុណ្យជយឃោសដែរ។ រាជបញ្ជារបស់ព្រះនាងអេសធើរជាមូលដ្ឋាននៃពិធីបុណ្យពួរីម ហើយគេក៏បានចងក្រងទុកក្នុងកណ្ឌគម្ពីរនេះ។
នាងអេសធើរ 9:24-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដាបានបង្កើតឧបាយនឹងបំផ្លាញគេ ក៏បានវាយលេខតាមរបៀនពោរ គឺបានបោះឆ្នោត ដើម្បីនឹងបំផ្លាញគេ ហើយធ្វើឲ្យគេវិនាសបង់ តែកាលព្រះនាងអេសធើរបានចូលទៅគាល់ស្តេច នោះទ្រង់ក៏ចេញបង្គាប់ដោយសំបុត្រ ឲ្យឧបាយដ៏អាក្រក់ ដែលហាម៉ានបានបង្កើតទាស់នឹងពួកយូដានោះ បានវិលជះទៅលើក្បាលវាវិញ ហើយឲ្យព្យួរវា នឹងពួកកូនវាទាំងអស់ភ្ជាប់លើឈើផង ហេតុនោះបានជាគេហៅថ្ងៃទាំង២នោះថា «បុណ្យពោរ» តាមពាក្យ «ពោរ»នោះឯង ហើយដោយព្រោះសេចក្ដីទាំងប៉ុន្មានក្នុងសំបុត្រនោះ នឹងការទាំងប៉ុន្មានដែលគេបានឃើញពីដំណើរនោះ ព្រមទាំងការដែលបានកើតដល់គេផង បានជាពួកសាសន៍យូដា គេតាំងទំនៀមនោះទុក ហើយក៏ទទួលថា ខ្លួនគេ ពួកកូនចៅ នឹងអស់អ្នកណាដែលចូលសាសន៍គេ នឹងរក្សាថ្ងៃទាំង២នោះ តាមសេចក្ដីដែលបានសរសេរទុក ហើយតាមវេលាកំណត់នោះរាល់តែឆ្នាំឥតខានឡើយ ហើយថា គេនឹងនឹកចាំ ហើយរក្សាថ្ងៃទាំង២នោះ នៅគ្រប់ទាំងដំណ គ្រប់ទាំងគ្រួ នៅអស់ទាំងខេត្ត នឹងទីក្រុងទាំងប៉ុន្មានជាដរាបទៅ មិនឲ្យបាត់ពីពួកសាសន៍យូដាឡើយ ឬឲ្យកូនចៅគេលែងនឹកចាំពីថ្ងៃនោះដែរ។ គ្រានោះ អេសធើរ ដ៏ជាអគ្គមហេសី ជាបុត្រីអ័ប៊ីហែល ព្រមទាំងម៉ាដេកាយ ជាសាសន៍យូដា ក៏សរសេរម្តងទៀត ផ្ញើទៅដោយអាងគ្រប់អំណាចរបស់ខ្លួន ដើម្បីនឹងតាំងសំបុត្រពីបុណ្យពោរនោះ ទុកជាច្បាប់តទៅ លោកក៏ផ្ញើសំបុត្រទៅពួកសាសន៍យូដាទាំងអស់ ដែលនៅក្នុងអាណាខេត្តទាំង១២៧នៃនគររបស់អ័ហាស៊ូរុស មានទាំងពាក្យស្រគត់ស្រគំ នឹងពាក្យដ៏ទៀងត្រង់ពិតផង ដើម្បីនឹងបញ្ជាក់ថ្ងៃបុណ្យពោរ នៅវេលាកំណត់ ដូចជាម៉ាដេកាយ ជាសាសន៍យូដា នឹងអេសធើរ អគ្គមហេសីបានតាំងឡើងដល់គេហើយ ដូចជាគេក៏បានតាំងឡើងសំរាប់ខ្លួនគេ នឹងកូនចៅគេតទៅ ខាងឯដំណើរការតមអត់ នឹងអំពាវនាវរបស់គេដែរ ដូច្នេះ ក្រិត្យរបស់ព្រះនាងអេសធើរបានបញ្ជាក់ពីរបៀបបុណ្យពោរនោះ ហើយក្រិត្យនោះក៏បានកត់ចុះទុកក្នុងសៀវភៅ។