នាងអេសធើរ 9:11-19
នាងអេសធើរ 9:11-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃដដែលនោះ ចំនួនអស់អ្នកដែលគេបានសម្លាប់នៅក្នុងស៊ូសាន ជាក្រុងហ្លួង ក៏បានឮដល់ស្ដេច។ ស្ដេចមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរ ជាអគ្គមហេសីថា៖ «ពួកសាសន៍យូដាបានសម្លាប់ ហើយបំផ្លាញមនុស្សអស់ប្រាំរយនាក់ នៅស៊ូសាន ជាក្រុងហ្លួង ព្រមទាំងកូនប្រុសរបស់ហាម៉ានទាំងដប់នាក់ទៀតផង។ ដូច្នេះ នៅតាមអាណាខេត្តឯទៀតរបស់ស្ដេច តើគេបានប្រព្រឹត្តយ៉ាងណាទៅ! ឥឡូវនេះ តើព្រះនាងចង់សូមអ្វីទៀត? យើងនឹងប្រទានឲ្យទាំងអស់។ តើព្រះនាងមានសំណូមពរអ្វីថែមទៀត? យើងនឹងសម្រេចឲ្យ»។ ព្រះនាងអេសធើរទូលថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ នៅថ្ងៃស្អែក សូមបើកឲ្យពួកសាសន៍យូដា ដែលនៅក្រុងស៊ូសានបានធ្វើតាមរាជក្រឹត្យដូចថ្ងៃនេះដែរ ហើយឲ្យគេព្យួរខ្មោចកូនរបស់ហាម៉ានទាំងដប់នាក់លើបង្គោលនោះផង»។ ស្ដេចក៏បង្គាប់ឲ្យធ្វើដូច្នោះ ហើយគេប្រកាសរាជក្រឹត្យនៅក្រុងស៊ូសាន រួចគេបានព្យួរខ្មោចកូនប្រុសទាំងដប់របស់ហាម៉ាននោះទៅ។ ពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន ក៏ប្រមូលផ្ដុំគ្នា នៅថ្ងៃទីដប់បួន ក្នុងខែផល្គុននោះឯង ហើយគេសម្លាប់មនុស្សបីរយនាក់ទៀត នៅក្រុងស៊ូសាន តែគេមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។ ឯពួកសាសន៍យូដាឯទៀតៗ ដែលនៅតាមអាណាខេត្តរបស់ស្ដេច ក៏បានប្រមូលផ្ដុំគ្នា ដើម្បីការពារជីវិតខ្លួនដែរ ហើយគេបានស្រាកស្រាន្តពីខ្មាំងសត្រូវរបស់គេ គេបានសម្លាប់អស់អ្នកដែលស្អប់គេ អស់ប្រាំពីរម៉ឺនប្រាំពាន់នាក់ តែមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។ គេបានធ្វើការនោះនៅថ្ងៃទីដប់បី ខែផល្គុន ហើយនៅថ្ងៃទីដប់បួន គេឈប់សម្រាក ហើយក៏តាំងថ្ងៃនោះ ជាថ្ងៃជប់លៀង ហើយសប្បាយរីករាយ។ ប៉ុន្ដែ ពួកសាសន៍យូដាដែលនៅក្រុងស៊ូសាន បានប្រមូលផ្ដុំគ្នានៅថ្ងៃទីដប់បី និងនៅថ្ងៃទីដប់បួន ហើយសម្រាកនៅថ្ងៃទីដប់ប្រាំ ដោយតាំងថ្ងៃនោះ ជាថ្ងៃជប់លៀង ហើយសប្បាយរីករាយ។ ហេតុនេះហើយបានជាពួកសាសន៍យូដា ដែលរស់នៅតាមជនបទ ខាងក្រៅទីក្រុង គេនាំគ្នាកាន់ថ្ងៃទីដប់បួន ក្នុងខែផល្គុន ជាថ្ងៃសប្បាយរីករាយ ហើយជប់លៀង និងជាថ្ងៃមួយដែលគេជូនជំនូនដល់គ្នាទៅវិញទៅមក។
នាងអេសធើរ 9:11-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃដដែលនោះ ព្រះរាជាជ្រាបដំណឹងអំពីចំនួនអស់អ្នក ដែលជនជាតិយូដាបានសម្លាប់នៅក្រុងស៊ូសាន ជារាជធានី។ ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះមហាក្សត្រិយានីអេសធើរថា៖ «គ្រាន់តែនៅក្នុងក្រុងស៊ូសានជារាជធានី ជនជាតិយូដាបានសម្លាប់មនុស្សដល់ទៅប្រាំរយនាក់ ព្រមទាំងកូនប្រុសរបស់លោកហាម៉ាន ទាំងដប់នាក់។ ដូច្នេះ ក្នុងអាណាខេត្តទាំងមូលមិនដឹងជាពួកគេសម្លាប់អស់ប៉ុន្មាននាក់ទេ។ ប៉ុន្តែ តើព្រះនាងចង់បានអ្វីទៀត យើងនឹងប្រទានតាមសំណូមពរទាំងអស់ ព្រះនាងសុំអ្វីក៏យើងប្រទានឲ្យដែរ»។ ព្រះនាងអេសធើរទូលស្ដេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ នៅថ្ងៃស្អែក សូមព្រះករុណាអនុញ្ញាតឲ្យជនជាតិយូដាប្រព្រឹត្ត ដូចថ្ងៃនេះនៅក្រុងស៊ូសានដែរ។ សូមឲ្យគេយកសពកូនប្រុសទាំងដប់នាក់របស់លោកហាម៉ាន ទៅព្យួរលើបង្គោលនោះផង»។ ព្រះរាជាក៏អនុញ្ញាតឲ្យ ហើយគេប្រកាសរាជក្រឹត្យនៅក្រុងស៊ូសាន។ គេយកសពកូនប្រុសទាំងដប់នាក់របស់លោកហាម៉ានទៅព្យួរ។ ជនជាតិយូដាបានជួបជុំគ្នាក្នុងក្រុងស៊ូសាន នៅថ្ងៃទីដប់បួន ក្នុងខែផល្គុនដែរ ហើយប្រហារជីវិតមនុស្សបីរយនាក់ទៀត តែមិនរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។ ជនជាតិយូដាឯទៀតៗដែលនៅតាមអាណាខេត្តទាំងឡាយ បានប្រមូលផ្ដុំគ្នា ដើម្បីការពារអាយុជីវិតរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ នៅថ្ងៃទីដប់បីនៃខែផល្គុននោះ ពួកគេប្រហារជីវិតបច្ចាមិត្តអស់ប្រាំពីរម៉ឺនប្រាំពាន់នាក់ តែមិនរឹបអូសយកទ្រព្យសម្បត្តិទេ។ នៅថ្ងៃទីដប់បួន ពួកគេសម្រាក ហើយនាំគ្នាធ្វើពិធីជប់លៀងយ៉ាងសប្បាយ។ ចំណែកឯជនជាតិយូដានៅក្រុងស៊ូសានវិញ ពួកគេជួបជុំគ្នាសងសឹកខ្មាំងសត្រូវ នៅថ្ងៃទីដប់បី និងថ្ងៃទីដប់បួន ពួកគេសម្រាកនៅថ្ងៃទីដប់ប្រាំ ហើយនាំគ្នាធ្វើពិធីជប់លៀងយ៉ាងសប្បាយ។ ហេតុនេះហើយបានជាជនជាតិយូដានៅក្រៅទីក្រុង នាំគ្នាធ្វើពិធីបុណ្យ និងជប់លៀង នៅថ្ងៃទីដប់បួន ក្នុងខែផល្គុន ព្រមទាំងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក។
នាងអេសធើរ 9:11-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះឯង គេមកទូលដល់ស្តេច ពីចំនួនមនុស្សដែលគេបានសំឡាប់នៅក្នុងស៊ូសាន ជាក្រុងហ្លួង រួចស្តេចទ្រង់មានបន្ទូលនឹងអេសធើរ ជាអគ្គមហេសីថា ពួកសាសន៍យូដាបានសំឡាប់ ហើយបំផ្លាញមនុស្ស អស់៥០០នាក់ នៅស៊ូសាន ជាក្រុងហ្លួង ព្រមទាំងកូនរបស់ហាម៉ានទាំង១០ផង ដូច្នេះ នៅព្រះរាជខេត្តឯទៀត គេបានធ្វើយ៉ាងណាទៅ ឥឡូវនេះ តើព្រះនាងចង់សូមអ្វីទៀត យើងនឹងបើកឲ្យ តើប្រាថ្នាចង់បានអ្វី នោះនឹងបានសំរេច អេសធើរទូលថា បើព្រះករុណាទ្រង់សព្វព្រះទ័យ នោះសូមបើកឲ្យពួកយូដា ដែលនៅក្រុងស៊ូសានបានធ្វើតាមច្បាប់ដដែល នៅថ្ងៃស្អែកទៀត ហើយឲ្យគេព្យួរខ្មោចកូនរបស់ហាម៉ានទាំង១០នាក់នឹងឈើទៅ ស្តេចទ្រង់ក៏បង្គាប់ឲ្យធ្វើដូច្នោះ ហើយគេប្រកាសប្រាប់ព្រះរាជឱង្ការនៅក្រុងស៊ូសាន រួចបានព្យួរខ្មោចកូនហាម៉ានទាំង១០នាក់នោះទៅ ពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន ក៏មូលគ្នា នៅថ្ងៃ១៤ ខែផល្គុននោះឯង ហើយគេសំឡាប់មនុស្ស៣០០នាក់ទៀត នៅស៊ូសាន តែគេមិនប៉ះពាល់ដល់របឹបទេ ឯពួកយូដាឯទៀតទាំងប៉ុន្មាន ដែលនៅអស់ទាំងព្រះរាជខេត្ត គេបានមូលគ្នា ដើម្បីការពារជីវិតខ្លួន ហើយគេមានសេចក្ដីសាន្តត្រាណ ពីពួកខ្មាំងសត្រូវរបស់គេតទៅ គេបានសំឡាប់ពួកអ្នកដែលស្អប់គេអស់៧ម៉ឺន៥ពាន់នាក់ តែឥតបានប៉ះពាល់ដល់របឹបទេ។ គេបានធ្វើការនោះនៅថ្ងៃ១៣ ខែផល្គុន លុះដល់ថ្ងៃ១៤ ទើបគេឈប់សំរាក ហើយក៏តាំងថ្ងៃនោះ ជាថ្ងៃសំរាប់ជប់លៀង ហើយមានសេចក្ដីរីករាយសាទរ តែពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន គេបានមូលគ្នានៅថ្ងៃ១៣ ក្នុងខែនោះ នឹងនៅថ្ងៃ១៤ដែរ លុះដល់ថ្ងៃ១៥ ទើបគេឈប់សំរាក ហើយតាំងថ្ងៃនោះឡើងសំរាប់ជាថ្ងៃជប់លៀង ហើយមានសេចក្ដីរីករាយសាទរ គឺដោយហេតុនោះបានជាពួកសាសន៍យូដា ដែលនៅអស់ទាំងទីក្រុងឥតកំផែងនៅស្រុកក្រៅ គេកាន់ថ្ងៃ១៤ ខែផល្គុន ជាថ្ងៃសំរាប់រីករាយសាទរ ហើយជប់លៀង ជាថ្ងៃសប្បាយ ហើយជាពេលជូនជំនូនទៅវិញទៅមក។