នាងអេសធើរ 9:1-32

នាងអេសធើរ 9:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ខែ​ទី​ដប់ពីរ ដែល​ជា​ខែ​ផល្គុន នៅ​ថ្ងៃ​ទី​ដប់​បី​នោះ កាល​រាជ‌បញ្ជា និង​រាជ‌ក្រឹត្យ​របស់​ស្តេច​ហៀប​នឹង​ត្រូវ​បាន​គេ​អនុវត្ត នៅ​ថ្ងៃ​ដដែល​នោះ​ឯង កាល​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា សង្ឃឹម​ថា​នឹង​មាន​អំណាច​លើ​ពួក‌គេ នោះ​ស្ថាន​ភាព​ក៏​បាន​ផ្លាស់​ប្ដូរ គឺ​ពួក​សាសន៍​យូដា​បាន​ត្រឡប់​ជា​មាន​អំណាច​លើ​អស់​អ្នក​ដែល​ស្អប់​គេ​នោះ​វិញ។ ពួក​សាសន៍​យូដា​បាន​ប្រ‌មូល​ផ្ដុំ​គ្នា​នៅ​តាម​ទី​ក្រុង​របស់​ខ្លួន នៅ​គ្រប់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ដើម្បី​តយុទ្ធ​ប្រឆាំង​នឹង​អស់​អ្នក​ដែល​ប៉ុន​ប៉ង​ធ្វើ​បាប​ពួក‌គេ ហើយ​គ្មាន​អ្នក​ណា​អាច​ឈរ​ទាស់​នឹង​ពួក‌គេ​បាន​ឡើយ ដ្បិត​សាសន៍​ទាំង​អស់​ភ័យ​ខ្លាច​ពួក​សាសន៍​យូដា​គ្រប់ៗ​គ្នា។ ពួក​មន្ត្រី​នៅ​តាម​អាណា​ខេត្ត ពួក​នាយក ពួក​ទេសា‌ភិបាល និង​ពួក​រាជ‌ការ​ទាំង​ប៉ុន្មាន ក៏​ជួយ​ដល់​ពួក​សាសន៍​យូដា​ដែរ ដ្បិត​គេ​ភ័យ​ខ្លាច​ដល់​ម៉ា‌ដេកាយ។ ដ្បិត​ម៉ា‌ដេកាយ​បាន​ឡើង​ជា​អ្នក​ធំ​ក្នុង​ព្រះរាជ‌ដំណាក់ ហើយ​កិត្តិ‌នាម​លោក​ល្បី​ខ្ចរ​ខ្ចាយ​ពាស​ពេញ​អាណា​ខេត្ត​ទាំង​អស់ ហើយ​ម៉ា‌ដេកាយ​នេះ កាន់​តែ​មាន​អំណាច​ឡើង​ៗ។ ដូច្នេះ ពួក​សាសន៍​យូដា​បាន​ប្រហារ​ខ្មាំង​សត្រូវ​ដោយ​ដាវ ដោយ​សម្លាប់ និង​បំផ្លាញ​ពួក‌គេ ហើយ​បាន​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត ចំពោះ​អស់​អ្នក​ដែល​ស្អប់​ខ្លួន។ នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង ពួក​សាសន៍​យូដា​បាន​សម្លាប់ ហើយ​បំផ្លាញ​មនុស្ស​អស់​ប្រាំ​រយ​នាក់។ ពួក‌គេ​ក៏​បាន​សម្លាប់​ផើសាន‌ដាថា ដាលផូន អ័ស‌ផាថា ផូ‌រ៉ាថា អ័‌ដាលា អើរី‌ដាថា ផើម៉ាស‌ថា អើរី‌សាយ អើរី‌ដាយ និង​វ៉ាយេ‌សាថា ជា​កូន​ទាំង​ដប់​របស់​ហាម៉ាន កូន​ហាំ‌ម្តាថា ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា តែ​គេ​មិន​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទេ។ នៅ​ថ្ងៃ​ដដែល​នោះ ចំនួន​អស់​អ្នក​ដែល​គេ​បាន​សម្លាប់​នៅ​ក្នុង​ស៊ូសាន ជា​ក្រុង​ហ្លួង ក៏បានឮ​ដល់​ស្ដេច។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី​ថា៖ «ពួក​សាសន៍​យូដា​បាន​សម្លាប់ ហើយ​បំផ្លាញ​មនុស្ស​អស់​ប្រាំ​រយ​នាក់ នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង ព្រម​ទាំង​កូន​ប្រុស​របស់​ហាម៉ាន​ទាំង​ដប់នាក់​ទៀត​ផង។ ដូច្នេះ នៅ​តាម​អាណា​‌ខេត្ត​ឯ​ទៀត​របស់​ស្ដេច តើ​គេ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ! ឥឡូវ​នេះ តើ​ព្រះ‌នាង​ចង់​សូម​អ្វី​ទៀត? យើង​នឹង​ប្រទាន​ឲ្យ​ទាំង​អស់។ តើព្រះ​នាង​មាន​សំណូម​ពរ​អ្វី​ថែម​ទៀត? យើង​នឹង​សម្រេច​ឲ្យ»។ ព្រះ​នាង​អេសធើរ​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ នៅ​ថ្ងៃ​ស្អែក សូម​បើក​ឲ្យ​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន​បាន​ធ្វើ​តាម​រាជ​ក្រឹត្យ​ដូច​ថ្ងៃ​នេះ​ដែរ ហើយ​ឲ្យ​គេ​ព្យួរ​ខ្មោច​កូន​របស់​ហាម៉ាន​ទាំង​ដប់​នាក់​លើ​បង្គោល​នោះ​ផង»។ ស្ដេច​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​‌រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន រួចគេ​បាន​ព្យួរ​ខ្មោច​កូន​ប្រុស​ទាំង​ដប់​របស់​ហាម៉ាន​នោះ​ទៅ។ ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន ក៏​ប្រមូល​ផ្ដុំ​គ្នា នៅ​ថ្ងៃ​ទីដប់​បួន ក្នុង​ខែ​ផល្គុន​នោះ​ឯង ហើយ​គេ​សម្លាប់​មនុស្ស​បីរយ​នាក់​ទៀត នៅ​ក្រុង​ស៊ូសាន តែ​គេ​មិន​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទេ។ ឯ​ពួក​សាសន៍​យូដា​ឯ​ទៀត​ៗ ដែល​នៅ​តាម​អាណា​‌ខេត្ត​របស់​ស្ដេច ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ការ​ពារ​ជីវិត​ខ្លួន​ដែរ ហើយ​គេ​បាន​ស្រាក​ស្រាន្ត‌ពី​ខ្មាំង​សត្រូវ​របស់​គេ គេ​បាន​សម្លាប់​អស់​អ្នក​ដែល​ស្អប់​គេ អស់​ប្រាំពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ តែមិនបាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទេ។ គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​ទីដប់​បី ខែ​ផល្គុន ហើយ​នៅ​ថ្ងៃ​ទី​ដប់​បួន គេ​ឈប់​សម្រាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​ជប់​លៀង ហើយ​សប្បាយ​រីក‌រាយ។ ប៉ុន្ដែ ពួក​សាសន៍​យូដា​ដែល​នៅ​ក្រុង​ស៊ូសាន បានប្រ​មូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទីដប់​បី និង​នៅ​ថ្ងៃ​ទី​ដប់​បួន ហើយ​សម្រាក​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ដោយ​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​ជប់‌លៀង ហើយ​សប្បាយ​រីក‌រាយ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​សាសន៍​យូដា ដែល​រស់​នៅ​តាម​ជន​បទ ខាង​ក្រៅ​ទី​ក្រុង គេ​នាំ​គ្នា​កាន់​ថ្ងៃ​ទី​ដប់​បួន ក្នុង​ខែ​ផល្គុន ជា​ថ្ងៃ​សប្បាយ​រីក‌រាយ ហើយ​ជប់‌លៀង និង​ជា​ថ្ងៃ​មួយ​ដែល​គេ​ជូន​ជំនូន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ឯ​ម៉ា‌ដេកាយ បាន​កត់​ត្រា​សេចក្ដី​ទាំង​នេះ ហើយ​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​គ្រប់​ទាំង​អាណា​ខេត្ត​របស់ព្រះ‌បាទ​អ័ហា‌ស៊ូរុស ទាំង​ជិត​ទាំង​ឆ្ងាយ ដោយ​បង្គាប់​ឲ្យ​ពួក‌គេ​កាន់​ថ្ងៃ​ទី​ដប់​បួន ខែ​ផល្គុន និង​ថ្ងៃ​ទី​ដប់​ប្រាំ​ផង ជា​រៀង​រាល់​ឆ្នាំ ទុក​ជា​ថ្ងៃ​ដែល​ពួក​សាសន៍​យូដា​បាន​ស្រាក​ស្រាន្ត​ពី​ខ្មាំង​សត្រូវ​របស់​គេ និង​ជា​ខែ​ដែល​ទុក្ខ​ព្រួយ​របស់​គេ ត្រឡប់​ជា​អំណរ​សប្បាយ ពី​ការ​សោយ​សោក ត្រឡប់​ជា​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ឲ្យ​គេ​តាំង​ថ្ងៃ​ទាំង​ពីរ​នោះ ទុក​ជា​ថ្ងៃ​ជប់‌លៀង ហើយ​អរ​សប្បាយ ជា​ថ្ងៃ​សម្រាប់​ជូន​ជំនូន​ជា​អាហារ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចែក​ទាន​ដល់​អ្នក​ក្រី​ក្រ។ ដូច្នេះ ពួក​សាសន៍​យូដា​ក៏​បាន​ប្រារព្ធ​ធ្វើ តាមពិធី​ដែល​គេ​បាន​ចាប់​ផ្ដើម​ធ្វើ​មកហើយ តាម​សេចក្ដី​ដែល​ម៉ា‌ដេកាយ​បាន​សរសេរ​ផ្ញើ​មក​ពួក‌គេ។ ហាម៉ាន ជា​កូន​ហាំ‌ម្តាថា សាសន៍​អ័កាក់ ដែល​ជា​ខ្មាំង​សត្រូវ​របស់​ពួក​សាសន៍​យូដា បាន​បង្កើត​ឧបាយ​ទាស់​នឹង​ពួក​សាសន៍​យូដា ដើម្បី​បំផ្លាញ​គេ ក៏​បាន​វាយ​លេខ​តាម​របៀន‌ពោរ គឺ​ចាប់​ឆ្នោត ដើម្បី​កម្ទេច ហើយ​បំផ្លាញ​ពួក‌គេ។ ប៉ុន្ដែ កាល​ព្រះ‌នាង​អេសធើរ​បាន​ចូល​ទៅ​គាល់​ស្តេច ស្ដេច​បាន​ក៏​ចេញ​បញ្ជា​ដោយ​លាយ​លក្ខណ៍​អក្សរ ដើម្បី​ឲ្យ​គម្រោង​ការ​ដ៏​អា‌ក្រក់ ដែល​ហាម៉ាន​បាន​បង្កើត​ទាស់​នឹង​ពួក​សាសន៍​យូដា វិល​ជះ​ទៅ​លើ​ក្បាល​របស់​ខ្លួន​វិញ ហើយ​ឲ្យ​ព្យួរ​វា និង​កូន​ប្រុសៗ​របស់​វា​ទាំង​អស់ នៅ​លើ​បង្គោល។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ថ្ងៃ​ទាំង​ពីរ​នោះថា «បុណ្យ​ពួរីម» តាម​ពាក្យ «ពោរ» នោះ​ឯង ហើយ​ដោយ​ព្រោះ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ចែង​ក្នុង​សំបុត្រ​នោះ និង​ដោយ​ហេតុ‌ការណ៍​ដែល​គេ​ប្រឈម​មុខ​ក្នុង​រឿង​នោះ ព្រម​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើត​ដល់​ពួក‌គេ ពួក​សាសន៍​យូដា​ក៏ទ​ទួល​យក​ព្រឹត្តិ‌ការណ៍​នោះ ទុក​ជា​ទំនៀម​ទម្លាប់​សម្រាប់​ខ្លួន​គេ ហើយ​ក៏​ទទួល​ថា ខ្លួន​គេ កូន​ចៅរបស់គេ និង​អស់​អ្នក​ណា​ដែល​ចូល​សាសន៍​របស់​គេ នឹង​កាន់​ថ្ងៃ​ទាំង​ពីរ​នោះ តាម​សេចក្ដី​ដែល​បាន​ចែង​ទុក ហើយ​តាម​វេលា​កំណត់​នោះ​រៀង​រាល់​ឆ្នាំ ឥតខក​ខាន​ឡើយ ហើយ​ថា គេ​នឹង​នឹក​ចាំ ហើយ​កាន់​ថ្ងៃ​ទាំង​ពីរ​នោះ នៅ​គ្រប់​ជំនាន់ គ្រប់​ពូជ​អំបូរ នៅ​តាម​ខេត្ត និង​តាម​ទី​ក្រុង​រហូត​ត​ទៅ មិន​ឲ្យ​បាត់​ពី​ពួក​សាសន៍​យូដា​ឡើយ ក៏​មិន​ឲ្យ​កូន​ចៅ​របស់​គេ​ឈប់​នឹកនា​ពី​ថ្ងៃ​ទាំង​នោះ​ដែរ។ គ្រា​នោះ ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ជា​បុត្រី​អ័ប៊ី‌ហែល ព្រម​ទាំង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា បាន​សរសេរ​សំបុត្រ​មួយ​ទៀត តាម​អំណាច​ដែល​លោក​មាន ដើម្បី​បញ្ជាក់​ពី​លើ​សំបុត្រ​ទីពីរ អំ​ពី​បុណ្យ​ពួរីម។ លោក​ក៏​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ក្នុង​អាណា​ខេត្ត​ទាំង​មួយ​រយ​ម្ភៃ​ប្រាំពីរ ក្នុង​នគរ​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ដោយ​ពាក្យ​ជូន​ពរ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត និង​ស្រគត់​ស្រគំ ហើយ​ឲ្យ​ប្រារព្ធ​ថ្ងៃ​បុណ្យ​ពួរីម តាម​វេលា​កំណត់ ដូច​ម៉ា‌ដេកាយ​ជា​សាសន៍​យូដា និង​ព្រះ​នាង​អេសធើរ​ជា​អគ្គ‌មហេសី​បាន​តម្រូវ​ដល់​គេ ដូច​ជា​គេ​បាន​តម្រូវ​សម្រាប់​ខ្លួន​គេ និង​កូន​ចៅ​របស់​គេ ខាង​ឯ​ដំណើរ​តម​អាហារ និង​ការ​កាន់​ទុក្ខ​របស់​គេ​ដែរ។ រាជ​បញ្ជា​របស់​ព្រះ‌នាង​អេសធើរ បាន​បញ្ជាក់​អំ‌ពី​ពិ‌ធី​ប្រារព្ធ​បុណ្យ​ពួរីម ហើយ​រាជ​បញ្ជា​នោះ​ត្រូវ​បាន​កត់​ត្រា​ទុក​ក្នុង​សៀវភៅ។

ចែក​រំលែក
អាន នាងអេសធើរ 9

នាងអេសធើរ 9:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់‌ពីរ ត្រូវ​នឹង​ខែ​ផល្គុន គឺ​ជា​ថ្ងៃ​ដែល​រាជ​បញ្ជា និង​រាជ‌ក្រឹត្យ ត្រូវ​អនុវត្ត​ជា​ធរ‌មាន។ ថ្ងៃ​ដែល​ខ្មាំង​សត្រូវ​របស់​ជន‌ជាតិ​យូដា​សង្ឃឹម​ថា កិន​កម្ទេច​ជន‌ជាតិ​យូដា​នោះ បាន​ប្រែ​ក្លាយ​ទៅ​ជា​ថ្ងៃ ដែល​ជន‌ជាតិ​យូដា​កិន​កម្ទេច​ខ្មាំង​សត្រូវ​របស់​ខ្លួន​ទៅ​វិញ។ នៅ​តាម​ក្រុង​នានា ក្នុង​អាណា‌ខេត្ត​ទាំង​អស់​របស់​ព្រះ‌ចៅ​អហា‌ស៊ូរុស ជន‌ជាតិ​យូដា​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​សង‌សឹក​អស់​អ្នក​ដែល​មាន​បំណង​ធ្វើ​បាប​ពួក​គេ។ គ្មាន​នរណា​អាច​តទល់​នឹង​ជន‌ជាតិ​យូដា​បាន​ឡើយ ដ្បិត​ជាតិ​សាសន៍​ទាំង‌ឡាយ​ភ័យ​ខ្លាច​ជន‌ជាតិ​យូដា​គ្រប់ៗ​គ្នា។ មេ​ដឹក​នាំ​អាណា‌ខេត្ត ពួក​មេ‌ទ័ព ពួក​ទេសា‌ភិបាល និង​ពួក​រាជការ​ទាំង​អស់​បាន​គាំទ្រ​ជន‌ជាតិ​យូដា ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​លោក​ម៉ាដេ‌កាយ​គ្រប់ៗ​គ្នា ដ្បិត​លោក​ម៉ាដេ‌កាយ​ទទួល​តំណែង​ជា​មហា​មន្ត្រី​នៅ​ក្នុង​រាជ‌វាំង។ កិត្តិនាម​របស់​លោក​បាន​ល្បី​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ក្នុង​អាណា‌ខេត្ត​ទាំង​អស់ ហើយ​លោក​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។ ជន‌ជាតិ​យូដា​បាន​ប្រហារ​ជីវិត​ខ្មាំង​សត្រូវ​របស់​ខ្លួន​ដោយ​មុខ​ដាវ។ ពួក​គេ​កាប់​សម្លាប់ និង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ចិត្ត​របស់​ខ្លួន។ គ្រាន់​តែ​នៅ​ក្រុង​ស៊ូសាន ជន‌ជាតិ​យូដា​បាន​ប្រហារ​ជីវិត​សត្រូវ​អស់​ប្រាំ​រយ​នាក់។ ពួក​គេ​ក៏​បាន​ប្រហារ​ជីវិត​ផើសាន‌ដាថា ដាល‌ផូន អ័ស‌ផាថា ផូរ៉ា‌ថា អដា‌លា អើរី‌ដាថា ផើម៉ាស‌ថា អើរី‌សាយ អរី‌ដាយ និង​វ៉ាយេ‌សាថា ជា​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាំម្ដា‌ថា ជា​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា។ ប៉ុន្តែ ជន‌ជាតិ​យូដា​ពុំ​បាន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ទេ។ នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌រាជា​ជ្រាប​ដំណឹង​អំពី​ចំនួន​អស់​អ្នក ដែល​ជន‌ជាតិ​យូដា​បាន​សម្លាប់​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​ថា៖ «គ្រាន់​តែ​នៅ​ក្នុង​ក្រុង​ស៊ូសាន​ជា​រាជ​ធានី ជន‌ជាតិ​យូដា​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ប្រាំ​រយ​នាក់ ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ហាម៉ាន ទាំង​ដប់​នាក់។ ដូច្នេះ ក្នុង​អាណា‌ខេត្ត​ទាំង​មូល​មិន​ដឹង​ជា​ពួក​គេ​សម្លាប់​អស់​ប៉ុន្មាន​នាក់​ទេ។ ប៉ុន្តែ តើ​ព្រះ‌នាង​ចង់​បាន​អ្វី​ទៀត យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ ព្រះ‌នាង​សុំ​អ្វី​ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។ ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នៅ​ថ្ងៃ​ស្អែក សូម​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ជន‌ជាតិ​យូដា​ប្រព្រឹត្ត ដូច​ថ្ងៃ​នេះ​នៅ​ក្រុង​ស៊ូសាន​ដែរ។ សូម​ឲ្យ​គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន ទៅ​ព្យួរ​លើ​បង្គោល​នោះ​ផង»។ ព្រះ‌រាជា​ក៏​អនុញ្ញាត​ឲ្យ ហើយ​គេ​ប្រកាស​រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន។ គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន​ទៅ​ព្យួរ។ ជន‌ជាតិ​យូដា​បាន​ជួប‌ជុំ​គ្នា​ក្នុង​ក្រុង​ស៊ូសាន នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ផល្គុន​ដែរ ហើយ​ប្រហារ​ជីវិត​មនុស្ស​បី​រយ​នាក់​ទៀត តែ​មិន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ទេ។ ជន‌ជាតិ​យូដា​ឯ​ទៀតៗ​ដែល​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ នៅ​ថ្ងៃ​ទី​ដប់​បី​នៃ​ខែ​ផល្គុន​នោះ ពួក​គេ​ប្រហារ​ជីវិត​បច្ចា‌មិត្ត​អស់​ប្រាំ‌ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ តែ​មិន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទេ។ នៅ​ថ្ងៃ​ទី​ដប់‌បួន ពួក​គេ​សម្រាក ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​សប្បាយ។ ចំណែក​ឯ​ជន‌ជាតិ​យូដា​នៅ​ក្រុង​ស៊ូសាន​វិញ ពួក​គេ​ជួប‌ជុំ​គ្នា​សង‌សឹក​ខ្មាំង​សត្រូវ នៅ​ថ្ងៃ​ទី​ដប់​បី និង​ថ្ងៃ​ទី​ដប់‌បួន ពួក​គេ​សម្រាក​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​សប្បាយ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​យូដា​នៅ​ក្រៅ​ទីក្រុង នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​ជប់‌លៀង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ផល្គុន ព្រម​ទាំង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​ម៉ាដេ‌កាយ​សរសេរ​លិខិត​ផ្ញើ​ជូន​ជន‌ជាតិ​យូដា​ទាំង​អស់ នៅ​តាម​អាណា‌ខេត្ត​នានា​របស់​ព្រះចៅ​អហា‌ស៊ូរុស គឺ​ទាំង​អ្នក​នៅ​ជិត ទាំង​អ្នក​នៅ​ឆ្ងាយ បង្គាប់​ឲ្យ​ពួក​គេ​គោរព​ថ្ងៃ​ទី​ដប់‌បួន និង​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ផល្គុន ទុក​ជា​ថ្ងៃ​បុណ្យ​រៀង​រាល់​ឆ្នាំ​រហូត​ត​ទៅ ដ្បិត​ថ្ងៃ​នោះ ជន‌ជាតិ​យូដា​បាន​រំដោះ​ជីវិត​ខ្លួន​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ នៅ​ខែ​នោះ ទុក្ខ​ព្រួយ​របស់​ពួក​គេ​បាន​ផ្លាស់​ប្រែ​ជា​អំណរ​សប្បាយ ការ​កាន់​ទុក្ខ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ពិធី​បុណ្យ​ដ៏​រីក‌រាយ។ ពួក​គេ​ត្រូវ​ញែក​ថ្ងៃ​នោះ ទុក​ជា​ថ្ងៃ​ជប់‌លៀង ជា​ថ្ងៃ​ដែល​ត្រូវ​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ចែក​ទាន​ដល់​ជន​ក្រីក្រ​ទៀត​ផង។ ជន‌ជាតិ​យូដា​បាន​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ាដេ‌កាយ​បង្គាប់ ហើយ​ចាត់​ទុក​ថ្ងៃ​បុណ្យ​ដែល​គេ​ប្រារព្ធ​ធ្វើ​ជា​លើក​ដំបូង​នោះ ជា​បុណ្យ​ប្រពៃ‌ណី​ត​រៀង​មក ដើម្បី​រំឭក​ពី​គ្រា​ដែល​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា គឺ​លោក​ហាម៉ាន​ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បាន​រៀបចំ​គម្រោង‌ការ​ប្រល័យ​ពូជ‌សាសន៍​យូដា។ លោក​ហាម៉ាន​បាន​បោះ​ពួរីម ដើម្បី​ផ្សង​រក​មើល​ថ្ងៃ​ល្អ សម្រាប់​ធ្វើ​ទុក្ខ​ទោស និង​ប្រល័យ​ពូជ‌សាសន៍​យូដា។ ប៉ុន្តែ នៅ​ពេល​ព្រះ‌នាង​អេសធើរ​ចូល​គាល់​ព្រះ‌រាជា នោះ​ស្ដេច​បាន​ចេញ​បញ្ជា ដោយ​លាយ‌លក្ខណ៍​អក្សរ ឲ្យ​គេ​ព្យួរ-ក​លោក​ហាម៉ាន និង​កូនៗ​របស់​គាត់ គឺ​ទុក្ខ​ទោស​ដែល​គាត់​គ្រោង​ទុក​សម្រាប់​ជន‌ជាតិ​យូដា បាន​ធ្លាក់​មក​លើ​គាត់​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ថ្ងៃ​នោះ​ថា ថ្ងៃ​បុណ្យ​ពួរីម តាម​ឈ្មោះ​ប្រដាប់​ផ្សង​ពួរីម។ ជន‌ជាតិ​យូដា​ប្រារព្ធ​បុណ្យ​នោះ ដើម្បី​រំឭក​ពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​ឡើង ដូច​មាន​ចែង​ទុក​ក្នុង​លិខិត​របស់​លោក​ម៉ាដេ‌កាយ ហើយ​ពួក​គេ​ក៏​បាន​ឃើញ ព្រម​ទាំង​ជួប​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ដែរ។ ជន‌ជាតិ​យូដា​យក​ព្រឹត្តិ‌ការណ៍​នោះ​ធ្វើ​ជា​បុណ្យ​ប្រពៃ‌ណី ដែល​ពួក​គេ ព្រម​ទាំង​កូន​ចៅ និង​អស់​អ្នក​ដែល​ចូល​សាសន៍​យូដា ត្រូវ​តែ​នាំ​គ្នា​ប្រារព្ធ​ឥត​ប្រែ‌ប្រួល​បាន​ឡើយ គឺ​រៀង​រាល់​ឆ្នាំ គេ​ប្រារព្ធ​ពិធី​បុណ្យ​ទាំង​ពីរ​ថ្ងៃ​នោះ តាម​ពេល​កំណត់ និង​តាម​របៀប​ដែល​លោក​ម៉ាដេ‌កាយ​បាន​បង្គាប់។ ពួក​គេ​នាំ​គ្នា​រំឭក និង​ប្រារព្ធ​ថ្ងៃ​បុណ្យ​នេះ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ តាម​ក្រុម​គ្រួសារ តាម​ស្រុក និង​តាម​ក្រុង​នានា។ ជន‌ជាតិ​យូដា​ធ្វើ​ពិធី​បុណ្យ​ពួរីម​នេះ ដោយ​ខាន​មិន​បាន ដើម្បី​ឲ្យ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ ចង​ចាំ​ពី​ព្រឹត្តិ‌ការណ៍​នោះ​ជានិច្ច។ ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ ជា​កូន​របស់​លោក​អប៊ី‌សាយ និង​លោក​ម៉ាដេ‌កាយ ដែល​ជា​ជន‌ជាតិ​យូដា​បាន​ចង​ក្រង​លិខិត​មួយ​ទៀត តាម​អំណាច​ដែល​លោក​មាន ដើម្បី​បញ្ជាក់​ពី​លើ​លិខិត​មុន ស្ដី​អំពី​បុណ្យ​ពួរីម។ គេ​បាន​ផ្ញើ​លិខិត​នេះ​ទៅ​ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​តាម​អាណា‌ខេត្ត​ទាំង​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​របស់​ព្រះចៅ​អហា‌ស៊ូរុស ព្រម​ទាំង​ពាក្យ​ជូន​ពរ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ផង។ ជន‌ជាតិ​យូដា និង​ពូជ‌ពង្ស​របស់​គេ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ពួរីម ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ាដេ‌កាយ ជា​ជន‌ជាតិ​យូដា និង​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​បាន​បង្គាប់ តាម​ថ្ងៃ​កំណត់ ដូច​ប្រារព្ធ​ពិធី​តម​អាហារ និង​បុណ្យ​ជយ‌ឃោស​ដែរ។ រាជ​បញ្ជា​របស់​ព្រះ‌នាង​អេសធើរ​ជា​មូល‌ដ្ឋាន​នៃ​ពិធី​បុណ្យ​ពួរីម ហើយ​គេ​ក៏​បាន​ចង​ក្រង​ទុក​ក្នុង​កណ្ឌ​គម្ពីរ​នេះ។

ចែក​រំលែក
អាន នាងអេសធើរ 9

នាងអេសធើរ 9:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ថ្ងៃ​១៣ នៅ​ខែ​១២ ជា​ខែ​ផល្គុន កាល​ព្រះ‌រាជ‌ឱង្ការ នឹង​បង្គាប់​របស់​ស្តេច​បាន​ជិត​ដល់​កំរិត​ហើយ គឺ​ជា​ថ្ងៃ​ដែល​ពួក​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា បាន​សង្ឃឹម​ថា នឹង​ឡើង​មាន​អំណាច​លើ​គេ​បាន (តែ​ពួក​យូដា​បាន​ត្រឡប់​ជា​មាន​អំណាច​លើ​ពួក​អ្នក ដែល​ស្អប់​ដល់​គេ​វិញ) នោះ​ពួក​សាសន៍​យូដា ក៏​មូល​គ្នា​នៅ​ទី​ក្រុង​ខ្លួន​ទាំង​ប៉ុន្មាន នៅ​អស់​ទាំង​អាណា​ខេត្ត​របស់​ស្តេច​អ័ហា‌ស៊ូរុស ដើម្បី​នឹង​តស៊ូ​ចំពោះ​ពួក​អ្នក ដែល​រក​ធ្វើ​បាប​ដល់​គេ ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​ទ្រាំ​នៅ​ចំពោះ​គេ​បាន​ឡើយ ដ្បិត​សាសន៍​ទាំង​អស់​បាន​កើត​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​គេ​ហើយ ឯ​ពួក​អ្នក​ជា​ប្រធាន នៅ​គ្រប់​ទាំង​ខេត្ត ពួក​ចៅហ្វាយ​ខេត្ត ពួក​ចៅហ្វាយ​ស្រុក នឹង​ពួក​រាជ​ការ​ទាំង​ប៉ុន្មាន ក៏​ជួយ​ដល់​ពួក​យូដា ដោយ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ម៉ា‌ដេកាយ ពី​ព្រោះ​ម៉ា‌ដេកាយ​បាន​ឡើង​ជា​អ្នក​ធំ ក្នុងព្រះ​រាជ​ដំណាក់ ហើយ​កិត្តិ‌នាម​លោក​ក៏​ផ្សាយ​សុស‌សាយ​ទួទៅ គ្រប់​ទាំង​ខេត្ត ដ្បិត​ម៉ា‌ដេកាយ​នេះ​បាន​កាន់​តែ​មាន​អំណាច​ឡើង​ជា​ដរាប ដូច្នេះ ពួក​សាសន៍​យូដា​បាន​ប្រហារ​ពួក​ខ្មាំង​សត្រូវ​ដោយ​ដាវ ព្រម​ទាំង​សំឡាប់​បំផ្លាញ​គេ ហើយ​បាន​ប្រព្រឹត្ត​នឹង​ពួក​អ្នក ដែល​ស្អប់​ខ្លួន​តាម​តែ​អំពើ​ចិត្ត នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង ពួក​សាសន៍​យូដា​ក៏​បាន​សំឡាប់ ហើយ​បំផ្លាញ​មនុស្ស​អស់​៥០០​នាក់​ដែរ ឯ​ផើសាន‌ដាថា ដាល‌ផូន អ័ស‌ផាថា ផូរ៉ាថា អ័ដាលា អើរី‌ដាថា ផើម៉ាសថា អើរី‌សាយ អើរី‌ដាយ នឹង​វ៉ាយេ‌សាថា ជា​កូន​ទាំង​១០​របស់​ហាម៉ាន កូន​ហាំម្តាថា ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា នោះ​គេ​ក៏​សំឡាប់​ទៅ​ដែរ តែ​គេ​មិន​បាន​ប៉ះ‌ពាល់​ដល់​របឹប​ទេ។ នៅ​ថ្ងៃ​នោះ​ឯង គេ​មក​ទូល​ដល់​ស្តេច ពី​ចំនួន​មនុស្ស​ដែល​គេ​បាន​សំឡាប់​នៅ​ក្នុង​ស៊ូសាន ជា​ក្រុង​ហ្លួង រួច​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​អេសធើរ ជា​អគ្គ‌មហេសី​ថា ពួក​សាសន៍​យូដា​បាន​សំឡាប់ ហើយ​បំផ្លាញ​មនុស្ស អស់​៥០០​នាក់ នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង ព្រម​ទាំង​កូន​របស់​ហាម៉ាន​ទាំង​១០​ផង ដូច្នេះ នៅ​ព្រះ‌រាជ‌ខេត្ត​ឯ​ទៀត គេ​បាន​ធ្វើ​យ៉ាង​ណា​ទៅ ឥឡូវ​នេះ តើ​ព្រះ‌នាង​ចង់​សូម​អ្វី​ទៀត យើង​នឹង​បើក​ឲ្យ តើ​ប្រាថ្នា​ចង់​បាន​អ្វី នោះ​នឹង​បាន​សំរេច អេសធើរ​ទូល​ថា បើ​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ទ័យ នោះ​សូម​បើក​ឲ្យ​ពួក​យូដា ដែល​នៅ​ក្រុង​ស៊ូសានបាន​ធ្វើ​តាម​ច្បាប់​ដដែល នៅ​ថ្ងៃ​ស្អែក​ទៀត ហើយ​ឲ្យ​គេ​ព្យួរ​ខ្មោច​កូន​របស់​ហាម៉ាន​ទាំង​១០​នាក់​នឹង​ឈើ​ទៅ ស្តេច​ទ្រង់​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ​នៅ​ក្រុង​ស៊ូសាន រួច​បាន​ព្យួរ​ខ្មោច​កូន​ហាម៉ាន​ទាំង​១០​នាក់​នោះ​ទៅ ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន ក៏​មូល​គ្នា នៅ​ថ្ងៃ​១៤ ខែ​ផល្គុន​នោះ​ឯង ហើយ​គេ​សំឡាប់​មនុស្ស​៣០០​នាក់​ទៀត នៅ​ស៊ូសាន តែ​គេ​មិន​ប៉ះ‌ពាល់​ដល់​របឹប​ទេ ឯ​ពួក​យូដា​ឯ​ទៀត​ទាំង​ប៉ុន្មាន ដែល​នៅ​អស់​ទាំង​ព្រះ‌រាជ‌ខេត្ត គេ​បាន​មូល​គ្នា ដើម្បី​ការ‌ពារ​ជីវិត​ខ្លួន ហើយ​គេ​មាន​សេចក្ដី​សាន្ត‌ត្រាណ ពី​ពួក​ខ្មាំង​សត្រូវ​របស់​គេ​ត​ទៅ គេ​បាន​សំឡាប់​ពួក​អ្នក​ដែល​ស្អប់​គេ​អស់​៧​ម៉ឺន​៥​ពាន់​នាក់ តែ​ឥត​បាន​ប៉ះ‌ពាល់​ដល់​របឹប​ទេ។ គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​១៣ ខែ​ផល្គុន លុះ​ដល់​ថ្ងៃ​១៤ ទើប​គេ​ឈប់​សំរាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​សំរាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ តែ​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន គេ​បាន​មូល​គ្នា​នៅ​ថ្ងៃ​១៣ ក្នុង​ខែ​នោះ នឹង​នៅ​ថ្ងៃ​១៤​ដែរ លុះ​ដល់​ថ្ងៃ​១៥ ទើប​គេ​ឈប់​សំរាក ហើយ​តាំង​ថ្ងៃ​នោះ​ឡើង​សំរាប់​ជា​ថ្ងៃ​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​ឥត​កំផែង​នៅ​ស្រុក​ក្រៅ គេ​កាន់​ថ្ងៃ​១៤ ខែ​ផល្គុន ជា​ថ្ងៃ​សំរាប់​រីក‌រាយ​សាទរ ហើយ​ជប់‌លៀង ជា​ថ្ងៃ​សប្បាយ ហើយ​ជា​ពេល​ជូន​ជំនូន​ទៅ​វិញ​ទៅ​មក។ ឯ​ម៉ា‌ដេកាយ លោក​ក៏​តែង​សេចក្ដី​ទាំង​នេះ​ទុក ហើយ​ផ្ញើ​សំបុត្រ​ទៅ​ដល់​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​គ្រប់​ទាំង​ខេត្ត​នៃ​ស្តេច​អ័ហា‌ស៊ូរុស ទាំង​ជិត​ទាំង​ឆ្ងាយ ដើម្បី​នឹង​បញ្ជាក់​ដល់​គេ ឲ្យ​បាន​កាន់​ថ្ងៃ​១៤ ខែ​ផល្គុន នឹង​ថ្ងៃ​១៥​ផង រាល់​តែ​ឆ្នាំ ទុក​ជា​ថ្ងៃ​ដែល​ពួក​សាសន៍​យូដា​បាន​សេចក្ដី​សាន្ត‌ត្រាណ ពី​ពួក​ខ្មាំង​សត្រូវ​របស់​គេ នឹង​ជា​ខែ ដែល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​រីក‌រាយ​សាទរ ហើយ​សេចក្ដី​សោក‌សៅ​បាន​ទៅ​ជា​ថ្ងៃ​សប្បាយ​វិញ ប្រយោជន៍​ឲ្យ​គេ​បាន​តាំង​ថ្ងៃ​ទាំង​២​នោះ​ទុក​ជា​ថ្ងៃ​សំរាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ ព្រម​ទាំង​ជូន​ជំនូន​ទៅ​វិញ​ទៅ​មក ហើយ​ដាក់​ទាន​ដល់​មនុស្ស​ទាល់​ក្រ​ផង ដូច្នេះ ពួក​សាសន៍​យូដា​ក៏​សំរេច​នឹង​ធ្វើ​តាម ដូច​ជា​គេ​បាន​ចាប់​តាំង​ធ្វើ​មក​ហើយ គឺ​ដូច​ជា​ម៉ា‌ដេកាយ​បាន​សរសេរ​ផ្ញើ​មក​ដែរ ពី​ព្រោះ​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា​បាន​បង្កើត​ឧបាយ​នឹង​បំផ្លាញ​គេ ក៏​បាន​វាយ​លេខ​តាម​របៀន‌ពោរ គឺ​បាន​បោះ​ឆ្នោត ដើម្បី​នឹង​បំផ្លាញ​គេ ហើយ​ធ្វើ​ឲ្យ​គេ​វិនាស​បង់ តែ​កាល​ព្រះ‌នាង​អេសធើរ​បាន​ចូល​ទៅ​គាល់​ស្តេច នោះ​ទ្រង់​ក៏​ចេញ​បង្គាប់​ដោយ​សំបុត្រ ឲ្យ​ឧបាយ​ដ៏​អាក្រក់ ដែល​ហាម៉ាន​បាន​បង្កើត​ទាស់​នឹង​ពួក​យូដា​នោះ បាន​វិល​ជះ​ទៅ​លើ​ក្បាល​វា​វិញ ហើយ​ឲ្យ​ព្យួរ​វា នឹង​ពួក​កូន​វា​ទាំង​អស់​ភ្ជាប់​លើ​ឈើ​ផង ហេតុ​នោះ​បាន​ជា​គេ​ហៅ​ថ្ងៃ​ទាំង​២​នោះ​ថា «បុណ្យ​ពោរ» តាម​ពាក្យ «ពោរ»នោះ​ឯង ហើយ​ដោយ​ព្រោះ​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​សំបុត្រ​នោះ នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ឃើញ​ពី​ដំណើរ​នោះ ព្រម​ទាំង​ការ​ដែល​បាន​កើត​ដល់​គេ​ផង បាន​ជា​ពួក​សាសន៍​យូដា គេ​តាំង​ទំនៀម​នោះ​ទុក ហើយ​ក៏​ទទួល​ថា ខ្លួន​គេ ពួក​កូន​ចៅ នឹង​អស់​អ្នក​ណា​ដែល​ចូល​សាសន៍​គេ នឹង​រក្សា​ថ្ងៃ​ទាំង​២​នោះ តាម​សេចក្ដី​ដែល​បាន​សរសេរ​ទុក ហើយ​តាម​វេលា​កំណត់​នោះ​រាល់​តែ​ឆ្នាំ​ឥត​ខាន​ឡើយ ហើយ​ថា គេ​នឹង​នឹក​ចាំ ហើយ​រក្សា​ថ្ងៃ​ទាំង​២​នោះ នៅ​គ្រប់​ទាំង​ដំណ គ្រប់​ទាំង​គ្រួ នៅ​អស់​ទាំង​ខេត្ត នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ជា​ដរាប​ទៅ មិន​ឲ្យ​បាត់​ពី​ពួក​សាសន៍​យូដា​ឡើយ ឬ​ឲ្យ​កូន​ចៅ​គេ​លែង​នឹក​ចាំ​ពី​ថ្ងៃ​នោះ​ដែរ។ គ្រា​នោះ អេសធើរ ដ៏​ជា​អគ្គ‌មហេសី ជា​បុត្រី​អ័ប៊ី‌ហែល ព្រម​ទាំង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា ក៏​សរសេរ​ម្តង​ទៀត ផ្ញើ​ទៅ​ដោយ​អាង​គ្រប់​អំណាច​របស់​ខ្លួន ដើម្បី​នឹង​តាំង​សំបុត្រ​ពី​បុណ្យ​ពោរ​នោះ ទុក​ជា​ច្បាប់​ត​ទៅ លោក​ក៏​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ក្នុង​អាណា​ខេត្ត​ទាំង​១២៧​នៃ​នគរ​របស់​អ័ហា‌ស៊ូរុស មាន​ទាំង​ពាក្យ​ស្រគត់‌ស្រគំ នឹង​ពាក្យ​ដ៏​ទៀង​ត្រង់​ពិត​ផង ដើម្បី​នឹង​បញ្ជាក់​ថ្ងៃ​បុណ្យ​ពោរ នៅ​វេលា​កំណត់ ដូច​ជា​ម៉ា‌ដេកាយ ជា​សាសន៍​យូដា នឹង​អេសធើរ អគ្គ‌មហេសី​បាន​តាំង​ឡើង​ដល់​គេ​ហើយ ដូច​ជា​គេ​ក៏​បាន​តាំង​ឡើង​សំរាប់​ខ្លួន​គេ នឹង​កូន​ចៅ​គេ​ត​ទៅ ខាង​ឯ​ដំណើរ​ការ​តម​អត់ នឹង​អំពាវ‌នាវ​របស់​គេ​ដែរ ដូច្នេះ ក្រិត្យ​របស់​ព្រះ‌នាង​អេសធើរ​បាន​បញ្ជាក់​ពី​របៀប​បុណ្យ​ពោរ​នោះ ហើយ​ក្រិត្យ​នោះ​ក៏​បាន​កត់​ចុះ​ទុក​ក្នុង​សៀវភៅ។

ចែក​រំលែក
អាន នាងអេសធើរ 9