នាងអេសធើរ 8:3-8
នាងអេសធើរ 8:3-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះនាងអេសធើរក៏ទូលស្តេចជាថ្មី ដោយក្រាបនៅទៀបព្រះបាទរបស់ស្ដេច អង្វរទាំងទឹកភ្នែក ឲ្យទ្រង់លើកចោលគម្រោងការអាក្រក់របស់ហាម៉ាន ជាសាសន៍អ័កាក់ ព្រមទាំងឧបាយ ដែលវាបានបង្កើតទាស់នឹងពួកសាសន៍យូដា។ កាលស្ដេចហុចដំបងមាសទៅឲ្យព្រះនាងអេសធើរ ព្រះនាងអេសធើរក៏ក្រោកឡើង ហើយឈរនៅចំពោះស្តេច។ ព្រះនាងទូលថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ប្រសិនបើព្រះករុណាប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយប្រសិនបើព្រះករុណារាប់សេចក្ដីនេះថាជាគួរគប្បី ហើយខ្ញុំម្ចាស់ជាទីរីករាយនៅចំពោះព្រះករុណាមែន សូមទ្រង់ចេញរាជបញ្ជាមួយច្បាប់ លុបចោលសំបុត្រទាំងប៉ុន្មានដែលហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់បានសរសេរ ដោយបញ្ជាឲ្យបំផ្លាញពួកសាសន៍យូដា នៅគ្រប់ទាំងអាណាខេត្តរបស់ព្រះករុណានោះទៅ។ ដ្បិតធ្វើដូចម្តេចឲ្យខ្ញុំម្ចាស់ទ្រាំមើលទុក្ខវេទនា ដែលនឹងកើតដល់ប្រជាជនរបស់ខ្ញុំម្ចាស់ ឬទ្រាំមើលញាតិសន្តានរបស់ខ្ញុំម្ចាស់ត្រូវវិនាសទៅបាន?» ពេលនោះ ព្រះបាទអ័ហាស៊ូរុសមានរាជឱង្ការទៅព្រះនាងអេសធើរ ជាអគ្គមហេសី និងម៉ាដេកាយ ជាសាសន៍យូដាថា៖ «មើល៍ យើងបានប្រគល់ផ្ទះរបស់ហាម៉ានដល់ព្រះនាងអេសធើរ ហើយក៏បានឲ្យគេចងកវាព្យួរនៅលើបង្គោលដែរ ព្រោះតែវាលូកដៃទៅទាស់នឹងសាសន៍យូដា។ ឥឡូវនេះ ចូរសរសេរក្នុងនាមស្ដេច ផ្ញើទៅសាសន៍យូដា តាមតែចិត្តចុះ ហើយប្រថាប់ត្រាដោយព្រះទម្រង់រាជ្យ ដ្បិតរាជបញ្ជាដែលបានចែងក្នុងនាមព្រះមហាក្សត្រ ក៏ប្រថាប់ត្រាដោយព្រះទម្រង់រាជ្យ នោះមិនអាចលុបចោលបានឡើយ»។
នាងអេសធើរ 8:3-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះនាងអេសធើរពុំបានឈប់ត្រឹមនេះទេ គឺព្រះនាងទូលស្ដេចសាជាថ្មី ទាំងយំសោក នៅទៀបព្រះបាទារបស់ស្ដេច សូមទ្រង់អាណិតមេត្តាលុបបំបាត់ច្បាប់ដ៏អាក្រក់ ដែលលោកហាម៉ាន ជាពូជពង្សរបស់ស្ដេចអកាក់ បានបង្កើតក្នុងគោលបំណងប្រល័យពូជសាសន៍យូដា។ ព្រះរាជាហុចដំបងមាសទៅឲ្យព្រះនាងអេសធើរ ព្រះនាងអេសធើរក៏ក្រោកឈរឡើងនៅចំពោះព្រះភ័ក្ត្រស្ដេច។ ព្រះនាងមានរាជសវនីយ៍ថា៖ «ប្រសិនបើព្រះករុណាយល់ឃើញថា ជាការល្អ និងគួរគប្បី ហើយប្រសិនបើព្រះករុណាគាប់ព្រះហឫទ័យ និងរីករាយចំពោះខ្ញុំម្ចាស់មែន សូមបញ្ជាឲ្យគេសរសេរលិខិតមួយ ដើម្បីប្រកាសទុកជាមោឃៈ នូវលិខិតដែលលោកហាម៉ាន ជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់បានចងក្រង ក្នុងគោលបំណងប្រល័យពូជសាសន៍យូដា ឲ្យអស់ពីអាណាខេត្តទាំងប៉ុន្មានរបស់ព្រះករុណា។ ខ្ញុំម្ចាស់ពុំអាចនៅស្ងៀម មិនអើពើនឹងទុក្ខវេទនាដែលកើតមានដល់ប្រជាជនរបស់ខ្ញុំម្ចាស់បែបនេះបានទេ។ ពិតមែនហើយ ខ្ញុំម្ចាស់ពុំអាចនៅស្ងៀម មិនអើពើនឹងការវិនាសនៃពូជសាសន៍របស់ខ្ញុំម្ចាស់បានឡើយ!»។ ព្រះចៅអហាស៊ូរុសមានរាជឱង្ការទៅកាន់ព្រះមហាក្សត្រិយានីអេសធើរ និងលោកម៉ាដេកាយដែលជាជនជាតិយូដាថា៖ «យើងបានប្រគល់វិមានរបស់លោកហាម៉ានថ្វាយព្រះនាងអេសធើរ ហើយក៏បានឲ្យគេព្យួរ-កលោកហាម៉ាននៅលើបង្គោល ព្រោះតែគាត់ចង់ធ្វើបាបជនជាតិយូដាដែរ។ ឥឡូវនេះ សូមព្រះមហាក្សត្រិយានី និងលោក រៀបរៀងរាជសារមួយ ក្នុងនាមព្រះមហាក្សត្រ ជារាជសារដែលផ្ដល់ការអនុគ្រោះដល់ជនជាតិយូដា រួចត្រូវប្រថាប់ត្រាហ្លួងផង ដ្បិតរាជបញ្ជាដែលយើងបានចេញប្រកាសផុតទៅហើយនោះ ពុំអាចប្រែប្រួលបានទេ»។
នាងអេសធើរ 8:3-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អេសធើរក៏ទូលនៅចំពោះស្តេចម្តងទៀត ដោយក្រាបនៅទៀបព្រះបាទទ្រង់ អង្វរទាំងទឹកភ្នែក ឲ្យទ្រង់លើកចោលការអាក្រក់របស់ហាម៉ាន ជាសាសន៍អ័កាក់ ព្រមទាំងឧបាយ ដែលវាបានបង្កើត ទាស់នឹងពួកយូដា ខណនោះ ស្តេចទ្រង់ក៏ហុចព្រះដំបងមាសដល់អេសធើរ ដូច្នេះ ព្រះនាងក្រោកឡើង ឈរនៅចំពោះស្តេច ទូលថា បើព្រះករុណាសព្វព្រះទ័យ ហើយបើទ្រង់ប្រោសមេត្តាដល់ខ្ញុំម្ចាស់ ព្រមទាំងរាប់សេចក្ដីនេះថាជាគួរ ហើយបើខ្ញុំម្ចាស់ជាទីពេញព្រះទ័យដល់ទ្រង់ នោះសូមទ្រង់ចេញព្រះរាជឱង្ការ១ច្បាប់ លើកចោលសំបុត្រទាំងប៉ុន្មាន ដែលហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ បានធ្វើនោះ ជាសំបុត្រដែលវាផ្ញើទៅបង្គាប់ឲ្យបំផ្លាញពួកសាសន៍យូដា នៅគ្រប់ទាំងខេត្តរបស់ព្រះករុណា ដ្បិតធ្វើដូចម្តេចឲ្យខ្ញុំម្ចាស់ទ្រាំមើលសេចក្ដីវេទនា ដែលនឹងកើតដល់ជាតិរបស់ខ្ញុំម្ចាស់ ឬទ្រាំមើលញាតិសន្តានរបស់ខ្ញុំម្ចាស់ត្រូវវិនាសទៅបាន នោះស្តេចអ័ហាស៊ូរុសទ្រង់មានបន្ទូលទៅអេសធើរអគ្គមហេសី នឹងម៉ាដេកាយ ជាសាសន៍យូដាថា នេះនែ យើងបានឲ្យផ្ទះរបស់ហាម៉ានដល់អេសធើរហើយ ក៏បានចងកវាព្យួរនឹងឈើផង ដោយព្រោះវាលូកដៃទៅទាស់នឹងសាសន៍យូដា ឥឡូវនេះ ចូរសរសេរដោយព្រះនាមយើងផ្ញើទៅសាសន៍យូដា តាមតែចិត្តចុះ ហើយប្រថាប់ត្រាដោយព្រះទំរង់យើងផង ដ្បិតសេចក្ដីណាដែលបានកត់ចុះដោយនូវព្រះនាមនៃស្តេច ហើយប្រថាប់ត្រាដោយព្រះទំរង់រាជ្យ នោះនឹងលើកចោលចេញពុំបានឡើយ។