នាងអេសធើរ 8:1-8
នាងអេសធើរ 8:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃនោះ ព្រះបាទអ័ហាស៊ូរុសប្រទានផ្ទះរបស់ហាម៉ាន ជាខ្មាំងសត្រូវរបស់សាសន៍យូដា ដល់ព្រះនាងអេសធើរ ជាអគ្គមហេសី ឯម៉ាដេកាយក៏ចូលទៅចំពោះស្តេច ព្រោះព្រះនាងអេសធើរបានទូលស្ដេចថាលោកជាអ្វីដល់ព្រះនាង។ ស្ដេចក៏ដោះត្រាព្រះទម្រង់ ដែលបានដកហូតពីហាម៉ាន មកប្រគល់ជូនម៉ាដេកាយវិញ ហើយព្រះនាងអេសធើរក៏តាំងម៉ាដេកាយ ឲ្យគ្រប់គ្រងលើផ្ទះរបស់ហាម៉ាន។ បន្ទាប់មក ព្រះនាងអេសធើរក៏ទូលស្តេចជាថ្មី ដោយក្រាបនៅទៀបព្រះបាទរបស់ស្ដេច អង្វរទាំងទឹកភ្នែក ឲ្យទ្រង់លើកចោលគម្រោងការអាក្រក់របស់ហាម៉ាន ជាសាសន៍អ័កាក់ ព្រមទាំងឧបាយ ដែលវាបានបង្កើតទាស់នឹងពួកសាសន៍យូដា។ កាលស្ដេចហុចដំបងមាសទៅឲ្យព្រះនាងអេសធើរ ព្រះនាងអេសធើរក៏ក្រោកឡើង ហើយឈរនៅចំពោះស្តេច។ ព្រះនាងទូលថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ប្រសិនបើព្រះករុណាប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយប្រសិនបើព្រះករុណារាប់សេចក្ដីនេះថាជាគួរគប្បី ហើយខ្ញុំម្ចាស់ជាទីរីករាយនៅចំពោះព្រះករុណាមែន សូមទ្រង់ចេញរាជបញ្ជាមួយច្បាប់ លុបចោលសំបុត្រទាំងប៉ុន្មានដែលហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់បានសរសេរ ដោយបញ្ជាឲ្យបំផ្លាញពួកសាសន៍យូដា នៅគ្រប់ទាំងអាណាខេត្តរបស់ព្រះករុណានោះទៅ។ ដ្បិតធ្វើដូចម្តេចឲ្យខ្ញុំម្ចាស់ទ្រាំមើលទុក្ខវេទនា ដែលនឹងកើតដល់ប្រជាជនរបស់ខ្ញុំម្ចាស់ ឬទ្រាំមើលញាតិសន្តានរបស់ខ្ញុំម្ចាស់ត្រូវវិនាសទៅបាន?» ពេលនោះ ព្រះបាទអ័ហាស៊ូរុសមានរាជឱង្ការទៅព្រះនាងអេសធើរ ជាអគ្គមហេសី និងម៉ាដេកាយ ជាសាសន៍យូដាថា៖ «មើល៍ យើងបានប្រគល់ផ្ទះរបស់ហាម៉ានដល់ព្រះនាងអេសធើរ ហើយក៏បានឲ្យគេចងកវាព្យួរនៅលើបង្គោលដែរ ព្រោះតែវាលូកដៃទៅទាស់នឹងសាសន៍យូដា។ ឥឡូវនេះ ចូរសរសេរក្នុងនាមស្ដេច ផ្ញើទៅសាសន៍យូដា តាមតែចិត្តចុះ ហើយប្រថាប់ត្រាដោយព្រះទម្រង់រាជ្យ ដ្បិតរាជបញ្ជាដែលបានចែងក្នុងនាមព្រះមហាក្សត្រ ក៏ប្រថាប់ត្រាដោយព្រះទម្រង់រាជ្យ នោះមិនអាចលុបចោលបានឡើយ»។
នាងអេសធើរ 8:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃដដែលនោះ ព្រះចៅអហាស៊ូរុសប្រទានវិមានរបស់លោកហាម៉ាន ជាបច្ចាមិត្តរបស់ជនជាតិយូដា ទៅឲ្យព្រះមហាក្សត្រិយានីអេសធើរ។ ព្រះនាងអេសធើរទូលស្ដេចឲ្យបានជ្រាបថា លោកម៉ាដេកាយត្រូវជាសាច់ញាតិរបស់ព្រះនាង ដូច្នេះ លោកម៉ាដេកាយក៏ចូលមកគាល់ស្ដេច។ ពេលនោះ ព្រះរាជាយកត្រាព្រះទម្រង់ ដែលទ្រង់បានដកហូតពីលោកហាម៉ាន មកប្រគល់ជូនលោកម៉ាដេកាយ។ ព្រះនាងអេសធើរក៏បានតែងតាំងលោកម៉ាដេកាយ ឲ្យមើលខុសត្រូវលើវិមានរបស់លោកហាម៉ានដែរ។ ព្រះនាងអេសធើរពុំបានឈប់ត្រឹមនេះទេ គឺព្រះនាងទូលស្ដេចសាជាថ្មី ទាំងយំសោក នៅទៀបព្រះបាទារបស់ស្ដេច សូមទ្រង់អាណិតមេត្តាលុបបំបាត់ច្បាប់ដ៏អាក្រក់ ដែលលោកហាម៉ាន ជាពូជពង្សរបស់ស្ដេចអកាក់ បានបង្កើតក្នុងគោលបំណងប្រល័យពូជសាសន៍យូដា។ ព្រះរាជាហុចដំបងមាសទៅឲ្យព្រះនាងអេសធើរ ព្រះនាងអេសធើរក៏ក្រោកឈរឡើងនៅចំពោះព្រះភ័ក្ត្រស្ដេច។ ព្រះនាងមានរាជសវនីយ៍ថា៖ «ប្រសិនបើព្រះករុណាយល់ឃើញថា ជាការល្អ និងគួរគប្បី ហើយប្រសិនបើព្រះករុណាគាប់ព្រះហឫទ័យ និងរីករាយចំពោះខ្ញុំម្ចាស់មែន សូមបញ្ជាឲ្យគេសរសេរលិខិតមួយ ដើម្បីប្រកាសទុកជាមោឃៈ នូវលិខិតដែលលោកហាម៉ាន ជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់បានចងក្រង ក្នុងគោលបំណងប្រល័យពូជសាសន៍យូដា ឲ្យអស់ពីអាណាខេត្តទាំងប៉ុន្មានរបស់ព្រះករុណា។ ខ្ញុំម្ចាស់ពុំអាចនៅស្ងៀម មិនអើពើនឹងទុក្ខវេទនាដែលកើតមានដល់ប្រជាជនរបស់ខ្ញុំម្ចាស់បែបនេះបានទេ។ ពិតមែនហើយ ខ្ញុំម្ចាស់ពុំអាចនៅស្ងៀម មិនអើពើនឹងការវិនាសនៃពូជសាសន៍របស់ខ្ញុំម្ចាស់បានឡើយ!»។ ព្រះចៅអហាស៊ូរុសមានរាជឱង្ការទៅកាន់ព្រះមហាក្សត្រិយានីអេសធើរ និងលោកម៉ាដេកាយដែលជាជនជាតិយូដាថា៖ «យើងបានប្រគល់វិមានរបស់លោកហាម៉ានថ្វាយព្រះនាងអេសធើរ ហើយក៏បានឲ្យគេព្យួរ-កលោកហាម៉ាននៅលើបង្គោល ព្រោះតែគាត់ចង់ធ្វើបាបជនជាតិយូដាដែរ។ ឥឡូវនេះ សូមព្រះមហាក្សត្រិយានី និងលោក រៀបរៀងរាជសារមួយ ក្នុងនាមព្រះមហាក្សត្រ ជារាជសារដែលផ្ដល់ការអនុគ្រោះដល់ជនជាតិយូដា រួចត្រូវប្រថាប់ត្រាហ្លួងផង ដ្បិតរាជបញ្ជាដែលយើងបានចេញប្រកាសផុតទៅហើយនោះ ពុំអាចប្រែប្រួលបានទេ»។
នាងអេសធើរ 8:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះឯង ស្តេចអ័ហាស៊ូរុស ទ្រង់ប្រទានផ្ទះរបស់ហាម៉ាន ជាខ្មាំងសត្រូវរបស់សាសន៍យូដា ដល់អេសធើរជាអគ្គមហេសី ឯម៉ាដេកាយក៏ចូលទៅចំពោះស្តេច ពីព្រោះអេសធើរបានទូលពីគាត់ជាអ្វីដល់ព្រះនាង ស្តេចទ្រង់ក៏ដោះព្រះទំរង់ ដែលបានដកយកពីហាម៉ានប្រគល់ទៅម៉ាដេកាយវិញ ហើយអេសធើរក៏តាំងលោកឡើង ឲ្យត្រួតលើផ្ទះរបស់ហាម៉ាន។ អេសធើរក៏ទូលនៅចំពោះស្តេចម្តងទៀត ដោយក្រាបនៅទៀបព្រះបាទទ្រង់ អង្វរទាំងទឹកភ្នែក ឲ្យទ្រង់លើកចោលការអាក្រក់របស់ហាម៉ាន ជាសាសន៍អ័កាក់ ព្រមទាំងឧបាយ ដែលវាបានបង្កើត ទាស់នឹងពួកយូដា ខណនោះ ស្តេចទ្រង់ក៏ហុចព្រះដំបងមាសដល់អេសធើរ ដូច្នេះ ព្រះនាងក្រោកឡើង ឈរនៅចំពោះស្តេច ទូលថា បើព្រះករុណាសព្វព្រះទ័យ ហើយបើទ្រង់ប្រោសមេត្តាដល់ខ្ញុំម្ចាស់ ព្រមទាំងរាប់សេចក្ដីនេះថាជាគួរ ហើយបើខ្ញុំម្ចាស់ជាទីពេញព្រះទ័យដល់ទ្រង់ នោះសូមទ្រង់ចេញព្រះរាជឱង្ការ១ច្បាប់ លើកចោលសំបុត្រទាំងប៉ុន្មាន ដែលហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ បានធ្វើនោះ ជាសំបុត្រដែលវាផ្ញើទៅបង្គាប់ឲ្យបំផ្លាញពួកសាសន៍យូដា នៅគ្រប់ទាំងខេត្តរបស់ព្រះករុណា ដ្បិតធ្វើដូចម្តេចឲ្យខ្ញុំម្ចាស់ទ្រាំមើលសេចក្ដីវេទនា ដែលនឹងកើតដល់ជាតិរបស់ខ្ញុំម្ចាស់ ឬទ្រាំមើលញាតិសន្តានរបស់ខ្ញុំម្ចាស់ត្រូវវិនាសទៅបាន នោះស្តេចអ័ហាស៊ូរុសទ្រង់មានបន្ទូលទៅអេសធើរអគ្គមហេសី នឹងម៉ាដេកាយ ជាសាសន៍យូដាថា នេះនែ យើងបានឲ្យផ្ទះរបស់ហាម៉ានដល់អេសធើរហើយ ក៏បានចងកវាព្យួរនឹងឈើផង ដោយព្រោះវាលូកដៃទៅទាស់នឹងសាសន៍យូដា ឥឡូវនេះ ចូរសរសេរដោយព្រះនាមយើងផ្ញើទៅសាសន៍យូដា តាមតែចិត្តចុះ ហើយប្រថាប់ត្រាដោយព្រះទំរង់យើងផង ដ្បិតសេចក្ដីណាដែលបានកត់ចុះដោយនូវព្រះនាមនៃស្តេច ហើយប្រថាប់ត្រាដោយព្រះទំរង់រាជ្យ នោះនឹងលើកចោលចេញពុំបានឡើយ។