នាងអេសធើរ 8:1-17
នាងអេសធើរ 8:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃនោះ ព្រះបាទអ័ហាស៊ូរុសប្រទានផ្ទះរបស់ហាម៉ាន ជាខ្មាំងសត្រូវរបស់សាសន៍យូដា ដល់ព្រះនាងអេសធើរ ជាអគ្គមហេសី ឯម៉ាដេកាយក៏ចូលទៅចំពោះស្តេច ព្រោះព្រះនាងអេសធើរបានទូលស្ដេចថាលោកជាអ្វីដល់ព្រះនាង។ ស្ដេចក៏ដោះត្រាព្រះទម្រង់ ដែលបានដកហូតពីហាម៉ាន មកប្រគល់ជូនម៉ាដេកាយវិញ ហើយព្រះនាងអេសធើរក៏តាំងម៉ាដេកាយ ឲ្យគ្រប់គ្រងលើផ្ទះរបស់ហាម៉ាន។ បន្ទាប់មក ព្រះនាងអេសធើរក៏ទូលស្តេចជាថ្មី ដោយក្រាបនៅទៀបព្រះបាទរបស់ស្ដេច អង្វរទាំងទឹកភ្នែក ឲ្យទ្រង់លើកចោលគម្រោងការអាក្រក់របស់ហាម៉ាន ជាសាសន៍អ័កាក់ ព្រមទាំងឧបាយ ដែលវាបានបង្កើតទាស់នឹងពួកសាសន៍យូដា។ កាលស្ដេចហុចដំបងមាសទៅឲ្យព្រះនាងអេសធើរ ព្រះនាងអេសធើរក៏ក្រោកឡើង ហើយឈរនៅចំពោះស្តេច។ ព្រះនាងទូលថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ប្រសិនបើព្រះករុណាប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយប្រសិនបើព្រះករុណារាប់សេចក្ដីនេះថាជាគួរគប្បី ហើយខ្ញុំម្ចាស់ជាទីរីករាយនៅចំពោះព្រះករុណាមែន សូមទ្រង់ចេញរាជបញ្ជាមួយច្បាប់ លុបចោលសំបុត្រទាំងប៉ុន្មានដែលហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់បានសរសេរ ដោយបញ្ជាឲ្យបំផ្លាញពួកសាសន៍យូដា នៅគ្រប់ទាំងអាណាខេត្តរបស់ព្រះករុណានោះទៅ។ ដ្បិតធ្វើដូចម្តេចឲ្យខ្ញុំម្ចាស់ទ្រាំមើលទុក្ខវេទនា ដែលនឹងកើតដល់ប្រជាជនរបស់ខ្ញុំម្ចាស់ ឬទ្រាំមើលញាតិសន្តានរបស់ខ្ញុំម្ចាស់ត្រូវវិនាសទៅបាន?» ពេលនោះ ព្រះបាទអ័ហាស៊ូរុសមានរាជឱង្ការទៅព្រះនាងអេសធើរ ជាអគ្គមហេសី និងម៉ាដេកាយ ជាសាសន៍យូដាថា៖ «មើល៍ យើងបានប្រគល់ផ្ទះរបស់ហាម៉ានដល់ព្រះនាងអេសធើរ ហើយក៏បានឲ្យគេចងកវាព្យួរនៅលើបង្គោលដែរ ព្រោះតែវាលូកដៃទៅទាស់នឹងសាសន៍យូដា។ ឥឡូវនេះ ចូរសរសេរក្នុងនាមស្ដេច ផ្ញើទៅសាសន៍យូដា តាមតែចិត្តចុះ ហើយប្រថាប់ត្រាដោយព្រះទម្រង់រាជ្យ ដ្បិតរាជបញ្ជាដែលបានចែងក្នុងនាមព្រះមហាក្សត្រ ក៏ប្រថាប់ត្រាដោយព្រះទម្រង់រាជ្យ នោះមិនអាចលុបចោលបានឡើយ»។ នៅវេលានោះ គឺថ្ងៃទីម្ភៃបី ខែទីបី ជាខែជេស្ឋ គេបានហៅពួកស្មៀនហ្លួងមក ហើយប្រាប់ឲ្យសរសេររាជបញ្ជា តាមសេចក្ដីដែលម៉ាដេកាយបង្គាប់ដល់ពួកសាសន៍យូដា ពួកនាយកតំណាងស្ដេច ពួកទេសាភិបាល ហើយពួកមន្ត្រីទាំងមួយរយម្ភៃប្រាំពីរអាណាខេត្ត ចាប់តាំងពីស្រុកឥណ្ឌា រហូតដល់ស្រុកអេធីយ៉ូពី គឺដល់គ្រប់ទាំងអាណាខេត្ត តាមអក្សរជាតិ និងដល់គ្រប់ទាំងសាសន៍ តាមភាសារបស់គេ ហើយដល់សាសន៍យូដា តាមអក្សរ តាមភាសារបស់គេដែរ។ ម៉ាដេកាយ បានសរសេរក្នុងនាមព្រះបាទអ័ហាស៊ូរុស ប្រថាប់ត្រាដោយព្រះទម្រង់រាជ្យ ហើយផ្ញើទៅតាមរយៈពួកអ្នករត់សំបុត្រ ដែលជិះសេះ ជាសេះលឿន ជាពូជដែលយកពីក្រោលរបស់ស្តេច ឯក្នុងសំបុត្រទាំងនោះ ស្ដេចអនុញ្ញាតឲ្យពួកសាសន៍យូដា ដែលនៅគ្រប់ទីក្រុងបានប្រមូលផ្ដុំគ្នា ដើម្បីការពារជីវិតរបស់ខ្លួន ហើយឲ្យបំផ្លាញ សម្លាប់ និងធ្វើឲ្យវិនាសសាបសូន្យដល់កម្លាំងប្រដាប់អាវុធនៃប្រជាជនណា ឬអាណាខេត្តណាដែលនឹងលើកគ្នាមកធ្វើបាបខ្លួន រួមទាំងកូនក្មេង និងស្ដ្រី ហើយឲ្យរឹបអូសយកទ្រព្យសម្បត្តិរបស់គេ នៅគ្រប់ទាំងអាណាខេត្តរបស់ព្រះបាទអ័ហាស៊ូរុស ក្នុងថ្ងៃមួយនោះឯង គឺនៅថ្ងៃទីដប់បី ខែទីដប់ពីរ ដែលជាខែផល្គុន។ សំបុត្រមួយច្បាប់ដែលបានសរសេរនោះ ត្រូវបានគេផ្សព្វផ្សាយជារាជក្រឹត្យ ដោយប្រកាសប្រាប់គ្រប់ទាំងសាសន៍ គ្រប់អាណាខេត្ត ឲ្យពួកសាសន៍យូដាប្រុងប្រៀបខ្លួនជាស្រេចនៅថ្ងៃនោះ ដើម្បីសងសឹកពួកខ្មាំងសត្រូវរបស់ខ្លួន។ ដូច្នេះ ពួកអ្នករត់សំបុត្រ ដែលជិះសត្វយ៉ាងលឿន ជាសត្វដែលប្រើក្នុងរាជកិច្ចរបស់ស្តេច គេរួសរាន់ចេញទៅ ដោយប្រញាប់ប្រញាល់ មានទាំងរាជបញ្ជារបស់ស្តេចបង្ខំផង ហើយគេបានប្រកាសរាជក្រឹត្យនោះនៅស៊ូសាន ជាក្រុងហ្លួង។ ពេលនោះ ម៉ាដេកាយចាកចេញពីចំពោះស្តេច ទាំងស្លៀកសម្លៀកបំពាក់ក្រមហ្លួង ពណ៌ខៀវ និងពណ៌ស មានពាក់មកុដមាសយ៉ាងធំ និងអាវវែងដែលធ្វើពីសំពត់ខ្លូតទេសពណ៌ស្វាយ ឯពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ។ ពួកសាសន៍យូដាមានចិត្តធូរស្រាល រីករាយសប្បាយ ហើយមានកិត្តិយស នៅតាមអាណាខេត្ត និងនៅតាមទីក្រុង នៅកន្លែងណាដែលរាជបញ្ជា និងរាជក្រឹត្យរបស់ស្តេចបានទៅដល់ ទីនោះពួកសាសន៍យូដាក៏មានអំណរសប្បាយ មានការជប់លៀង និងមានថ្ងៃឈប់សម្រាក ក៏មានសាសន៍ដទៃជាច្រើនដែលនៅក្នុងស្រុក បានចូលជាតិជាសាសន៍យូដា ព្រោះគេភ័យខ្លាចដល់សាសន៍យូដា។
នាងអេសធើរ 8:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃដដែលនោះ ព្រះចៅអហាស៊ូរុសប្រទានវិមានរបស់លោកហាម៉ាន ជាបច្ចាមិត្តរបស់ជនជាតិយូដា ទៅឲ្យព្រះមហាក្សត្រិយានីអេសធើរ។ ព្រះនាងអេសធើរទូលស្ដេចឲ្យបានជ្រាបថា លោកម៉ាដេកាយត្រូវជាសាច់ញាតិរបស់ព្រះនាង ដូច្នេះ លោកម៉ាដេកាយក៏ចូលមកគាល់ស្ដេច។ ពេលនោះ ព្រះរាជាយកត្រាព្រះទម្រង់ ដែលទ្រង់បានដកហូតពីលោកហាម៉ាន មកប្រគល់ជូនលោកម៉ាដេកាយ។ ព្រះនាងអេសធើរក៏បានតែងតាំងលោកម៉ាដេកាយ ឲ្យមើលខុសត្រូវលើវិមានរបស់លោកហាម៉ានដែរ។ ព្រះនាងអេសធើរពុំបានឈប់ត្រឹមនេះទេ គឺព្រះនាងទូលស្ដេចសាជាថ្មី ទាំងយំសោក នៅទៀបព្រះបាទារបស់ស្ដេច សូមទ្រង់អាណិតមេត្តាលុបបំបាត់ច្បាប់ដ៏អាក្រក់ ដែលលោកហាម៉ាន ជាពូជពង្សរបស់ស្ដេចអកាក់ បានបង្កើតក្នុងគោលបំណងប្រល័យពូជសាសន៍យូដា។ ព្រះរាជាហុចដំបងមាសទៅឲ្យព្រះនាងអេសធើរ ព្រះនាងអេសធើរក៏ក្រោកឈរឡើងនៅចំពោះព្រះភ័ក្ត្រស្ដេច។ ព្រះនាងមានរាជសវនីយ៍ថា៖ «ប្រសិនបើព្រះករុណាយល់ឃើញថា ជាការល្អ និងគួរគប្បី ហើយប្រសិនបើព្រះករុណាគាប់ព្រះហឫទ័យ និងរីករាយចំពោះខ្ញុំម្ចាស់មែន សូមបញ្ជាឲ្យគេសរសេរលិខិតមួយ ដើម្បីប្រកាសទុកជាមោឃៈ នូវលិខិតដែលលោកហាម៉ាន ជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់បានចងក្រង ក្នុងគោលបំណងប្រល័យពូជសាសន៍យូដា ឲ្យអស់ពីអាណាខេត្តទាំងប៉ុន្មានរបស់ព្រះករុណា។ ខ្ញុំម្ចាស់ពុំអាចនៅស្ងៀម មិនអើពើនឹងទុក្ខវេទនាដែលកើតមានដល់ប្រជាជនរបស់ខ្ញុំម្ចាស់បែបនេះបានទេ។ ពិតមែនហើយ ខ្ញុំម្ចាស់ពុំអាចនៅស្ងៀម មិនអើពើនឹងការវិនាសនៃពូជសាសន៍របស់ខ្ញុំម្ចាស់បានឡើយ!»។ ព្រះចៅអហាស៊ូរុសមានរាជឱង្ការទៅកាន់ព្រះមហាក្សត្រិយានីអេសធើរ និងលោកម៉ាដេកាយដែលជាជនជាតិយូដាថា៖ «យើងបានប្រគល់វិមានរបស់លោកហាម៉ានថ្វាយព្រះនាងអេសធើរ ហើយក៏បានឲ្យគេព្យួរ-កលោកហាម៉ាននៅលើបង្គោល ព្រោះតែគាត់ចង់ធ្វើបាបជនជាតិយូដាដែរ។ ឥឡូវនេះ សូមព្រះមហាក្សត្រិយានី និងលោក រៀបរៀងរាជសារមួយ ក្នុងនាមព្រះមហាក្សត្រ ជារាជសារដែលផ្ដល់ការអនុគ្រោះដល់ជនជាតិយូដា រួចត្រូវប្រថាប់ត្រាហ្លួងផង ដ្បិតរាជបញ្ជាដែលយើងបានចេញប្រកាសផុតទៅហើយនោះ ពុំអាចប្រែប្រួលបានទេ»។ នៅថ្ងៃដដែលនោះ គឺថ្ងៃទីម្ភៃបីក្នុងខែជេស្ឋ គេក៏បានកោះហៅពួកស្មៀនហ្លួងមក ហើយប្រាប់ឲ្យសរសេររាជសារ តាមសេចក្ដីដែលម៉ាដេកាយបង្គាប់ ផ្ញើទៅជនជាតិយូដា ពួកមេទ័ព ពួកទេសាភិបាល និងមេដឹកនាំអាណាខេត្តទាំងអស់ ចាប់ពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី គឺមានទាំងអស់មួយរយម្ភៃប្រាំពីរអាណាខេត្ត។ រាជសារទាំងនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ។ រីឯជនជាតិយូដាក៏បានទទួលរាជសារតាមភាសា និងអក្សររបស់ខ្លួនផ្ទាល់ដែរ។ គេបានសរសេររាជសារក្នុងនាមព្រះចៅអហាស៊ូរុស ប្រថាប់ត្រាហ្លួង ហើយអ្នកនាំសារត្រូវជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំរាជសារទៅចែកផ្សាយ។ ក្នុងលិខិតនោះ ព្រះរាជាអនុញ្ញាតឲ្យជនជាតិយូដា នៅក្នុងទីក្រុងទាំងមូលប្រមូលផ្ដុំគ្នា ការពារអាយុជីវិតរបស់ខ្លួន។ ជនជាតិយូដាក៏មានសិទ្ធិសម្លាប់រង្គាលអស់អ្នកនៅក្នុងចំណោមជាតិសាសន៍ ឬនៅតាមអាណាខេត្តទាំងឡាយ ដែលបៀតបៀនខ្លួនដែរ។ ពួកគេក៏អាចសម្លាប់ប្រពន្ធកូនរបស់អ្នកទាំងនោះ ហើយរឹបអូសយកទ្រព្យសម្បត្តិទៀតផង។ ពួកគេត្រូវអនុវត្តរាជសារនេះ តាមអាណាខេត្តទាំងប៉ុន្មានរបស់ព្រះចៅអហាស៊ូរុស ក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទីដប់បីនៃខែទីដប់ពីរ ដែលជាខែផល្គុន។ អាណាខេត្តនីមួយៗទទួលរាជក្រឹត្យមួយច្បាប់ សម្រាប់ប្រកាសជាសាធារណៈ ក្នុងចំណោមប្រជាជនទាំងអស់ ហើយឲ្យជនជាតិយូដាត្រៀមខ្លួនជាស្រេចនៅថ្ងៃនោះ ដើម្បីសងសឹកខ្មាំងសត្រូវរបស់ខ្លួន។ អ្នកនាំសារក៏ជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំរាជសារចាកចេញទៅយ៉ាងរូតរះ។ គេក៏បានប្រកាសរាជសារនេះនៅក្រុងស៊ូសាន ជារាជធានីដែរ។ លោកម៉ាដេកាយចាកចេញពីព្រះរាជា ទាំងស្លៀកសម្លៀកបំពាក់របស់ស្ដេច ដែលមានពណ៌ស្វាយ និងពណ៌ស ហើយលោកពាក់អាវធំពណ៌ក្រហម និងពាក់មកុដមាសយ៉ាងធំផង។ ពេលនោះ មានសម្រែកអរសប្បាយពាសពេញក្រុងស៊ូសានទាំងមូល។ ជនជាតិយូដាពោរពេញដោយអំណរសប្បាយរីករាយឥតឧបមា ហើយនាំគ្នាស្រែកហ៊ោដោយជ័យជម្នះ។ នៅតាមអាណាខេត្ត និងតាមក្រុងនីមួយៗ ដែលរាជបញ្ជា និងរាជក្រឹត្យទៅដល់ ជនជាតិយូដាមានអំណរសប្បាយឥតឧបមា។ ពួកគេនាំគ្នាជប់លៀង ហើយថ្ងៃនោះជាថ្ងៃបុណ្យយ៉ាងធំ។ មានជាតិសាសន៍ជាច្រើនចូលសាសន៍យូដា ព្រោះពួកគេភ័យខ្លាចជនជាតិយូដាជាខ្លាំង។
នាងអេសធើរ 8:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះឯង ស្តេចអ័ហាស៊ូរុស ទ្រង់ប្រទានផ្ទះរបស់ហាម៉ាន ជាខ្មាំងសត្រូវរបស់សាសន៍យូដា ដល់អេសធើរជាអគ្គមហេសី ឯម៉ាដេកាយក៏ចូលទៅចំពោះស្តេច ពីព្រោះអេសធើរបានទូលពីគាត់ជាអ្វីដល់ព្រះនាង ស្តេចទ្រង់ក៏ដោះព្រះទំរង់ ដែលបានដកយកពីហាម៉ានប្រគល់ទៅម៉ាដេកាយវិញ ហើយអេសធើរក៏តាំងលោកឡើង ឲ្យត្រួតលើផ្ទះរបស់ហាម៉ាន។ អេសធើរក៏ទូលនៅចំពោះស្តេចម្តងទៀត ដោយក្រាបនៅទៀបព្រះបាទទ្រង់ អង្វរទាំងទឹកភ្នែក ឲ្យទ្រង់លើកចោលការអាក្រក់របស់ហាម៉ាន ជាសាសន៍អ័កាក់ ព្រមទាំងឧបាយ ដែលវាបានបង្កើត ទាស់នឹងពួកយូដា ខណនោះ ស្តេចទ្រង់ក៏ហុចព្រះដំបងមាសដល់អេសធើរ ដូច្នេះ ព្រះនាងក្រោកឡើង ឈរនៅចំពោះស្តេច ទូលថា បើព្រះករុណាសព្វព្រះទ័យ ហើយបើទ្រង់ប្រោសមេត្តាដល់ខ្ញុំម្ចាស់ ព្រមទាំងរាប់សេចក្ដីនេះថាជាគួរ ហើយបើខ្ញុំម្ចាស់ជាទីពេញព្រះទ័យដល់ទ្រង់ នោះសូមទ្រង់ចេញព្រះរាជឱង្ការ១ច្បាប់ លើកចោលសំបុត្រទាំងប៉ុន្មាន ដែលហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ បានធ្វើនោះ ជាសំបុត្រដែលវាផ្ញើទៅបង្គាប់ឲ្យបំផ្លាញពួកសាសន៍យូដា នៅគ្រប់ទាំងខេត្តរបស់ព្រះករុណា ដ្បិតធ្វើដូចម្តេចឲ្យខ្ញុំម្ចាស់ទ្រាំមើលសេចក្ដីវេទនា ដែលនឹងកើតដល់ជាតិរបស់ខ្ញុំម្ចាស់ ឬទ្រាំមើលញាតិសន្តានរបស់ខ្ញុំម្ចាស់ត្រូវវិនាសទៅបាន នោះស្តេចអ័ហាស៊ូរុសទ្រង់មានបន្ទូលទៅអេសធើរអគ្គមហេសី នឹងម៉ាដេកាយ ជាសាសន៍យូដាថា នេះនែ យើងបានឲ្យផ្ទះរបស់ហាម៉ានដល់អេសធើរហើយ ក៏បានចងកវាព្យួរនឹងឈើផង ដោយព្រោះវាលូកដៃទៅទាស់នឹងសាសន៍យូដា ឥឡូវនេះ ចូរសរសេរដោយព្រះនាមយើងផ្ញើទៅសាសន៍យូដា តាមតែចិត្តចុះ ហើយប្រថាប់ត្រាដោយព្រះទំរង់យើងផង ដ្បិតសេចក្ដីណាដែលបានកត់ចុះដោយនូវព្រះនាមនៃស្តេច ហើយប្រថាប់ត្រាដោយព្រះទំរង់រាជ្យ នោះនឹងលើកចោលចេញពុំបានឡើយ។ ដូច្នេះ នៅវេលានោះឯង គឺថ្ងៃ២៣ ខែទី៣ ជាខែជេស្ឋ នោះគេបានហៅពួកស្មៀនហ្លួងមក កត់អស់ទាំងសេចក្ដីដែលម៉ាដេកាយបង្គាប់ដល់ពួកសាសន៍យូដា ពួកចៅហ្វាយខេត្ត នឹងពួកចៅហ្វាយស្រុក ហើយពួកអ្នកជាប្រធាននៅគ្រប់ទាំង១២៧ខេត្ត ចាប់តាំងពីស្រុកក្លិង្គរហូតដល់ស្រុកអេធីយ៉ូពី គឺដល់គ្រប់ទាំងខេត្តតាមអក្សរជាតិ នឹងដល់គ្រប់ទាំងសាសន៍ តាមភាសារបស់គេ ហើយដល់សាសន៍យូដា តាមអក្សរ តាមភាសារបស់គេដែរ លោកបានធ្វើសំបុត្រនោះ ដោយនូវព្រះនាមនៃស្តេចអ័ហាស៊ូរុស ព្រមទាំងប្រថាប់ត្រាដោយព្រះរាជទំរង់ រួចផ្ញើទៅ ដោយសារពួកអ្នករត់សំបុត្រ ដែលជិះសេះ ជាសត្វយ៉ាងលឿន ដែលនៅក្នុងក្រសួងស្តេច ឯក្នុងសំបុត្រទាំងនោះ ស្តេចទ្រង់អនុញ្ញាតឲ្យពួកសាសន៍យូដា ដែលនៅគ្រប់ទីក្រុងបានមូលគ្នា ដើម្បីការពារជីវិតខ្លួន ហើយឲ្យបំផ្លាញ សំឡាប់ នឹងធ្វើឲ្យវិនាសដល់គ្រប់ទាំងអំណាចរបស់បណ្តាជន នៅខេត្តណាដែលនឹងលើកគ្នាមកធ្វើបាបខ្លួន ទោះទាំងកូនក្មេង នឹងពួកស្រីៗផង ហើយឲ្យរឹបជាន់យកទ្រព្យសម្បត្តិរបស់គេទុកជារបឹបដែរ នៅគ្រប់ទាំងអាណាខេត្តនៃស្តេចអ័ហាស៊ូរុស ក្នុងថ្ងៃ១នោះឯង គឺជាថ្ងៃ១៣ខែ១២ ដែលជាខែផល្គុន សំបុត្រទាំងនោះមានចំឡងព្រះរាជឱង្ការ ដែលត្រូវប្រកាសប្រាប់ដល់គ្រប់ទាំងសាសន៍ នៅអស់ទាំងខេត្តផង ថា ពួកសាសន៍យូដាត្រូវប្រុងប្រៀបនឹងសងសឹក ដល់ពួកខ្មាំងសត្រូវរបស់ខ្លួន នៅថ្ងៃនោះឯង ដូច្នេះ ពួកអ្នករត់សំបុត្រទាំងនោះ ដែលជិះសត្វយ៉ាងលឿន ជាសត្វដែលប្រើក្នុងក្រសួងនៃស្តេច គេរួសរាន់ចេញទៅ ដោយប្រញាប់ប្រញាល់ មានទាំងបង្គាប់ស្តេចបង្ខំផង ហើយព្រះរាជឱង្ការនោះ ក៏បានផ្សាយចេញទៅ នៅត្រង់ស៊ូសាន ជាទីក្រុងហ្លួងដែរ។ ឯម៉ាដេកាយលោកចេញពីចំពោះស្តេចទៅ ទាំងស្លៀកពាក់ប្រដាប់របស់ក្រមហ្លួងពណ៌ខៀវ ហើយស មានពាក់មកុដមាសយ៉ាងធំ នឹងអាវវែង សំពត់ខ្លូតទេសពណ៌ស្វាយផង នោះពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ ដូច្នេះ ពួកសាសន៍យូដាគេមានចិត្តជ្រះថ្លារីករាយសប្បាយ ព្រមទាំងមានសេចក្ដីថ្កំថ្កើងផង ហើយនៅគ្រប់ទាំងខេត្ត នឹងទីក្រុង នៅកន្លែងណា ដែលបានប្រកាសប្រាប់ព្រះរាជឱង្ការ នឹងបង្គាប់របស់ស្តេច នោះពួកសាសន៍យូដាក៏មានសេចក្ដីរីករាយសាទរ ព្រមទាំងជប់លៀង ហើយមានថ្ងៃសប្បាយ មានពួកសាសន៍ដទៃជាច្រើន ដែលនៅក្នុងស្រុក បានចូលជាតិជាសាសន៍យូដា ដោយកើតមានសេចក្ដីកោតខ្លាចដល់គេ។