នាងអេសធើរ 8:1-11

នាងអេសធើរ 8:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​អ័ហា‌ស៊ូរុសប្រទាន​ផ្ទះ​របស់​ហាម៉ាន ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា ដល់​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ឯ​ម៉ា‌ដេកាយ​ក៏​ចូល​ទៅ​ចំពោះ​ស្តេច ព្រោះ​ព្រះ​នាង​អេសធើរ​បាន​ទូល​ស្ដេច​ថា​លោក​ជា​អ្វី​ដល់​ព្រះ‌នាង។ ស្ដេច​ក៏​ដោះ​ត្រា​ព្រះ‌ទម្រង់ ដែល​បាន​ដក​ហូត​ពី​ហាម៉ាន មក​ប្រគល់​ជូន​ម៉ា‌ដេកាយ​វិញ ហើយ​ព្រះ​នាង​អេសធើរ​ក៏​តាំង​ម៉ាដេកាយ ឲ្យ​គ្រប់​គ្រង​លើ​ផ្ទះ​របស់​ហាម៉ាន។ បន្ទាប់​មក ព្រះ​នាង​អេសធើរ​ក៏​ទូល​ស្តេច​ជាថ្មី ដោយ​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​របស់​ស្ដេច អង្វរ​ទាំង​ទឹក​ភ្នែក ឲ្យ​ទ្រង់​លើក​ចោល​គម្រោង​ការ​អាក្រក់​របស់​ហាម៉ាន ជា​សាសន៍​អ័កាក់ ព្រម​ទាំង​ឧបាយ ដែល​វា​បាន​បង្កើត​ទាស់​នឹង​ពួកសាសន៍​យូដា។ កាល​ស្ដេច​ហុច​ដំបង​មាសទៅ​ឲ្យ​ព្រះ​នាង​អេសធើរ ព្រះ‌នាង​អេសធើរ​ក៏​ក្រោក​ឡើង ហើយ​ឈរ​នៅ​ចំពោះ​ស្តេច។ ព្រះ​នាង​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ ប្រសិន​បើ​ព្រះករុណា​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​ប្រសិន​បើ​ព្រះ​ករុណា​រាប់​សេចក្ដី​នេះ​ថា​ជា​គួរគប្បី ហើយ​ខ្ញុំ​ម្ចាស់​ជា​ទី​រីករាយនៅ​ចំពោះ​ព្រះ​ករុណា​មែន សូម​ទ្រង់​ចេញ​‌រាជ‌បញ្ជា​មួយ​ច្បាប់ លុប​ចោល​សំបុត្រ​ទាំង​ប៉ុន្មាន​ដែល​ហាម៉ាន ជា​កូន​ហាំ‌ម្តា‌ថា សាសន៍​អ័កាក់​បាន​សរសេរ ដោយ​បញ្ជា​ឲ្យ​បំផ្លាញ​ពួក​សាសន៍​យូដា នៅ​គ្រប់​ទាំងអាណា​ខេត្ត​របស់​ព្រះ‌ករុណានោះ​ទៅ។ ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ម្ចាស់​ទ្រាំ​មើល​ទុក្ខ​វេទនា ដែល​នឹង​កើត​ដល់​ប្រជាជន​របស់​ខ្ញុំ​ម្ចាស់ ឬ​ទ្រាំ​មើល​ញាតិ​សន្តាន​របស់​ខ្ញុំ​ម្ចាស់​ត្រូវ​វិនាស​ទៅ​បាន?» ពេល​នោះ ព្រះ‌បាទ​អ័ហា‌ស៊ូរុស​មាន​រាជ​ឱង្ការ​ទៅ​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី និង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​ថា៖ «មើល៍ យើង​បាន​ប្រគល់​ផ្ទះ​របស់​ហាម៉ាន​ដល់​ព្រះ​នាង​អេសធើរ ហើយក៏​បាន​ឲ្យ​គេ​ចង​ក​វា​ព្យួរ​នៅ​លើ​បង្គោល​ដែរ ព្រោះ​តែ​វា​លូក​ដៃ​ទៅ​ទាស់​នឹង​សាសន៍​យូដា។ ឥឡូវ​នេះ ចូរ​សរសេរ​ក្នុង​‌នាម​ស្ដេច ផ្ញើ​ទៅ​សាសន៍​យូដា តាម​តែ​ចិត្ត​ចុះ ហើយ​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទម្រង់​រាជ្យ ដ្បិតរាជ​បញ្ជា​ដែល​បានចែងក្នុង​‌នាម​ព្រះ​មហាក្សត្រ ក៏​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទម្រង់​រាជ្យ នោះ​មិន​អាចលុប​ចោល​បាន​ឡើយ»។ នៅ​វេលា​នោះ គឺ​ថ្ងៃទី​ម្ភៃ​បី ខែ​ទីបី ជា​ខែ​ជេស្ឋ គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក ហើយ​ប្រាប់​ឲ្យ​សរសេរ​រាជ​បញ្ជា តាម​សេចក្ដី​ដែល​ម៉ា‌ដេកាយ​បង្គាប់​ដល់​ពួក​សាសន៍​យូដា ពួក​នាយក​តំណាង​ស្ដេច ពួកទេសាភិបាល ហើយ​ពួក​មន្ត្រី​ទាំង​មួយ​រយ​ម្ភៃ​ប្រាំ​ពីរ​អាណា​ខេត្ត ចាប់​តាំង​ពី​ស្រុកឥណ្ឌា រហូត​ដល់​ស្រុក​អេធី‌យ៉ូពី គឺ​ដល់​គ្រប់​ទាំង​អាណា​ខេត្ត តាម​អក្សរ​ជាតិ និង​ដល់​គ្រប់​ទាំង​សាសន៍ តាម​ភាសា​របស់​គេ ហើយ​ដល់​សាសន៍​យូដា តាម​អក្សរ តាម​ភាសា​របស់​គេ​ដែរ។ ម៉ាដេកាយ បាន​សរសេរ​ក្នុង​‌នាម​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ប្រថាប់​ត្រា​ដោយ​ព្រះ​ទម្រង់​រាជ្យ ហើយ​ផ្ញើ​ទៅ​តាម​រយៈ​ពួក​អ្នក​រត់​សំបុត្រ ដែល​ជិះ​សេះ ជា​សេះ​លឿន ជា​ពូជ​ដែល​យក​ពី​ក្រោលរបស់​ស្តេច ឯ​ក្នុង​សំបុត្រ​ទាំង​នោះ ស្ដេច​អនុ‌ញ្ញាត​ឲ្យ​ពួក​សាសន៍​យូដា ដែល​នៅ​គ្រប់​ទី​ក្រុង​បានប្រ​មូល​ផ្ដុំ​គ្នា ដើម្បី​ការ​ពារ​ជីវិតរបស់​ខ្លួន ហើយ​ឲ្យ​បំផ្លាញ សម្លាប់ និង​ធ្វើ​ឲ្យ​វិនាស​សាប​សូន្យ​ដល់​កម្លាំង​ប្រដាប់​អាវុធ​នៃ​ប្រជា‌ជន​ណា ឬ​អាណា​ខេត្ត​ណា​ដែល​នឹង​លើក​គ្នា​មក​ធ្វើ​បាប​ខ្លួន រួម​ទាំង​កូន​ក្មេង និង​ស្ដ្រី ហើយ​ឲ្យ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គេ

ចែក​រំលែក
អាន នាងអេសធើរ 8

នាងអេសធើរ 8:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌ចៅ​អហា‌ស៊ូរុស​ប្រទាន​វិមាន​របស់​លោក​ហាម៉ាន ជា​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា ទៅ​ឲ្យ​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ។ ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ឲ្យ​បាន​ជ្រាប​ថា លោក​ម៉ាដេ‌កាយ​ត្រូវ​ជា​សាច់‌ញាតិ​របស់​ព្រះ‌នាង ដូច្នេះ លោក​ម៉ាដេ‌កាយ​ក៏​ចូល​មក​គាល់​ស្ដេច។ ពេល​នោះ ព្រះ‌រាជា​យក​ត្រា​ព្រះ‌ទម្រង់ ដែល​ទ្រង់​បាន​ដក​ហូត​ពី​លោក​ហាម៉ាន មក​ប្រគល់​ជូន​លោក​ម៉ាដេ‌កាយ។ ព្រះ‌នាង​អេសធើរ​ក៏​បាន​តែង‌តាំង​លោក​ម៉ាដេ‌កាយ ឲ្យ​មើល​ខុស​ត្រូវ​លើ​វិមាន​របស់​លោក​ហាម៉ាន​ដែរ។ ព្រះ‌នាង​អេសធើរ​ពុំ​បាន​ឈប់​ត្រឹម​នេះ​ទេ គឺ​ព្រះ‌នាង​ទូល​ស្ដេច​សា​ជា​ថ្មី ទាំង​យំ​សោក នៅ​ទៀប​ព្រះ‌បាទា​របស់​ស្ដេច សូម​ទ្រង់​អាណិត​មេត្តា​លុប​បំបាត់​ច្បាប់​ដ៏​អាក្រក់ ដែល​លោក​ហាម៉ាន ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បាន​បង្កើត​ក្នុង​គោល​បំណង​ប្រល័យ​ពូជ‌សាសន៍​យូដា។ ព្រះ‌រាជា​ហុច​ដំបង​មាស​ទៅ​ឲ្យ​ព្រះ‌នាង​អេសធើរ ព្រះ‌នាង​អេសធើរ​ក៏​ក្រោក​ឈរ​ឡើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច។ ព្រះ‌នាង​មាន​រាជ​សវនីយ៍​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​យល់​ឃើញ​ថា ជា​ការ​ល្អ និង​គួរ​គប្បី ហើយ​ប្រសិន​បើ​ព្រះ‌ករុណា​គាប់​ព្រះ‌ហឫទ័យ និង​រីក‌រាយ​ចំពោះ​ខ្ញុំ​ម្ចាស់​មែន សូម​បញ្ជា​ឲ្យ​គេ​សរសេរ​លិខិត​មួយ ដើម្បី​ប្រកាស​ទុក​ជា​មោឃៈ នូវ​លិខិត​ដែល​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់​បាន​ចង​ក្រង ក្នុង​គោល​បំណង​ប្រល័យ​ពូជ‌សាសន៍​យូដា ឲ្យ​អស់​ពី​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា។ ខ្ញុំ​ម្ចាស់​ពុំ​អាច​នៅ​ស្ងៀម មិន​អើ​ពើ​នឹង​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​ប្រជា‌ជន​របស់​ខ្ញុំ​ម្ចាស់​បែប​នេះ​បាន​ទេ។ ពិត​មែន​ហើយ ខ្ញុំ​ម្ចាស់​ពុំ​អាច​នៅ​ស្ងៀម មិន​អើ​ពើ​នឹង​ការ​វិនាស​នៃ​ពូជ‌សាសន៍​របស់​ខ្ញុំ​ម្ចាស់​បាន​ឡើយ!»។ ព្រះចៅ​អហា‌ស៊ូរុស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ និង​លោក​ម៉ាដេ‌កាយ​ដែល​ជា​ជន‌ជាតិ​យូដា​ថា៖ «យើង​បាន​ប្រគល់​វិមាន​របស់​លោក​ហាម៉ាន​ថ្វាយ​ព្រះ‌នាង​អេសធើរ ហើយ​ក៏​បាន​ឲ្យ​គេ​ព្យួរ-ក​លោក​ហាម៉ាន​នៅ​លើ​បង្គោល ព្រោះ​តែ​គាត់​ចង់​ធ្វើ​បាប​ជន‌ជាតិ​យូដា​ដែរ។ ឥឡូវ​នេះ សូម​ព្រះ‌មហា‌ក្សត្រិ‌យានី និង​លោក រៀប​រៀង​រាជ‌សារ​មួយ ក្នុង​នាម​ព្រះ‌មហា‌ក្សត្រ ជា​រាជ‌សារ​ដែល​ផ្ដល់​ការ​អនុ‌គ្រោះ​ដល់​ជន‌ជាតិ​យូដា រួច​ត្រូវ​ប្រថាប់​ត្រា​ហ្លួង​ផង ដ្បិត​រាជ​បញ្ជា​ដែល​យើង​បាន​ចេញ​ប្រកាស​ផុត​ទៅ​ហើយ​នោះ ពុំ​អាច​ប្រែ‌ប្រួល​បាន​ទេ»។ នៅ​ថ្ងៃ​ដដែល​នោះ គឺ​ថ្ងៃ​ទី​ម្ភៃ​បី​ក្នុង​ខែ​ជេស្ឋ គេ​ក៏​បាន​កោះ​ហៅ​ពួក​ស្មៀន​ហ្លួង​មក ហើយ​ប្រាប់​ឲ្យ​សរសេរ​រាជ‌សារ តាម​សេចក្ដី​ដែល​ម៉ាដេ‌កាយ​បង្គាប់ ផ្ញើ​ទៅ​ជន‌ជាតិ​យូដា ពួក​មេ‌ទ័ព ពួក​ទេសា‌ភិបាល និង​មេ​ដឹក​នាំ​អាណា‌ខេត្ត​ទាំង​អស់ ចាប់​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូ‌ពី គឺ​មាន​ទាំង​អស់​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​អាណា‌ខេត្ត។ រាជ‌សារ​ទាំង​នោះ​សរសេរ​តាម​អក្សរ​របស់​អាណា‌ខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ។ រីឯ​ជន‌ជាតិ​យូដា​ក៏​បាន​ទទួល​រាជ‌សារ​តាម​ភាសា និង​អក្សរ​របស់​ខ្លួន​ផ្ទាល់​ដែរ។ គេ​បាន​សរសេរ​រាជ‌សារ​ក្នុង​នាម​ព្រះ‌ចៅ​អហា‌ស៊ូរុស ប្រថាប់​ត្រា​ហ្លួង ហើយ​អ្នក​នាំ​សារ​ត្រូវ​ជិះ​សេះ​ដែល​មាន​ពូជ​ល្អ យក​ពី​ក្រោល​របស់​ស្ដេច នាំ​រាជ‌សារ​ទៅ​ចែក​ផ្សាយ។ ក្នុង​លិខិត​នោះ ព្រះ‌រាជា​អនុញ្ញាត​ឲ្យ​ជន‌ជាតិ​យូដា នៅ​ក្នុង​ទីក្រុង​ទាំង​មូល​ប្រមូល​ផ្ដុំ​គ្នា ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន។ ជន‌ជាតិ​យូដា​ក៏​មាន​សិទ្ធិ​សម្លាប់​រង្គាល​អស់​អ្នក​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ ឬ​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ ដែល​បៀត‌បៀន​ខ្លួន​ដែរ។ ពួក​គេ​ក៏​អាច​សម្លាប់​ប្រពន្ធ​កូន​របស់​អ្នក​ទាំង​នោះ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទៀត​ផង។

ចែក​រំលែក
អាន នាងអេសធើរ 8

នាងអេសធើរ 8:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​នោះ​ឯង ស្តេច​អ័ហា‌ស៊ូរុស ទ្រង់​ប្រទាន​ផ្ទះ​របស់​ហាម៉ាន ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា ដល់​អេសធើរ​ជា​អគ្គ‌មហេសី ឯ​ម៉ា‌ដេកាយ​ក៏​ចូល​ទៅ​ចំពោះ​ស្តេច ពី​ព្រោះ​អេសធើរ​បាន​ទូល​ពី​គាត់​ជា​អ្វី​ដល់​ព្រះ‌នាង ស្តេច​ទ្រង់​ក៏​ដោះ​ព្រះ‌ទំរង់ ដែល​បាន​ដក​យក​ពី​ហាម៉ាន​ប្រគល់​ទៅ​ម៉ា‌ដេកាយ​វិញ ហើយ​អេសធើរ​ក៏​តាំង​លោក​ឡើង ឲ្យ​ត្រួត​លើ​ផ្ទះ​របស់​ហាម៉ាន។ អេសធើរ​ក៏​ទូល​នៅ​ចំពោះ​ស្តេច​ម្តង​ទៀត ដោយ​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់ អង្វរ​ទាំង​ទឹក​ភ្នែក ឲ្យ​ទ្រង់​លើក​ចោល​ការ​អាក្រក់​របស់​ហាម៉ាន ជា​សាសន៍​អ័កាក់ ព្រម​ទាំង​ឧបាយ ដែល​វា​បាន​បង្កើត ទាស់​នឹង​ពួក​យូដា ខណ​នោះ ស្តេច​ទ្រង់​ក៏​ហុច​ព្រះ​ដំបង​មាស​ដល់​អេសធើរ ដូច្នេះ ព្រះ‌នាង​ក្រោក​ឡើង ឈរ​នៅ​ចំពោះ​ស្តេច ទូល​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ ហើយ​បើ​ទ្រង់​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​រាប់​សេចក្ដី​នេះ​ថា​ជា​គួរ ហើយ​បើ​ខ្ញុំ​ម្ចាស់​ជា​ទី​ពេញ​ព្រះ‌ទ័យ​ដល់​ទ្រង់ នោះ​សូម​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ លើក​ចោល​សំបុត្រ​ទាំង​ប៉ុន្មាន ដែល​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ បាន​ធ្វើ​នោះ ជា​សំបុត្រ​ដែល​វា​ផ្ញើ​ទៅ​បង្គាប់​ឲ្យ​បំផ្លាញ​ពួក​សាសន៍​យូដា នៅ​គ្រប់​ទាំង​ខេត្ត​របស់​ព្រះ‌ករុណា ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ម្ចាស់​ទ្រាំ​មើល​សេចក្ដី​វេទនា ដែល​នឹង​កើត​ដល់​ជាតិ​របស់​ខ្ញុំ​ម្ចាស់ ឬ​ទ្រាំ​មើល​ញាតិ​សន្តាន​របស់​ខ្ញុំ​ម្ចាស់​ត្រូវ​វិនាស​ទៅ​បាន នោះ​ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​មាន​បន្ទូល​ទៅ​អេសធើរ​អគ្គ‌មហេសី នឹង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​ថា នេះ​នែ យើង​បាន​ឲ្យ​ផ្ទះ​របស់​ហាម៉ាន​ដល់​អេសធើរ​ហើយ ក៏​បាន​ចង​ក​វា​ព្យួរ​នឹង​ឈើ​ផង ដោយ​ព្រោះ​វា​លូក​ដៃ​ទៅ​ទាស់​នឹង​សាសន៍​យូដា ឥឡូវ​នេះ ចូរ​សរសេរ​ដោយ​ព្រះ‌នាម​យើង​ផ្ញើ​ទៅ​សាសន៍​យូដា តាម​តែ​ចិត្ត​ចុះ ហើយ​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទំរង់​យើង​ផង ដ្បិត​សេចក្ដី​ណា​ដែល​បាន​កត់​ចុះ​ដោយ​នូវ​ព្រះ‌នាម​នៃ​ស្តេច ហើយ​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទំរង់​រាជ្យ នោះ​នឹង​លើក​ចោល​ចេញ​ពុំ​បាន​ឡើយ។ ដូច្នេះ នៅ​វេលា​នោះ​ឯង គឺ​ថ្ងៃ​២៣ ខែ​ទី​៣ ជា​ខែ​ជេស្ឋ នោះ​គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក កត់​អស់​ទាំង​សេចក្ដី​ដែល​ម៉ា‌ដេកាយ​បង្គាប់​ដល់​ពួក​សាសន៍​យូដា ពួក​ចៅហ្វាយ​ខេត្ត នឹង​ពួក​ចៅហ្វាយ​ស្រុក ហើយ​ពួក​អ្នក​ជា​ប្រធាន​នៅ​គ្រប់​ទាំង​១២៧​ខេត្ត ចាប់​តាំង​ពី​ស្រុក​ក្លិង្គ​រហូត​ដល់​ស្រុក​អេធីយ៉ូពី គឺ​ដល់​គ្រប់​ទាំង​ខេត្ត​តាម​អក្សរ​ជាតិ នឹង​ដល់​គ្រប់​ទាំង​សាសន៍ តាម​ភាសា​របស់​គេ ហើយ​ដល់​សាសន៍​យូដា តាម​អក្សរ តាម​ភាសា​របស់​គេ​ដែរ លោក​បាន​ធ្វើ​សំបុត្រ​នោះ ដោយ​នូវ​ព្រះ‌នាម​នៃ​ស្តេច​អ័ហា‌ស៊ូរុស ព្រម​ទាំង​ប្រថាប់​ត្រា​ដោយ​ព្រះ‌រាជ​ទំរង់ រួច​ផ្ញើ​ទៅ ដោយ‌សារ​ពួក​អ្នក​រត់​សំបុត្រ ដែល​ជិះ​សេះ ជា​សត្វ​យ៉ាង​លឿន ដែល​នៅ​ក្នុង​ក្រសួង​ស្តេច ឯ​ក្នុង​សំបុត្រ​ទាំង​នោះ ស្តេច​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​សាសន៍​យូដា ដែល​នៅ​គ្រប់​ទី​ក្រុង​បាន​មូល​គ្នា ដើម្បី​ការ‌ពារ​ជីវិត​ខ្លួន ហើយ​ឲ្យ​បំផ្លាញ សំឡាប់ នឹង​ធ្វើ​ឲ្យ​វិនាស​ដល់​គ្រប់​ទាំង​អំណាច​របស់​បណ្តាជន នៅ​ខេត្ត​ណា​ដែល​នឹង​លើក​គ្នា​មក​ធ្វើ​បាប​ខ្លួន ទោះ​ទាំង​កូន​ក្មេង នឹង​ពួក​ស្រីៗ​ផង ហើយ​ឲ្យ​រឹប​ជាន់​យក​ទ្រព្យ​សម្បត្តិ​របស់​គេ​ទុក​ជា​របឹប​ដែរ

ចែក​រំលែក
អាន នាងអេសធើរ 8