នាងអេសធើរ 6:10-14 - Compare All Versions
នាងអេសធើរ 6:10-14 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដូច្នេះ ស្ដេចមានរាជឱង្ការបង្គាប់ហាម៉ានថា៖ «ចូរប្រញាប់ទៅយកព្រះពស្ត្រារាជ្យ និងសេះ ដូចជាពាក្យលោកមានប្រសាសន៍នេះចុះ ហើយធ្វើដូច្នោះចំពោះលោកម៉ាដេកាយ ជាសាសន៍យូដា ដែលអង្គុយនៅមាត់ទ្វារព្រះរាជវាំងនោះទៅ។ សូមធ្វើតាមពាក្យដែលលោកមានប្រសាសន៍កុំឲ្យចន្លោះអ្វីឡើយ»។ ដូច្នេះ ហាម៉ានក៏យកព្រះពស្ត្រារាជ្យ និងសេះនោះមក ហើយបំពាក់ឲ្យម៉ាដេកាយ បញ្ជិះគាត់បណ្តើរកាត់តាមទីធ្លាក្រុង ទាំងស្រែកប្រកាសនៅមុខគាត់ថា «អ្នកដែលព្រះរាជាសព្វព្រះហឫទ័យចង់លើកមុខ គឺនឹងបានដូច្នេះឯង!»។ បន្ទាប់មក ម៉ាដេកាយវិលត្រឡប់ទៅទ្វារព្រះរាជវាំងវិញ តែហាម៉ានប្រញាប់ប្រញាល់វិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ទាំងសោកសៅ ហើយឃ្លុំក្បាល។ ហាម៉ានរៀបរាប់ប្រាប់សេរែស ជាប្រពន្ធ និងមិត្តសម្លាញ់របស់លោកទាំងប៉ុន្មាន ពីអស់ទាំងហេតុការណ៍ដែលបានកើតឡើងចំពោះលោក។ ពេលនោះ ពួកអ្នកប្រាជ្ញរបស់លោក និងសេរែសជាប្រពន្ធ ពោលទៅកាន់លោកថា៖ «ប្រសិនបើម៉ាដេកាយជាសាសន៍យូដា ដែលលោកបានចាប់ផ្ដើមដួលនៅចំពោះគាត់ហើយ នោះលោកពុំអាចឈ្នះគាត់បានឡើយ គឺនឹងត្រូវដួលនៅចំពោះគាត់ជាប្រាកដ»។ កាលគេកំពុងនិយាយជាមួយលោកនៅឡើយ នោះពួកមហាតលិករបស់ស្តេចក៏មកដល់ ហើយដាស់តឿនហាម៉ាន ឲ្យទៅចូលរួមពិធីជប់លៀង ដែលព្រះនាងអេធើរបានរៀបចំ។
នាងអេសធើរ 6:10-14 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ព្រះរាជាមានរាជឱង្ការទៅកាន់លោកហាម៉ានថា៖ «បើដូច្នេះ សុំលោកប្រញាប់យកព្រះភូសាទៅបំពាក់ជូនលោកម៉ាដេកាយ ជាជនជាតិយូដា ដែលប្រចាំការនៅមាត់ទ្វាររាជវាំង ហើយឲ្យគាត់ឡើងជិះសេះ ដូចលោកមានប្រសាសន៍ចុះ! ចូរប្រព្រឹត្តចំពោះគាត់ ឲ្យបានដូចពាក្យរបស់លោក ឥតចន្លោះត្រង់ណាឡើយ»។ លោកហាម៉ានក៏យកព្រះភូសាទៅបំពាក់ជូនលោកម៉ាដេកាយ ហើយឲ្យលោកឡើងជិះសេះ ដង្ហែកាត់តាមផ្លូវនានានៅក្នុងទីក្រុង ទាំងប្រកាសថា «ព្រះរាជាប្រព្រឹត្តបែបនេះ ចំពោះអ្នកដែលស្ដេចសព្វព្រះហឫទ័យផ្ដល់កិត្តិយស!»។ បន្ទាប់មក លោកម៉ាដេកាយវិលត្រឡប់ទៅប្រចាំការនៅមាត់ទ្វាររាជវាំង រីឯលោកហាម៉ានក៏ប្រញាប់វិលត្រឡប់ទៅផ្ទះវិញ ទាំងមួហ្មង និងបាក់មុខយ៉ាងខ្លាំង។ លោកហាម៉ានរៀបរាប់ប្រាប់លោកស្រីសេរែស ជាភរិយា និងមិត្តភក្ដិជិតស្និទ្ធអំពីហេតុការណ៍ដែលកើតមានចំពោះលោក។ ទីប្រឹក្សារបស់លោក ព្រមទាំងលោកស្រីសេរែស ជាភរិយា ពោលទៅកាន់លោកថា៖ «ម៉ាដេកាយដែលលោកកំពុងតែចាញ់ប្រៀបនោះ ជាសាសន៍យូដា ដូច្នេះ លោកពុំអាចតទល់នឹងគាត់បានឡើយ គឺលោកមុខជាចាញ់ប្រៀបគាត់រហូតមិនខាន»។ អ្នកទាំងនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែពួកមហាតលិករបស់ស្ដេចចូលមកដល់ ហើយរូតរះនាំលោកហាម៉ានទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងអេសធើរបានរៀបចំ។
នាងអេសធើរ 6:10-14 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដូច្នេះ ស្តេចទ្រង់មានបន្ទូលបង្គាប់ហាម៉ានថា ចូរប្រញាប់ឡើង ទៅយកព្រះពស្ត្រារាជ្យ នឹងសេះ ដូចជាអ្នកបានថានោះ ទៅធ្វើដូច្នោះដល់ម៉ាដេកាយ ជាសាសន៍យូដា ដែលអង្គុយនៅមាត់ទ្វារព្រះរាជវាំង កុំឲ្យខានធ្វើអ្វីមួយដែលអ្នកបានថានោះឲ្យសោះ ហាម៉ានក៏យកព្រះពស្ត្រារាជ្យ នឹងសេះនោះមក រួចបំពាក់ឲ្យម៉ាដេកាយ ហើយបញ្ជិះគាត់បណ្តើរនាំទៅតាមផ្លូវទីក្រុង ដោយស្រែកប្រកាសនៅមុខគាត់ថា អ្នកដែលស្តេចទ្រង់សព្វព្រះទ័យចង់លើកមុខ នោះបានដូច្នេះហើយ រួចហើយ ម៉ាដេកាយក៏វិលត្រឡប់មកឯទ្វារព្រះរាជវាំងវិញ តែឯហាម៉ានលោកប្រញាប់ប្រញាល់ទៅឯផ្ទះ ដោយសៅសោក ហើយគ្រលំក្បាល លោកក៏រាប់រៀបប្រាប់ដល់សេរែស ជាប្រពន្ធ នឹងពួកមិត្រសំឡាញ់ទាំងប៉ុន្មានពីអស់ទាំងការដែលបានកើតមកដល់ខ្លួន ដូច្នោះ ពួកអ្នកប្រាជ្ញរបស់លោក នឹងសេរែស ជាប្រពន្ធ ក៏និយាយទៅលោកថា បើសិនជាម៉ាដេកាយនេះជាតិជាសាសន៍យូដា ដែលលោកបានចាប់តាំងដួលនៅចំពោះគាត់ហើយ នោះលោកនឹងឈ្នះគាត់មិនបានឡើយ គឺនឹងត្រូវដួលនៅចំពោះគាត់ជាពិតប្រាកដ កាលគេកំពុងតែនិយាយនឹងលោកនៅឡើយ នោះមានពួកភ្នាក់ងាររបស់ស្តេចមកដល់ ដាស់តឿនហាម៉ាន ឲ្យទៅបរិភោគលៀង ដែលអេធើរបានរៀបចំទុក។