នាងអេសធើរ 5:9-14
នាងអេសធើរ 5:9-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃនោះ ហាម៉ានក៏ចេញទៅដោយមានចិត្តត្រេកអរ ហើយរីករាយ។ ប៉ុន្ដែ កាលហាម៉ានឃើញម៉ាដេកាយនៅមាត់ទ្វាររាជវាំង ដែលមិនឈរឡើង ឬឱនគោរពនៅមុខខ្លួន នោះលោកមានពេញដោយកំហឹងចំពោះម៉ាដេកាយ។ ប៉ុន្តែ ហាម៉ានទប់ចិត្ត ហើយត្រឡប់ទៅផ្ទះ រួចចាត់គេឲ្យទៅហៅមិត្តសម្លាញ់ និងសេរែស ជាប្រពន្ធខ្លួនមកជួប។ ហាម៉ានរៀបរាប់ប្រាប់ពួកគេពីភាពរុងរឿងនៃទ្រព្យសម្បត្តិរបស់លោក ពីចំនួនកូនប្រុសៗរបស់លោក និងពីកិត្តិយសទាំងប៉ុន្មានដែលស្តេចបានលើកតម្កើង ហើយពីដំណើរដែលស្ដេចតាំងលោកឡើង ខ្ពស់ជាងពួកនាម៉ឺនសព្វមុខមន្ត្រីរបស់ស្ដេច។ ហាម៉ានក៏ថ្លែងទៀតថា៖ «សូម្បីតែព្រះនាងអេសធើរ ជាអគ្គមហេសី ក៏មិនបានបើកឲ្យអ្នកណាទៅជាមួយស្តេចក្រៅពីខ្ញុំ ដើម្បីចូលរួមពិធីជប់លៀង ដែលព្រះនាងបានរៀបចំនោះឡើយ ហើយថ្ងៃស្អែក ព្រះនាងក៏បានអញ្ជើញខ្ញុំទៅជាមួយស្តេចទៀតដែរ។ ប៉ុន្តែ ដរាបណាខ្ញុំនៅតែឃើញម៉ាដេកាយ ជាសាសន៍យូដានោះអង្គុយនៅមាត់ទ្វាររាជវាំង នោះសគុណទាំងប៉ុន្មាននេះគ្មានតម្លៃអ្វីចំពោះខ្ញុំទេ»។ ពេលនោះ សេរែស ជាប្រពន្ធរបស់លោក និងមិត្តសម្លាញ់ទាំងប៉ុន្មានរបស់លោកក៏ពោលឡើងថា៖ «ចូរឲ្យគេដំឡើងបង្គោលមួយកម្ពស់ហាសិបហត្ថ ហើយព្រឹកឡើងចូលទៅទូលសូមស្តេច ដើម្បីយកម៉ាដេកាយនេះទៅព្យួរកនៅលើបង្គោលនោះទៅ នោះទើបលោកអាចទៅចូលរួមពិធីជប់លៀងជាមួយស្តេចបានដោយអំណរ»។ គំនិតនេះពេញចិត្តហាម៉ានណាស់ ហើយលោកក៏ឲ្យគេដំឡើងបង្គោល។
នាងអេសធើរ 5:9-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃនោះ លោកហាម៉ានចាកចេញទៅ ដោយមានចិត្តត្រេកអរសប្បាយ រកអ្វីប្រៀបស្មើពុំបាន។ លោកឃើញលោកម៉ាដេកាយនៅមាត់ទ្វារវាំង តែលោកម៉ាដេកាយពុំព្រមក្រោកឈរ ដើម្បីធ្វើគារវកិច្ចចំពោះលោកទេ។ ដូច្នេះ លោកហាម៉ានខឹងនឹងលោកម៉ាដេកាយជាខ្លាំង។ លោកទប់ចិត្ត ហើយវិលត្រឡប់ទៅផ្ទះវិញ។ លោកបានឲ្យគេហៅមិត្តភក្ដិជិតស្និទ្ធ និងលោកស្រីសេរែស ជាភរិយាមកជួប។ លោកហាម៉ានអួតប្រាប់ពួកគេអំពីទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភរបស់លោក ព្រមទាំងចំនួនកូនប្រុសដែលលោកមាន និងកិត្តិយសទាំងប៉ុន្មាន ដែលស្ដេចប្រទានឲ្យលោកធ្វើជាប្រមុខលើមេដឹកនាំ និងនាម៉ឺនសព្វមុខមន្ត្រីរបស់ស្ដេច។ លោកពោលទៀតថា៖ «ក្រៅពីព្រះរាជា និងរូបខ្ញុំផ្ទាល់ ព្រះមហាក្សត្រិយានីអេសធើរពុំបានអញ្ជើញអ្នកណាផ្សេងទៀត ឲ្យទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងរៀបចំនោះឡើយ។ នៅថ្ងៃស្អែក ព្រះនាងក៏បានអញ្ជើញខ្ញុំ ទៅជប់លៀងជាមួយព្រះរាជាទៀត។ ទោះបីមានកិត្តិយសយ៉ាងនេះក្ដី ក៏ខ្ញុំមិនសប្បាយចិត្តដែរ ដរាបណាខ្ញុំនៅតែឃើញម៉ាដេកាយ ជាជនជាតិយូដា ប្រចាំការនៅមាត់ទ្វារវាំង»។ លោកស្រីសេរែស ជាភរិយា ព្រមទាំងមិត្តភក្ដិជិតស្និទ្ធរបស់លោកពោលថា៖ «ចូរឲ្យគេដំឡើងបង្គោលមួយ កម្ពស់ហាសិបហត្ថ ហើយស្អែក លោកទូលសូមព្រះរាជាព្យួរ-កម៉ាដេកាយទៅ។ ដូច្នេះ លោកអាចទៅចូលរួមក្នុងពិធីជប់លៀងជាមួយព្រះរាជា ដោយអំណរសប្បាយ»។ សំណើនេះពេញចិត្តលោកហាម៉ានណាស់ លោកក៏ឲ្យគេដំឡើងបង្គោល។
នាងអេសធើរ 5:9-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះ ហាម៉ានក៏ចេញទៅ ដោយមានចិត្តអំណរអររីករាយ តែកាលលោកឃើញម៉ាដេកាយនៅត្រង់មាត់ទ្វារព្រះរាជវាំង ដែលមិនឈរឡើង ឬកំរើកគោរពនៅមុខខ្លួន នោះលោកមានពេញដោយសេចក្ដីឃោរឃៅចំពោះម៉ាដេកាយ ប៉ុន្តែលោកទ្រាំអត់នៅ ហួសទៅឯផ្ទះខ្លួនទៅ រួចចាត់គេឲ្យទៅហៅពួកមិត្រសំឡាញ់ នឹងសេរែស ជាប្រពន្ធខ្លួនមក ហើយថ្លែងពីសេចក្ដីរុងរឿងនៃទ្រព្យសម្បត្តិខ្លួន ពីកូនចៅដែលមានច្រើនដល់ម៉្លេះ នឹងពីស្តេចបានដំកើងងារខ្លួន ហើយតាំងឡើងខ្ពស់ជាងអស់ពួកអ្នកជាប្រធាន នឹងពួកជំនិតទ្រង់ទាំងប៉ុន្មាន លោកក៏ថ្លែងនេះទៀតថា អេសធើរ អគ្គមហេសី មិនបើកឲ្យអ្នកណាចូលទៅជាមួយនឹងស្តេច ដើម្បីបរិភោគលៀង ដែលព្រះនាងរៀបចំនោះទេ បើកឲ្យតែអញ១ប៉ុណ្ណោះ ហើយដល់ថ្ងៃស្អែក ព្រះនាងក៏អញ្ជើញអញទៅ ជាមួយនឹងស្តេចម្តងទៀត ប៉ុន្តែដែលអញនៅឃើញម៉ាដេកាយ ជាសាសន៍យូដានោះ អង្គុយនៅមាត់ទ្វារព្រះរាជវាំងដរាបណា នោះសគុណទាំងប៉ុន្មាននេះមិនជាអ្វីដល់អញទេ នោះសេរែស ជាប្រពន្ធលោក នឹងពួកសំឡាញ់ទាំងប៉ុន្មានក៏និយាយឡើងថា ត្រូវឲ្យគេដំឡើងឈើកំពស់៥០ហត្ថ រួចដល់ព្រឹកឡើង ឲ្យចូលទៅទូលសូមច្បាប់ស្តេច ដើម្បីយកម៉ាដេកាយនេះទៅចងកព្យួរទៅ ដូច្នេះ លោកនឹងចូលទៅពិសាលៀងជាមួយនឹងស្តេច ដោយអំណរបាន ដំណើរនោះបានពេញចិត្តដល់ហាម៉ាន លោកក៏ឲ្យគេដំឡើងឈើសំរាប់ព្យួរនោះឡើង។