នាងអេសធើរ 5:1-6

នាងអេសធើរ 5:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ថ្ងៃ​ទីបី ព្រះ‌នាង​អេសធើរ​ទ្រង់​គ្រឿង​ជា​អគ្គ​មហេសី ចូល​ទៅ​ឈរ​ក្នុង​រាជ​រោង​ខាង​ក្នុង ដែល​ទល់​មុខ​នឹង​ដំណាក់​របស់​ស្ដេច ឯ​ស្ដេច​គង់​លើ​បល្ល័ង្ក‌រាជ្យ ក្នុង​មហា‌មន្ទីរ ទល់​មុខ​នឹង​ផ្លូវ​ចូល​‌រាជ​ដំណាក់។ កាល​ស្ដេច​ទត​ឃើញ​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ឈរ​ក្នុង​រាជ‌រោង​ដូច្នេះ ទ្រង់​ក៏​ប្រោស​មេត្តា​ដល់​ព្រះ‌នាង ហើយ​ហុច​‌ដំបង​មាស ដែល​កាន់​នៅ​ព្រះ‌ហស្ត​ថ្វាយ​ព្រះ‌នាង រួច​ព្រះ‌នាងក៏​យាង​ចូល​ទៅ​ពាល់​ចុង​ដំបង​នោះ។ ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «អេសធើរ អគ្គ‌មហេសី​អើយ តើ​ព្រះ‌នាង​មក​ចង់​បាន​អ្វី តើ​គិត​ចង់​សូម​អ្វី យើង​នឹង​បើក​ឲ្យ​តាម​ព្រះ‌នាង​សូម ទោះ​បើ​ដល់​នគរ​មួយ​ចំហៀង​ក៏​ដោយ»។ ព្រះ​នាង​អេសធើរ​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ព្រះ‌ករុណា និង​លោក​ហាម៉ាន ស្ដេច​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ខ្ញុំ​ម្ចាស់​បាន​រៀប​ថ្វាយ​នៅ​ថ្ងៃ​នេះ»។ ដូច្នេះ ស្ដេច​ក៏​បង្គាប់​គេ​ថា៖ «ចូរ​ទៅ​ហៅ​ហាម៉ាន​ឲ្យ​មក​ជា​ប្រញាប់ ដើម្បី​សម្រេច​តាម​បំណង​ព្រះ‌នាង​អេសធើរ»។ ដូច្នេះ ស្តេច និង​ហាម៉ាន​ក៏​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ព្រះ​នាង​អេសធើរ​បាន​រៀបចំ​ថ្វាយ។ កាល​កំពុង​សោយ​ស្រា ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ព្រះ​នាង​អេសធើរ​ថា៖ «តើ​ព្រះ‌នាង​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​ឲ្យទាំង​អស់ តើ​ព្រះ​នាង​មាន​សំណូម​អ្វី? ទោះ​បីជា​នគរ​មួយ​ចំហៀង​របស់​យើង​ក៏​ដោយ ក៏​យើង​សម្រេច​ឲ្យ​ដែរ»។

ចែក​រំលែក
អាន នាងអេសធើរ 5

នាងអេសធើរ 5:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ដល់​ថ្ងៃ​ទី​បី ព្រះ‌នាង​អេសធើរ​ទ្រង់​គ្រឿង​សម្រាប់​ព្រះ‌មហា‌ក្សត្រិ‌យានី យាង​ចូល​ទៅ​គាល់​ស្ដេច​នៅ​សាល​ខាង​ក្នុង​រាជ​ដំណាក់ ដែល​នៅ​ទល់​មុខ​នឹង​ដំណាក់​ឯ​ទៀតៗ។ ពេល​នោះ ព្រះ‌រាជា​គង់​នៅ​លើ​បល្ល័ង្ក ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​ទ្វារ​ចូល។ ពេល​ព្រះ‌រាជា​ទត​ឃើញ​ព្រះ‌មហា‌ក្សត្រិ‌យានី​ឈរ​នៅ​ក្នុង​សាល​នោះ ស្ដេច​ក៏​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ភ្លាម។ ស្ដេច​ហុច​ដំបង​មាស​ថ្វាយ​ព្រះ‌នាង​អេសធើរ ព្រះ‌នាង​អេសធើរ​ចូល​ទៅ​ជិត ហើយ​ពាល់​ចុង​ដំបង​នោះ។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «មហា‌ក្សត្រិ‌យានី​អេសធើរ​អើយ តើ​ព្រះ‌នាង​មាន​ការ​អ្វី? ព្រះ‌នាង​ចង់​បាន​អ្វី យើង​ប្រទាន​ឲ្យ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ»។ ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ព្រះ‌ករុណា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​ម្ចាស់​រៀបចំ​នៅ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​ម្ចាស់​ក៏​សូម​អញ្ជើញ​លោក​ហាម៉ាន​ដែរ»។ ព្រះ‌រាជា​ចេញ​បញ្ជា​ឲ្យ​គេ​ហៅ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង តាម​ការ​អញ្ជើញ​របស់​ព្រះ‌នាង​អេសធើរ។ បន្ទាប់​មក ព្រះ‌រាជា និង​លោក​ហាម៉ាន ក៏​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ព្រះ‌នាង​អេសធើរ​បាន​រៀបចំ។ ក្នុង​ពេល​សោយ​សុរា ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌នាង​អេសធើរ​ថា៖ «តើ​មហា‌ក្សត្រិ‌យានី​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។

ចែក​រំលែក
អាន នាងអេសធើរ 5

នាងអេសធើរ 5:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ថ្ងៃ​ទី​៣ នោះ​អេសធើរ​ក៏​ទ្រង់​គ្រឿង​មហេសី​ចូល​ទៅ ឈរ​ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង ដែល​ទល់​មុខ​នឹង​ដំណាក់​ស្តេច ឯ​ស្តេច​ទ្រង់​គង់​លើ​បល្ល័ង្ក‌រាជ្យ ក្នុង​មហា‌មន្ទីរ ប្រឈម​នឹង​ផ្លូវ​ចូល​ទៅ​ឯ​ព្រះ‌រាជ‌ដំណាក់ កាល​ស្តេច​ទ្រង់​ទត​ឃើញ​អេសធើរ ជា​អគ្គ‌មហេសី ឈរ​ក្នុង​ព្រះ‌រាជ‌រោង​ដូច្នោះ នោះ​ទ្រង់​ក៏​ប្រោស​ដល់​ព្រះ‌នាង ហើយ​ហុច​ព្រះ‌ដំបង​មាស ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ឯ​ព្រះ‌នាង រួច​ព្រះ‌នាង​យាង​ចូល​ទៅ​ពាល់​ចុង​ព្រះ‌ដំបង​នោះ ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ថា អេសធើរ អគ្គ‌មហេសី​អើយ តើ​ព្រះ‌នាង​មក​ចង់​បាន​អ្វី តើ​គិត​ចង់​សូម​អ្វី យើង​នឹង​បើក​ឲ្យ​តាម​ព្រះ‌នាង​សូម ទោះ​បើ​ដល់​នគរ​១​ចំហៀង​ផង អេសធើរ​ទូល​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​ព្រះ‌ករុណា នឹង​ហាម៉ាន​យាង​ទៅ​សោយ​លៀង ដែល​ខ្ញុំ​ម្ចាស់​បាន​រៀប​ថ្វាយ​នៅ​ថ្ងៃ​នេះ។ ដូច្នេះស្តេច​ទ្រង់​ក៏​បង្គាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ហាម៉ាន​ឲ្យ​ប្រញាប់​ឡើង ដើម្បី​ឲ្យ​បាន​សំរេច​ដូច​ព្រះ‌នាង​បាន​ថា យ៉ាង​នោះស្តេចនឹង​ហាម៉ាន​បាន​មក​សោយ​លៀង ដែល​អេសធើរ​បាន​រៀបចំ​ថ្វាយ កំពុង​តែ​លៀង​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ស្តេច​មាន​បន្ទូល​សួរ​អេសធើរ​ថា តើ​ព្រះ‌នាង​ចង់​បាន​អ្វី យើង​នឹង​បើក​ឲ្យ តើ​គិត​សូម​អ្វី ទោះ​បើ​ដល់​នគរ​១​ចំហៀង​ក៏​ដោយ គង់​តែ​បាន​សំរេច​ឲ្យ​ព្រះ‌នាង​ដែរ

ចែក​រំលែក
អាន នាងអេសធើរ 5