នាងអេសធើរ 5:1-3
នាងអេសធើរ 5:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះដល់ថ្ងៃទីបី ព្រះនាងអេសធើរទ្រង់គ្រឿងជាអគ្គមហេសី ចូលទៅឈរក្នុងរាជរោងខាងក្នុង ដែលទល់មុខនឹងដំណាក់របស់ស្ដេច ឯស្ដេចគង់លើបល្ល័ង្ករាជ្យ ក្នុងមហាមន្ទីរ ទល់មុខនឹងផ្លូវចូលរាជដំណាក់។ កាលស្ដេចទតឃើញព្រះនាងអេសធើរ ជាអគ្គមហេសី ឈរក្នុងរាជរោងដូច្នេះ ទ្រង់ក៏ប្រោសមេត្តាដល់ព្រះនាង ហើយហុចដំបងមាស ដែលកាន់នៅព្រះហស្តថ្វាយព្រះនាង រួចព្រះនាងក៏យាងចូលទៅពាល់ចុងដំបងនោះ។ ស្ដេចមានរាជឱង្ការសួរថា៖ «អេសធើរ អគ្គមហេសីអើយ តើព្រះនាងមកចង់បានអ្វី តើគិតចង់សូមអ្វី យើងនឹងបើកឲ្យតាមព្រះនាងសូម ទោះបើដល់នគរមួយចំហៀងក៏ដោយ»។
នាងអេសធើរ 5:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះដល់ថ្ងៃទីបី ព្រះនាងអេសធើរទ្រង់គ្រឿងសម្រាប់ព្រះមហាក្សត្រិយានី យាងចូលទៅគាល់ស្ដេចនៅសាលខាងក្នុងរាជដំណាក់ ដែលនៅទល់មុខនឹងដំណាក់ឯទៀតៗ។ ពេលនោះ ព្រះរាជាគង់នៅលើបល្ល័ង្ក ដែលស្ថិតនៅចំពីមុខទ្វារចូល។ ពេលព្រះរាជាទតឃើញព្រះមហាក្សត្រិយានីឈរនៅក្នុងសាលនោះ ស្ដេចក៏មានព្រះហឫទ័យមេត្តាករុណាភ្លាម។ ស្ដេចហុចដំបងមាសថ្វាយព្រះនាងអេសធើរ ព្រះនាងអេសធើរចូលទៅជិត ហើយពាល់ចុងដំបងនោះ។ ស្ដេចមានរាជឱង្ការថា៖ «មហាក្សត្រិយានីអេសធើរអើយ តើព្រះនាងមានការអ្វី? ព្រះនាងចង់បានអ្វី យើងប្រទានឲ្យទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ»។
នាងអេសធើរ 5:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ថ្ងៃទី៣ នោះអេសធើរក៏ទ្រង់គ្រឿងមហេសីចូលទៅ ឈរក្នុងព្រះរាជរោងខាងក្នុង ដែលទល់មុខនឹងដំណាក់ស្តេច ឯស្តេចទ្រង់គង់លើបល្ល័ង្ករាជ្យ ក្នុងមហាមន្ទីរ ប្រឈមនឹងផ្លូវចូលទៅឯព្រះរាជដំណាក់ កាលស្តេចទ្រង់ទតឃើញអេសធើរ ជាអគ្គមហេសី ឈរក្នុងព្រះរាជរោងដូច្នោះ នោះទ្រង់ក៏ប្រោសដល់ព្រះនាង ហើយហុចព្រះដំបងមាស ដែលកាន់នៅព្រះហស្ត ទៅឯព្រះនាង រួចព្រះនាងយាងចូលទៅពាល់ចុងព្រះដំបងនោះ ស្តេចទ្រង់មានបន្ទូលសួរថា អេសធើរ អគ្គមហេសីអើយ តើព្រះនាងមកចង់បានអ្វី តើគិតចង់សូមអ្វី យើងនឹងបើកឲ្យតាមព្រះនាងសូម ទោះបើដល់នគរ១ចំហៀងផង