នាងអេសធើរ 4:4-12

នាងអេសធើរ 4:4-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ពួក​ស្ត្រី​បម្រើ និង​ពួក​មហា‌តលិក​របស់​ព្រះ​នាង​អេសធើរ ចូល​មក​ទូល​ព្រះ‌នាង ព្រះ‌នាង​មាន​សេចក្ដី​ថប់​ព្រួយ​ជា​ខ្លាំង។ ព្រះ‌នាង​ក៏​ឲ្យ​គេ​យក​សម្លៀក‌បំពាក់​ទៅ​ជូន​ម៉ា‌ដេកាយ ដើម្បី​ឲ្យ​គាត់​បាន​ផ្លាស់​សំពត់​ធ្មៃ​ចេញ តែ​គាត់​មិន​ព្រម​ទទួល​ទេ។ ពេល​នោះ ព្រះ​នាង​អេសធើរ​ក៏​ហៅ​ហាថាក់ ជា​មហា‌តលិក​របស់​ស្តេច ដែល​ទ្រង់​បាន​តម្រូវ​ឲ្យ​បម្រើ​ព្រះ‌នាង រួច​បញ្ជា​ឲ្យ​គាត់​ទៅ​ជួប​ម៉ា‌ដេកាយ ដើម្បី​សួរ​ឲ្យ​ដឹង​ពី​រឿង​នោះ និង​ពី​ហេតុ​ដែល​លោក​ធ្វើ​ដូច្នេះ។ ហាថាក់​ក៏​ចេញ​ទៅ​ជួប​ម៉ា‌ដេកាយ​នៅ​ទី‌លាន​ក្រុង គឺ​ក្នុង​ទី​ធ្លា​ក្រុងខាង​មុខ​ទ្វារ​‌រាជ‌វាំង ហើយ​ម៉ា‌ដេកាយ​ប្រាប់​គាត់ពី​គ្រប់​ទាំង​ដំណើរ​ដែល​បាន​កើត​មក​ដល់​ខ្លួន និង​ពី​ចំនួន​ប្រាក់​ដែល​ហាម៉ាន​បាន​សន្យា​បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​ហ្លួង ដើម្បី​បំផ្លាញ​ពួក​សាសន៍​យូដា។ ម៉ាដេកាយ​ក៏​ឲ្យ​សំណៅ​‌រាជ‌ក្រឹត្យ​មួយ​ច្បាប់ ជា​សេចក្ដី​ដែល​បាន​ប្រកាស​ប្រាប់​នៅ​ក្រុង​ស៊ូសាន អំពី​ការ​បំផ្លាញសាសន៍​យូដា ឲ្យ​គាត់​នាំ​យក​ទៅ​បង្ហាញ​ព្រះ​នាង​អេសធើរ ហើយ​រៀប​រាប់​ទូល​ព្រះ‌នាង​ឲ្យ​ជ្រាប ព្រម​ទាំង​ផ្តាំ​ឲ្យ​ព្រះ‌នាង​ចូល​ទៅ​គាល់​ស្ដេច សុំ​ការ​ប្រណី​សន្ដោស ហើយ​ទូល​អង្វរ​ស្ដេច​សម្រាប់​សាសន៍​របស់​ព្រះ​នាង។ ហាថាក់​ក៏​វិល​ត្រឡប់​ទៅ​ទូល​ព្រះ​នាង​អេសធើរ តាម​ពាក្យ​របស់​ម៉ា‌ដេកាយ។ ពេល​នោះ ព្រះ​នាង​អេសធើរ​មាន​សវនីយ៍​ទៅ​កាន់​ហាថាក់ ហើយ​បង្គាប់​ឲ្យ​គាត់​ទៅ​ជម្រាប​ម៉ា‌ដេកាយ​ថា៖ «អស់​ទាំង​រាជ​បម្រើ​របស់​ស្តេច និង​ប្រជា‌ជននៅ​តាម​អាណា​ខេត្ត​របស់​ស្ដេច សុទ្ធ​តែ​ដឹង​ថា បើ​ស្តេច​មិន​បាន​ហៅ​រក នោះ​អ្នក​ណា​ក៏​ដោយ ទោះ​ប្រុស ឬ​ស្រី ដែល​នឹង​ចូល​ទៅ​គាល់​ស្តេច ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង នោះ​មាន​ច្បាប់​តែ​មួយ​ចំពោះ​អ្នក​នោះ គឺ​ត្រូវ​សម្លាប់ លើក​លែង​តែ​អ្នក​ដែល​ស្ដេច​ហុច​ព្រះ​ដំបង​រាជ្យ​ដែល​ធ្វើ​ពី​មាស​ឲ្យ​ប៉ុណ្ណោះ ទើប​រួច​ជីវិត។ ចំពោះ​ខ្ញុំ​វិញ ស្តេច​មិន​បាន​ហៅ​ខ្ញុំ​ឲ្យ​ចូល​គាល់​អស់​រយៈ​ពេល​សាម​សិប​ថ្ងៃ​មក​ហើយ»។ គេ​ក៏​ទៅ​ជម្រាប​ម៉ា‌ដេកាយ តាម​ពាក្យ​របស់​ព្រះ‌នាង​អេសធើរ។

ចែក​រំលែក
អាន នាងអេសធើរ 4

នាងអេសធើរ 4:4-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​ស្ត្រី​បម្រើ និង​មហា‌តលិក​របស់​ព្រះ‌នាង​អេសធើរ បាន​នាំ​ដំណឹង​នេះ មក​ទូល​ថ្វាយ​ព្រះ‌នាង ហើយ​ព្រះ‌មហា‌ក្សត្រិ‌យានី​រន្ធត់​ព្រះ‌ហឫទ័យ​ពន់​ប្រមាណ។ ព្រះ‌នាង​ឲ្យ​គេ​យក​សម្លៀក‌បំពាក់​ទៅ​ជូន​លោក​ម៉ាដេ‌កាយ ជំនួស​បាវ​ដែល​លោក​ស្លៀក​ជាប់​នឹង​ខ្លួន តែ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ទេ។ ពេល​នោះ ព្រះ‌នាង​អេសធើរ​បាន​ហៅ​លោក​ហាថាក់ ជា​មហា‌តលិក ដែល​ព្រះ‌រាជា​ឲ្យ​មក​នៅ​បម្រើ​ព្រះ‌នាង។ ព្រះ‌នាង​បញ្ជា​គាត់​ឲ្យ​ទៅ​សួរ​លោក​ម៉ាដេ‌កាយ អំពី​មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​លោក​ធ្វើ​បែប​នេះ។ លោក​ហាថាក់​ក៏​ទៅ​ជួប​លោក​ម៉ាដេ‌កាយ​នៅ​ទី‌លាន​ក្រុង ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជ‌វាំង។ លោក​ម៉ាដេ‌កាយ​រៀប​រាប់​ប្រាប់​គាត់​អំពី​ហេតុ‌ការណ៍​ទាំង​អស់​ដែល​កើត​មាន ព្រម​ទាំង​ពន្យល់​យ៉ាង​លំអិត​អំពី​រឿង​ប្រាក់​ដែល​លោក​ហាម៉ាន បាន​សន្យា​បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​រាជ‌ទ្រព្យ ប្រសិន​បើ​ស្ដេច​ចេញ​បញ្ជា​ឲ្យ​គេ​ប្រល័យ​ជីវិត​ជន‌ជាតិ​យូដា។ លោក​ក៏​បាន​ប្រគល់​រាជ‌ក្រឹត្យ​មួយ​ច្បាប់ ដែល​គេ​ចេញ​ផ្សាយ​នៅ​ក្រុង​ស៊ូសាន ស្ដី​អំពី​ការ​ប្រល័យ​ពូជ​សាសន៍​យូដា​ឲ្យ​លោក​ហាថាក់ ដើម្បី​គាត់​យក​ទៅ​ថ្វាយ​ព្រះ‌នាង​អេសធើរ ព្រម​ទាំង​រៀប​រាប់​ហេតុ‌ការណ៍​នេះ​ថ្វាយ​ព្រះ‌នាង​ផង។ លោក​ក៏​បាន​សូម​ឲ្យ​ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌រាជា ដើម្បី​សូម​ការ​ប្រណី​សន្ដោស និង​ទូល‌អង្វរ​ព្រះ‌រាជា សម្រាប់​ជាតិ​សាសន៍​របស់​ព្រះ‌នាង។ លោក​ហាថាក់​ក៏​នាំ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​លោក​ម៉ាដេ‌កាយ ទៅ​ទូល​ព្រះ‌នាង​អេសធើរ។ ព្រះ‌នាង​ប្រាប់​លោក​ហាថាក់​ឲ្យ​ទៅ​ជម្រាប​លោក​ម៉ាដេ‌កាយ​វិញ​ថា៖ «ពួក​រាជ​បម្រើ និង​ប្រជា‌ជន​នៅ​ក្នុង​អាណា‌ខេត្ត​របស់​ស្ដេច សុទ្ធ​តែ​ដឹង​ថា​បុរស ឬ​ស្ត្រី​ណា​ដែល​ហ៊ាន​ចូល​ទៅ​គាល់​ស្ដេច នៅ​សាល​ខាង​ក្នុង​រាជ​ដំណាក់ ដោយ​ស្ដេច​មិន​បាន​ត្រាស់​ហៅ​នោះ នឹង​មាន​ទោស​ដល់​ស្លាប់ ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ទុក​សម្រាប់​មនុស្ស​ទួទៅ។ ប៉ុន្តែ បើ​ព្រះ‌រាជា​ហុច​ដំបង​រាជ្យ​ធ្វើ​ពី​មាស​ឲ្យ​នោះ ទើប​រួច​ជីវិត។ ចំពោះ​ខ្ញុំ​វិញ ព្រះ‌រាជា​មិន​បាន​ហៅ​ខ្ញុំ​ឲ្យ​ចូល​គាល់ អស់​រយៈ​ពេល​មួយ​ខែ​មក​ហើយ»។ គេ​ក៏​នាំ​រាជ​សវនីយ៍​របស់​ព្រះ‌នាង​អេសធើរ ទៅ​ជម្រាប​លោក​ម៉ាដេ‌កាយ។

ចែក​រំលែក
អាន នាងអេសធើរ 4

នាងអេសធើរ 4:4-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​ស្រី​បំរើ នឹង​ពួក​ភ្នាក់‌ងារ​របស់​អគ្គ‌មហេសី នាង​អេសធើរ ក៏​មក​ទូល​សេចក្ដី​នោះ​ដល់​ព្រះ‌នាង ដូច្នេះ ព្រះ‌នាង​មាន​សេចក្ដី​ថប់​ព្រួយ​ជា​ខ្លាំង ក៏​ផ្ញើ​សំលៀក‌បំពាក់​ទៅ​ជូន​ដល់​ម៉ា‌ដេកាយ ដើម្បី​ឲ្យ​គាត់​បាន​ផ្លាស់​សំពត់​ធ្មៃ​ចេញ តែ​គាត់​មិន​ព្រម​ទទួល​ទេ អេសធើរ​ក៏​ហៅ​ហាថាក់ ជា​ភ្នាក់‌ងារ​របស់​ស្តេច ដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​បំរើ​ព្រះ‌នាង​មក​បង្គាប់​ឲ្យ​ទៅ​ឯ​ម៉ា‌ដេកាយ ដើម្បី​នឹង​សួរ​ឲ្យ​ដឹង​ពី​រឿង​នោះ ហើយ​ពី​ហេតុ​អ្វី​បាន​ជា​កើត​ដូច្នេះ ហាថាក់​ក៏​ចេញ​ទៅ​ឯ​ម៉ា‌ដេកាយ នៅ​ត្រង់​ទីធ្លា​ក្រុង ដែល​នៅ​មុខ​ព្រះ‌រាជ‌វាំង ហើយ​ម៉ា‌ដេកាយ​ប្រាប់​គាត់ ពី​គ្រប់​ទាំង​ដំណើរ​ដែល​បាន​កើត​មក​ដល់​ខ្លួន នឹង​ពី​ចំនួន​ប្រាក់​ដែល​ហាម៉ាន​បាន​សន្យា​បញ្ចេញ​ទៅ​ឯ​ឃ្លាំង​ហ្លួង​ទាំង​ប៉ុន្មាន ឲ្យ​បាន​បំផ្លាញ​ដល់​ពួក​សាសន៍​យូដា ក៏​ឲ្យ​សំណៅ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ ជា​សេចក្ដី​ដែល​បាន​ប្រកាស​ប្រាប់​នៅ​ក្រុង​ស៊ូសាន បង្គាប់​ឲ្យ​សំឡាប់​គេ ដល់​ភ្នាក់‌ងារ​នោះ ឲ្យ​នាំ​យក​ទៅ​បង្ហាញ​ដល់​អេសធើរ ហើយ​រាប់​រៀប​ទូល​ព្រះ‌នាង​ឲ្យ​ជ្រាប ព្រម​ទាំង​ផ្តាំ ឲ្យ​ព្រះ‌នាង​ចូល​ទៅ ទូល​អង្វរ​ចំពោះ​ស្តេច ថ្វាយ​ពាក្យ​សំណូម​ជំនួស​សាសន៍​របស់​ខ្លួន​ផង។ ហាថាក់​ក៏​ទៅ​ក្រាប​ទូល​ដល់​អេសធើរ តាម​ពាក្យ​របស់​ម៉ា‌ដេកាយ រួច​អេសធើរ​មាន​សវនីយ៍​នឹង​ហាថាក់​ផ្តាំ​ឲ្យ​ទៅ​ជំរាប​ម៉ា‌ដេកាយ​ថា អស់​ទាំង​ពួក​បំរើ​របស់​ស្តេច នឹង​ពួក​បណ្តាជន នៅ​គ្រប់​ទាំង​ខេត្ត​របស់​ទ្រង់ សុទ្ធ​តែ​ដឹង​ថា បើ​ស្តេច​មិន​បាន​ហៅ​រក នោះ​អ្នក​ណា​ក៏​ដោយ ទោះ​ប្រុសឬ​ស្រី​ក្តី ដែល​នឹង​ចូល​ទៅ​ឯ​ស្តេច ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង នោះ​មាន​ច្បាប់​តែ​១​ចំពោះ​អ្នក​នោះ គឺ​ត្រូវ​សំឡាប់​បង់ លើក​តែ​អ្នក​ណា​ដែល​ទ្រង់​នឹង​ហុច​ព្រះ​ដំបង​មាស មក​ប្រោស​ឲ្យ​បាន​រស់​ប៉ុណ្ណោះ តែ​ស្តេច​មិន​បាន​ហៅ​ខ្ញុំ​ឲ្យចូល​ទៅ​ចំពោះ​ទ្រង់​អស់​៣០​ថ្ងៃ​នេះ​ហើយ រួច​គេ​ក៏​ទៅ​ជំរាប​ម៉ា‌ដេកាយ តាម​ពាក្យ​របស់​អេសធើរ​វិញ។

ចែក​រំលែក
អាន នាងអេសធើរ 4