នាងអេសធើរ 3:8-14
នាងអេសធើរ 3:8-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ហាម៉ានទូលព្រះបាទអ័ហាស៊ូរុសថា៖ «មានជាតិសាសន៍មួយ ដែលខ្ចាត់ខ្ចាយនៅកណ្ដាល់ជាតិសាសន៍ទាំងប៉ុន្មាន ក្នុងអស់ទាំងអាណាខេត្តរបស់ព្រះករុណា ពួកគេមានច្បាប់ខុសពីច្បាប់នៃជាតិសាសន៍ទាំងអស់ ហើយគេមិនកាន់តាមច្បាប់របស់ព្រះករុណាទេ ដូច្នេះ មិនគួរឲ្យព្រះករុណាទុកឲ្យពួកគេរស់នៅទៀតឡើយ។ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញបញ្ជាឲ្យបំផ្លាញពួកគេចេញទៅ ទូលបង្គំនឹងប្រគល់ប្រាក់មួយម៉ឺនហាបទៅក្នុងឃ្លាំងហ្លួង សម្រាប់ពួកអ្នកដែលចាត់ចែងការនោះ»។ ដូច្នេះ ស្ដេចក៏ដោះព្រះទម្រង់ពីព្រះហស្តប្រគល់ទៅឲ្យហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ជាខ្មាំងសត្រូវរបស់សាសន៍យូដា។ ស្ដេចមានរាជឱង្ការទៅកាន់ហាម៉ានថា៖ «ប្រាក់នោះយើងប្រគល់ឲ្យអ្នក ហើយសាសន៍នោះក៏យើងប្រគល់ឲ្យអ្នកដែរ ដើម្បីឲ្យអ្នកប្រព្រឹត្តចំពោះពួកគេ តាមតែលោកយល់ឃើញថាល្អចុះ»។ នៅថ្ងៃដប់បី ក្នុងខែទីមួយ គេបានហៅពួកស្មៀនហ្លួងមក ឲ្យសរសេរគ្រប់ទាំងសេចក្ដីដែលហាម៉ានបង្គាប់ដល់ពួកនាយកតំណាងស្តេច ពួកចៅហ្វាយខេត្តដែលគ្រប់គ្រងនៅគ្រប់អាណាខេត្ត និងពួកមន្ត្រីគ្រប់ទាំងសាសន៍ គឺដល់គ្រប់ខេត្តតាមអក្សរជាតិរបស់គេ ហើយដល់គ្រប់សាសន៍ តាមភាសារបស់គេ ច្បាប់នោះបានកត់ទុកក្នុងនាមព្រះបាទអ័ហាស៊ូរុស ក៏បោះត្រាដោយព្រះទម្រង់របស់ស្តេចទៀតផង។ គេផ្ញើសំបុត្រទាំងនោះទៅគ្រប់ទាំងអាណាខេត្តរបស់ស្តេច ដោយសារពួកអ្នករត់សំបុត្រ បញ្ជាឲ្យបំផ្លាញ សម្លាប់ ហើយធ្វើឲ្យសាសន៍យូដាទាំងអស់វិនាសសាបសូន្យ ទាំងចាស់ ទាំងក្មេង ទាំងស្ត្រី ទាំងទារក ក្នុងរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទីដប់បី ខែទីដប់ពីរ ដែលត្រូវជាខែផល្គុន ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិរបស់គេទៀតផង។ អាណាខេត្តនីមួយៗ បានទទួលរាជក្រឹត្យមួយច្បាប់ សម្រាប់ប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដើម្បីឲ្យគេបានប្រុងប្រៀបជាស្រេចនៅថ្ងៃនោះ។
នាងអេសធើរ 3:8-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកហាម៉ានទូលព្រះចៅអហាស៊ូរុសថា៖ «មានជាតិសាសន៍មួយខុសពីជាតិសាសន៍ឯទៀតៗ ពួកគេរស់នៅក្នុងចំណោមជាតិសាសន៍ និងអាណាខេត្តទាំងប៉ុន្មាននៃរាជាណាចក្ររបស់ព្រះករុណា ពួកគេមានទំនៀមទម្លាប់ខុសប្លែកពីជាតិសាសន៍ដទៃ ហើយមិនគោរពច្បាប់របស់ព្រះករុណាទេ។ ហេតុនេះ មិនគួរព្រះករុណាទុកឲ្យពួកគេរស់នៅដោយសុខសាន្តឡើយ។ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញបញ្ជា ដើម្បីប្រល័យជីវិតពួកគេទៅ។ ទូលបង្គំនឹងថ្លឹងប្រាក់បីរយតោន ឲ្យពួករាជការយកទៅដាក់ក្នុងឃ្លាំងរាជ្យទ្រព្យ»។ ព្រះរាជាក៏ដោះព្រះទម្រង់ ដែលជាត្រា ហុចទៅឲ្យលោកណាម៉ាន ជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់ បច្ចាមិត្តរបស់ជនជាតិយូដា។ ស្ដេចមានរាជឱង្ការទៅកាន់លោកហាម៉ានថា៖ «ចូរទុកប្រាក់របស់លោកចុះ រីឯជាតិសាសន៍នោះវិញ យើងប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ ចូរប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញ!»។ នៅថ្ងៃទីបី ក្នុងខែទីមួយ គេបានកោះហៅពួកស្មៀនហ្លួងមក ឲ្យសរសេរបញ្ជាទាំងប៉ុន្មានរបស់លោកហាម៉ាន សម្រាប់ផ្ញើជូនពួកមេបញ្ជាការកងទ័ព ពួកទេសាភិបាលអាណាខេត្ត និងមេដឹកនាំរបស់ជាតិសាសន៍នានា។ លិខិតនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ ក្នុងនាមព្រះចៅអហាស៊ូរុស ព្រមទាំងមានប្រថាប់ត្រាព្រះរាជាទៀតផង។ គេចាត់អ្នកនាំសារឲ្យយកលិខិតទាំងនោះ ទៅគ្រប់អាណាខេត្តរបស់ព្រះរាជា បញ្ជាឲ្យប្រល័យពូជសាសន៍យូដាទាំងអស់ ទាំងក្មេងប្រុស ទាំងមនុស្សចាស់ជរា ទាំងទារកដែលនៅបៅ ទាំងស្ត្រី ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ។ ត្រូវប្រហារជីវិតពួកគេឲ្យវិនាសសូន្យ ក្នុងថ្ងៃតែមួយ គឺថ្ងៃទីដប់បី ក្នុងខែទីដប់ពីរ ដែលត្រូវនឹងខែផល្គុន។ អាណាខេត្តនីមួយៗទទួលរាជក្រឹត្យមួយច្បាប់ សម្រាប់ប្រកាសជាសាធារណៈ ដើម្បីឲ្យប្រជាជនទាំងអស់ត្រៀមខ្លួនជាស្រេច នៅថ្ងៃនោះ។
នាងអេសធើរ 3:8-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះហាម៉ានទូលដល់ស្តេចអ័ហាស៊ូរុសថា មានសាសន៍១ ដែលខ្ចាត់ខ្ចាយនៅកណ្តាលសាសន៍ទាំងប៉ុន្មាន ក្នុងគ្រប់ទាំងអាណាខេត្តរបស់ទ្រង់ គេមានច្បាប់ខុសពីច្បាប់នៃសាសន៍ទាំងអស់ ក៏មិនកាន់តាមច្បាប់របស់ព្រះករុណាផង ដូច្នេះ មិនគួរឲ្យព្រះករុណាទុកឲ្យគេនៅទៀតទេ បើសិនជាព្រះករុណាទ្រង់សព្វព្រះទ័យ នោះសូមទ្រង់បង្គាប់ឲ្យមានច្បាប់កត់ទុក ឲ្យបំផ្លាញពួកនោះចេញ យ៉ាងនោះទូលបង្គំនឹងប្រគល់ប្រាក់១ម៉ឺនហាបទៅក្នុងឃ្លាំងហ្លួងទាំងប៉ុន្មាន សំរាប់ពួកអ្នកដែលចាត់ចែងការនោះ ដូច្នោះ ស្តេចទ្រង់ដោះព្រះទំរង់ពីព្រះហស្តប្រគល់ដល់ហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ជាខ្មាំងសត្រូវពួកយូដា ដោយបន្ទូលថា ប្រាក់នោះយើងបានអនុញ្ញាតឲ្យអ្នកហើយ ព្រមទាំងសាសន៍នោះផង ដើម្បីឲ្យអ្នកធ្វើដល់គេ តាមតែគិតឃើញថាល្អចុះ។ នៅថ្ងៃ១៣ ខែចេត្រ គេបានហៅពួកស្មៀនហ្លួងមក កត់គ្រប់ទាំងសេចក្ដីដែលហាម៉ានបង្គាប់ដល់ពួកចៅហ្វាយខេត្តរបស់ស្តេច ពួកចៅហ្វាយដែលត្រួតនៅគ្រប់តែស្រុក នឹងពួកមេនៃគ្រប់ទាំងសាសន៍ គឺដល់គ្រប់ខេត្តតាមអក្សរជាតិរបស់គេ ហើយដល់គ្រប់សាសន៍ តាមភាសារបស់គេ ច្បាប់នោះបានកត់ទុកដោយនូវព្រះនាមស្តេចអ័ហាស៊ូរុស ក៏បោះត្រាដោយព្រះទំរង់របស់ស្តេចដែរ ហើយគេផ្ញើសំបុត្រទាំងនោះ ទៅគ្រប់ទាំងខេត្តរបស់ស្តេច ដោយសារពួកអ្នករត់សំបុត្រ បង្គាប់ឲ្យបំផ្លាញសំឡាប់ ហើយធ្វើឲ្យពួកសាសន៍យូដាទាំងអស់វិនាសបង់ ទោះទាំងចាស់ទាំងក្មេង នឹងកូនង៉ែត ហើយស្ត្រីៗផង ក្នុងរវាង១ថ្ងៃកំណត់នោះ ដែលត្រូវជាថ្ងៃ១៣ ខែ១២ គឺជាខែផល្គុន ព្រមទាំងរឹបជាន់យកទ្រព្យសម្បត្តិគេផង ឯសំបុត្រទាំងនោះមានចំឡងព្រះរាជឱង្ការ ដែលត្រូវប្រកាសប្រាប់ដល់គ្រប់ទាំងសាសន៍ នៅអស់ទាំងខេត្តផង ឲ្យគេបានប្រុងប្រៀបជាស្រេចនៅថ្ងៃនោះ