នាងអេសធើរ 3:7-11
នាងអេសធើរ 3:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅខែទីមួយ ដែលជាខែចេត្រ ក្នុងឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះបាទអ័ហាស៊ូរុស គេវាយលេខតាមរបៀន «ពោរ» នៅមុខហាម៉ាន ដើម្បីដេញរកថ្ងៃខែ ហើយក៏ត្រូវចំលើថ្ងៃទីដប់បី នៃខែទីដប់ពីរ ដែលត្រូវជាខែផល្គុន។ ពេលនោះ ហាម៉ានទូលព្រះបាទអ័ហាស៊ូរុសថា៖ «មានជាតិសាសន៍មួយ ដែលខ្ចាត់ខ្ចាយនៅកណ្ដាល់ជាតិសាសន៍ទាំងប៉ុន្មាន ក្នុងអស់ទាំងអាណាខេត្តរបស់ព្រះករុណា ពួកគេមានច្បាប់ខុសពីច្បាប់នៃជាតិសាសន៍ទាំងអស់ ហើយគេមិនកាន់តាមច្បាប់របស់ព្រះករុណាទេ ដូច្នេះ មិនគួរឲ្យព្រះករុណាទុកឲ្យពួកគេរស់នៅទៀតឡើយ។ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញបញ្ជាឲ្យបំផ្លាញពួកគេចេញទៅ ទូលបង្គំនឹងប្រគល់ប្រាក់មួយម៉ឺនហាបទៅក្នុងឃ្លាំងហ្លួង សម្រាប់ពួកអ្នកដែលចាត់ចែងការនោះ»។ ដូច្នេះ ស្ដេចក៏ដោះព្រះទម្រង់ពីព្រះហស្តប្រគល់ទៅឲ្យហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ជាខ្មាំងសត្រូវរបស់សាសន៍យូដា។ ស្ដេចមានរាជឱង្ការទៅកាន់ហាម៉ានថា៖ «ប្រាក់នោះយើងប្រគល់ឲ្យអ្នក ហើយសាសន៍នោះក៏យើងប្រគល់ឲ្យអ្នកដែរ ដើម្បីឲ្យអ្នកប្រព្រឹត្តចំពោះពួកគេ តាមតែលោកយល់ឃើញថាល្អចុះ»។
នាងអេសធើរ 3:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅខែទីមួយ គឺខែចេត្រ ក្នុងឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះចៅអហាស៊ូរុស គេបានបោះពួរីម*នៅចំពោះមុខលោកហាម៉ាន ដើម្បីផ្សងមើលថា តើថ្ងៃណា ខែណា ជាវេលាល្អ។ ពួរីមនោះប៉ះចំលើខែទីដប់ពីរ ឬខែផល្គុន។ លោកហាម៉ានទូលព្រះចៅអហាស៊ូរុសថា៖ «មានជាតិសាសន៍មួយខុសពីជាតិសាសន៍ឯទៀតៗ ពួកគេរស់នៅក្នុងចំណោមជាតិសាសន៍ និងអាណាខេត្តទាំងប៉ុន្មាននៃរាជាណាចក្ររបស់ព្រះករុណា ពួកគេមានទំនៀមទម្លាប់ខុសប្លែកពីជាតិសាសន៍ដទៃ ហើយមិនគោរពច្បាប់របស់ព្រះករុណាទេ។ ហេតុនេះ មិនគួរព្រះករុណាទុកឲ្យពួកគេរស់នៅដោយសុខសាន្តឡើយ។ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញបញ្ជា ដើម្បីប្រល័យជីវិតពួកគេទៅ។ ទូលបង្គំនឹងថ្លឹងប្រាក់បីរយតោន ឲ្យពួករាជការយកទៅដាក់ក្នុងឃ្លាំងរាជ្យទ្រព្យ»។ ព្រះរាជាក៏ដោះព្រះទម្រង់ ដែលជាត្រា ហុចទៅឲ្យលោកណាម៉ាន ជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់ បច្ចាមិត្តរបស់ជនជាតិយូដា។ ស្ដេចមានរាជឱង្ការទៅកាន់លោកហាម៉ានថា៖ «ចូរទុកប្រាក់របស់លោកចុះ រីឯជាតិសាសន៍នោះវិញ យើងប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ ចូរប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញ!»។
នាងអេសធើរ 3:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅឆ្នាំ១២ ក្នុងរាជ្យអ័ហាស៊ូរុស គឺនៅខែទី១ ជាខែចេត្រ នោះគេវាយលេខតាមរបៀន «ពោរ» នៅមុខហាម៉ាន ដេញរកថ្ងៃខែ ទៅទល់នឹងខែ១២ ទើបត្រូវ គឺជាខែផល្គុន នោះហាម៉ានទូលដល់ស្តេចអ័ហាស៊ូរុសថា មានសាសន៍១ ដែលខ្ចាត់ខ្ចាយនៅកណ្តាលសាសន៍ទាំងប៉ុន្មាន ក្នុងគ្រប់ទាំងអាណាខេត្តរបស់ទ្រង់ គេមានច្បាប់ខុសពីច្បាប់នៃសាសន៍ទាំងអស់ ក៏មិនកាន់តាមច្បាប់របស់ព្រះករុណាផង ដូច្នេះ មិនគួរឲ្យព្រះករុណាទុកឲ្យគេនៅទៀតទេ បើសិនជាព្រះករុណាទ្រង់សព្វព្រះទ័យ នោះសូមទ្រង់បង្គាប់ឲ្យមានច្បាប់កត់ទុក ឲ្យបំផ្លាញពួកនោះចេញ យ៉ាងនោះទូលបង្គំនឹងប្រគល់ប្រាក់១ម៉ឺនហាបទៅក្នុងឃ្លាំងហ្លួងទាំងប៉ុន្មាន សំរាប់ពួកអ្នកដែលចាត់ចែងការនោះ ដូច្នោះ ស្តេចទ្រង់ដោះព្រះទំរង់ពីព្រះហស្តប្រគល់ដល់ហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ជាខ្មាំងសត្រូវពួកយូដា ដោយបន្ទូលថា ប្រាក់នោះយើងបានអនុញ្ញាតឲ្យអ្នកហើយ ព្រមទាំងសាសន៍នោះផង ដើម្បីឲ្យអ្នកធ្វើដល់គេ តាមតែគិតឃើញថាល្អចុះ។