នាងអេសធើរ 3:1-6

នាងអេសធើរ 3:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ហេតុ​ការណ៍​នោះ​មក ព្រះ‌បាទ​អ័ហា‌ស៊ូរុស​បាន​លើក​តម្កើង​ហាម៉ាន កូន​ហាំ‌ម្តាថា ជា​សាសន៍​អ័កាក់ ទាំង​ប្រទាន​តំណែង​ដល់​លោក ហើយ​តាំង​ឲ្យ​លោក​មាន​ងារ​ធំ លើស​អស់​ពួក​មន្ត្រីទាំង​ប៉ុន្មាន​ដែល​នៅ​ចំពោះ​ស្ដេច។ ពួក​រាជ​បម្រើ​របស់​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ត្រង់​មាត់​ទ្វារ​រាជ‌វាំង សុទ្ធ​តែ​ឱន​ចុះ ហើយ​គោរព​ដល់​ហាម៉ាន ដ្បិត​ស្ដេច​បាន​ចេញ​រាជ​បញ្ជា​ដូច្នោះ​ពី​ដំណើរ​របស់​លោក តែ​ម៉ា‌ដេកាយ​មិន​បាន​ឱនចុះ ឬ​គោរព​ឡើយ។ ដូច្នេះ ពួក​រាជ​បម្រើ​របស់​ស្តេច​ដែល​នៅ​ត្រង់​មាត់​ទ្វារ​រាជ‌វាំង សួរ​ម៉ា​ដេ​កាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នកទទឹង​នឹង​រាជ​បញ្ជា​របស់​ស្តេច​ដូច្នេះ?» កាល​គេ​សួរ​គាត់​ពី​មួយ​ទៅ​មួយ​ថ្ងៃ ហើយ​គាត់​មិន​ព្រម​ស្តាប់​គេ គេ​ក៏​ប្រាប់​ហាម៉ាន ដើម្បី​ចង់​ដឹង​ថា តើ​ម៉ា‌ដេកាយ​ប្រកាន់​តាម​ពាក្យ​របស់​គាត់​បាន ឬ​មិន​បាន ដ្បិត​គាត់​បាន​ប្រាប់​ឲ្យ​គេ​ថា​គាត់​ជា​សាសន៍​យូដា។ កាល​ហាម៉ាន​ឃើញ​ថា ម៉ា‌ដេកាយ​មិន​ព្រម​ឱន​ចុះ ឬ​គោរព​ដល់​ខ្លួន លោក​មាន​ចិត្ត​ក្រេវ​ក្រោធ​ជា​ខ្លាំង។ ប៉ុន្ដែ លោក​តោះ‌តើយ​មិន​ចង់​កម្ចាត់​ម៉ា‌ដេកាយ​តែ​ម្នាក់​ប៉ុណ្ណោះ​ឡើយ ដ្បិត​មាន​គេ​បាន​ជម្រាប​ហាម៉ាន​ពី​សាសន៍​របស់​ម៉ា‌ដេកាយ ដូច្នេះ លោក​ក៏​រក​ឱកាស​នឹង​បំផ្លាញ​សាសន៍​យូដា​ទាំង​អស់ គឺ​ជន​រួម​ជាតិ​របស់​ម៉ា‌ដេកាយ ដែល​មាន​នៅ​ពាស​ពេញ​ក្នុង​នគរ​របស់ព្រះ‌បាទ​អ័ហា‌ស៊ូរុស​ទាំង​មូល។

ចែក​រំលែក
អាន នាងអេសធើរ 3

នាងអេសធើរ 3:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌រាជា​បាន​តែង‌តាំង​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា ដែល​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ ឲ្យ​ធ្វើ​ជា​មហា​មន្ត្រី និង​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ​ទាំង​អស់។ ព្រះ‌រាជា​បាន​ចេញ​បញ្ជា​ឲ្យ​រាជ​បម្រើ​ទាំង​អស់ ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង ឱន​គោរព និង​ថ្វាយ‌បង្គំ​លោក​ហាម៉ាន តែ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ឱន​គោរព ឬ​ថ្វាយ‌បង្គំ​លោក​ហាម៉ាន​ទេ។ ពួក​រាជ​បម្រើ ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង ពោល​ទៅ​កាន់​លោក​ម៉ាដេ‌កាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច?»។ ពួក​គេ​តែងតែ​សួរ​លោក​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ លោក​មិន​ស្ដាប់​ពួក​គេ​ឡើយ។ លោក​បាន​ប្រាប់​ពួក​គេ​ថា លោក​ជា​ជន‌ជាតិ​យូដា។ ដូច្នេះ ពួក​គេ​ក៏​រាយ‌ការណ៍​ប្រាប់​លោក​ហាម៉ាន ព្រោះ​ចង់​ដឹង​ថា តើ​លោក​ម៉ាដេ‌កាយ​នៅ​តែ​ប្រកាន់​ជំហរ​បែប​នេះ ឬ​យ៉ាង​ណា។ ពេល​លោក​ហាម៉ាន​ឃើញ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ឱន​គោរព ឬ​ថ្វាយ‌បង្គំ​លោក​ទេ​នោះ លោក​ខឹង​ជា​ខ្លាំង។ មាន​គេ​ជម្រាប​លោក​ហាម៉ាន​ថា លោក​ម៉ាដេ‌កាយ​ជា​ជន‌ជាតិ​យូដា ដូច្នេះ លោក​ហាម៉ាន​ក៏​យល់​ថា នេះ​ជា​មូល​ហេតុ​មួយ ដែល​ត្រូវ​តែ​កម្ចាត់​លោក​ម៉ាដេ‌កាយ​ចោល។ លោក​ក៏​រក​មធ្យោ‌បាយ​លុប​បំបាត់​ជន‌ជាតិ​យូដា ជា​ជន​រួម​ជាតិ​របស់​លោក​ម៉ាដេ‌កាយ ឲ្យ​វិនាស​សូន្យ​ពី​រាជា‌ណាចក្រ​របស់​ព្រះចៅ​អហា‌ស៊ូរុស។

ចែក​រំលែក
អាន នាងអេសធើរ 3

នាងអេសធើរ 3:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​លើក​ដំកើង​ហាម៉ាន កូន​ហាំម្តាថា ជា​សាសន៍​អ័កាក់ ទាំង​លើក​លោក​ឡើង តាំង​ឲ្យ​មាន​ងារ​ជា​ធំ​លើស​អស់​ទាំង​អ្នក ជា​ប្រធាន​ដែល​នៅ​ចំពោះ​ទ្រង់ ដូច្នេះ ពួក​មហា‌តលិក​របស់​ស្តេច ដែល​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង គេ​ឱន​ខ្លួន​ចុះ​គោរព​ដល់​ហាម៉ាន​ទាំង​អស់​គ្នា ពី​ព្រោះ​ស្តេច​ទ្រង់​បាន​ចេញ​បង្គាប់ ពី​ដំណើរ​លោក​យ៉ាង​នោះ តែ​ម៉ា‌ដេកាយ​មិន​បាន​ឱន​ខ្លួន​ទេ ក៏​មិន​គោរព​ផង ដូច្នេះ ពួក​មហា‌តលិក​របស់​ស្តេច​ដែល​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ​វាំង គេ​សួរ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ទទឹង​នឹង​បង្គាប់​ស្តេច​ដូច្នេះ រួច​កាល​គេ​បាន​រំឭក​ដល់​គាត់​រាល់​តែ​ថ្ងៃ តែ​គាត់​មិន​ព្រម​ស្តាប់​តាម នោះ​គេ​ក៏​ជំរាប​ដល់​ហាម៉ាន ដើម្បី​នឹង​ល​មើល​បើ​សេចក្ដី​ដែល​ម៉ា‌ដេកាយ​ប្រព្រឹត្ត​ដូច្នោះ នឹង​បាន ឬ​មិន​បាន​ពី​ព្រោះ​គាត់​បាន​ប្រាប់​ឲ្យ​គេ​ដឹង​ហើយ ថា​គាត់​ជា​សាសន៍​យូដា កាល​ហាម៉ាន​ឃើញ​ថា ម៉ា‌ដេកាយ​មិន​ឱន​គោរព​ដល់​ខ្លួន​ទេ នោះ​លោក​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ក្រោធ តែ​លោក​តោះ‌តើយ នឹង​ចង់​ចាប់​ម៉ា‌ដេកាយ​តែ​១​ប៉ុណ្ណោះ ដ្បិត​គេ​បាន​ជំរាប​ឲ្យ​លោក​ជ្រាប​ពី​សាសន៍​របស់​ម៉ា‌ដេកាយ​ហើយ បាន​ជា​លោក​រក​ឱកាស​នឹង​បំផ្លាញ​សាសន៍​យូដា​ទាំង​អស់​បង់ ដែល​មាន​នៅ​ពេញ​ក្នុង​នគរ​របស់​អ័ហា‌ស៊ូរុស​ទាំង​មូល​វិញ គឺ​ជា​ជាតិ​របស់​ម៉ា‌ដេកាយ​ទាំង​ប៉ុន្មាន។

ចែក​រំលែក
អាន នាងអេសធើរ 3