នាងអេសធើរ 2:5-8

នាងអេសធើរ 2:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង មាន​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា‌ដេកាយ ជា​កូន​យ៉ាអ៊ារ ដែល​ជា​កូន​ស៊ីម៉ាយ ស៊ីម៉ាយ​ជា​កូន​គីស ក្នុង​ពូជ​បេនយ៉ាមីន ដែល​ត្រូវ​បាន​គេ​នាំ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ជា​មួយ​ពួក​ឈ្លើយ ដែល​បាន​នាំ​ទៅ​ក្នុង​គ្រា​ដែលព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន​បាន​ចាប់​យេកូ‌នាស ជា​ស្តេច​យូដា នាំ​យក​ទៅ។ ម៉ាដេកាយ បាន​ចិញ្ចឹម​នាង​ហា‌ដាសា គឺ​អេសធើរ ជា​កូន​ស្រី​របស់​ឪពុក​មា​គាត់ ដ្បិត​នាង​គ្មាន​ឪពុក​ម្តាយ​ទេ នាង​មាន​រូប​ឆោម‌ស្រស់​ស្អាត ហើយ​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់។ កាល​ឪពុក​ម្តាយ​របស់​នាង​ស្លាប់​ទៅ ម៉ា‌ដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម ទុក​ជា​កូន​របស់​ខ្លួន។ ដូច្នេះ កាល​គេ​បាន​ប្រកាស​រាជ‌បញ្ជា និង​រាជ​ក្រិត្យ​របស់​ស្តេច ហើយ​កាល​បាន​ប្រមូល​ស្ត្រី​ក្រមុំ​ជា​ច្រើន​មក​ឯ​ស៊ូសាន ជា​ក្រុង​ហ្លួង ប្រគល់​ក្រោម​អំណាច​ហេកាយ​រួច​ហើយ គេ​ក៏​នាំ​យក​អេសធើរ​ទៅ​ក្នុង​ដំណាក់​របស់​ស្ដេច ប្រគល់​ក្រោម​អំណាច​ហេកាយ ជា​អ្នក​ថែ​រក្សា​ពួកស្ត្រី។

ចែក​រំលែក
អាន នាងអេសធើរ 2

នាងអេសធើរ 2:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​រាជ​ធានី​ស៊ូសាន មាន​ជន‌ជាតិ​យូដា​មួយ​រូប​ឈ្មោះ ម៉ាដេ‌កាយ ជា​កូន​របស់​លោក​យ៉ាអៀរ ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីម៉ាយ និង​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ លោក​ត្រូវ​គេ​កៀរ​មក​ពី​ក្រុង​យេរូ‌សាឡឹម ជា​មួយ​ឈ្លើយ​សឹក​ឯ​ទៀតៗ ដែល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​ចាប់​យក​មក​ជា​មួយ​ព្រះ‌បាទ​យេកូ‌នាស ជា​ស្ដេច​ស្រុក​យូដា។ នៅ​គ្រា​នោះ លោក​ជា​អ្នក​អាណា​ព្យាបាល​របស់​នាង​ហាដា‌សា គឺ​នាង​អេសធើរ ដែល​ជា​កូន​ស្រី​របស់​ឪពុក​មា​លោក។ នាង​អេសធើរ​គ្មាន​ឪពុក‌ម្ដាយ​ទេ នាង​ជា​ស្ត្រី​ក្រមុំ​ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត។ ពេល​ឪពុក‌ម្ដាយ​របស់​នាង​ស្លាប់​អស់​ទៅ លោក​ម៉ាដេ‌កាយ​បាន​យក​នាង​មក​ចិញ្ចឹម ទុក​ដូច​ជា​កូន។ នៅ​ពេល​ស្ដេច​ចេញ​រាជ​បញ្ជា និង​រាជ​ក្រឹត្យ​រួច​ហើយ គេ​ប្រមូល​បាន​ស្ត្រី​ក្រមុំ​ជា​ច្រើន​មក​ទុក​នៅ​រាជ‌ធានី​ស៊ូសាន ឲ្យ​លោក​ហេកាយ​មើល​ថែ​ទាំ។ គេ​ក៏​បាន​នាំ​នាង​អេសធើរ​មក​ក្នុង​ព្រះ‌បរម‌រាជ‌វាំង ហើយ​ប្រគល់​ឲ្យ​លោក​ហេកាយ ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​ដែរ។

ចែក​រំលែក
អាន នាងអេសធើរ 2

នាងអេសធើរ 2:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង មាន​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា‌ដេកាយ ជា​កូន​យ៉ាអ៊ារ ដែល​ជា​កូន​ស៊ីម៉ាយៗ ជា​កូន​គីស ក្នុង​ពូជ​បេន‌យ៉ាមីន គាត់​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ទី​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ពួក​ឈ្លើយ ដែល​បាន​នាំ​ទៅ ក្នុង​គ្រា​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ចាប់​យេកូនាស ជា​ស្តេច​យូដា​នាំ​យក​ទៅ គាត់​បាន​ចិញ្ចឹម​នាង​ហាដាសា គឺ​អេសធើរ ជា​កូន​របស់​មា​គាត់ ដ្បិត​នាង​គ្មាន​ឪពុក​ម្តាយ នាង​មាន​រូប​ឆោម‌ឆាយ ហើយ​មុខ​ស្រស់​ល្អ កាល​ឪពុក​ម្តាយ​នាង​ស្លាប់​ទៅ​ហើយ នោះ​ម៉ា‌ដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន។ ដូច្នេះ កាល​គេ​បាន​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ នឹង​ច្បាប់​របស់​ស្តេច ហើយ​បាន​ប្រមូល​ស្រី​ក្រមុំ​ជា​ច្រើន​មក​ឯ​ស៊ូសាន ជា​ក្រុង​ហ្លួង​ប្រគល់​ក្រោម​អំណាច​ហេកាយ នោះ​គេ​ក៏​នាំ​យក​អេសធើរ​ទៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ក្រោម​អំណាច​ហេកាយ ជា​អ្នក​រក្សា​ពួក​ស្រីៗ​ដែរ

ចែក​រំលែក
អាន នាងអេសធើរ 2