នាងអេសធើរ 2:2-4
នាងអេសធើរ 2:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួករាជបម្រើដែលចាំបម្រើស្ដេច ទូលស្ដេចថា៖ «សូមឲ្យគេទៅរកស្ត្រីក្រមុំ ដែលមានរូបឆោមស្រស់ស្អាតមកថ្វាយព្រះករុណា។ សូមព្រះករុណាតែងតាំងឲ្យមានពួកមន្ត្រី នៅគ្រប់អាណាខេត្តទាំងអស់ក្នុងរាជាណាចក្ររបស់ព្រះករុណា ដើម្បីប្រមូលស្ត្រីក្រមុំដែលមានរូបឆោមស្រស់ស្អាតទាំងប៉ុន្មាន យកមកដាក់នៅវិមានស្ត្រី ក្នុងក្រុងស៊ូសាន ជាក្រុងហ្លួង ក្រោមអំណាចលោកហេកាយ ជាមហាតលិករបស់ព្រះករុណា ដែលជាអ្នកថែរក្សាពួកស្ត្រី ហើយឲ្យគេបើកគ្រឿងសម្អាងកាយដល់នាងទាំងនោះ។ ស្ត្រីក្រមុំណាដែលសព្វព្រះហឫទ័យដល់ព្រះករុណា នោះសូមតាំងឲ្យធ្វើជាអគ្គមហេសីជំនួសព្រះនាងវ៉ាសធី»។ ស្ដេចសព្វព្រះហឫទ័យនឹងសេចក្ដីនេះ ហើយក៏ធ្វើតាមដូច្នោះ។
នាងអេសធើរ 2:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួករាជបម្រើទូលស្ដេចថា៖ «សូមឲ្យគេរកស្ត្រីព្រហ្មចារី ដែលមានរូបឆោមស្រស់ស្អាតបំផុត យកមកថ្វាយព្រះករុណា។ សូមព្រះករុណាចេញបញ្ជាឲ្យពួកមន្ត្រី ដែលស្ថិតនៅតាមអាណាខេត្តទាំងអស់ក្នុងរាជាណាចក្រ ទទួលបន្ទុកប្រមូលស្ត្រីព្រហ្មចារី ដែលនៅក្មេង ហើយមានរូបឆោមស្រស់ស្អាត យកមកដាក់នៅវិមានស្ត្រី ក្នុងរាជធានីស៊ូសាន។ សូមឲ្យលោកហេកាយ ដែលជាមហាតលិករបស់ព្រះករុណា និងជាអ្នកថែរក្សាពួកស្ត្រី មើលថែទាំនាងទាំងនោះ ព្រមទាំងផ្ដល់គ្រឿងសម្អាងកាយផង។ ព្រះករុណាសព្វព្រះហឫទ័យនឹងស្ត្រីក្រមុំណា នាងនោះនឹងឡើងធ្វើជាព្រះមហាក្សត្រិយានីជំនួសព្រះនាងវ៉ាសធី»។ ព្រះរាជាគាប់ព្រះហឫទ័យ ហើយសម្រេចតាមសំណើនេះ។
នាងអេសធើរ 2:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះពួកមហាតលិកទាំងឡាយដែលបំរើស្តេចក៏ទូលទ្រង់ថា សូមទ្រង់ឲ្យគេទៅរកស្ត្រីក្រមុំ ដែលមានរូបស្រស់ល្អមកថ្វាយទ្រង់ សូមព្រះករុណាចាត់ដំរូវឲ្យមានភ្នាក់ងារ នៅគ្រប់ខេត្តក្នុងនគរទ្រង់ ដើម្បីនឹងប្រមូលស្ត្រីក្រមុំ ដែលស្រស់ល្អទាំងប៉ុន្មាន មកឯស៊ូសាន ជាទីក្រុងហ្លួង ឲ្យនៅក្នុងមន្ទីរសំរាប់ពួកស្រីៗ ក្រោមអំណាចហេកាយ ជាក្រមវាំងរបស់ស្តេច ជាអ្នករក្សាពួកស្រីៗ រួចឲ្យគេបើកគ្រឿង សំរាប់ជំរះខ្លួនដល់នាងទាំងនោះ រួចមក ឯនាងណាដែលសព្វព្រះទ័យដល់ព្រះករុណា នោះសូមទ្រង់តាំងឡើងឲ្យធ្វើជាអគ្គមហេសី ជំនួសព្រះនាងវ៉ាសធីនោះ ស្តេចទ្រង់សព្វព្រះទ័យនឹងសេចក្ដីនោះ ហើយក៏ធ្វើតាមដូច្នោះ។