នាងអេសធើរ 2:1-10
នាងអេសធើរ 2:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយហេតុការណ៍ទាំងនោះមក កាលសេចក្ដីក្រោធរបស់ព្រះបាទអ័ហាស៊ូរុសស្ងប់ ស្ដេចក៏នឹករឭកដល់ព្រះនាងវ៉ាសធី និងការដែលព្រះនាងបានធ្វើ ព្រមទាំងសេចក្ដីដែលបានសម្រេចចំពោះព្រះនាង។ ពេលនោះ ពួករាជបម្រើដែលចាំបម្រើស្ដេច ទូលស្ដេចថា៖ «សូមឲ្យគេទៅរកស្ត្រីក្រមុំ ដែលមានរូបឆោមស្រស់ស្អាតមកថ្វាយព្រះករុណា។ សូមព្រះករុណាតែងតាំងឲ្យមានពួកមន្ត្រី នៅគ្រប់អាណាខេត្តទាំងអស់ក្នុងរាជាណាចក្ររបស់ព្រះករុណា ដើម្បីប្រមូលស្ត្រីក្រមុំដែលមានរូបឆោមស្រស់ស្អាតទាំងប៉ុន្មាន យកមកដាក់នៅវិមានស្ត្រី ក្នុងក្រុងស៊ូសាន ជាក្រុងហ្លួង ក្រោមអំណាចលោកហេកាយ ជាមហាតលិករបស់ព្រះករុណា ដែលជាអ្នកថែរក្សាពួកស្ត្រី ហើយឲ្យគេបើកគ្រឿងសម្អាងកាយដល់នាងទាំងនោះ។ ស្ត្រីក្រមុំណាដែលសព្វព្រះហឫទ័យដល់ព្រះករុណា នោះសូមតាំងឲ្យធ្វើជាអគ្គមហេសីជំនួសព្រះនាងវ៉ាសធី»។ ស្ដេចសព្វព្រះហឫទ័យនឹងសេចក្ដីនេះ ហើយក៏ធ្វើតាមដូច្នោះ។ នៅស៊ូសាន ជាក្រុងហ្លួង មានសាសន៍យូដាម្នាក់ឈ្មោះម៉ាដេកាយ ជាកូនយ៉ាអ៊ារ ដែលជាកូនស៊ីម៉ាយ ស៊ីម៉ាយជាកូនគីស ក្នុងពូជបេនយ៉ាមីន ដែលត្រូវបានគេនាំចេញពីក្រុងយេរូសាឡិម ជាមួយពួកឈ្លើយ ដែលបាននាំទៅក្នុងគ្រាដែលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានចាប់យេកូនាស ជាស្តេចយូដា នាំយកទៅ។ ម៉ាដេកាយ បានចិញ្ចឹមនាងហាដាសា គឺអេសធើរ ជាកូនស្រីរបស់ឪពុកមាគាត់ ដ្បិតនាងគ្មានឪពុកម្តាយទេ នាងមានរូបឆោមស្រស់ស្អាត ហើយមើលទៅគួរឲ្យស្រឡាញ់។ កាលឪពុកម្តាយរបស់នាងស្លាប់ទៅ ម៉ាដេកាយបានយកនាងមកចិញ្ចឹម ទុកជាកូនរបស់ខ្លួន។ ដូច្នេះ កាលគេបានប្រកាសរាជបញ្ជា និងរាជក្រិត្យរបស់ស្តេច ហើយកាលបានប្រមូលស្ត្រីក្រមុំជាច្រើនមកឯស៊ូសាន ជាក្រុងហ្លួង ប្រគល់ក្រោមអំណាចហេកាយរួចហើយ គេក៏នាំយកអេសធើរទៅក្នុងដំណាក់របស់ស្ដេច ប្រគល់ក្រោមអំណាចហេកាយ ជាអ្នកថែរក្សាពួកស្ត្រី។ នាងជាទីពេញចិត្តដល់លោកណាស់ លោកក៏មានចិត្តសន្ដោសចំពោះនាង ហើយចែកគ្រឿងសម្អាងឲ្យនាងតាក់តែងកាយ និងចំណែកអាហាររបស់នាងយ៉ាងប្រញាប់ ព្រមទាំងយកស្ត្រីក្រមុំប្រាំពីរនាក់ពីដំណាក់របស់ស្ដេច ឲ្យមកបម្រើនាង ហើយលោកក៏នាំនាង និងស្ត្រីបម្រើទាំងនោះ ទៅដាក់ក្នុងបន្ទប់ល្អបំផុត ក្នុងវិមានស្ត្រី។ អេសធើរមិនបានប្រាប់ឲ្យអ្នកណាដឹងអំពីជាតិសាសន៍ និងសាច់ញាតិរបស់នាងទេ ដ្បិតម៉ាដេកាយបានហាមនាងមិនឲ្យប្រាប់គេពីរឿងនេះឡើយ។
នាងអេសធើរ 2:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយហេតុការណ៍ទាំងនោះមក ព្រះចៅអហាស៊ូរុសស្ងប់ព្រះពិរោធ ស្ដេចនឹកដល់ព្រះនាងវ៉ាសធី និងអំពើដែលព្រះនាងប្រព្រឹត្ត ព្រមទាំងសេចក្ដីសម្រេចរបស់ស្ដេចចំពោះព្រះនាង។ ពួករាជបម្រើទូលស្ដេចថា៖ «សូមឲ្យគេរកស្ត្រីព្រហ្មចារី ដែលមានរូបឆោមស្រស់ស្អាតបំផុត យកមកថ្វាយព្រះករុណា។ សូមព្រះករុណាចេញបញ្ជាឲ្យពួកមន្ត្រី ដែលស្ថិតនៅតាមអាណាខេត្តទាំងអស់ក្នុងរាជាណាចក្រ ទទួលបន្ទុកប្រមូលស្ត្រីព្រហ្មចារី ដែលនៅក្មេង ហើយមានរូបឆោមស្រស់ស្អាត យកមកដាក់នៅវិមានស្ត្រី ក្នុងរាជធានីស៊ូសាន។ សូមឲ្យលោកហេកាយ ដែលជាមហាតលិករបស់ព្រះករុណា និងជាអ្នកថែរក្សាពួកស្ត្រី មើលថែទាំនាងទាំងនោះ ព្រមទាំងផ្ដល់គ្រឿងសម្អាងកាយផង។ ព្រះករុណាសព្វព្រះហឫទ័យនឹងស្ត្រីក្រមុំណា នាងនោះនឹងឡើងធ្វើជាព្រះមហាក្សត្រិយានីជំនួសព្រះនាងវ៉ាសធី»។ ព្រះរាជាគាប់ព្រះហឫទ័យ ហើយសម្រេចតាមសំណើនេះ។ នៅរាជធានីស៊ូសាន មានជនជាតិយូដាមួយរូបឈ្មោះ ម៉ាដេកាយ ជាកូនរបស់លោកយ៉ាអៀរ ជាពូជពង្សរបស់លោកស៊ីម៉ាយ និងលោកគីស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ លោកត្រូវគេកៀរមកពីក្រុងយេរូសាឡឹម ជាមួយឈ្លើយសឹកឯទៀតៗ ដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានចាប់យកមកជាមួយព្រះបាទយេកូនាស ជាស្ដេចស្រុកយូដា។ នៅគ្រានោះ លោកជាអ្នកអាណាព្យាបាលរបស់នាងហាដាសា គឺនាងអេសធើរ ដែលជាកូនស្រីរបស់ឪពុកមាលោក។ នាងអេសធើរគ្មានឪពុកម្ដាយទេ នាងជាស្ត្រីក្រមុំដែលមានរូបឆោមស្រស់ស្អាតបំផុត។ ពេលឪពុកម្ដាយរបស់នាងស្លាប់អស់ទៅ លោកម៉ាដេកាយបានយកនាងមកចិញ្ចឹម ទុកដូចជាកូន។ នៅពេលស្ដេចចេញរាជបញ្ជា និងរាជក្រឹត្យរួចហើយ គេប្រមូលបានស្ត្រីក្រមុំជាច្រើនមកទុកនៅរាជធានីស៊ូសាន ឲ្យលោកហេកាយមើលថែទាំ។ គេក៏បាននាំនាងអេសធើរមកក្នុងព្រះបរមរាជវាំង ហើយប្រគល់ឲ្យលោកហេកាយ ជាអ្នកថែរក្សាពួកស្ត្រី មើលថែទាំដែរ។ លោកហេកាយពេញចិត្តនឹងនាង ហើយមានចិត្តសន្ដោសចំពោះនាង។ លោកយកចិត្តទុកដាក់ប្រគល់គ្រឿងសម្អាងកាយ និងអ្វីៗដ៏ចាំបាច់ដល់នាង ព្រមទាំងនាំភីលៀងប្រាំពីរនាក់ ដែលជ្រើសរើសពីចំណោមពួកភីលៀងក្នុងរាជវាំង ឲ្យនៅបម្រើនាងផង។ លោកប្រគល់បន្ទប់ដ៏ល្អជាងគេក្នុងវិមានស្ត្រីឲ្យនាង និងពួកភីលៀងដែលនៅជាមួយនាង។ នាងអេសធើរពុំបានប្រាប់ឲ្យនរណាដឹង អំពីជាតិសាសន៍ និងដើមកំណើតរបស់នាងទេ ដ្បិតលោកម៉ាដេកាយបានហាមនាងប្រាប់ឲ្យគេដឹង។
នាងអេសធើរ 2:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយការទាំងនោះមក កាលសេចក្ដីក្រោធរបស់ស្តេចអ័ហាស៊ូរុសបានស្ងប់ហើយ នោះទ្រង់ក៏នឹករឭកដល់ព្រះនាងវ៉ាសធី នឹងការដែលព្រះនាងបានធ្វើ ព្រមទាំងខសេចក្ដី ដែលបានសំរេចដល់ព្រះនាងផង នោះពួកមហាតលិកទាំងឡាយដែលបំរើស្តេចក៏ទូលទ្រង់ថា សូមទ្រង់ឲ្យគេទៅរកស្ត្រីក្រមុំ ដែលមានរូបស្រស់ល្អមកថ្វាយទ្រង់ សូមព្រះករុណាចាត់ដំរូវឲ្យមានភ្នាក់ងារ នៅគ្រប់ខេត្តក្នុងនគរទ្រង់ ដើម្បីនឹងប្រមូលស្ត្រីក្រមុំ ដែលស្រស់ល្អទាំងប៉ុន្មាន មកឯស៊ូសាន ជាទីក្រុងហ្លួង ឲ្យនៅក្នុងមន្ទីរសំរាប់ពួកស្រីៗ ក្រោមអំណាចហេកាយ ជាក្រមវាំងរបស់ស្តេច ជាអ្នករក្សាពួកស្រីៗ រួចឲ្យគេបើកគ្រឿង សំរាប់ជំរះខ្លួនដល់នាងទាំងនោះ រួចមក ឯនាងណាដែលសព្វព្រះទ័យដល់ព្រះករុណា នោះសូមទ្រង់តាំងឡើងឲ្យធ្វើជាអគ្គមហេសី ជំនួសព្រះនាងវ៉ាសធីនោះ ស្តេចទ្រង់សព្វព្រះទ័យនឹងសេចក្ដីនោះ ហើយក៏ធ្វើតាមដូច្នោះ។ រីឯនៅស៊ូសាន ជាទីក្រុងហ្លួង មានសាសន៍យូដាម្នាក់ឈ្មោះម៉ាដេកាយ ជាកូនយ៉ាអ៊ារ ដែលជាកូនស៊ីម៉ាយៗ ជាកូនគីស ក្នុងពូជបេនយ៉ាមីន គាត់ត្រូវដឹកនាំចេញពីទីក្រុងយេរូសាឡិម ជាមួយនឹងពួកឈ្លើយ ដែលបាននាំទៅ ក្នុងគ្រាដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានចាប់យេកូនាស ជាស្តេចយូដានាំយកទៅ គាត់បានចិញ្ចឹមនាងហាដាសា គឺអេសធើរ ជាកូនរបស់មាគាត់ ដ្បិតនាងគ្មានឪពុកម្តាយ នាងមានរូបឆោមឆាយ ហើយមុខស្រស់ល្អ កាលឪពុកម្តាយនាងស្លាប់ទៅហើយ នោះម៉ាដេកាយបានយកនាងមកចិញ្ចឹមទុកជាកូនខ្លួន។ ដូច្នេះ កាលគេបានប្រកាសប្រាប់ព្រះរាជឱង្ការ នឹងច្បាប់របស់ស្តេច ហើយបានប្រមូលស្រីក្រមុំជាច្រើនមកឯស៊ូសាន ជាក្រុងហ្លួងប្រគល់ក្រោមអំណាចហេកាយ នោះគេក៏នាំយកអេសធើរទៅក្នុងដំណាក់ស្តេច ប្រគល់ក្រោមអំណាចហេកាយ ជាអ្នករក្សាពួកស្រីៗដែរ នាងជាទីពេញចិត្តដល់គាត់ណាស់ គាត់ក៏សំដែងសេចក្ដីសប្បុរសដល់នាង ក៏ប្រញាប់នឹងចែកគ្រឿង សំរាប់ឲ្យនាងជំរះខ្លួននឹងប្រដាប់តែងកាយ ដែលជាចំណែករបស់នាង ព្រមទាំងយកស្ត្រីក្រមុំ៧នាក់ ពីព្រះរាជដំណាក់មកឲ្យបំរើនាង ហើយគាត់ក៏ផ្លាស់នាង នឹងស្រីបំរើទាំងនោះ ឲ្យទៅនៅក្នុងបន្ទប់ល្អបំផុត ក្នុងមន្ទីរពួកស្រីៗ ឯអេសធើរ នាងមិនបានប្រាប់ឲ្យអ្នកណាដឹងថា គ្រួ នឹងជំនួសវង្សរបស់នាងជាសាសន៍អ្វីទេ ដ្បិតម៉ាដេកាយបានហាមមិនឲ្យនាងប្រាប់ឲ្យគេដឹងឡើយ