នាងអេសធើរ 1:15-20
នាងអេសធើរ 1:15-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្ដេចសួរថា៖ «តាមច្បាប់ តើត្រូវធ្វើដូចម្តេចចំពោះព្រះនាងវ៉ាសធី ជាអគ្គមហេសី ដ្បិតព្រះនាងមិនបានធ្វើតាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយដូច្នេះ?» ពេលនោះ មមូកានមានប្រសាសន៍នៅចំពោះស្តេច និងពួកមន្ត្រីទាំងប៉ុន្មានថា៖ «ព្រះនាងវ៉ាសធី ជាអគ្គមហេសីបានធ្វើខុស មិនមែនត្រឹមតែចំពោះព្រះករុណាប៉ុណ្ណោះ គឺថែមទាំងប៉ះពាល់ដល់អស់ទាំងពួកមន្ត្រី ដល់អស់ទាំងប្រជាជន ដែលនៅអស់ទាំងអាណាខេត្តរបស់ព្រះករុណាអ័ហាស៊ូរុសទៀតផង។ ដ្បិតការប្រព្រឹត្តរបស់អគ្គមហេសី នឹងលេចឮដល់ស្ត្រីទាំងអស់ ហើយបណ្ដាលឲ្យគេមើលងាយប្តីរបស់ខ្លួន ព្រោះពួកគេនឹងពោលថា "ព្រះបាទអ័ហាស៊ូរុសបានបង្គាប់ឲ្យគេនាំព្រះនាងវ៉ាសធី ជាអគ្គមហេសី មកចំពោះទ្រង់ តែព្រះនាងមិនព្រមយាងមកទេ"។ នៅថ្ងៃនេះ ពួកជំទាវសាសន៍ពើស៊ី និងសាសន៍មេឌីទាំងប៉ុន្មាន ដែលឮពីទង្វើរបស់អគ្គមហេសី ពួកគេនឹងប្រកែកចំពោះប្តីរបស់ខ្លួន ដែលជាមន្ត្រីរបស់ព្រះករុណាដូច្នោះដែរ ហើយនឹងកើតមានសេចក្ដីមើលងាយ និងកំហឹងជាច្រើន។ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមទ្រង់ចេញរាជបញ្ជា ព្រមទាំងឲ្យគេកត់ទុកក្នុងច្បាប់របស់សាសន៍ពើស៊ី និងសាសន៍មេឌីផង ដើម្បីកុំឲ្យផ្លាស់ប្ដូរបានឡើយ គឺកុំឲ្យព្រះនាងចូលមកចំពោះព្រះករុណារហូតតទៅ ហើយសូមព្រះករុណាប្រគល់តំណែងហ្លួងរបស់ព្រះនាង ដល់ស្ត្រីម្នាក់ទៀត ដែលវិសេសជាងព្រះនាង។ ដូច្នេះ កាលណាសេចក្ដីសម្រេចរបស់ព្រះរាជាបានប្រកាសពាសពេញនគររបស់ទ្រង់ (ដ្បិតនគរនោះធំណាស់) នោះស្ត្រីទាំងអស់នឹងគោរពប្រតិបត្តិដល់ប្តីរបស់ខ្លួន តាំងពីអ្នកធំ រហូតដល់អ្នកតូច»។
នាងអេសធើរ 1:15-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅអហាស៊ូរុសសួរថា ក្នុងករណីដែលព្រះមហាក្សត្រិយានីវ៉ាសធី ពុំព្រមធ្វើតាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយដូច្នេះ តើត្រូវយកច្បាប់អ្វីមកអនុវត្ត។ លោកមមូកានមានប្រសាសន៍នៅចំពោះមុខស្ដេច និងមេដឹកនាំថា៖ «ព្រះមហាក្សត្រិយានីមិនបានធ្វើខុសចំពោះព្រះរាជាប៉ុណ្ណោះទេ តែកំហុសនេះក៏ប៉ះពាល់ដល់ពួកមេដឹកនាំ និងប្រជាជនទាំងអស់ ក្នុងអាណាខេត្តទាំងប៉ុន្មាន ដែលនៅក្រោមការគ្រប់គ្រងរបស់ព្រះចៅអហាស៊ូរុសដែរ ដ្បិតរឿងរបស់ព្រះមហាក្សត្រិយានីនឹងលេចឮដល់ស្ត្រីទាំងអស់។ ពេលពួកគេឮថាព្រះចៅអហាស៊ូរុស ចេញបញ្ជាឲ្យយាងព្រះមហាក្សត្រិយានីមកគាល់ស្ដេច ហើយព្រះនាងមិនធ្វើតាម ពួកគេក៏នឹងមើលងាយប្ដីរបស់ខ្លួនដែរ។ ឥឡូវនេះ ភរិយារបស់មេដឹកនាំទាំងឡាយនៃជនជាតិពែរ្ស និងជនជាតិមេឌី ឮដំណឹងថា ព្រះមហាក្សត្រិយានីមិនស្ដាប់បង្គាប់ព្រះករុណា ពួកគេមុខជាធ្វើបែបនេះចំពោះស្វាមីរបស់ខ្លួនដែរ ជាហេតុបណ្ដាលឲ្យស្វាមីមានកំហឹង ព្រោះតែភរិយាមើលងាយ។ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញរាជប្រកាសមួយ ដែលពុំអាចប្រែប្រួល ដូចមានចែងទុកក្នុងច្បាប់របស់ជនជាតិពែរ្ស និងជនជាតិមេឌី គឺហាមព្រះមហាក្សត្រិយានីវ៉ាសធី មិនឲ្យចូលមកជួបព្រះភ័ក្ត្រព្រះករុណារហូតតទៅ ហើយសូមព្រះករុណាផ្ទេរតំណែងរបស់ព្រះនាងទៅឲ្យព្រះមហេសីមួយអង្គទៀត ដែលប្រសើរជាងព្រះនាង។ ពេលណាប្រជាជនដឹងអំពីសេចក្ដីសម្រេចដ៏សំខាន់ ដែលព្រះរាជាប្រកាសក្នុងរាជាណាចក្រទាំងមូល ស្ត្រីទាំងអស់មុខជាគោរពប្ដីរបស់ខ្លួន តាំងពីអ្នកធំរហូតដល់អ្នកតូច»។
នាងអេសធើរ 1:15-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់សួរថា តាមច្បាប់ តើត្រូវធ្វើដូចម្តេចដល់ព្រះនាងវ៉ាសធី ជាអគ្គមហេសី ដ្បិតព្រះនាងមិនបានធ្វើតាមបង្គាប់យើង ដោយសារពួកក្រមវាំងទេ នោះមមូកាន លោកទូលឆ្លើយនៅចំពោះស្តេច នឹងពួកនាយកទាំងប៉ុន្មានថា អគ្គមហេសី ព្រះនាងបានប្រព្រឹត្តខុស មិនមែនត្រឹមតែនឹងព្រះករុណាប៉ុណ្ណោះ គឺដល់ទាំងពួកអ្នកជាប្រធាន នឹងបណ្តាជនទាំងឡាយ ដែលនៅអស់ទាំងខេត្តរបស់ព្រះករុណាទៀតផង ដ្បិតការដែលអគ្គមហេសីប្រព្រឹត្តនេះ នឹងឮទៅដល់ពួកស្រីៗ ទាំងអស់ បណ្តាលឲ្យគេមើលងាយដល់ប្ដីរបស់ខ្លួនគ្រប់គ្នា ដោយដំណឹងនេះបានផ្សាយទៅថា ស្តេចអ័ហាស៊ូរុសបានបង្គាប់ឲ្យគេនាំព្រះនាង ជាអគ្គមហេសី មកចំពោះទ្រង់ តែព្រះនាងមិនព្រមស្តេចមកទេ ហើយនៅថ្ងៃនេះ ពួកខុនណាងសាសន៍ពើស៊ី នឹងសាសន៍មេឌីទាំងប៉ុន្មាន ដែលឮនិយាយពីការអគ្គមហេសីបានធ្វើនេះ គេនឹងប្រកែកដល់ប្ដីខ្លួន ជាពួកប្រធាននៃស្តេចដូច្នោះដែរ យ៉ាងនោះនឹងកើតមានសេចក្ដីមើលងាយ នឹងសេចក្តីកំហឹងជាច្រើន បើសិនជាព្រះករុណាសព្វព្រះទ័យ នោះសូមទ្រង់ចេញព្រះរាជឱង្ការ ព្រមទាំងឲ្យគេកត់ទុកក្នុងច្បាប់របស់សាសន៍ពើស៊ី នឹងសាសន៍មេឌីផង ដើម្បីកុំឲ្យផ្លាស់បានឡើយ ហាមមិនឲ្យព្រះនាងចូលមកចំពោះព្រះករុណាទៀត ហើយសូមព្រះករុណាប្រគល់ដំណែងយសហ្លួងរបស់ព្រះនាង ដល់ស្ត្រីម្នាក់ទៀតដែលវិសេសជាង ដូច្នេះ កាលណាព្រះរាជឱង្ការរបស់ស្តេចបានប្រកាសផ្សាយទៅគ្រប់ក្នុងនគរទ្រង់ (រីឯនគរទ្រង់នោះធំណាស់) នោះស្ត្រីទាំងអស់នឹងគោរពប្រតិបត្តិដល់ប្ដីខ្លួន ទោះទាំងធំទាំងតូចផង