នាងអេសធើរ 1:12-22

នាងអេសធើរ 1:12-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ ព្រះ‌នាង​វ៉ាសធី​មិន​ព្រម​យាង​មក​តាម​បញ្ជា​របស់​ស្តេច ដែល​ពួក​មហាតលិក​បាន​ទូល​ថ្វាយ​នោះ​ទេ។ ពេល​នោះ ស្ដេច​ទ្រង់​ក្រេវ‌ក្រោធ ហើយ​កំហឹង​នោះ​ក៏​ឆួល‌ឆេះ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង។ ដូច្នេះ ស្ដេច​ក៏មានរាជ‌ឱង្ការ​ទៅ​កាន់​ពួក​អ្នក​ប្រាជ្ញ​ដែល​ស្គាល់​សម័យ​កាល (ដ្បិត​នេះ​ជា​ទម្លាប់​របស់​ស្ដេច ដែល​តែង​តែ​ពិគ្រោះ​នឹង​ពួក​អ្នក​ដែល​ចេះ​ស្ទាត់​ខាង​ច្បាប់ និង​សេចក្ដី​វិនិច្ឆ័យ ហើយ​អ្នក​ដែល​នៅ​ជិត​ដិតនឹង​ស្ដេច​មាន កើ‌សេណា សេថារ អ័ឌ‌ម៉ាថា តើស៊ី មេរេស ម៉ា‌សេណា និង​មមូ‌កាន ជា​មន្ត្រី​ទាំង​ប្រាំពីរ​រូប​របស់​សាសន៍​ពើស៊ី និង​សាសន៍​មេឌី ដែល​ជា​អ្នក​ជំនិត​របស់​ស្តេច ហើយ​ជា​អ្នក​លេខ​មួយ​ក្នុង​នគរ)។ ស្ដេច​សួរ​ថា៖ «តាម​ច្បាប់ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ចំពោះ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី ដ្បិត​ព្រះ‌នាង​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហាតលិក​បានទូល​ថ្វាយ​ដូច្នេះ?» ពេល​នោះ មមូ‌កាន​មាន​ប្រសាសន៍​នៅ​ចំពោះ​ស្តេច និង​ពួក​មន្ត្រី​ទាំង​ប៉ុន្មាន​ថា៖ «ព្រះនាង​វ៉ាសធី ជា​អគ្គ‌មហេសី​បាន​ធ្វើ​ខុស មិន​មែន​ត្រឹម​តែ​ចំពោះ​ព្រះ‌ករុណា​ប៉ុណ្ណោះ គឺ​ថែម​ទាំង​ប៉ះពាល់​ដល់​អស់​ទាំង​ពួក​មន្ត្រី ដល់​អស់​ទាំង​ប្រជាជន ដែល​នៅ​អស់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌ករុណា​អ័ហាស៊ូរុស​ទៀត​ផង។ ដ្បិត​ការប្រព្រឹត្ត​របស់​អគ្គ‌មហេសី នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់ ហើយ​បណ្ដាល​ឲ្យ​គេ​មើល​ងាយ​ប្តី​របស់​ខ្លួន ព្រោះ​ពួក‌គេ​នឹង​ពោល​ថា "ព្រះ‌បាទ​អ័ហា‌ស៊ូរុស​បាន​បង្គាប់​ឲ្យ​គេ​នាំ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី មក​ចំពោះ​ទ្រង់ តែ​ព្រះ‌នាង​មិន​ព្រម​យាង​មក​ទេ"។ នៅ​ថ្ងៃ​នេះ ពួក​ជំទាវ​សាសន៍​ពើស៊ី និង​សាសន៍​មេឌី​ទាំង​ប៉ុន្មាន ដែល​ឮ​ពី​ទង្វើ​របស់​អគ្គ‌មហេសី ពួក‌គេ​នឹង​ប្រកែក​ចំពោះ​ប្តី​របស់​ខ្លួន ដែល​ជា​មន្ត្រី​របស់​ព្រះ‌ករុណា​ដូច្នោះ​ដែរ ហើយ​នឹង​កើត​មាន​សេចក្ដី​មើល​ងាយ និង​កំហឹង​ជា​ច្រើន។ ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ទ្រង់​ចេញ​‌រាជ‌បញ្ជា ព្រម​ទាំង​ឲ្យ​គេ​កត់​ទុក​ក្នុង​ច្បាប់​របស់​សាសន៍​ពើស៊ី និង​សាសន៍​មេឌី​ផង ដើម្បី​កុំ​ឲ្យ​ផ្លាស់​ប្ដូរ​បាន​ឡើយ គឺ​កុំ​ឲ្យ​ព្រះ‌នាង​ចូល​មក​ចំពោះ​ព្រះ‌ករុណា​រហូតត​ទៅ ហើយ​សូម​ព្រះ‌ករុណា​ប្រគល់​តំណែង​ហ្លួង​របស់​ព្រះ‌នាង ដល់​ស្ត្រី​ម្នាក់​ទៀត ដែល​វិសេស​ជាង​ព្រះ​នាង។ ដូច្នេះ កាល​ណា​សេចក្ដី​សម្រេច​របស់​ព្រះ​រាជា​បាន​ប្រកាស​ពាស​ពេញ​នគរ​របស់​ទ្រង់ (ដ្បិត​នគរ​នោះ​ធំ​ណាស់) នោះ​ស្ត្រី​ទាំង​អស់​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ប្តី​របស់​ខ្លួន តាំង​ពី​អ្នក​ធំ រហូត​ដល់​អ្នក​តូច»។ យោបល់​នេះ​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ស្តេច និង​ពេញ​ចិត្ត​ដល់​ពួក​មន្ត្រី​ណាស់ ហើយ​ស្ដេច​ក៏​ធ្វើ​តាម​ពាក្យ​របស់​មមូ‌កាន។ ស្ដេច​ផ្ញើ​ព្រះ‌រាជ‌សារ​ទៅ​គ្រប់​អាណា​ខេត្ត​ទាំង​អស់ គឺ​ទៅ​កាន់​អាណា​ខេត្ត​នីមួយៗ តាម​អក្សរ​សាស្ត្រ​ជាតិ​របស់​គេ ហើយ​ទៅ​កាន់​សាសន៍​នីមួយៗ តាម​ភាសា​របស់​គេ ដោយ​ប្រកាស​ឲ្យ​បុរសៗ​ទាំង​អស់ ធ្វើ​ជា​មេ​លើ​គ្រួសារ​របស់​ខ្លួន ហើយ​ត្រូវ​និយាយ​តាម​ភាសា​កំណើត​របស់​ប្ដី។

ចែក​រំលែក
អាន នាងអេសធើរ 1

នាងអេសធើរ 1:12-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ ព្រះ‌មហា‌ក្សត្រិ‌យានី​ពុំ​ព្រម​យាង​មក តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហា‌តលិក​បាន​ទូល​ថ្វាយ​ឡើយ។ ពេល​នោះ ព្រះ‌រាជា​ពិរោធ​យ៉ាង​ខ្លាំង។ ស្ដេច​ក៏​សួរ​យោបល់​ពី​ពួក​ហោរា‌ចារ្យ ដែល​ជា​អ្នក​មាន​ភារ‌កិច្ច​ជួយ​ដោះ​ស្រាយ​រឿង​របស់​ស្ដេច ព្រោះ​ពួក​គេ​ស្គាល់​ពិធី​ការ និង​ទំនៀម‌ទម្លាប់។ អ្នក​ទាំង​នោះ​មាន: លោក​កើសេ‌ណា លោក​សេថារ លោក​អ័ឌ‌ម៉ាថា លោក​តើស៊ីស លោក​ម៉េរ៉េស លោក​ម៉ាសេ‌ណា លោក​មមូ‌កាន ជា​មេ​ដឹក​នាំ​ទាំង​ប្រាំ‌ពីរ​រូប​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស ដែល​ជា​អ្នក​ជំនិត​របស់​ស្ដេច ហើយ​មាន​មុខ​តំណែង​ដ៏​ខ្ពង់‌ខ្ពស់​នៅ​ក្នុង​រាជា‌ណាចក្រ។ ព្រះ‌ចៅ​អហា‌ស៊ូរុស​សួរ​ថា ក្នុង​ករណី​ដែល​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី ពុំ​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហា‌តលិក​បាន​ទូល​ថ្វាយ​ដូច្នេះ តើ​ត្រូវ​យក​ច្បាប់​អ្វី​មក​អនុវត្ត។ លោក​មមូ‌កាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ស្ដេច និង​មេ​ដឹក​នាំ​ថា៖ «ព្រះ​មហា‌ក្សត្រិ‌យានី​មិន​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ‌រាជា​ប៉ុណ្ណោះ​ទេ តែ​កំហុស​នេះ​ក៏​ប៉ះ‌ពាល់​ដល់​ពួក​មេ​ដឹក​នាំ និង​ប្រជា‌ជន​ទាំង​អស់ ក្នុង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ចៅ​អហា‌ស៊ូរុស​ដែរ ដ្បិត​រឿង​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់។ ពេល​ពួក​គេ​ឮ​ថា​ព្រះ‌ចៅ​អហា‌ស៊ូរុស ចេញ​បញ្ជា​ឲ្យ​យាង​ព្រះ‌មហា‌ក្សត្រិ‌យានី​មក​គាល់​ស្ដេច ហើយ​ព្រះ‌នាង​មិន​ធ្វើ​តាម ពួក​គេ​ក៏​នឹង​មើល‌ងាយ​ប្ដី​របស់​ខ្លួន​ដែរ។ ឥឡូវ​នេះ ភរិយា​របស់​មេ​ដឹក​នាំ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​ពែរ្ស និង​ជន‌ជាតិ​មេឌី ឮ​ដំណឹង​ថា ព្រះ‌មហា‌ក្សត្រិ‌យានី​មិន​ស្ដាប់​បង្គាប់​ព្រះ‌ករុណា ពួក​គេ​មុខ​ជា​ធ្វើ​បែប​នេះ​ចំពោះ​ស្វាមី​របស់​ខ្លួន​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្វាមី​មាន​កំហឹង ព្រោះ​តែ​ភរិយា​មើល‌ងាយ។ ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ចេញ​រាជ​ប្រកាស​មួយ ដែល​ពុំ​អាច​ប្រែ‌ប្រួល ដូច​មាន​ចែង​ទុក​ក្នុង​ច្បាប់​របស់​ជន‌ជាតិ​ពែរ្ស និង​ជន‌ជាតិ​មេឌី គឺ​ហាម​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី មិន​ឲ្យ​ចូល​មក​ជួប​ព្រះ‌ភ័ក្ត្រ​ព្រះ‌ករុណា​រហូត​ត​ទៅ ហើយ​សូម​ព្រះ‌ករុណា​ផ្ទេរ​តំណែង​របស់​ព្រះ‌នាង​ទៅ​ឲ្យ​ព្រះ‌មហេសី​មួយ​អង្គ​ទៀត ដែល​ប្រសើរ​ជាង​ព្រះ‌នាង។ ពេល​ណា​ប្រជា‌ជន​ដឹង​អំពី​សេចក្ដី​សម្រេច​ដ៏​សំខាន់ ដែល​ព្រះ‌រាជា​ប្រកាស​ក្នុង​រាជា‌ណាចក្រ​ទាំង​មូល ស្ត្រី​ទាំង​អស់​មុខ​ជា​គោរព​ប្ដី​របស់​ខ្លួន តាំង​ពី​អ្នក​ធំ​រហូត​ដល់​អ្នក​តូច»។ ព្រះ‌រាជា​សព្វ​ព្រះ‌ហឫទ័យ​នឹង​យោបល់​នេះ​ណាស់ ហើយ​ពួក​មេ​ដឹក​នាំ​ក៏​ពេញ​ចិត្ត​ដែរ។ ព្រះ‌រាជា​ក៏​ធ្វើ​តាម​សំណើ​របស់​លោក​មមូ‌កាន គឺ​ស្ដេច​ផ្ញើ​រាជ‌សារ​ទៅ​គ្រប់​អាណា‌ខេត្ត​ទាំង​អស់​តាម​អក្សរ និង​ភាសា​របស់​ប្រជា‌ជន​ក្នុង​អាណា‌ខេត្ត​នីមួយៗ ដើម្បី​ឲ្យ​ប្ដីៗ​ទាំង​អស់​ធ្វើ​ជា​មេ​លើ​គ្រួសារ​របស់​ខ្លួន ហើយ​គ្រួសារ​នោះ​ត្រូវ​និយាយ​ភាសា​កំណើត​របស់​ប្ដី។

ចែក​រំលែក
អាន នាងអេសធើរ 1

នាងអេសធើរ 1:12-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ព្រះ‌នាង​វ៉ាសធី​មិន​ព្រម​មក​តាម​បង្គាប់​ស្តេច ដោយ‌សារ​ពួក​ក្រម​វាំង​នោះ​ទេ ហេតុ​នោះ​ស្តេច​ទ្រង់​ក្រេវ‌ក្រោធ​ជា​ខ្លាំង ហើយ​សេចក្ដី​កំហឹង​នោះ​ក៏​ឆួល‌ឆេះ​ឡើង​ក្នុង​ព្រះ‌ទ័យ​ទ្រង់។ ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​សួរ ដល់​ពួក​អ្នក​ប្រាជ្ញ​ដែល​ស្គាល់​សម័យ​ប្រព្រឹត្ត ដ្បិត​តាម​ទំលាប់​របស់​ស្តេច​ទ្រង់​តែង‌តែ​ពិគ្រោះ​នឹង​ពួក​អ្នក​ដែល​ចេះ​ស្ទាត់​ខាង​ច្បាប់ នឹង​សេចក្ដី​វិនិច្ឆ័យ រីឯ​បន្ទាប់​នឹង​ទ្រង់ មាន​កើសេណា សេថារ អ័ឌ‌ម៉ាថា តើស៊ីស មេរេស ម៉ាសេណា នឹង​មមូកាន ជា​នាយក​នៃ​សាសន៍​ពើស៊ី នឹង​សាសន៍​មេឌី ទាំង​៧​នាក់​ដែល​ធ្លាប់​នៅ​ចំពោះ​ស្តេច ហើយ​ជា​អ្នក​លេខ​១​ក្នុង​នគរ ទ្រង់​សួរ​ថា តាម​ច្បាប់ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដល់​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី ដ្បិត​ព្រះ‌នាង​មិន​បាន​ធ្វើ​តាម​បង្គាប់​យើង ដោយ‌សារ​ពួក​ក្រម​វាំង​ទេ នោះ​មមូកាន លោក​ទូល​ឆ្លើយ​នៅ​ចំពោះ​ស្តេច នឹង​ពួក​នាយក​ទាំង​ប៉ុន្មាន​ថា អគ្គ‌មហេសី ព្រះ‌នាង​បាន​ប្រព្រឹត្ត​ខុស មិន​មែន​ត្រឹម​តែ​នឹង​ព្រះ‌ករុណា​ប៉ុណ្ណោះ គឺ​ដល់​ទាំង​ពួក​អ្នក​ជា​ប្រធាន នឹង​បណ្តាជន​ទាំង‌ឡាយ ដែល​នៅ​អស់​ទាំង​ខេត្ត​របស់​ព្រះ‌ករុណា​ទៀត​ផង ដ្បិត​ការ​ដែល​អគ្គ‌មហេសី​ប្រព្រឹត្ត​នេះ នឹង​ឮ​ទៅ​ដល់​ពួក​ស្រីៗ ទាំង​អស់ បណ្តាល​ឲ្យ​គេ​មើល‌ងាយ​ដល់​ប្ដី​របស់​ខ្លួន​គ្រប់​គ្នា ដោយ​ដំណឹង​នេះ​បាន​ផ្សាយ​ទៅ​ថា ស្តេច​អ័ហា‌ស៊ូរុស​បាន​បង្គាប់​ឲ្យ​គេ​នាំ​ព្រះ‌នាង ជា​អគ្គ‌មហេសី មក​ចំពោះ​ទ្រង់ តែ​ព្រះ‌នាង​មិន​ព្រម​ស្តេច​មក​ទេ ហើយ​នៅ​ថ្ងៃ​នេះ ពួក​ខុនណាង​សាសន៍​ពើស៊ី នឹង​សាសន៍​មេឌី​ទាំង​ប៉ុន្មាន ដែល​ឮ​និយាយ​ពី​ការ​អគ្គ‌មហេសី​បាន​ធ្វើ​នេះ គេ​នឹង​ប្រកែក​ដល់​ប្ដី​ខ្លួន ជា​ពួក​ប្រធាន​នៃ​ស្តេច​ដូច្នោះ​ដែរ យ៉ាង​នោះ​នឹង​កើត​មាន​សេចក្ដី​មើល‌ងាយ នឹង​សេច​ក្តី​កំហឹង​ជា​ច្រើន បើ​សិន​ជា​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ នោះ​សូម​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ ព្រម​ទាំង​ឲ្យ​គេ​កត់​ទុក​ក្នុង​ច្បាប់​របស់​សាសន៍​ពើស៊ី នឹង​សាសន៍​មេឌី​ផង ដើម្បី​កុំ​ឲ្យ​ផ្លាស់​បាន​ឡើយ ហាម​មិន​ឲ្យ​ព្រះ‌នាង​ចូល​មក​ចំពោះ​ព្រះ‌ករុណា​ទៀត ហើយ​សូម​ព្រះ‌ករុណា​ប្រគល់​ដំណែង​យស​ហ្លួង​របស់​ព្រះ‌នាង ដល់​ស្ត្រី​ម្នាក់​ទៀត​ដែល​វិសេស​ជាង ដូច្នេះ កាល​ណា​ព្រះ‌រាជ‌ឱង្ការ​របស់​ស្តេច​បាន​ប្រកាស​ផ្សាយ​ទៅ​គ្រប់​ក្នុង​នគរ​ទ្រង់ (រីឯ​នគរ​ទ្រង់​នោះ​ធំ​ណាស់) នោះ​ស្ត្រី​ទាំង​អស់​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ប្ដី​ខ្លួន ទោះ​ទាំង​ធំ​ទាំង​តូច​ផង សេចក្ដី​នោះ​ក៏​គាប់​សព្វ​ព្រះ‌ទ័យ​ដល់​ស្តេច នឹង​ចិត្ត​នៃ​ពួក​នាយក​ផង រួច​ស្ដេច​ទ្រង់​ក៏​ធ្វើ​តាម​ពាក្យ​របស់​មមូកាន ទ្រង់​ផ្ញើ​ព្រះ‌រាជ‌សារ​ទៅ​ដល់​អស់​ទាំង​ខេត្ត​របស់​ស្តេច គឺ​ដល់​គ្រប់​ទាំង​ខេត្ត​តាម​អក្សរ​ជាតិ​របស់​គេ ហើយ​ទៅ​គ្រប់​ទាំង​សាសន៍ តាម​ភាសា​របស់​គេ បង្គាប់​ថា មនុស្ស​ប្រុសៗ​ត្រូវ​ធ្វើ​ជា​ម្ចាស់​លើ​ផ្ទះ​របស់​ខ្លួន ហើយ​សេចក្ដី​នោះ​ក៏​បាន​ប្រកាស​ទួទៅ តាម​ភាសា​របស់​ជន​គ្រប់​ជាតិ។

ចែក​រំលែក
អាន នាងអេសធើរ 1