នាងអេសធើរ 1:1-15
នាងអេសធើរ 1:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯនៅគ្រាព្រះបាទអ័ហាស៊ូរុស ជាស្តេចដែលសោយរាជ្យលើមួយរយម្ភៃប្រាំពីរខេត្ត ចាប់តាំងពីស្រុកឥណ្ឌា រហូតដល់ស្រុកអេធីយ៉ូពី ក្នុងគ្រានោះ កាលព្រះបាទអ័ហាស៊ូរុស គង់លើបល្ល័ង្ករាជ្យនៅស៊ូសាន ជាក្រុងហ្លួង គឺនៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច ស្ដេចបានជប់លៀងដល់ពួកមន្ត្រី និងពួករាជបម្រើទាំងអស់របស់ស្ដេច ព្រមទាំងពួកមេទ័ពសាសន៍ពើស៊ី និងសាសន៍មេឌី ពួកអភិជន និងពួកចៅហ្វាយខេត្តទាំងប៉ុន្មាន ក៏នៅចំពោះស្ដេចដែរ ឯស្ដេចទ្រង់បង្ហាញអស់ទាំងរាជសម្បត្តិដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ និងកិត្តិយសនៃអានុភាពដ៏វិសេសរបស់ទ្រង់ អស់រយៈពេលជាច្រើនថ្ងៃ គឺអស់មួយរយប៉ែតសិបថ្ងៃ។ កាលផុតថ្ងៃទាំងនេះហើយ ស្ដេចជប់លៀងដល់ប្រជាជនទាំងអស់ ទាំងធំទាំងតូច ដែលនៅស៊ូសាន ជាក្រុងហ្លួង អស់ប្រាំពីរថ្ងៃ នៅក្នុងទីធ្លាឧទ្យាននៃដំណាក់របស់ស្ដេច។ គេចងសំពត់ពណ៌ស ពណ៌បៃតង និងពណ៌ខៀវ ដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស និងពីប្រាក់ដាក់លើកម្រាលថ្មកែវពណ៌ក្រហម ស លឿង និងខ្មៅ។ គេបម្រើភេសជ្ជៈនៅក្នុងពែងមាស ជាពែងផ្សេងពីគ្នាទាំងអស់ ហើយមានស្រាទំពាំងបាយជូរហ្លួងជាបរិបូរ តាមសណ្ឋានស្តេច។ តាមព្រះរាជបញ្ជារបស់ស្ដេច ការពិសាស្រាឥតមានដាក់កំហិតឡើយ ដ្បិតស្ដេចបានបង្គាប់ឲ្យរាជបម្រើទាំងប៉ុន្មានរបស់ទ្រង់ បម្រើជូនភ្ញៀវនីមួយៗ តាមតែភ្ញៀវចង់បាន។ ឯព្រះនាងវ៉ាសធី ជាអគ្គមហេសី ក៏ជប់លៀងដល់ពួកស្ត្រី នៅក្នុងព្រះរាជដំណាក់របស់ព្រះបាទអ័ហាស៊ូរុសដែរ។ នៅថ្ងៃទីប្រាំពីរ កាលស្ដេចមានព្រះហឫទ័យសប្បាយដោយស្រា ស្ដេចក៏បង្គាប់មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ និងកើកាស ជាមហាតលិកទាំងប្រាំពីរ ដែលបម្រើនៅចំពោះព្រះបាទអ័ហាស៊ូរុស ឲ្យទៅយាងព្រះនាងវ៉ាសធី ជាអគ្គមហេសីមកនៅចំពោះទ្រង់ ទាំងពាក់មកុដរាជ្យ ដើម្បីនឹងបង្ហាញរូបឆោមឲ្យប្រជាជន និងពួកមន្ត្រីឃើញ ដ្បិតព្រះនាងមានរូបឆោមស្រស់ស្អាតគួរគយគន់។ ប៉ុន្ដែ ព្រះនាងវ៉ាសធីមិនព្រមយាងមកតាមបញ្ជារបស់ស្តេច ដែលពួកមហាតលិកបានទូលថ្វាយនោះទេ។ ពេលនោះ ស្ដេចទ្រង់ក្រេវក្រោធ ហើយកំហឹងនោះក៏ឆួលឆេះក្នុងព្រះហឫទ័យជាខ្លាំង។ ដូច្នេះ ស្ដេចក៏មានរាជឱង្ការទៅកាន់ពួកអ្នកប្រាជ្ញដែលស្គាល់សម័យកាល (ដ្បិតនេះជាទម្លាប់របស់ស្ដេច ដែលតែងតែពិគ្រោះនឹងពួកអ្នកដែលចេះស្ទាត់ខាងច្បាប់ និងសេចក្ដីវិនិច្ឆ័យ ហើយអ្នកដែលនៅជិតដិតនឹងស្ដេចមាន កើសេណា សេថារ អ័ឌម៉ាថា តើស៊ី មេរេស ម៉ាសេណា និងមមូកាន ជាមន្ត្រីទាំងប្រាំពីររូបរបស់សាសន៍ពើស៊ី និងសាសន៍មេឌី ដែលជាអ្នកជំនិតរបស់ស្តេច ហើយជាអ្នកលេខមួយក្នុងនគរ)។ ស្ដេចសួរថា៖ «តាមច្បាប់ តើត្រូវធ្វើដូចម្តេចចំពោះព្រះនាងវ៉ាសធី ជាអគ្គមហេសី ដ្បិតព្រះនាងមិនបានធ្វើតាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយដូច្នេះ?»
នាងអេសធើរ 1:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាព្រឹត្តិការណ៍ដែលកើតមាននៅជំនាន់ព្រះចៅអហាស៊ូរុស។ ព្រះចៅអហាស៊ូរុសគ្រប់គ្រងលើអាណាខេត្តចំនួនមួយរយម្ភៃប្រាំពីរ គឺចាប់តាំងពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី។ នៅជំនាន់នោះ ព្រះចៅអហាស៊ូរុសសោយរាជ្យនៅក្រុងស៊ូសាន ជារាជធានី។ នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច ស្ដេចបានរៀបចំពិធីជប់លៀងមួយទទួលមេដឹកនាំ និងមន្ត្រីទាំងអស់របស់ស្ដេច ព្រមទាំងមេទ័ពពែរ្ស និងមេឌី ពួកអ្នកមុខអ្នកការ និងទេសាភិបាលរបស់អាណាខេត្តទាំងអស់។ ស្ដេចចង់បង្ហាញរាជ្យទ្រព្យដ៏ស្ដុកស្ដម្ភ និងភាពថ្លៃថ្នូរវិសេសនៃរាជសម្បត្តិដ៏ថ្កុំថ្កើងរុងរឿងរបស់ស្ដេច តាមរយៈពិធីជប់លៀង ក្នុងអំឡុងពេលមួយរយប៉ែតសិបថ្ងៃ។ នៅចុងបញ្ចប់នៃពិធីជប់លៀងនេះ ស្ដេចបានរៀបចំពិធីជប់លៀងមួយទៀត ក្នុងទីធ្លាឧទ្យាននៃព្រះបរមរាជវាំងចំនួនប្រាំពីរថ្ងៃ។ ប្រជាជនទាំងមូលនៅរាជធានីស៊ូសាន ទាំងអ្នកធំ ទាំងអ្នកតូច អាចចូលរួមបាន។ គេចងក្រណាត់ទេសឯកពណ៌ស និងពណ៌ខៀវ លាយនឹងក្រណាត់ធ្វើពីអំបោះពណ៌ស និងពណ៌ស្វាយ ភ្ជាប់ទៅនឹងខ្សែពណ៌ស និងពណ៌ក្រហមទុំ។ គេដោតខ្សែនោះទៅក្នុងកងធ្វើអំពីប្រាក់ ហើយចងភ្ជាប់ទៅនឹងសសរធ្វើអំពីថ្លើមថ្ម។ រីឯគ្រែសម្រាប់អង្គុយបរិភោគធ្វើពីមាស និងប្រាក់ ដាក់នៅលើកម្រាលធ្វើពីថ្មកែវ ថ្លើមថ្ម ខ្យងដាំ និងថ្មខ្មៅ។ គេដាក់ស្រានៅក្នុងពែងមាស ដែលមានក្បាច់រចនាប្លែកៗគ្នា។ ស្ដេចឲ្យគេយកស្រាមកចាក់ជូនភ្ញៀវយ៉ាងបរិបូណ៌។ ភ្ញៀវអាចពិសាស្រាតាមចិត្ត ដោយមិននឹកខ្លាចខ្វះខាតអ្វីឡើយ គឺស្ដេចបញ្ជាឲ្យរាជបម្រើចាក់ស្រាជូន តាមតែភ្ញៀវចង់បាន។ រីឯព្រះមហាក្សត្រិយានីវ៉ាសធីវិញ ក៏រៀបចំជប់លៀងដោយឡែក សម្រាប់ពួកស្ត្រីនៅក្នុងវាំងរបស់ព្រះចៅអហាស៊ូរុសដែរ។ នៅថ្ងៃទីប្រាំពីរ សុរាបានធ្វើឲ្យព្រះចៅអហាស៊ូរុសមានព្រះហឫទ័យសប្បាយក្រៃលែង។ ស្ដេចបង្គាប់លោកមហ៊ូម៉ាន លោកប៊ីសថា លោកហារបូណា លោកប៊ីគថា លោកអបាគថា លោកសេថារ និងលោកកើកាស ជាមហាតលិកទាំងប្រាំពីររូប ដែលនៅបម្រើស្ដេច ឲ្យយាងព្រះមហាក្សត្រិយានីវ៉ាសធីមកគាល់ស្ដេច ទាំងពាក់មកុដរាជ្យ ដើម្បីបង្ហាញឲ្យប្រជាជន និងមេដឹកនាំឃើញរូបឆោមរបស់ព្រះនាង ដ្បិតព្រះនាងមានរូបឆោមស្រស់ស្អាតណាស់។ ប៉ុន្តែ ព្រះមហាក្សត្រិយានីពុំព្រមយាងមក តាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយឡើយ។ ពេលនោះ ព្រះរាជាពិរោធយ៉ាងខ្លាំង។ ស្ដេចក៏សួរយោបល់ពីពួកហោរាចារ្យ ដែលជាអ្នកមានភារកិច្ចជួយដោះស្រាយរឿងរបស់ស្ដេច ព្រោះពួកគេស្គាល់ពិធីការ និងទំនៀមទម្លាប់។ អ្នកទាំងនោះមាន: លោកកើសេណា លោកសេថារ លោកអ័ឌម៉ាថា លោកតើស៊ីស លោកម៉េរ៉េស លោកម៉ាសេណា លោកមមូកាន ជាមេដឹកនាំទាំងប្រាំពីររូបរបស់ជនជាតិមេឌី និងជនជាតិពែរ្ស ដែលជាអ្នកជំនិតរបស់ស្ដេច ហើយមានមុខតំណែងដ៏ខ្ពង់ខ្ពស់នៅក្នុងរាជាណាចក្រ។ ព្រះចៅអហាស៊ូរុសសួរថា ក្នុងករណីដែលព្រះមហាក្សត្រិយានីវ៉ាសធី ពុំព្រមធ្វើតាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយដូច្នេះ តើត្រូវយកច្បាប់អ្វីមកអនុវត្ត។
នាងអេសធើរ 1:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅគ្រាអ័ហាស៊ូរុស ជាស្តេចដែលសោយរាជ្យលើ១២៧ខេត្ត ចាប់តាំងពីស្រុកក្លិង្គ រហូតដល់អេធីយ៉ូពី ក្នុងគ្រានោះ កាលស្តេចអ័ហាស៊ូរុសទ្រង់គង់លើបល្ល័ង្ករាជ្យនៅស៊ូសាន ជាទីក្រុងហ្លួង គឺនៅឆ្នាំទី៣ក្នុងរាជ្យទ្រង់ នោះទ្រង់បានជប់លៀងដល់ពួកអ្នកជាប្រធាន នឹងពួកជំនិតទ្រង់ មានទាំងពួកមេទ័ពសាសន៍ពើស៊ី នឹងសាសន៍មេឌី ពួកអ្នកធំ នឹងពួកចៅហ្វាយខេត្តទាំងប៉ុន្មាននៅចំពោះទ្រង់ដែរ ទ្រង់ក៏បង្ហាញអស់ទាំងមហាសម្បត្តិនៃនគរដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ នឹងកិត្តិយសនៃអានុភាពដ៏វិសេសរបស់ទ្រង់ ឲ្យគេឃើញជាយូរថ្ងៃ គឺអស់១៨០ថ្ងៃ លុះកាលផុតថ្ងៃទាំងនោះហើយ ស្តេចទ្រង់ជប់លៀងដល់ពួកជនទាំងអស់ ទាំងធំទាំងតូច ដែលនៅស៊ូសាន ជាក្រុងហ្លួងអស់៧ថ្ងៃ នៅត្រង់ទីធ្លាក្នុងព្រះរាជឧទ្យាននៃដំណាក់ស្តេច ដែលមានសំពត់ស បៃតង នឹងខៀវ ចងដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស នឹងពីប្រាក់ ដាក់លើកំរាលថ្មកែវពណ៌ក្រហម ស លឿង ហើយខ្មៅដែរ គេឲ្យផឹកដោយប្រដាប់មាសដែលផ្សេងពីគ្នាទាំងអស់ ហើយមានស្រាទំពាំងបាយជូររបស់ហ្លួងជាបរិបូរតាមសណ្ឋានស្តេច តែគ្មានអ្នកណាបង្ខំឡើយ ដ្បិតស្តេចទ្រង់បានចេញច្បាប់ បង្គាប់ដល់ពួកភ្នាក់ងាររបស់ទ្រង់ ឲ្យបានធ្វើតាមចិត្តរបស់មនុស្សនីមួយៗ។ ឯព្រះនាងវ៉ាសធី ជាអគ្គមហេសី ក៏ជប់លៀងដល់ពួកស្រីៗ នៅក្នុងព្រះរាជដំណាក់របស់ស្តេចអ័ហាស៊ូរុសដែរ លុះដល់ថ្ងៃទី៧ ក្នុងកាលដែលស្តេចទ្រង់មានព្រះទ័យសប្បាយដោយស្រា នោះទ្រង់បង្គាប់ដល់មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ នឹងកើកាស ជាពួកក្រមវាំងទាំង៧នាក់ ជាអ្នកដែលបំរើនៅចំពោះស្តេចអ័ហាស៊ូរុស ឲ្យទៅនាំព្រះនាងវ៉ាសធី ជាអគ្គមហេសីមកនៅចំពោះទ្រង់ មានទាំងពាក់មកុដផង ដើម្បីនឹងសំដែងលំអព្រះរូបដល់បណ្តាជន នឹងដល់ពួកអ្នកជាប្រធានទាំងឡាយ ពីព្រោះព្រះនាងមានរូបឆោមល្អពេកណាស់ តែព្រះនាងវ៉ាសធីមិនព្រមមកតាមបង្គាប់ស្តេច ដោយសារពួកក្រមវាំងនោះទេ ហេតុនោះស្តេចទ្រង់ក្រេវក្រោធជាខ្លាំង ហើយសេចក្ដីកំហឹងនោះក៏ឆួលឆេះឡើងក្នុងព្រះទ័យទ្រង់។ ដូច្នេះ ស្តេចទ្រង់មានបន្ទូលសួរ ដល់ពួកអ្នកប្រាជ្ញដែលស្គាល់សម័យប្រព្រឹត្ត ដ្បិតតាមទំលាប់របស់ស្តេចទ្រង់តែងតែពិគ្រោះនឹងពួកអ្នកដែលចេះស្ទាត់ខាងច្បាប់ នឹងសេចក្ដីវិនិច្ឆ័យ រីឯបន្ទាប់នឹងទ្រង់ មានកើសេណា សេថារ អ័ឌម៉ាថា តើស៊ីស មេរេស ម៉ាសេណា នឹងមមូកាន ជានាយកនៃសាសន៍ពើស៊ី នឹងសាសន៍មេឌី ទាំង៧នាក់ដែលធ្លាប់នៅចំពោះស្តេច ហើយជាអ្នកលេខ១ក្នុងនគរ ទ្រង់សួរថា តាមច្បាប់ តើត្រូវធ្វើដូចម្តេចដល់ព្រះនាងវ៉ាសធី ជាអគ្គមហេសី ដ្បិតព្រះនាងមិនបានធ្វើតាមបង្គាប់យើង ដោយសារពួកក្រមវាំងទេ