នាងអេសធើរ 1:1-11
នាងអេសធើរ 1:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯនៅគ្រាព្រះបាទអ័ហាស៊ូរុស ជាស្តេចដែលសោយរាជ្យលើមួយរយម្ភៃប្រាំពីរខេត្ត ចាប់តាំងពីស្រុកឥណ្ឌា រហូតដល់ស្រុកអេធីយ៉ូពី ក្នុងគ្រានោះ កាលព្រះបាទអ័ហាស៊ូរុស គង់លើបល្ល័ង្ករាជ្យនៅស៊ូសាន ជាក្រុងហ្លួង គឺនៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច ស្ដេចបានជប់លៀងដល់ពួកមន្ត្រី និងពួករាជបម្រើទាំងអស់របស់ស្ដេច ព្រមទាំងពួកមេទ័ពសាសន៍ពើស៊ី និងសាសន៍មេឌី ពួកអភិជន និងពួកចៅហ្វាយខេត្តទាំងប៉ុន្មាន ក៏នៅចំពោះស្ដេចដែរ ឯស្ដេចទ្រង់បង្ហាញអស់ទាំងរាជសម្បត្តិដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ និងកិត្តិយសនៃអានុភាពដ៏វិសេសរបស់ទ្រង់ អស់រយៈពេលជាច្រើនថ្ងៃ គឺអស់មួយរយប៉ែតសិបថ្ងៃ។ កាលផុតថ្ងៃទាំងនេះហើយ ស្ដេចជប់លៀងដល់ប្រជាជនទាំងអស់ ទាំងធំទាំងតូច ដែលនៅស៊ូសាន ជាក្រុងហ្លួង អស់ប្រាំពីរថ្ងៃ នៅក្នុងទីធ្លាឧទ្យាននៃដំណាក់របស់ស្ដេច។ គេចងសំពត់ពណ៌ស ពណ៌បៃតង និងពណ៌ខៀវ ដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស និងពីប្រាក់ដាក់លើកម្រាលថ្មកែវពណ៌ក្រហម ស លឿង និងខ្មៅ។ គេបម្រើភេសជ្ជៈនៅក្នុងពែងមាស ជាពែងផ្សេងពីគ្នាទាំងអស់ ហើយមានស្រាទំពាំងបាយជូរហ្លួងជាបរិបូរ តាមសណ្ឋានស្តេច។ តាមព្រះរាជបញ្ជារបស់ស្ដេច ការពិសាស្រាឥតមានដាក់កំហិតឡើយ ដ្បិតស្ដេចបានបង្គាប់ឲ្យរាជបម្រើទាំងប៉ុន្មានរបស់ទ្រង់ បម្រើជូនភ្ញៀវនីមួយៗ តាមតែភ្ញៀវចង់បាន។ ឯព្រះនាងវ៉ាសធី ជាអគ្គមហេសី ក៏ជប់លៀងដល់ពួកស្ត្រី នៅក្នុងព្រះរាជដំណាក់របស់ព្រះបាទអ័ហាស៊ូរុសដែរ។ នៅថ្ងៃទីប្រាំពីរ កាលស្ដេចមានព្រះហឫទ័យសប្បាយដោយស្រា ស្ដេចក៏បង្គាប់មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ និងកើកាស ជាមហាតលិកទាំងប្រាំពីរ ដែលបម្រើនៅចំពោះព្រះបាទអ័ហាស៊ូរុស ឲ្យទៅយាងព្រះនាងវ៉ាសធី ជាអគ្គមហេសីមកនៅចំពោះទ្រង់ ទាំងពាក់មកុដរាជ្យ ដើម្បីនឹងបង្ហាញរូបឆោមឲ្យប្រជាជន និងពួកមន្ត្រីឃើញ ដ្បិតព្រះនាងមានរូបឆោមស្រស់ស្អាតគួរគយគន់។
នាងអេសធើរ 1:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាព្រឹត្តិការណ៍ដែលកើតមាននៅជំនាន់ព្រះចៅអហាស៊ូរុស។ ព្រះចៅអហាស៊ូរុសគ្រប់គ្រងលើអាណាខេត្តចំនួនមួយរយម្ភៃប្រាំពីរ គឺចាប់តាំងពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី។ នៅជំនាន់នោះ ព្រះចៅអហាស៊ូរុសសោយរាជ្យនៅក្រុងស៊ូសាន ជារាជធានី។ នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច ស្ដេចបានរៀបចំពិធីជប់លៀងមួយទទួលមេដឹកនាំ និងមន្ត្រីទាំងអស់របស់ស្ដេច ព្រមទាំងមេទ័ពពែរ្ស និងមេឌី ពួកអ្នកមុខអ្នកការ និងទេសាភិបាលរបស់អាណាខេត្តទាំងអស់។ ស្ដេចចង់បង្ហាញរាជ្យទ្រព្យដ៏ស្ដុកស្ដម្ភ និងភាពថ្លៃថ្នូរវិសេសនៃរាជសម្បត្តិដ៏ថ្កុំថ្កើងរុងរឿងរបស់ស្ដេច តាមរយៈពិធីជប់លៀង ក្នុងអំឡុងពេលមួយរយប៉ែតសិបថ្ងៃ។ នៅចុងបញ្ចប់នៃពិធីជប់លៀងនេះ ស្ដេចបានរៀបចំពិធីជប់លៀងមួយទៀត ក្នុងទីធ្លាឧទ្យាននៃព្រះបរមរាជវាំងចំនួនប្រាំពីរថ្ងៃ។ ប្រជាជនទាំងមូលនៅរាជធានីស៊ូសាន ទាំងអ្នកធំ ទាំងអ្នកតូច អាចចូលរួមបាន។ គេចងក្រណាត់ទេសឯកពណ៌ស និងពណ៌ខៀវ លាយនឹងក្រណាត់ធ្វើពីអំបោះពណ៌ស និងពណ៌ស្វាយ ភ្ជាប់ទៅនឹងខ្សែពណ៌ស និងពណ៌ក្រហមទុំ។ គេដោតខ្សែនោះទៅក្នុងកងធ្វើអំពីប្រាក់ ហើយចងភ្ជាប់ទៅនឹងសសរធ្វើអំពីថ្លើមថ្ម។ រីឯគ្រែសម្រាប់អង្គុយបរិភោគធ្វើពីមាស និងប្រាក់ ដាក់នៅលើកម្រាលធ្វើពីថ្មកែវ ថ្លើមថ្ម ខ្យងដាំ និងថ្មខ្មៅ។ គេដាក់ស្រានៅក្នុងពែងមាស ដែលមានក្បាច់រចនាប្លែកៗគ្នា។ ស្ដេចឲ្យគេយកស្រាមកចាក់ជូនភ្ញៀវយ៉ាងបរិបូណ៌។ ភ្ញៀវអាចពិសាស្រាតាមចិត្ត ដោយមិននឹកខ្លាចខ្វះខាតអ្វីឡើយ គឺស្ដេចបញ្ជាឲ្យរាជបម្រើចាក់ស្រាជូន តាមតែភ្ញៀវចង់បាន។ រីឯព្រះមហាក្សត្រិយានីវ៉ាសធីវិញ ក៏រៀបចំជប់លៀងដោយឡែក សម្រាប់ពួកស្ត្រីនៅក្នុងវាំងរបស់ព្រះចៅអហាស៊ូរុសដែរ។ នៅថ្ងៃទីប្រាំពីរ សុរាបានធ្វើឲ្យព្រះចៅអហាស៊ូរុសមានព្រះហឫទ័យសប្បាយក្រៃលែង។ ស្ដេចបង្គាប់លោកមហ៊ូម៉ាន លោកប៊ីសថា លោកហារបូណា លោកប៊ីគថា លោកអបាគថា លោកសេថារ និងលោកកើកាស ជាមហាតលិកទាំងប្រាំពីររូប ដែលនៅបម្រើស្ដេច ឲ្យយាងព្រះមហាក្សត្រិយានីវ៉ាសធីមកគាល់ស្ដេច ទាំងពាក់មកុដរាជ្យ ដើម្បីបង្ហាញឲ្យប្រជាជន និងមេដឹកនាំឃើញរូបឆោមរបស់ព្រះនាង ដ្បិតព្រះនាងមានរូបឆោមស្រស់ស្អាតណាស់។
នាងអេសធើរ 1:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅគ្រាអ័ហាស៊ូរុស ជាស្តេចដែលសោយរាជ្យលើ១២៧ខេត្ត ចាប់តាំងពីស្រុកក្លិង្គ រហូតដល់អេធីយ៉ូពី ក្នុងគ្រានោះ កាលស្តេចអ័ហាស៊ូរុសទ្រង់គង់លើបល្ល័ង្ករាជ្យនៅស៊ូសាន ជាទីក្រុងហ្លួង គឺនៅឆ្នាំទី៣ក្នុងរាជ្យទ្រង់ នោះទ្រង់បានជប់លៀងដល់ពួកអ្នកជាប្រធាន នឹងពួកជំនិតទ្រង់ មានទាំងពួកមេទ័ពសាសន៍ពើស៊ី នឹងសាសន៍មេឌី ពួកអ្នកធំ នឹងពួកចៅហ្វាយខេត្តទាំងប៉ុន្មាននៅចំពោះទ្រង់ដែរ ទ្រង់ក៏បង្ហាញអស់ទាំងមហាសម្បត្តិនៃនគរដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ នឹងកិត្តិយសនៃអានុភាពដ៏វិសេសរបស់ទ្រង់ ឲ្យគេឃើញជាយូរថ្ងៃ គឺអស់១៨០ថ្ងៃ លុះកាលផុតថ្ងៃទាំងនោះហើយ ស្តេចទ្រង់ជប់លៀងដល់ពួកជនទាំងអស់ ទាំងធំទាំងតូច ដែលនៅស៊ូសាន ជាក្រុងហ្លួងអស់៧ថ្ងៃ នៅត្រង់ទីធ្លាក្នុងព្រះរាជឧទ្យាននៃដំណាក់ស្តេច ដែលមានសំពត់ស បៃតង នឹងខៀវ ចងដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស នឹងពីប្រាក់ ដាក់លើកំរាលថ្មកែវពណ៌ក្រហម ស លឿង ហើយខ្មៅដែរ គេឲ្យផឹកដោយប្រដាប់មាសដែលផ្សេងពីគ្នាទាំងអស់ ហើយមានស្រាទំពាំងបាយជូររបស់ហ្លួងជាបរិបូរតាមសណ្ឋានស្តេច តែគ្មានអ្នកណាបង្ខំឡើយ ដ្បិតស្តេចទ្រង់បានចេញច្បាប់ បង្គាប់ដល់ពួកភ្នាក់ងាររបស់ទ្រង់ ឲ្យបានធ្វើតាមចិត្តរបស់មនុស្សនីមួយៗ។ ឯព្រះនាងវ៉ាសធី ជាអគ្គមហេសី ក៏ជប់លៀងដល់ពួកស្រីៗ នៅក្នុងព្រះរាជដំណាក់របស់ស្តេចអ័ហាស៊ូរុសដែរ លុះដល់ថ្ងៃទី៧ ក្នុងកាលដែលស្តេចទ្រង់មានព្រះទ័យសប្បាយដោយស្រា នោះទ្រង់បង្គាប់ដល់មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ នឹងកើកាស ជាពួកក្រមវាំងទាំង៧នាក់ ជាអ្នកដែលបំរើនៅចំពោះស្តេចអ័ហាស៊ូរុស ឲ្យទៅនាំព្រះនាងវ៉ាសធី ជាអគ្គមហេសីមកនៅចំពោះទ្រង់ មានទាំងពាក់មកុដផង ដើម្បីនឹងសំដែងលំអព្រះរូបដល់បណ្តាជន នឹងដល់ពួកអ្នកជាប្រធានទាំងឡាយ ពីព្រោះព្រះនាងមានរូបឆោមល្អពេកណាស់