អេភេសូ 6:10-17
អេភេសូ 6:10-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។ ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។ ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ។ ហេតុនេះ ត្រូវប្រើគ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់ក្នុងថ្ងៃអាក្រក់បាន ហើយក្រោយពីបានតយុទ្ធសព្វគ្រប់ហើយ នោះឲ្យនៅតែឈរមាំដដែល។ ដូច្នេះ ចូរឈរឲ្យមាំ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតជាអាវក្រោះ។ ចូរពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្ត ទុកជាស្បែកជើង។ បន្ថែមទៅនឹងសេចក្ដីទាំងនេះ ចូរយកជំនឿទុកជាខែល ដែលអ្នករាល់គ្នាអាចនឹងរំលត់អស់ទាំងព្រួញឆេះរបស់អាកំណាច ដោយសារខែលនោះ។ ចូរទទួលការសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណ ដែលជាព្រះបន្ទូលរបស់ព្រះ។
អេភេសូ 6:10-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មួយវិញទៀត ចូរទាញយកកម្លាំងដោយរួមជាមួយព្រះអម្ចាស់ និងដោយសារព្រះចេស្ដាដ៏ខ្លាំងក្លារបស់ព្រះអង្គ។ ចូរបងប្អូនប្រដាប់ខ្លួនដោយគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ ដើម្បីអាចតតាំងនឹងកលល្បិចរបស់មារ* ដ្បិតយើងមិនមែនតយុទ្ធទល់នឹងមនុស្សទេ គឺតយុទ្ធទល់នឹងវត្ថុស័ក្ដិសិទ្ធិ ទល់នឹងអ្វីៗដែលមានអំណាច ទល់នឹងមេត្រួតត្រាក្នុងលោកីយ៍ដ៏ងងឹតនេះ ហើយតយុទ្ធទល់នឹងឥទ្ធិពលអរូបដ៏អាក្រក់ទាំងឡាយដែលនៅស្ថានលើដែរ។ ហេតុនេះ ចូរបងប្អូនប្រើគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ទៅ ដើម្បីឲ្យបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយ។ ដូច្នេះ ចូរមានជំហររឹងប៉ឹងឡើង ចូរយកសេចក្ដីពិតមកក្រវាត់ចង្កេះ យកសេចក្ដីសុចរិតធ្វើជាអាវក្រោះ យកចិត្តប្រុងប្រៀបផ្សាយដំណឹងល្អអំពីសេចក្ដីសុខសាន្ត មកពាក់ជាស្បែកជើង។ ជាពិសេស ចូរយកជំនឿធ្វើជាខែល ដើម្បីឲ្យបងប្អូនអាចពន្លត់ព្រួញភ្លើងទាំងប៉ុន្មានរបស់មារ*កំណាច។ ចូរទទួលការសង្គ្រោះយកមកធ្វើជាមួកដែក និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាដាវរបស់ព្រះវិញ្ញាណ។
អេភេសូ 6:10-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់ ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច នឹងពួកម្ចាស់នៃសេចក្ដីងងឹតនៅលោកីយនេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្ដីពិតនៅចង្កេះ ហើយពាក់សេចក្ដីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង ទាំងពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្ដីសុខសាន្ត ទុកជាស្បែកជើង ថែមទាំងយកសេចក្ដីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច ដោយសារខែលនោះបាន ចូរយកសេចក្ដីសង្គ្រោះទុកជាមួកសឹក នឹងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល