អេភេសូ 5:6-11
អេភេសូ 5:6-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កុំឲ្យអ្នកណាម្នាក់បញ្ឆាតអ្នករាល់គ្នា ដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនេះហើយ ដែលសេចក្តីក្រោធរបស់ព្រះធ្លាក់មកលើអស់អ្នកដែលមិនស្ដាប់បង្គាប់។ ដូច្នេះ កុំសេពគប់ជាមួយពួកគេឲ្យសោះ។ ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ (ដ្បិតផលផ្លែនៃពន្លឺ មាននៅក្នុងគ្រប់សេចក្ដីល្អ សេចក្តីសុចរិត និងសេចក្តីពិត)។ ត្រូវលមើលឲ្យដឹងពីសេចក្តីអ្វីដែលព្រះអម្ចាស់សព្វព្រះហឫទ័យចុះ។ កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។
អេភេសូ 5:6-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសម្ដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យព្រះជាម្ចាស់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។ ដូច្នេះ សូមកុំសេពគប់ជាមួយពួកគេជាដាច់ខាត។ កាលពីដើម បងប្អូនងងឹតមែន ប៉ុន្តែ ឥឡូវនេះ បងប្អូនជាពន្លឺ ដោយបានរួមជាមួយព្រះអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួនទៅ។ ផលនៃពន្លឺនោះគឺសេចក្ដីសប្បុរស សេចក្ដីសុចរិត និងសេចក្ដីពិតគ្រប់បែបយ៉ាង។ ត្រូវរិះគិតមើលឲ្យដឹងថា ការណាគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយមិនត្រូវចូលរួមក្នុងការប្រព្រឹត្តអំពើឥតផលប្រយោជន៍ ដែលមកពីសេចក្ដីងងឹតនោះឡើយ សូវបើកមុខអំពើទាំងនោះឲ្យគេឃើញ។
អេភេសូ 5:6-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្ដីទាំងនោះ បានជាសេចក្ដីក្រោធរបស់ព្រះ បានមកលើមនុស្សរឹងចចេស ដូច្នេះ កុំឲ្យមានចំណែកជា១នឹងគេឡើយ ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺចុះ ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្ដីសុចរិត នឹងសេចក្ដីពិត ចូរលមើលឲ្យដឹងសេចក្ដីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ កុំឲ្យប្រកបក្នុងការឥតផលប្រយោជន៍របស់សេចក្ដីងងឹតឡើយ ស៊ូបន្ទោសវិញ