អេភេសូ 5:5-9
អេភេសូ 5:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះឲ្យច្បាស់ថា អ្នកប្រព្រឹត្តអំពើសហាយស្មន់ មនុស្សស្មោកគ្រោក ឬមនុស្សដែលមានចិត្តលោភលន់ (គឺមនុស្សថ្វាយបង្គំរូបព្រះ) មិនអាចគ្រងមត៌កក្នុងព្រះរាជ្យរបស់ព្រះគ្រីស្ទ និងរបស់ព្រះបានឡើយ។ កុំឲ្យអ្នកណាម្នាក់បញ្ឆាតអ្នករាល់គ្នា ដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនេះហើយ ដែលសេចក្តីក្រោធរបស់ព្រះធ្លាក់មកលើអស់អ្នកដែលមិនស្ដាប់បង្គាប់។ ដូច្នេះ កុំសេពគប់ជាមួយពួកគេឲ្យសោះ។ ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ (ដ្បិតផលផ្លែនៃពន្លឺ មាននៅក្នុងគ្រប់សេចក្ដីល្អ សេចក្តីសុចរិត និងសេចក្តីពិត)។
អេភេសូ 5:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរដឹងឲ្យច្បាស់ថា អ្នកប្រាសចាកសីលធម៌ អ្នកប្រព្រឹត្តអំពើអបាយមុខ និងអ្នកលោភលន់ដែលយកទ្រព្យសម្បត្តិធ្វើជាព្រះ មិនអាចទទួលមត៌កក្នុងព្រះរាជ្យ*របស់ព្រះគ្រិស្ត និងរបស់ព្រះជាម្ចាស់បានជាដាច់ខាត។ សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសម្ដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យព្រះជាម្ចាស់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។ ដូច្នេះ សូមកុំសេពគប់ជាមួយពួកគេជាដាច់ខាត។ កាលពីដើម បងប្អូនងងឹតមែន ប៉ុន្តែ ឥឡូវនេះ បងប្អូនជាពន្លឺ ដោយបានរួមជាមួយព្រះអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួនទៅ។ ផលនៃពន្លឺនោះគឺសេចក្ដីសប្បុរស សេចក្ដីសុចរិត និងសេចក្ដីពិតគ្រប់បែបយ៉ាង។
អេភេសូ 5:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតអ្នករាល់គ្នាដឹងថា គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ ដែលនឹងគ្រងមរដកក្នុងនគរនៃព្រះគ្រីស្ទ ហើយនៃព្រះផងបានឡើយ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្ដីទាំងនោះ បានជាសេចក្ដីក្រោធរបស់ព្រះ បានមកលើមនុស្សរឹងចចេស ដូច្នេះ កុំឲ្យមានចំណែកជា១នឹងគេឡើយ ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺចុះ ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្ដីសុចរិត នឹងសេចក្ដីពិត