អេភេសូ 4:1-16

អេភេសូ 4:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ខ្ញុំ​ជា​អ្នក​ជាប់​គុក​ក្នុង​ព្រះ‌អម្ចាស់ សូម​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​រស់​នៅ​ស័ក្ដិ‌សម​នឹង​ការ​ត្រាស់​ហៅ តាម​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​នោះ​ចុះ ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូត‌បូត​គ្រប់​ជំពូក ទាំង​អត់‌ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់ ទាំង​ខំ​ប្រឹង​រក្សា​ការ​រួប​រួម​របស់​ព្រះ‌វិញ្ញាណ ដោយ​ចំណង​នៃ​សេចក្ដី​សុខ​សាន្ត។ មាន​រូប‌កាយ​តែ​មួយ និង​ព្រះ‌វិញ្ញាណ​តែ​មួយ ដូច​ជា​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ត្រាស់​ហៅ មក​ក្នុង​សេចក្តី​សង្ឃឹម​តែ​មួយ​នៃ​ការ​ត្រាស់​ហៅ​នោះ​ដែរ មាន​ព្រះ‌អម្ចាស់​តែ​មួយ ជំនឿ​តែ​មួយ ពិធី​ជ្រមុជ​តែ​មួយ មាន​ព្រះ​តែ​មួយ ហើយ​ជា​ព្រះ‌វរបិតា​នៃ​ទាំង​អស់ ដែល​ព្រះ‌អង្គ​ខ្ពស់​លើ​ទាំង​អស់ ធ្វើ​ការ​តាម​រយៈ​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់។ ប៉ុន្តែ យើង​ម្នាក់ៗ​បាន​ទទួល​ព្រះ‌គុណ តាម​ខ្នាត​អំណោយ‌ទាន​របស់​ព្រះ‌គ្រីស្ទ​រៀងៗ​ខ្លួន។ ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី​ថ្លែង​ទុក​ថា៖ «ពេល​ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ព្រះ‌អង្គ​បាន​ចាប់​ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​ប្រទាន​អំណោយ‌ទាន​ដល់​មនុស្ស» ។ (តើ​ពាក្យ «ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ» មាន​ន័យ​ដូច​ម្តេច? តើ​ព្រះ‌អង្គ​មិន​បាន​យាង​ចុះ​ទៅ​ស្ថាន​ទាប​ក្រោម​ដី​ដែរ​ទេ​ឬ? ព្រះ‌អង្គ​ដែល​យាង​ចុះ​ទៅ​នោះ ជា​ព្រះ‌អង្គ​ដដែល ដែល​បាន​យាង​ឡើង​ផុត​អស់​ទាំង​ជាន់​នៅ​ស្ថាន‌សួគ៌ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​បំពេញ​គ្រប់​ទាំង​អស់)។ ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើ​ជា​សាវក អ្នក​ខ្លះ​ជា​ហោរា អ្នក​ខ្លះ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ អ្នក​ខ្លះ​ជា​គ្រូ​គង្វាល ហើយ​អ្នក​ខ្លះ​ជា​គ្រូ​បង្រៀន ដើម្បី​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍ សម្រាប់​កិច្ច‌ការ​បម្រើ ហើយ​ស្អាង​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ទ​ឡើង រហូត​ដល់​យើង​ទាំង​អស់​គ្នា​បាន​រួប​រួម​នៅ​ក្នុង​ជំនឿ ហើយ​បាន​ស្គាល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ទៅ​ជា​មនុស្ស​ពេញ​វ័យ និង​ដល់​ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ‌គ្រីស្ទ។ ដើម្បី​កុំ​ឲ្យ​យើង​នៅ​ជា​កូន​តូច​ទៀត ទាំង​ត្រូវ​គ្រប់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន​ផាត់​ចុះ​ផាត់​ឡើង ដោយ​សេចក្តី​ឆ‌បោក​របស់​មនុស្ស និង​ដោយ​ឧបាយ‌កល​ដែល​គេ​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ​និយាយ​សេចក្តី​ពិត​ដោយ​សេចក្តី​ស្រឡាញ់ នោះ​យើង​ត្រូវ​ចម្រើន​ឡើង​គ្រប់​ការ​ទាំង​អស់​ក្នុង​ព្រះ‌អង្គ គឺ​ព្រះ‌គ្រីស្ទ​ជា​សិរសា ដែល​រូប‌កាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​ពី​ព្រះ‌អង្គ ដោយ​សារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់‌ផ្គង់​ឲ្យ តាម​ខ្នាត​ការ‌ងារ​របស់​អវយវៈ​នីមួយៗ នោះ​រូប‌កាយ​បាន​ចម្រើន​ឡើង និង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់។

ចែក​រំលែក
អាន អេភេសូ 4

អេភេសូ 4:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ ខ្ញុំ​ដែល​ជាប់​ឃុំ‌ឃាំង សូម​ដាស់​តឿន​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា ដោយ​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន ចូរ​រស់​នៅ​ឲ្យ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នោះ​ទៅ។ ចូរ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត និង​ចេះ​អត់‌ធ្មត់ ព្រម​ទាំង​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់។ ចូរ​យក​ចិត្ត​ទុក​ដាក់​រក្សា​ឯក‌ភាព​ដែល​មក​ពី​ព្រះ‌វិញ្ញាណ ដោយ​យក​សេចក្ដី​សុខ‌សាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ទាក់ទង​គ្នា។ ព្រះ‌កាយ​មាន​តែ​មួយ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​តែ​មួយ ដូច​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។ ព្រះ‌អម្ចាស់​មាន​តែ​មួយ ជំនឿ​មាន​តែ​មួយ ពិធី​ជ្រមុជ​ទឹក*​មាន​តែ​មួយ។ ព្រះ‌ជាម្ចាស់​មាន​តែ​មួយ ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​មនុស្ស​ទាំង​អស់ ព្រះអង្គ​ខ្ពង់‌ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​ធ្វើ​ការ​តាម​រយៈ​មនុស្ស​ទាំង​អស់ និង​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។ ព្រះអង្គ​បាន​ផ្ដល់​ព្រះ‌គុណ​មក​ឲ្យ​យើង​ម្នាក់ៗ​តាម​កម្រិត​ព្រះ‌អំណោយ​ទាន ដែល​ព្រះ‌គ្រិស្ត​ប្រទាន​មក​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​ថា «ព្រះអង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ព្រះអង្គ​បាន​នាំ​ពួក​ជាប់​ជា​ឈ្លើយ​ទៅ​ជា​មួយ ហើយ​ព្រះអង្គ​ប្រទាន​ព្រះ‌អំណោយ​ទាន ផ្សេងៗ​ដល់​មនុស្ស​លោក» ។ ពាក្យ​ថា​“យាង​ឡើង​ទៅ”​នោះ បាន​សេចក្ដី​ថា​ដូច​ម្ដេច? គឺ​បាន​សេចក្ដី​ថា ព្រះអង្គ​បាន​យាង​ចុះ​មក​ផែនដី​ដ៏​ទាប​នេះជា​មុន​សិន។ ព្រះអង្គ​ដែល​បាន​យាង​ចុះ​មក​នោះ ជា​ព្រះអង្គ​ដែល​បាន​យាង​ឡើង​ទៅ​ទី​ដ៏​ខ្ពស់​បំផុត​នៃ​ស្ថាន​បរម‌សុខ* ដើម្បី​បំពេញ​អ្វីៗ​ទាំង​អស់។ គឺ​ព្រះអង្គ​ហើយ​ដែល​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​មាន​មុខងារ​ជា​សាវ័ក* ឲ្យ​អ្នក​ខ្លះ​ថ្លែង​ព្រះ‌បន្ទូល អ្នក​ខ្លះ​ផ្សាយ​ដំណឹង‌ល្អ* អ្នក​ខ្លះ​ជា​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន ដើម្បី​រៀបចំ​ប្រជា‌ជន​ដ៏វិសុទ្ធ​ឲ្យ​បំពេញ​មុខងារ​បម្រើ និង​កសាង​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ត​ឡើង រហូត​ដល់​យើង​ទាំង​អស់​រួម​គ្នា មាន​ជំនឿ​តែ​មួយ មាន​គំនិត​តែ​មួយ ក្នុង​ការ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ និង​ទៅ​ជា​មនុស្ស​ពេញ​វ័យ ឡើង​ដល់​កម្ពស់​របស់​ព្រះ‌គ្រិស្ត​ដែល​បំពេញ​អ្វីៗ​ទាំង​អស់។ ដូច្នេះ យើង​មិន​មែន​ជា​កូន​ក្មេង​ដែល​រេរា ត្រូវ​ខ្យល់​នៃ​គោល‌លទ្ធិ​នានា​ផាត់​ចុះ​ផាត់​ឡើង​នោះ​ទៀត​ឡើយ ហើយ​ក៏​លែង​ចាញ់​បោក ឬ​ចាញ់​កល‌ល្បិច​មនុស្ស​ដែល​ពូកែ​នាំ​ឲ្យ​វង្វេង​នោះ​ទៀត​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ដោយ​ចិត្ត​ស្រឡាញ់ យើង​នឹង​បាន​ចម្រើន​ឡើង​គ្រប់​វិស័យ​ទាំង​អស់ ឆ្ពោះ​ទៅ​កាន់​ព្រះ‌គ្រិស្ត​ជា​សិរសា គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើ​ឲ្យ​ព្រះ‌កាយ​ទាំង​មូល​បាន​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយ‌សារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន​ដែល​បម្រើ​ព្រះ‌កាយ តាម​កម្រិត​សមត្ថ‌ភាព​របស់​សរីរាង្គ​នីមួយៗ ដើម្បី​ឲ្យ​ព្រះ‌កាយ​នោះ​ចម្រើន និង​កសាង​ឡើង ក្នុង​សេចក្ដី​ស្រឡាញ់។

ចែក​រំលែក
អាន អេភេសូ 4

អេភេសូ 4:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ខ្ញុំ ជា​អ្នក​ជាប់​គុក​ក្នុង​ព្រះ‌អម្ចាស់ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​បែប​គួរ​នឹង​ការ‌ងារ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ចុះ ព្រម​ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូត‌បូត​គ្រប់​ជំពូក ទាំង​អត់‌ធ្មត់ ហើយ​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់ ហើយ​ខំ​ប្រឹង​រក្សា​សេចក្ដី​រួប‌រួម​គ្នា​របស់​ព្រះ‌វិញ្ញាណ ដោយ​សេចក្ដី​មេត្រី ទុក​ជា​ចំណង​ផង មាន​រូប‌កាយ​តែ​១ ហើយ​ព្រះ‌វិញ្ញាណ​តែ​១ ដូច​ជា​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​សេចក្ដី​សង្ឃឹម​តែ​១​របស់​ការ‌ងារ​អ្នក​រាល់​គ្នា​ដែរ មាន​ព្រះ‌អម្ចាស់​តែ​១ សេចក្ដី​ជំនឿ​តែ​១ បុណ្យ​ជ្រមុជ​តែ​១ មាន​ព្រះ​តែ​១ គឺ​ជា​ព្រះវរ‌បិតា​នៃ​ទាំង​អស់ ដែល​ទ្រង់​ខ្ពស់​លើ​ទាំង​អស់ គង់​នៅ​កណ្តាល​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់ តែ​មាន​ព្រះ‌គុណ​ផ្តល់​មក​យើង​រាល់​គ្នា​រៀង​រាល់​ខ្លួន តាម​ខ្នាត​អំណោយ​ទាន​នៃ​ព្រះ‌គ្រីស្ទ បាន​ជា​ទ្រង់​មាន​បន្ទូល​ថា «ដែល​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ នោះ​ទ្រង់​បាន​ចាប់​ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​ប្រទាន​អំណោយ​ទាន​ដល់​មនុស្ស» តែ​ដែល​ថា ទ្រង់​យាង​ឡើង​ទៅ​នោះ តើ​មាន​ន័យ​ដូច​ម្តេច បើ​មិន​មែន​ថា ទ្រង់​បាន​យាង​ចុះ​ទៅ​ដល់​ស្ថាន​ទាប​ក្រោម​ដី​ជា​មុន​ប៉ុណ្ណោះ ឯ​ព្រះ​ដែល​យាង​ចុះ​ទៅ​នោះ គឺ​ជា​ព្រះ​ដដែល ដែល​បាន​យាង​ឡើង​ផុត​អស់​ទាំង​ជាន់​នៅ​ស្ថាន‌សួគ៌ ដើម្បី​ឲ្យ​ទ្រង់​បាន​គង់​នៅ​ពេញ​គ្រប់​ទាំង​អស់ ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​បាន​ធ្វើ​ជា​សាវក ខ្លះ​ជា​គ្រូ​អធិប្បាយ ខ្លះ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ ខ្លះ​ជា​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូ​បង្រៀន ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សំរាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូប‌កាយ​ព្រះ‌គ្រីស្ទ​ឡើង ទាល់​តែ​យើង​រាល់​គ្នា​បាន​រួប‌រួម ខាង​ឯ​សេចក្ដី​ជំនឿ​រួច​ជា​ស្រេច ហើយ​បាន​ស្គាល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដូច​គ្នា​ទាំង​អស់ គឺ​ដល់​បាន​ពេញ​ជា​មនុស្ស ហើយ​ដល់​ខ្នាត​កំពស់​នៃ​សេចក្ដី​ពោរ‌ពេញ​ផង​ព្រះ‌គ្រីស្ទ ដើម្បី​កុំ​ឲ្យ​យើង​នៅ​ជា​កូន​តូច​ទៀត ទាំង​ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក ហើយ​ផាត់​យើង​ចុះ​ឡើង ដោយ​សេចក្ដី​ឆ‌បោក​របស់​ផង​មនុស្ស ហើយ​ដោយ​ឧបាយ‌កល ដែល​គេ​ប្រើ​នឹង​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ តែ​ដោយ​កាន់​តាម​សេចក្ដី​ពិត​ដោយ​សេចក្ដី​ស្រឡាញ់​វិញ នោះ​ឲ្យ​យើង​បាន​ធំ​ឡើង ខាង​ឯ​គ្រប់​ការ​ទាំង​អស់​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា គឺ​ជា​ព្រះ‌គ្រីស្ទ ដែល​រូប‌កាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​អំពី​ទ្រង់ ដោយ‌សារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់‌ផ្គង់​ឲ្យ តាម​ខ្នាត​ការ‌ងារ​របស់​អវយវៈ​និមួយៗ នោះ​រូប‌កាយ​បាន​បង្កើន​ឡើង ដើម្បី​នឹង​ស្អាង​ខ្លួន ក្នុង​សេចក្ដី​ស្រឡាញ់។

ចែក​រំលែក
អាន អេភេសូ 4

អេភេសូ 4:1-16

អេភេសូ 4:1-16 គខបអេភេសូ 4:1-16 គខបអេភេសូ 4:1-16 គខប