អេភេសូ 3:8-13
អេភេសូ 3:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទោះបើខ្ញុំជាអ្នកតូចជាងគេបំផុត ក្នុងចំណោមពួកបរិសុទ្ធទាំងអស់ក្តី ក៏ព្រះអង្គបានប្រទានព្រះគុណនេះមកខ្ញុំ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អ ជាសម្បត្តិដ៏បរិបូររបស់ព្រះគ្រីស្ទ ទៅប្រាប់ពួកសាសន៍ដទៃ ហើយដើម្បីធ្វើឲ្យមនុស្សទាំងអស់បានឃើញផែនការ ពីអាថ៌កំបាំងដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលបានបង្កើតរបស់សព្វសារពើ ដើម្បីឲ្យពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានសួគ៌ បានស្គាល់ប្រាជ្ញារបស់ព្រះ ដែលមានជាច្រើនយ៉ាងនៅពេលនេះ តាមរយៈក្រុមជំនុំ។ សេចក្តីនេះស្របតាមផែនការដ៏អស់កល្ប ដែលព្រះអង្គបានសម្រេចក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង នៅក្នុងព្រះអង្គ យើងមានផ្លូវចូលទៅរកព្រះដោយក្លាហាន ទាំងទុកចិត្ត តាមរយៈជំនឿដល់ព្រះអង្គ។ ហេតុនេះ ខ្ញុំសូមអង្វរអ្នករាល់គ្នាកុំឲ្យរសាយចិត្ត ដោយការដែលខ្ញុំរងទុក្ខលំបាក សម្រាប់អ្នករាល់គ្នានោះឡើយ ដ្បិតការទាំងនេះជាសិរីល្អដល់អ្នករាល់គ្នាទេ។
អេភេសូ 3:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុតក្នុងចំណោមប្រជាជនដ៏វិសុទ្ធ*ក្ដី ក៏ព្រះជាម្ចាស់បានផ្ដល់ព្រះគុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីព្រះជន្មដ៏បរិបូណ៌បំផុតរបស់ព្រះគ្រិស្ត ដែលមនុស្សលោកគិតមិនដល់នោះដែរ។ ព្រះជាម្ចាស់ក៏ប្រណីសន្ដោសឲ្យខ្ញុំបំភ្លឺមនុស្សទាំងអស់ ស្គាល់របៀបព្រះអង្គចាត់ចែងគម្រោងការដែលលាក់ទុក តាំងពីអស់កល្បជានិច្ចរៀងមក ក្នុងព្រះជាម្ចាស់ផ្ទាល់ ដែលបានបង្កើតអ្វីៗសព្វសារពើ។ នៅពេលនេះ ដោយសារក្រុមជំនុំ វត្ថុស័ក្តិសិទ្ធិ និងអំណាចនានានៅស្ថានលើ បានស្គាល់ព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះជាម្ចាស់ តាមផែនការដែលព្រះអង្គបានគ្រោងទុក តាំងពីអស់កល្បជានិច្ចរៀងមក ហើយព្រះអង្គបានសម្រេចដោយសារព្រះគ្រិស្តយេស៊ូ ជាព្រះអម្ចាស់នៃយើង។ ដោយរួមក្នុងអង្គព្រះគ្រិស្ត និងដោយមានជំនឿលើព្រះអង្គ យើងមានចិត្តអង់អាច និងមានផ្លូវចូលទៅរកព្រះជាម្ចាស់ ទាំងទុកចិត្ត។ ហេតុនេះ សូមបងប្អូនកុំធ្លាក់ទឹកចិត្ត ដោយខ្ញុំរងទុក្ខវេទនា ដើម្បីជាប្រយោជន៍ដល់បងប្អូននោះឡើយ ទុក្ខវេទនាទាំងនេះជាសិរីរុងរឿងរបស់បងប្អូនវិញទេ។
អេភេសូ 3:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់បានប្រទានព្រះគុណនេះ គឺជាសម្បត្តិរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបានមកខ្ញុំដែលជាអ្នកតូចជាងបំផុត ក្នុងពួកបរិសុទ្ធទាំងអស់ ឲ្យខ្ញុំបានផ្សាយដំណឹងល្អក្នុងពួកសាសន៍ដទៃ ហើយឲ្យខ្ញុំបានបំភ្លឺដល់គ្រប់មនុស្សទាំងអស់ ពីសេចក្ដីប្រកបក្នុងការអាថ៌កំបាំង ដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលទ្រង់បង្កើតរបស់សព្វសារពើ ដោយសារព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យពួកគ្រប់គ្រង នឹងពួកមានអំណាចនៅស្ថានដ៏ខ្ពស់ បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់ ដោយសារពួកជំនុំ តាមគំនិតសំរេចតាំងពីអស់កល្បរៀងមក ដែលទ្រង់បានគិតស្រេចក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង ហើយក្នុងទ្រង់ យើងរាល់គ្នាក៏មានសេចក្ដីក្លាហាន នឹងច្បាប់ចូលដោយទុកចិត្ត ដោយសារសេចក្ដីជំនឿជឿដល់ទ្រង់ដែរ ហេតុនោះបានជាខ្ញុំសូមអង្វរអ្នករាល់គ្នា កុំឲ្យរសាយចិត្តដោយការដែលខ្ញុំរងទុក្ខលំបាក ជាការដែលមានប្រយោជន៍ដល់អ្នករាល់គ្នានោះឡើយ ដ្បិតការនោះជាសិរីល្អដល់អ្នករាល់គ្នាទេ។